Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ថា​បើ CNRP រំលាយ សមាជិក​ត្រូវ​វិល​ទៅ​រក​បក្ស​ដើម​រៀងៗ​ខ្លួន​វិញ

Content image - Phnom Penh Post
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​យប់​។ រូបថត AFP

មន្ត្រី​ថា​បើ CNRP រំលាយ សមាជិក​ត្រូវ​វិល​ទៅ​រក​បក្ស​ដើម​រៀងៗ​ខ្លួន​វិញ

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ព្រលយ​ថា​បក្សប្រឆាំង​ពីរ​គឺ​បក្ស​ សម រង្ស៊ី និង​ សិទិ្ធមនុស្ស ​អាច​នឹង​ចូលរួម​បោះឆ្នោត​ឆ្នាំ​ក្រោយ​បាន​ហើយ​សមាជិក​របស់​បក្ស​ទាំង​ពីរ​ដែល​បាន​រួម​គ្នា​បង្កើត​បក្ស​សង្គ្រោះជាតិ​ដែល​អាច​នឹង​រំលាយ​ចោល​ដោយសារ​​មេបក្ស​នេះ​លោក​ កឹម សុខា​ ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​នោះ​ពួកគេ​អាច​ចែក​ចាន​ចែក​ឆ្នាំង​គ្នា​វិល​ទៅ​រក​ទ្រនំ​ចាស់​រៀងៗ​ខ្លួន​វិញ​។

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ព្រលយ​បែប​នេះ​ ខណៈ​ដែល​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​តំណែង​មេឃុំ ចៅសង្កាត់ ជា​ស្ត្រី​ជិត​ ៤០ ​រូប​ក្នុង​ចំណោម​តំណែង​មេឃុំ​ចៅសង្កាត់​ដែល​បាន​ឈ្នះ​សរុប​ ៤៨៩ ​រូប​ពី​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​ជិត​ ៤០ ​ឆ្នាំ​កន្លង​មក​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់ កាលពី​ខែ​មិថុនា​កន្លង​ទៅ​។

ទោះ​ជា​យ៉ាង​ណា​សមាជិក​ដែល​ជាប់​ឆ្នោត​ជា​មេឃុំ ចៅសង្កាត់​ហាក់​មិន​ខ្វាយខ្វល់​ព្រួយបារម្ភ​នឹង​ការ​រំលាយ​បក្សប្រឆាំង​ដ៏ធំ​ដែល​មាន​ទម្ងន់​ប្រហាក់​ប្រហែល​នឹង​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ជា​គូ​ប្រកួត​ដ៏ស័ក្តិសម​នៅ​ក្នុង​ឆ្នាំ​ ២០១៨ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នោះ​ទេ​។ ​

ទាំង​សមាជិក​បក្ស​ប្រឆាំង និង​អ្នក​សង្កេតការណ៍​បោះឆ្នោត​បាន​ព្រមាន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស្រួច​ស្រាល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​អំណាច​ត្រូវ​រំលាយ​ចោល​នោះ កម្ពុជា​នឹង​ត្រូវ​ដឹកនាំ​ដោយ​ឯកបក្ស​វា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច្នេះ​លទ្ធិកុម្មុយនីស្ត​ផ្តាច់ការ​នឹង​កើតឡើង​ជាថ្មី​ម្តង​ទៀត​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។

ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​​ ខៀវ សុភ័គ ​បាន​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ខាង​លើ​នេះ​គ្រាន់​តែ​ជា​លេស​នយោបាយ ហើយ​ថា​ទោះបី​គ្មាន​បក្ស​សង្គ្រោះ​ជាតិ​មួយ​ក៏​មាន​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ទៅ​មុខ​បាន​ល្អ​ដែរ​ដោយ​បញ្ជាក់​ទៀត​ថា​ប្រទេស​កុម្មុយនីស្ត​ខ្លះ​ក៏​គេ​អាច​រស់​បាន​ដែរ​។

លោក​ក៏​បាន​បន្ថែម​ថា​អស់​ពី​បក្ស​សង្គ្រោះ​ជាតិ​ទៅ​ក៏​នៅ​មាន​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្ស​ដែល​ជា​អតីត​បក្ស​របស់​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ​នោះ​ដែរ ដែល​បក្ស​ទាំង​ពីរ​នេះ​អាច​ចូលរួម​បោះឆ្នោត​បាន​។

