ភ្នំពេញៈ ដោយហាក់បីដូចជាការខំប្រឹងរួមគ្នាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនកាលពីម្សិលមិញ និងយប់ថ្ងៃចន្ទបាននិយាយប្រឆាំងនឹង «ចលនាសង្គ្រោះជាតិ» ថ្មីមួយដែលបង្កើតឡើងដោយលោក សម រង្ស៊ី ខណៈមន្ត្រីខ្លះ បានហៅក្រុមនេះថាជាអង្គការ «ភេរវកម្ម»។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងនៅពិធីសន្និបាតប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថថា៖ «ពួកគេចង់ចាប់ផ្តើមការវាយប្រហារភេរវកម្ម ហើយវាមិនមែនជាភេរវកម្មនយោបាយទេ វាជាភេរវកម្មដើម្បីបង្កចលាចល»។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងបានប្រកាសអំពីការបង្កើតចលនានេះនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនរួមជាមួយនឹងអតីតអនុប្រធានគណបក្សគឺលោកស្រី មូរ សុខហួរ។
លោក សម រង្ស៊ី បានទៅរស់នៅបរទេស ដើម្បីគេចពីការជាប់ពន្ធនាគារនៅក្នុងសំណុំរឿងជាច្រើនដែលត្រូវបានមជ្ឈដ្ឋានផ្សេងៗលើកឡើងថា ជារឿងនយោបាយចាប់តាំងពីឆ្នាំ ២០១៥ ហើយនៅទីបំផុតលោកបានបង្ខំចិត្តចុះចេញពីតំណែងប្រធានគណបក្ស។
លោកស្រី មូរ សុខហួរ បានគេចចេញពីប្រទេសក្នុងអំឡុងការបង្ក្រាបនយោបាយកាលពីពេលថ្មីៗនេះដែលលោក កឹម សុខា ត្រូវបានចាប់ដាក់ពន្ធនាគារពីបទ «ក្បត់ជាតិ» ដែលត្រូវបានមជ្ឈដ្ឋានជាច្រើនថ្កោលទោស។
ចលនានេះទំនងជាត្រូវបានបង្កើតឡើងដើម្បីជំនួសគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ខណៈលោក សម រង្ស៊ី បានសន្យាអំពាវនាវឲ្យមានការធ្វើបាតុកម្មដោយសន្តិវិធីដើម្បីស្តារប្រជាធិបតេយ្យ។
ទោះយ៉ាងណាក្តីលោក សៅសុខា ថ្លែងថាគោលបំណង «ស្នូល» នៃចលនានេះគឺដើម្បី «បំផ្លាញសាមគ្គីភាពរបស់កងទ័ព... និងបំបែកបំបាក់ឆ្នឹងខ្នងរបស់រដ្ឋាភិបាល»។
លោកក៏បានព្រមានប្រជាពលរដ្ឋមិនឲ្យពាក់ឯកសណ្ឋានយោធា ហើយបានថ្លែងថាអ្នកតវ៉ាណាមួយដែលឃើញពាក់ឯកសណ្ឋានយោធា «នឹងស្លាប់»។
នៅពេលជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ បានថ្លែងថាចលនានេះគឺជា «ពស់ពិស»។
បើទោះបីជាមានការប្រកាសជាដដែលៗពីលោក សម រង្ស៊ី ថាចលនានេះមានលក្ខណៈអហិង្សាក្តី ប៉ុន្តែលោក ទៀ បាញ់ បានអះអាងផ្ទុយពីនេះ។
លោក បាញ់ ថ្លែងថា៖ «ឥឡូវនេះចលនាសង្គ្រោះជាតិបាននិយាយថាខ្លួននឹងរៀបចំឲ្យមានហិង្សាក្នុងប្រទេសកម្ពុជា ដូច្នេះសូមត្រៀមខ្លួន»។ លោកបន្តថា យោធានឹង «ចាត់ការជាមុន» ដើម្បីការពារមិនឲ្យមានហិង្សា។
អត្ថបទមួយរបស់សារព័ត៌មាន Fresh News កាលពីយប់ថ្ងៃចន្ទក៏បានបង្ហាញពីការរិះគន់ចលនានេះផងដែរ។
នៅក្នុងអត្ថបទផ្សេងៗគ្នាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានហៅចលនានេះថាខុសច្បាប់ ខណៈអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងថាវាជារណសិរ្សដើម្បីប្រមូលលុយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ក៏បានប្រាប់សារព័ត៌មាន Fresh News ផងដែរថាចលនានេះកំពុងស្ថិតនៅក្រោមការឃ្លាំមើលហើយនរណាដែលពាក់ព័ន្ធនឹងចលនានេះនឹងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់។
