ភ្នំពេញៈ កាលពី​ម្សិលមិញ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​រំឭក​ការធ្វើ​រដ្ឋប្រហារ​ឡើង​កាន់​អំណាច​របស់​លន់នល់​ហើយ​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​ស្តីបន្ទោស​សហរដ្ឋអាមេរិក​សាជាថ្មី​ម្តង​​ទៀត ចំពោះ​រដ្ឋប្រហារ​នេះ​។

កាលពី​ថ្ងៃ​អាទិត្យ​នាយក​ប្រតិបត្តិ​របស់​សារព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​របប​ខ្មែរក្រហម​។

លោក ជា វុត្ថា បាន​សរសេរ​ថា​៖ «១៨ មីនា ឆ្នាំ​ ១៩៧០ គឺ​កាលពី​ ៤៨ ឆ្នាំ​មុន ការសម្រេចចិត្ត​នយោបាយ​របស់​សេនា​ប្រមុខ លន់ នល់ និង​ទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ដែល​មាន​ការគាំទ្រ​ចេញ​មុខ​យ៉ាង​ពេញ​ទំហឹង​ពី​សហរដ្ឋអាមេរិក​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ បាន​បង្ក​នូវ​វិនាសកម្ម​សព្វបែប​យ៉ាង​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ក្នុង​នោះ​រួម​ទាំង​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរក្រហម​ ប៉ុល ពត ប្រឆាំង​នឹង​ជាតិ និង​ប្រជាជន​កម្ពុជា​»​។ ​

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ជាតិ និង​ប្រជាជន​កម្ពុជា​ត្រូវ​បាន​សង្គ្រោះ និង​រំដោះ​ឱ្យ​មាន​ជីវិត​រស់​ឡើង​វិញ​ចាប់ពី​ថ្ងៃទី​ ៧ មករា ឆ្នាំ​ ១៩៧៩ ដោយ​គណបក្ស​ប្រជាជនកម្ពុជា​»​។ ​ខណៈ​ដែល​លោក​ ជា វុត្ថា បាន​បដិសេធ​ជា​យូរ​មក​ហើយ​ថា​មិន​បាន​ទទួល​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នោះ​ទេ​។

នៅ​ឆ្នាំ​ ១៩៧០ ​លន់ នល់ ​បាន​កាន់កាប់​ប្រទេស​កម្ពុជា​បន្ទាប់ពី​រដ្ឋសភា​បាន​បោះឆ្នោត​បណ្ដេញ ព្រះមហាក្សត្រ​នរោត្តម សីហនុ ​ចេញ​ពី​អំណាច​តាម​រដ្ឋធម្មនុញ្ញ​។ លោក​ លន់ នល់ ខ្លួនឯង​ផ្ទាល់​ត្រូវ​បាន​ផ្ដួលរំលំ​ដោយ​ពួក​ម៉ៅនិយម​នៅ​ ៥ ​ឆ្នាំ​ក្រោយ​។

ការលើក​ឡើង​របស់​លោក​ ជាវុត្ថា នេះ​ត្រូវ​បាន​បន្ទរ​ដោយ​លោក ហេង រតនា និង​លោក ផៃស៊ីផាន ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច​ដោយ​ពួកគេ​បាន​ប្រើ​ហ្វេសប៊ុក​លើក​ឡើង​អំពី​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ​។

លោក រតនា ដែល​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ក៏​បាន​អះអាង​ថា​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច ព្រះនរោត្តម សីហនុ ពី​សំណាក់​លោក​សេនាប្រមុខ លន់ នល់ និង​បក្ខពួក​មួយ​ចំនួន​ទៀត​គឺជា​ដើមចម​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ឈាន​ដល់​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ហើយ​ជា​លទ្ធផល​នៃ​សង្គ្រាម​នេះ​បាន​សម្លាប់​ប្រជាជន​អស់​ជាច្រើន​លាន​នាក់​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន បាន​ចែកចាយ​ (Share) ​អត្ថបទ​រួម​នឹង​រូបភាព​របស់​ភាគី​ទី​ ៣ ​ដែល​ជា​ភ័ស្តុតាង​ហើយ​អត្ថបទ​នោះ​បាន​សរសេរ​ថា រដ្ឋប្រហារ​ទម្លាក់​សម្ដេច​នរោត្ដម សីហនុ បាន​រុញច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ចូល​ក្នុង​សង្គ្រាម​អាមេរិក​នៅ​វៀតណាម​។

