Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ជាន់​ខ្ពស់​កម្លាំង​ប្រដាប់​អាវុធ​ បញ្ជា​​ឲ្យ​ត្រៀម​បង្ក្រាប​បាតុភាព​មិន​ប្រក្រតី

Content image - Phnom Penh Post
កងកម្លាំង​សម្ដែង​ពី​ការ​ទប់ស្កាត់​ការ​ធ្វើ​បាតុកម្ម​ណា​មួយ និង​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ការពារ​គោលដៅ​នៅ​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា-វៀតណាម​នៅ​ខេត្ត​កំពង់ស្ពឺ​ពី​ថ្ងៃ​ ១០ តុលា ២០១៧​។ រូបថត វេបសាយ​នគរបាល

មន្ត្រី​ជាន់​ខ្ពស់​កម្លាំង​ប្រដាប់​អាវុធ​ បញ្ជា​​ឲ្យ​ត្រៀម​បង្ក្រាប​បាតុភាព​មិន​ប្រក្រតី

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​កងយោធពល​ខេមរភូមិន្ទ​បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​ទាំងអស់​បង្ក្រាប​ក្រុម​ជ្រុលនិយម និង​ការពារ «​សណ្ដាប់ធ្នាប់​សាធារណៈ​» សម្រាប់​ការ​បោះឆ្នោត​នាពេល​​ខាង​មុខ​ និង​ដើម្បី​ «​ការពារ​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​សកម្មភាព​ណា​មួយ​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គមជាតិ​ដែល​មាន​ចរិត​បំផ្លាញ​សន្តិភាព​» ​ខណៈ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ណែនាំ​ពី​ករណី​នេះ​ដូច​គ្នា​។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​បញ្ជា​នៅ​ថ្ងៃ​ចន្ទ​ហើយ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ត្រូវ​បង្កើន​កិច្ចបង្ការ​ការពារ​ទប់ស្កាត់​មិន​ឱ្យ​កើត​មាន​ឡើង​ជា​ដាច់ខាត​នូវ​ក្រុម​ជ្រុលនិយម​ ឬ​សកម្មភាព​ណា​មួយ​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គមជាតិ​ដែល​មាន​ចរិត​បំផ្លាញ​សន្តិភាព​»​។

លោក​ថ្លែង​ថា​៖ «​ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​បង្កើន​ការ​វាយបក​ឱ្យ​បាន​ទាន់​ពេលវេលា​តាម​ប្រព័ន្ធ Facebook លើ​សមរភូមិ​សាធារណ​មតិ​»​។

លោក​ ប៉ុល សារឿន បាន​សរសេរ​ទៀត​ថា​មេបញ្ជាការ មេបញ្ជាការរង​នាយទាហាន នាយទាហានរង​ និង​ពលទាហាន​ទាំងអស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ថែទាំ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ទាំង​ការ​បណ្តុះបណ្តាល ហ្វឹកហ្វឺន ការ​ថែទាំ​សុខភាព ការចិញ្ចឹម​ទ័ព ជំរុញ​ការ​កសាង​សមត្ថភាព​កងឯកភាព ជាពិសេស បណ្តា​កងឯកភាព បំពេញ​ភារកិច្ច​នៅ​តាម​ព្រំដែន​គោក​ និង​ដែនទឹក​ដើម្បី​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​បុព្វហេតុ​នៃ​កិច្ចការពារ​ជាតិ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​ទិសដៅ​បន្ត​បណ្តា​កងឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​យក​ចិត្ត​ទុកដាក់​បន្ថែម​ក្នុង​ការ​​កសាង​ពង្រឹង​ប្រៀប​ការពារ​ជាតិ​ឱ្យ​បាន​កាន់​តែ​រឹងមាំ​លើ​គ្រប់​វិស័យ​ និង​ត្រៀម​ចូលរួម​សហការ​ការពារ​សន្តិសុខ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នា​ឆ្នាំ​ ២០១៨»​។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ ឈុំ សុជាតិ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ទាក់ទិន​នឹង​ការ​អត្ថាធិប្បាយ​របស់​នាយឧត្តមសេនីយ៍ ប៉ុល សារឿន នេះ​។

ដោយឡែក​ នៅ​លើ​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃ​អង្គារ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍ឯក ស ថេត ដែល​ជា​ក្មួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​​អគ្គស្នងការរង​នគរបាលជាតិ​ក៏​បាន​បញ្ជា​ដល់​កងកម្លាំង និង​សិក្ខាកាម​ឲ្យ​បង្ក្រាប​បុគ្គល​ណា​ដែល​មាន​ចេតនា​ញុះញង់​ឱ្យ​មាន​ការ​បំផ្លាញ​សន្តិភាព​ដោយ​ត្រូវ​តែ​កម្ចាត់​ចោល​ភ្លាម​ និង​បាន​ណែនាំ​ថា​កងកម្លាំង​មាន​តួនាទី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ហើយ​ប្រសិន​បើ​មាន​បាតុកម្ម​ខុស​ច្បាប់​ត្រូវ​តែ​បំបែក​ចោល​​ដើម្បី​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​។

Content image - Phnom Penh Post
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​ក្នុង​ពេល​ប្រជុំ​ថ្មីៗ​នេះ​។ រូប ហ្វេសប៊ុក

លោក​បាន​ថ្លែង​ក្នុង​វិធី​បិទ​វគ្គ​បំប៉ន​ការពារ​គោលដៅ និង​វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​ពិសេស​ថា​៖ «​កងកម្លាំង​មាន​តួនាទី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ហើយ​ប្រសិន​បើ​មាន​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​ដែល​ខុស​ច្បាប់​បង្ក​ដល់​សន្តិសុខ​សង្គម​ត្រូវ​តែ​បំបែក​ចោល​»​។

កាលពី​ខែ​សីហា​រដ្ឋមន្ត្រី​ក្រសួង​​សង្គមកិច្ច​លោក​ វង សូត បាន​ព្រមាន​ថា​នឹង​ប្រើ​គល់​ឫស្សី​វាយ​អ្នក​ណា​ដែល​នឹង​តវ៉ា​ប្រឆាំង​ បន្ទាប់ពី​បោះឆ្នោត​ឆ្នាំ​ក្រោយ​។

កាលពី​ខែ​ឧសភា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ ទៀ​ បាញ់ ​ក៏​ធ្លាប់​បាន​គំរាម​វាយ​ឲ្យ​បាក់​ធ្មេញ​ចំពោះ​អ្នក​ដែល​មិន​ព្រម​ទទួល​យក​លទ្ធផល​បោះឆ្នោត​ហើយ​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​ផង​ដែរ​។

លោក​ ជាម ចាន់នី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​ពី​ម្សិលមិញ​។

កាលពី​កន្លង​មក​អ្នក​វិភាគ​នយោបាយ​លោក​ មាស នី ធ្លាប់​បាន​ថ្លែង​ថា​វោហារស័ព្ទ​កំពុង​កើនឡើង​ដែល​ប្រើប្រាស់​ដោយ​គណបក្ស​កាន់​អំណាច​នេះ​គឺ​បណ្តាល​មកពី​ការ​ភ័យខ្លាច​ប្រតិកម្ម​ប្រឆាំង​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​ជុំវិញ​វិធានការ តឹងរ៉ឹង​ដើម្បី​រារាំង​ក្រុម​អ្នក​ប្រឆាំង​...៕ NS

0

Comments

Please, login or register to post a comment