Search

Search form

មន្ត្រី​ជំនាញ​រកឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​ ១៤០ ​គ្រាប់

Content image - Phnom Penh Post
គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ​ ៦០ ​មិល្លីម៉ែត្រ​។ រូបថត ហ្វេសប៊ុក

មន្ត្រី​ជំនាញ​រកឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​ ១៤០ ​គ្រាប់

ពោធិ៍សាត់ៈ គ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ​ ៦០ ​មិលី្លម៉ែត្រ​ចំនួន​ ១៤១ ​គ្រាប់​ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​នៃ​អង្គការ​ហេឡូត្រាស់ (hallo Truth) រុក​រកឃើញ​នៅក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​ក្ងាន​ដែល​ស្ថិត​ក្នុង​ភូមិ​ឈើទាល ឃុំ​ផ្លូវលួង ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​។

លោក ប៊ុត អាន នាយ​ផ្នែក​នគរបាល​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ស្រុក​កណ្ដៀង​កាលពី​ម្សិលមិញ​ថ្លែង​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពី​រសៀល​ថ្ងៃទី​ ១០-១១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ភូមិ​។ ជា​លទ្ធផល​ក្រុម​មន្ត្រី​ជំនាញ​នៃ​អង្គការ Hallo Truth បាន​រុក​រកឃើញ​ចំនួន​ ១៤១ ​គ្រាប់ ហើយ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ក្រុម​មន្ត្រី​ជំនាញ​បាន​បំផ្លាញ​ចោល​អស់​ចំនួន​ ៨៩ ​គ្រាប់ ហើយ​សល់​ ៥២ ​គ្រាប់​ទៀត​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន​នៅ​ស្នាក់​ការដ្ឋាន​នគរបាល​អាវុធ​ជាតិ​ផ្ទុះ​ស្រុក​កណ្តៀង ដើម្បី​រង់ចាំ​ការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​»​។

លោក ស្មាន់ មករា ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ និង កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​នៃ​អង្គការ Hallo Truth ថ្លែង​ថា នៅ​ក្នុង​អំឡុង​ពេល​ ២-៣ ​ថ្ងៃ​ខាង​មុខ​យ៉ាង​យូរ ក្រុម​ការងារ​របស់​លោក​នឹង​ត្រឡប់​មក​កាន់​ស្រុក​កណ្ដៀង​នេះ​ជាថ្មី​ម្ដង​ទៀត​ដើម្បី​ប្រមូល​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​មក​កម្ទេច​ចោល​។ គ្រាប់​ទាំងនោះ​គឺជា​ផលិតផល​របស់​អាមេរិក​ដែល​នៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាម​ទសវត្សរិ៍​ឆ្នាំ ១៩៧០ ​មក​ម្ល៉េះ​។

លោក ឈុត ឈុន នាយក​សាលា​អនុវិទ្យាល័យ​ក្ងាន​បាន​ថ្លែង​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​នៅតែ​ជា​កង្វល់​នៃ​ការ​ប្រឈម​គ្រោះថ្នាក់​ដល់​អ្នកភូមិ​។

កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៧ ខណៈ​នៅក្នុង​សាលា​បឋមសិក្សា​ ហ៊ុន សែន អន្លង់វែង ក្នុង​ភូមិ​ថ្នល់កែង សិស្ស និង​គ្រូ​កំពុង​ដឹកនាំ​ធ្វើ​ពលកម្ម​ប្រមូល​សំរាម​ដុត ដើម្បី​សម្អាត​បរិស្ថាន​ក្នុង​សាលារៀន​របស់​ពួកគេ​ក៏​ស្រាប់​តែ​មាន​ករណី​ផ្ទុះ​គ្រាប់​ប្រភេទ​ ៦០ ​មិល្លីម៉ែត្រ​ចំនួន​មួយ​គ្រាប់ បណ្ដាល​ឲ្យ​គ្រូ​ និង​សិស្ស​ចំនួន​ ៤ ​នាក់​រងរបួស​ធ្ងន់​ និង​ស្រាល​៕

អត្ថបទគួរចាប់អារម្មណ៍