បន្ទាយមានជ័យៈ លោក​ឧត្តម​សេនី​យ៍​ ភ្ល​ន់​ តា​រ៉ា​ មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​ទី​៥​ និង​​ជា​មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥​ខែ​មីនា​នេះ​ថា ពល​រដ្ឋ​ក្រីក្រ​អាច​ធ្វើសំណើ​សុំ​​ដី​តាម​រយៈ​អា​ជ្ញា​ធរ​បាន​ ប្រសិន​បើ​ពួក​គេ​ពិត​ជា​គ្មាន​ដី​មែន​។

ការ​លើក​ឡើង​នេះ​​បន្ទាប់​ពី​ក​ម្លាំង​ចម្រុះ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចុះ​រុះរើ​ផ្ទះ​និង​ខ្ទម​​៨៣​ខ្នង​ កាល​ពី​ថ្ងៃទី​​​២៣​មីនា​ នៅ​លើ​​ដី​សម្ប​ទាន​សង្គម​កិច្ច ដែល​គេ​ហៅ​ថា​«ការ៉េ២»នៅ​ស្រុក​​ថ្មពួក​ ស្រុក​ស្វាយ​ចេក​ ស្រុក​ភ្នំ​ស្រុក​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

​លោក​ឧត្តម​សេនី​យ៍​ ភ្ល​ន់​ តា​រ៉ា​ បាន​ឲ្យ​ដឹង​ថា​​ ការ​ចុះ​រុះ​រើ​នេះ ​ក្រោយ​ពល​រដ្ឋ​មិន​បាន​រុះ​រើ​​ខ្លួន​ឯង​តាម​ការ​ណែ​នាំ ខណៈ​​អ្នក​ខ្លះ​ស្ម័គ្រ​ចិត្ត​រុះ​រើ​។

លោក​បានបន្ត​​ថា៖ «គាត់​ព្រម​រុះ​រើ ប៉ុន្តែ​យើ​ង​មាន​គោល​នយោ​បាយ​អប់​រំ​គាត់​មួយ។ បើ​គាត់​ពិត​ជា​ពលរដ្ឋ​ក្រី​ក្រ​ពិត​ប្រាកដ​អត់​មាន​ដី​ពិត​ប្រាដក​មែន​សូម​ឲ្យ​ដា​ក់សំណើ​តាម​ភូមិ​ឃុំ​ស្រុក​ទៅ។ សមាគម​នឹង​ផ្តល់​ជូន​ដោយ​សារ​យើង​គិត​ថា ​ក្រសួង​និង​ខេត្ត​ប្រគល់​ឲ្យ​សមា​គម​(យោ​ធិន)​យើង​មិន​ដាក់តែ​កង​កម្លាំង​ប្រដាប់​អាវុ​ធទេ ពលរដ្ឋ​ក្រី​ក្រ​ក៏​យើង​ឲ្យ​ដែរ​ឲ្យ​តែ​គាត់​ពិត​ជា​អត់​ផ្ទះ​អត់​ដីពិត​ប្រាក​ដ។ យើង​បាន​ផ្សព្វ​ផ្សាយ​ហើយ​ ឲ្យ​គាត់​ដាក់​ពាក្យ​តែ​មិន​ទាន់​មាន​អ្នក​ដាក់​ពាក្យ​ទេ»។

លោក​ថា ព​លរដ្ឋ​ទាំង​៨៣​គ្រួសារ​នេះ​ បាន​ទទួល​ទិញ​ដី​ពី​ជន​ល្មើស​៣​នាក់​ដែល​បាន​បញ្ចុះ​បញ្ជូល​ឲ្យ​ពួក​គាត់ទិញ​ក្នុង​តម្លៃ​១​ម៉ឺន​បាតក្នុង​ក្បាល​ដី​២០​ម៉ែត្រ​និង​បណ្ដោ​យ​៥០០​ម៉ែត្រ​ហើយ​ផ្ទះ​មួយ​ខ្នង​ត្រូវ​មេខ្លោង​ទាំង​៣​នាក់​លក់​ឲ្យ​ក្នុង​តម្លៃ​៦ពាន់​បាត​ ។