លោក​ ខៀវ សុភ័គ បាន​បញ្ជាក់​ថា​៖ «​បក្ស​សិទិ្ធមនុស្ស​នៅ​ទេ​បក្ស​​ សម រង្ស៊ី ​នៅ​ទេ​ដាក់​ឈ្មោះ​បោះឆ្នោត​ទៀត​ទៅ​មក ​[​ជា​] ​ប្រជាធិបតេយ្យ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​កាលពី​ ២០០៨ ​មាន​សង្គ្រោះ​ជាតិ​អត់​ម៉េច​ក៏​មិន​ថា​អត់​ប្រជាធិបតេយ្យ​ផង​។ ​ពីរ​បី​នាក់​ហ្នឹង​ចែក​ចាន ចែក​ឆ្នាំង​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ទៅ​។ ​បើ​សិន​ជា​រំលាយ​សង្គ្រោះ​ជាតិ​វា​នៅ​ពីរ​បក្ស​ហ្នឹង​ដដែល​។ ផ្ទះ​ណា​ស៊ី​បាយ​ផ្ទះ​ហ្នឹង​ទៅ​»​។

កាលពី​សប្តាហ៍​មុន​លោក​ ខៀវ សុភ័គ បាន​ព្រមាន​ថា​ក្នុង​ករណី​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ស្រុក ខេត្ត​រាជធានី និង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​ទាំងអស់​របស់​គណបក្ស​នេះ​ក៏​នឹង​ត្រូវ​រំលាយ​ចោល​ផង​ដែរ ហើយ​ថា​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ដែល​អាច​ឈាន​ទៅ​រំលាយ​បក្ស​ប្រឆាំង​ឬ​យ៉ាង​ណា​នោះ​គឺ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​ពាក់ព័ន្ធ​អ្វី​ខ្លះ បើ​គណបក្ស​ពាក់ព័ន្ធ​ត្រូវ​តែ​ប្តឹង​រំលាយ​គណបក្ស​ហ្នឹង​ចោល​ហើយ​បើ​រំលាយ​គណបក្ស​ហ្នឹង​ទៀត​វា​អស់​រលីង​។

ខណៈ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​តក់ក្រហល់​នា​យប់​រំលង​​អធ្រាត្រ​វ៉ៃ​ខ្នោះ​ទាំង​មាន​អភ័យ​ឯកសិទិ្ធ​សភា​យក​ទៅ​ដាក់​គុក​ត្រពាំងផ្លុង​នៅ​ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ជាង​ ១០០ ​គ.ម ​ពី​រាជធានី​ភ្នំពេញ​ក្រោម​ការ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ដោយ ប៉ុន្តែ​មេឃុំ​ចៅ​សង្កាត់​គណបក្ស​ប្រឆាំង​មួយ​នេះ​នៅ​តែ​មាន​ស្មារតី​រឹងមាំ មិន​តក់ស្លុត​ឡើយ​ដោយ​ពួកគេ​ខិតខំ​​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ពេញលេញ ទោះបី​មាន​ការ​គាបសង្កត់​ខ្លះៗ​ពី​ខាង​មន្ត្រី​បក្ស​កាន់​អំណាច​ក៏ដោយ​។

លោកស្រី​ កិត្យា វរលក្ខណ ទីប្រឹក្សា​ចលនា​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​បើ​ប្រៀបធៀប​នឹង​ចំនួន​មេឃុំ​ចៅ​សង្កាត់​ជា​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​អាណតិ្ត​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ​នេះ​ចំនួន​មេឃុំ ចៅសង្កាត់ ជា​ស្ត្រី​បាន​ហក់​ឡើង​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក​ដោយ​ឈ្នះ​បាន​កៅអី​មេឃុំ ចៅសង្កាត់​ជា​ស្ត្រី​រហូត​ដល់​ចំនួន​ ៣៧ ​រូប​ឯណោះ​។

លោកស្រី​ កិត្យា វរលក្ខណ ឲ្យ​ដឹង​ថា​កាល​អាណត្តិ​ទី ៣ គណបក្ស​ប្រឆាំង​ឈ្នះ​បាន​មេឃុំ ចៅសង្កាត់​តែ​ ២ ​ប៉ុណ្ណោះ​ដែល​ជា​ស្ត្រី​គឺ​ឃុំ​អមលាំង​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​ដឹកនាំ​ដោយ​លោកស្រី សុខ ងី និង​ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោកស្រី ស្ងួន សាមាន ហើយ​ដែល​អាណត្តិ​ថ្មី​នេះ​លោកស្រី​នៅ​តែ​ការពារ​ខ្សែក្រវាត់​បាន​ដដែល​។

