ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង ​កីឡា ​បាន​ស្ដី​បន្ទាស​ដល់​មន្ត្រី​ក្រោមឱវាទ​ចំនួន​ ២៤ ​នាក់​ ជុំវិញការ​គ្រប់គ្រង​មន្ត្រី​ក្រោម​ឱវាទ​មិន​បាន​ល្អ និងមិនបានមកធ្វើការងារជាប់លាប់ បន្ទាប់​ពី​បាន​លុប​ឈ្មោះ ​លោក រ៉ុង ឈុន ចេញ​ពី​ក្រប​ខ័ណ្ឌ​ កាល​ពី​ថ្ងៃ៣០​ខែមករា ​ ។

នៅក្នុង​សេច​ក្តី​ប្រកាស​របស់​ក្រសួង​ កាល​ពី​ថ្ងៃ ​៣០ ខែ​មករា ឆ្នាំ ២០១៨ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ស្តី​បន្ទោស​ដល់​ថ្នាក់​ដឹក​នាំ​នៃ​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ចំនួន​ ៤​ នាក់​ក្នុង​នោះ​មាន លោ​ក ច័ន្ទ រ័ត្ន ប្រធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ លោក លឹម សុខ​មាន ប្រធាន​ការិ​យា​ល័យ​រដ្ឋ​បាល លោក សូ សុខុន ប្រធាន​ការិ​យា​ល័យ​ស្រាវ​ជ្រាវ លោក ជ័រ ស្តើង ប្រ​ធាន​ការិ​យា​ល័យ​ផែន​កា​រ។ ការ​ស្តី​បន្ទោស​នេះ​ ​ដោយ​សារ​តែ​ការ​គ្រប់​គ្រង​បុគ្គ​លិក​មិន​បាន​ល្អ​ ដូចជា​ការ​មក​ធ្វើការ​មិន​ជា​ប់​លាប់​ជា​ដើម​។

ក្រៅ​ពី​នោះ​ លោក​រដ្ឋ​មន្ត្រី​ក៏​បាន​ស្ដី​បន្ទោស​ជា​លាយ​លក្ខណ៍​អក្សរ​ចំពោះ​បុគ្គលិក​អប់រំ​ចំនួន​ ២០​ នាក់​ទៀត​ផង​ដែរ ​ចំពោះ​ការ​ខក​ខាន​មិន​បាន​មក​បំពេញ​កាតព្វ​កិច្ច​ការ​ងារ​ជាប់​លាប់​ពី​ថ្ងៃ​ទី ៤ ខែ​មក​រា ដល់​ថ្ងៃទី ៣០ ខែ​មករា ​ឆ្នាំ​នេះ ​។

លោក រស់ សា​លីន អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​ បាន​ឱ្យ​ដឹង​ថា ការ​សម្រេច​លុប​ឈ្មោះ លោក រ៉ុង ឈុន ចេញ​ពី​ក្រប​ខ័ណ្ឌ​នេះ​ គឺ​អនុវត្ត​ទៅ​តាម​ប្រ​កាស​ស្តីពី​ការ​ដាក់​មន្ត្រី​រាជ​ការ​ឱ្យ​ស្ថិត​នៅ​ក្រៅ​ក្រប​ខ័ណ្ឌ​ដើម ​ដោយ​សារ​តែ លោក​ រ៉ុង ឈុន ​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការ​វិញ​ហួស​ពេល​កំណត់​នៃ​ច្បាប់​។

អតីត​សមា​ជិក​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) មក​ពី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ​លោក រ៉ុង ឈុន ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លុប​ឈ្មោះ​ចេញពី​ក្រប​ខ័ណ្ឌ​ក្រសួង​ក្រោម​ហេតុ​ផល​អវត្ត​មាន​គ្មាន​ការអ​នុញ្ញា​ត ប៉ុន្តែ​សាមី​ខ្លួន​ថា​ពាក់​ព័ន្ធ​នឹង​នយោ​បាយ​ច្រើន​ជាង ខណៈ​រូប​លោក​បាន​ដាក់​លិខិត​ចូល​បម្រើ​ការងារ​វិញ​រួចហើយ​ក្រោយ​លា​លែង​ពី​គជប​។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ​លោក រស់ សា​លីន បាន​ថ្លែង​ថា ការសម្រេច​លុប​ឈ្មោះ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ច្បាប់ ខណៈ​ដែល​លោក រ៉ុង ឈុន មិន​បាន​សុំចូល​បម្រើ​ការ​ងារ​វិញ​ភ្លាមៗ ក្រោយ​ពី​បានប​ញ្ចប់​ការងារ​ពី គជប ​ភ្លាម​។

យ៉ាង​ណា​ក្ដី ​លោក​ រ៉ុង ឈុន បាន​ហៅ​ករណីនេះ​ថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ ខណៈ​លោក​បានដាក់​ពាក្យសុំ​បម្រើ​ការងារ​វិញ​នៅ​ថ្ងៃ​៣​មករា​ឆ្នាំ ២០១៨​ តែ​បែរ​ជា​ក្រសួង​ចេញ​លិខិត​លុប​ឈ្មោះ​លោក​នៅ​ថ្ងៃ ៣០ មករា ឆ្នាំ ២០១៨ ក្រោម​ហេតុផល​អវត្ត​មាន​ទាំង​លោក​មិន​ទាន់​បាន​ចូល​បម្រើ​ការ​វិញ​ផង​នោះ​៕