នៅក្នុងបទសម្ភាសមួយកាលពីម្សិលមិញអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថាការប្រើពាក្យ «ភេរវកម្ម» គឺ «សមស្រប»។ លោកបានផ្តល់ហេតុផលចំពោះការលើកឡើងនេះដោយអះអាងថាលោក សម រង្ស៊ី បានអំពាវនាវឲ្យ «ទាហានបែរកាណុងកាំភ្លើងទៅរករដ្ឋាភិបាលរបស់ខ្លួន»។
ខណៈលោក សម រង្ស៊ី ពិតជាបាននិយាយអ្វីស្រដៀងនេះនៅក្នុងវីដេអូមួយពីឆ្នាំ ២០១១ ការអំពាវនាវរបស់លោកនាពេលថ្មីៗទៅទាហានគឺហាក់បីដូចជាគ្រាន់តែជំរុញឲ្យទាហានកុំគោរពតាមបញ្ជាណាដែលបញ្ជាឲ្យបាញ់អ្នកតវ៉ាប៉ុណ្ណោះ។
លោក ស៊ីផាន ក៏ថ្លែងផងដែរថាការទាមទាររបស់គណបក្សប្រឆាំងឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបរទេសគឺជាទម្រង់ភេរវកម្ម។
លោកថា៖ «ពួកគេចង់ធ្វើឲ្យសេដ្ឋកិច្ចអស្ថិរភាព»។ លោកបន្តថាពួកគេកំពុងប្រព្រឹត្ត «ប្រឆាំងនឹងអត្ថប្រយោជន៍របស់ប្រទេស»។ លោកបន្តថានឹងមិនមានការអត់ឱនចំពោះការតវ៉ានោះទេ បើសូម្បីតែសន្តិវិធីក៏ដោយ បើទោះបីជាសិទ្ធិតវ៉ាត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ។
លោក ស៊ីផាន បន្តថា៖ «យើងដឹងពីចលនាចាស់ៗ...ពួកគេសុំធ្វើការតវ៉ាដោយសន្តិវិធី ប៉ុន្តែមិនគោរពតាមនីតិរដ្ឋ។ ការតវ៉ាដោយសន្តិវិធីគឺគ្រាន់តែជាពាក្យសម្តី»។ «យើងមិនចង់ឃើញបញ្ហា ឬសកម្មភាពណាមួយទេ» មុនពេលការបោះឆ្នោត។
លោក សម រង្ស៊ី បានថ្លែងថារដ្ឋាភិបាលកំពុងភ័យខ្លាច។ លោក សម រង្ស៊ី បានបង្វែរការចោទប្រកាន់របស់រដ្ឋាភិបាលថា៖ «ពួកគេជារដ្ឋភេរវកម្ម ពួកគេចោទប្រកាន់អ្នកប្រឆាំងដោយសន្តិវិធីថាជាភេរវករ»។
លោក Paul Chambers អ្នកជំនាញអំពីអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ Naresuan បានយល់ស្របថារដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញភាពភ័យខ្លាច។ លោកថ្លែងថា៖ «វាហាក់បីដូចជារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងគណបក្សដែលគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភាកំពុងព្យាយាមដំដែកគោលទៅលើបេះដូងរបស់ចលនារបស់លោក សម រង្ស៊ី»។
លោក Chambers បានថ្លែងបន្តថាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល «ឆ្លុះបញ្ចាំងអំពីការភ័យខ្លាចរបស់រដ្ឋាភិបាលថាចលនាសង្គ្រោះជាតិអាចគំរាមកំហែងដល់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា»។
ខណៈលោកគិតថាវា «មិនទំនងជាកើតឡើង» ទេដែលថាចលនាសង្គ្រោះជាតិអាចនឹងវិវឌ្ឍខ្លួនទៅជាបណ្តាញភេរវកម្មលោកបានថ្លែងថាប្រជាពលរដ្ឋអាចនឹងបង្កហិង្សាប្រសិនបើរដ្ឋាភិបាលមិនផ្តល់ឲ្យពួកគេនូវជម្រើសផ្សេង។
លោកបន្តថា៖ «ប្រសិនបើការប្រឆាំងពិតប្រាកដមួយប្រឆាំងនឹងលោក ហ៊ុន សែន មានលក្ខណៈមិនបង្ហាញមុខនោះវាអាចនឹងធ្វើឲ្យមានការប្រឆាំងជាសាធារណៈទៅលើរបបរបស់លោក ហ៊ុន សែន ហើយនាំឲ្យមានការតវ៉ាហិង្សានៅតាមផ្លូវ»៕ PS