ពាក់ព័ន្ធ​នឹង​ការ​ចាប់​លោក​ កឹម ​សុខា ​មេបក្ស​ក្នុង​រូបភាព​បំបាក់​ស្មារតី​បែប​នេះ​មេឃុំ ចៅសង្កាត់​ដែល​ជា​ស្ត្រី​ជាច្រើន​រូប​បាន​ទំនាក់​ទំនង​មក​សួរ​អំពី​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ដោយ​សម្តែង​នូវ​អារម្មណ៍​រន្ធត់​ក្តុកក្តួល​ដែល​មិន​គួរ​ឲ្យ​ជឿ​ថា​លោក​ កឹម សុខា ​ត្រូវ​បាន​អាជ្ញាធរ​លោក​ ហ៊ុន សែន ​ចាប់​ខ្លួន​ដោយ​ចោទថា ក្បត់ជាតិ​នោះ​ទេ ប៉ុន្តែ​ស្មារតី​របស់​ពួកគេ​នៅ​តែ​រឹងប៉ឹង​មិន​រាថយ​។ នេះ​បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​លោកស្រី​ កិត្យា ​វរលក្ខណ​។

លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ថា​អត់​អី​ទេ​ទ្រាំ​ទៅ​ខិត​ខំ​ធ្វើការ​ទៅ​កុំ​និយាយ​អ្វី​ឲ្យ​ប៉ះពាល់​កុំ​ឲ្យ​មាន​បញ្ហា ព្រោះ​នេះ​ជា​រឿង​នយោបាយ​ទុក​ឲ្យ​ថ្នាក់​លើ​ដោះស្រាយ​។ ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​បម្រើ​គាត់​ទៅ​»​។

ដោយ​បង្ហាញ​ពី​ជំហរ​មិន​រាថយ​មេឃុំ​ត្រពាំងចាន់ ២ ​អាណត្តិ​នៃ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​គឺ​លោកស្រី ស្ងួន សាមាន និង​ចៅសង្កាត់​គោកចក​នៃ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​លោកស្រី យឹម ផល្លី ​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា​ការ​ចាប់​ខ្លួន​មេដឹកនាំ​នយោបាយ​កំពូល​របស់​គេ​នេះ​មិន​អាច​ធ្វើឲ្យ​គេ​បាក់ស្បាត​បាន​ឡើយ​ផ្ទុយ​ទៅ​វិញ​វា​ជួយ​ជំរុញ​ឆន្ទៈ​របស់​ពួកគេ​ឲ្យ​កាន់​តែ​ស្វាហាប់​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​លើ​មាគ៌ា​នយោបាយ​ជាមួយ​លោក​ កឹម សុខា ​មេដឹកនាំ​របស់​​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នេះ​ដោយ​ឥត​ងាករេ​។

លោកស្រី​ ស្ងួន សាមាន និយាយ​ថា​៖ «​បើ​អ្នក​បំផ្លាញ​ជាតិ តុលាការ​ត្រូវ​តែ​ចាប់​។ ​សម្ទុះ​របស់​ខ្ញុំ​ក្នុង​នាម​អ្នក​នយោបាយ​ដើម្បី​ការពារ​ប្រយោជន៍​រាស្ត្រ​គឺ​ខ្ញុំ​អត់​តក់ស្លុត​ទេ ខ្ញុំ​កាន់​តែ​រឹងមាំ​ជាង​មុន​ទៀត​។ ខ្ញុំ​ដើរ​ប្រមូល​ប្រជាពលរដ្ឋ​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ផ្លាស់ប្តូរ​នៅ​ឆ្នាំ​ ២០១៨​។ បើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នឹង​អាច​មាន​លទ្ធិ​កុម្មុយនីស្ត​នៅ​កម្ពុជា និង​អំណាច​ជា​អំណាច​ផ្តាច់ការ​។ ខ្ញុំ​ព្រួយបារម្ភ​ឈាន​ទៅ​រក​របប​ផ្តាច់ការ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​លោកស្រី​ យឹម ផល្លី ដែល​ទើប​ជាប់​ជា​ចៅសង្កាត់​គោកចក​នៃ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ក្នុង​អាណត្តិ​ទី​ ៤ ​នេះ​បាន​បង្ហាញ​ជំហរ​រឹងមាំ​ក្នុង​ការ​បំពេញ​តួនាទី​បម្រើ​រាស្ត្រ បើ​ទោះបី​មេដឹកនាំ​របស់​លោកស្រី​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​ក៏ដោយ​។