កាល​ពី​ខែ​កុម្ភៈ ​មនុស្ស​ ៣​ នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពាក់​ព័ន្ធ​នឹង​ការ​ញុះ​ញង់​ឲ្យ​ពលរដ្ឋ​ទៅ​កាន់​កាប់​ដី​ការ៉េ​២ឬ​ដី​សម្ប​ទាន​សង្គមកិ​ច្ច​សម្រាប់​យោ​ធិន​មាន​ទំហំ​ ២​២២២​​ ហិតា។

លោក ​ភ្លន់ ​តារា បញ្ជាក់​​ថា៖ «អ្នក​នៅ​ពីក្រោយ​ខ្នង​ដែល​គាំទ្រ​ឈ្មោះ ​ជំទាវ ឌី ព្រឹម។ ឃើញ​គាត់​ខល (call) មក​ខ្ញុំ​ដែរ​ ប៉ុន្តែ​ខ្ញុំ​អត់​ដោះ​ស្រាយ។​ គាត់​ថា ​គាត់​ជីដូន​មួយ​សម្តេច​។ ប៉ុន្តែ​មិន​ដឹង​មែន​មិន​មែន​បើជួប​តាម​ទូរស័ព្ទ​យើង​ម៉េច​ដឹង។ ខ្ញុំ​ថា​បើ​ជីដូន​មួយ​សម្តេច​​បើ​សម្តេច​​បញ្ជា​មក ​យើង​លែង​ហើយ។ គាត់​ខល​មក​គាត់​ចង់​ឲ្យ​​យើង​ដោះ​លែង​៣​នាក់​ហ្នឹង​តាំង​ពី​ចាប់​ដំបូង​​គាត់​ខល​យើង​មក​បញ្ជា​យើ​ង ហើយ​ថ្ងៃ១៩ ​ខែ​កុម្ភៈ គាត់​គំរាម​ម្តង​ទៀត​តែ​ខ្ញុំ​អត់​ស្តាប់»។

ពាក់​ព័ន្ធ​នឹង​ដី​នេះ ​លោក ស៊ុំ ចាន់គា មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​និយាយ​ថា​​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​រាប់​ពាន់​នាក់។ លោក​ថា​ ពល​រដ្ឋ​កំពុង​ប្រមូ​ល​ឯក​សារ​​ពាក់​ព័ន្ធ។

ពលរដ្ឋ​ម្នា​ក់​ឈ្មោះ​ ហួន ភី មក​ពី​ស្រុក​ស្វាយ​ចេក ​និយាយ​ថា ដី​ដែល​លោក​អា​ស្រ័យ​ផល​មិន​ត្រូវ​បាន​ចុះ​បំផ្លាញ​ទេ កាល​ពី​​ថ្ងៃ​សុក្រ​ ព្រោះ​នៅ​ខុស​ពី​ទី​តាំង​ដែល​មាន​ផ្ទះ​៨៣​ខ្នង។ ​លោក​ថា​ដី​នេះ​ជា​ដី​របស់​លោក​ដោយ​សារ​​លោក​បាន​ធ្វើ​ចម្ការ​ដំឡូង​មី​នៅ​លើ​ដី​នេះ ​តាំង​ពី​ឆ្នាំ ​២០០១​ មក​ម៉្លេះ។

ទោះយ៉ាង​ណា​ លោក​ថា​ លោក​បាន​ឃើញ​លិខិត​ជូន​ដំណឹង​ពី​សាលា​ខេត្ត​កាលពី​ពេល​ថ្មីៗ​នេះ​ថា សូម​បង​ប្អូន​រុះ​រើ​​ចេញ​ពី​ដី​ការ៉េ​២​នេះ​ឲ្យ​បាន​មុន​ថ្ងៃទី​១៩ ខែ​កុម្ភៈ។

លោក​ថា៖ «ខ្ទម​ពួក​ខ្ញុំ​អត់​មាន​គេ​ចុះ​មក​រុះ​រើ​ទេតែ​សម​ត្ថកិច្ច​គេ​​មក​ហាម​ឃាត់​មិន​ឲ្យ​ភ្ជួរ​រាស់​បន្ត​សកម្ម​ភាព​តទៅ​ទៀត»។ លោក​បន្ត​ថា ព​លរដ្ឋ​មិន​មាន​អ្វី​ដែល​ត្រូវ​ត​តាំង​ជា​មួយ​សមត្ថ​កិច្ច​ទេ​ បើ​សិន​ជា​ពួក​គេ​ចុះ​បង្ក្រាប៕