លោកស្រី​ យឹម ផល្លី​ ថ្លែង​ថា​៖ «​មិន​ហ៊ាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ តែ​នៅ​បម្រើ​ប្រជាពលរដ្ឋ​។ ខ្ញុំ​នៅ​តែ​ហូបបាយ​មួយ​ថ្ងៃ​ ៣ ​ពេល​ដដែល ទោះបី​អត់​មាន​មេ​ក៏​ខ្ញុំ​នៅ​តែ​បម្រើ​ពលរដ្ឋ​។ ខ្ញុំ​សូម​សំណូមពរ​ទៅ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​តក់ស្លុត​នឹង​ការ​ចាប់​ឯកឧត្តម​ កឹម សុខា​។ ថ្ងៃ​នេះ​គ្មាន​យុតិ្តធម៌ ថ្ងៃ​ស្អែក​នឹង​មាន​យុតិ្តធម៌​»​។

ចំណែកឯ​ចៅសង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​លោក​ ជាង នាង និង​មេឃុំ​ទឹកវិល ស្រុក​ស្អាង ខេត្ត​កណ្តាល​លោក លឿង សារុន ក៏​មាន​ជំហរ​មិន​ខុស​គ្នា​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ដោយ​ពួកគេ​បាន​អះអាង​ថា​ទោះបី​មេបក្ស​របស់​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​បម្រើ​ពលរដ្ឋ​ប្រចាំ​ថ្ងៃ​ធម្មតា​។

ដោយឡែក​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា​ (NICFEC) ​លោក​ សម គន្ធាមី បាន​ព្រមាន​ថា​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​រំលាយ នោះ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ឯកបក្ស​តាំង​ពី​លើ​ដល់​ក្រោម​ដែល​ជា​របប​មួយ​ឆ្ពោះ​ទៅ​រក​លទ្ធិ​កុម្មុយនីស្ត​ផ្តាច់ការ​។ លោក​ក៏​បាន​បន្ថែម​ថា​ផ្អែក​តាម​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ​គ្រប់​កម្រិត​នៃ​ក្រុម​ប្រឹក្សា​រហូត​ដល់​សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធសភា​របស់​បក្សប្រឆាំង​ក៏​នឹង​ត្រូវ​រំលាយ​ទៅ​តាម​គណបក្ស​ដែរ​បើ​សិន​បក្ស​នេះ​ត្រូវ​រំលាយ​។

លោក​ សម គន្ធាមី ​បន្ដ​ថា​៖ «​ដល់​មាន​តែ​មួយ​អ៊ីចឹង​វា​ម៉េច​នឹង​មាន​ប្រជាធិបតេយ្យ ព្រោះ​រដ្ឋធម្មនុញ្ញ​សេរី​ពហុបក្ស​។ ​

ការ​ចូលរួម​ប្រកួត​ប្រជែង​ហ្នឹង​វា​ត្រឹម​ត្រូវ​ហើយ​បក្ស​ផ្សេងៗ​ចូលរួម​ ប៉ុន្តែ​បក្ស​ដែល​ចូលរួម​ហ្នឹង មិនមែន​ជា​បក្ស​ធំ​ដៃ​គូ​ជាមួយ​គណបក្ស​កាន់​អំណាច​ទេ គ្រាន់​ជា​គណបក្ស​តូចៗ អាហ្នឹង​គេ​មិន​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ គេ​ចាប់​អារម្មណ៍​តែ​គណបក្ស​ណា​ដែល​មាន​ទម្ងន់​មាន​ប្រជាប្រិយភាព​ប្រហាក់​ប្រហែល​គ្នា​»​។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក​ ហង្ស ​ពុទ្ធា ​បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​និយាយ​ថា​រង់ចាំ​ពិភាក្សា​​ជាមួយ​ក្រុម​អ្នក​ច្បាប់​សិន​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