បើ​ទោះបី​ជា​មាន​ការ​អះអាង​បែប​នេះ​ក្តី​ក៏​ប្រវត្តិ​វិទូ​ជាន់ខ្ពស់​ម្នាក់​លោក David Chandler បាន​ចោទសួរ​អំពី​សុពលភាព​នៃ​ព្រឹត្តិការណ៍​នោះ​។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​អ្នក​ប្រាជ្ញ​បាន​សិក្សា​ស្រាវជ្រាវ​អត់​ឃើញ​ថា​មាន​ការ​ចូលរួម​របស់​អាមេរិក​នៅ​ក្នុង​រដ្ឋប្រហារ​ដែល​ធ្វើ​ឡើង​ដោយ​លោក​ លន់នល់ នោះ​ទេ ប៉ុន្តែ​គឺ​ធ្វើ​ឡើង​ដោយ​រដ្ឋសភា​»​។

លោក Chandler បាន​បន្ថែម​ថា​វត្តមាន​របស់​វៀតណាម​ខាង​ជើង​នៅក្នុង​ប្រទេស​កម្ពុជា និង​សម្ព័ន្ធមិត្ត​ផ្ទាល់​របស់​ព្រះមហាក្សត្រ​សីហនុ​ជាមួយ​ពួក​ខ្មែរ​ក្រហម​គឺជា​កត្តា​សំខាន់​ជាង​គេ​ ២ ​ក្នុង​ការ​រុញច្រាន​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក Chandler បាន​និយាយ​ថា តួនាទី​របស់​អាមេរិក​មិន​សកម្ម​ទាំង​ស្រុង​ទេ​ដោយ​មហាអំណាច​នេះ​បាន​ស្វាគមន៍​ការ​កើតឡើង​របប​ លន់ នល់ ហើយ​បាន​ព្យាយាម​ប្រើប្រាស់​វា​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «​លោក Nixon បាន​គិត​អំពី​ហេតុផល​ដែល​នាំឲ្យ​ខ្ញុំ​យល់​ថា​កម្ពុជា​គឺជា​កូនសោ​គន្លឹះ​ដើម្បី​ធ្វើ​សង្គ្រាម​ឲ្យ​ឈ្នះ​នៅក្នុង​សង្គ្រាម​វៀតណាម​»​។

លោក​ អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​កិច្ចការទូត និង​កិច្ចការ​ពិភពលោក​នៅ​មហាវិទ្យាល័យ Occidental College បាន​ថ្លែង​ថា ការធ្វើ​រដ្ឋប្រហារ​របស់ លន់ នល់ គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយ​កាំភ្លើង​ត្បាល់ គ្រាប់បែក​ និង​រថក្រោះ​តិចតួច​ហើយ​មាន​អ្នក​ស្លាប់​ក៏​តិចតួច​ដែរ គឺ​តិច​ជាង​ពេល​លោក​ ហ៊ុន សែន ​ចាប់​យក​អំណាច​នៅ​ក្នុង​ឆ្នាំ​ ១៩៩៧​។

លោក​ សុផល បន្ត​ថា​៖ «​សហរដ្ឋ​អាមេរិក​ដូច​រដ្ឋប្រហារ​ជាច្រើន​នៅ​កន្លែង​ផ្សេងទៀត​ដែរ​ គឺ​មិន​បាន​ជំទាស់​នឹង​រដ្ឋប្រហារ​ទេ​។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​ពួកគេ​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​នោះ​ទេ​»​។

លោក​ សុផល បន្ថែម​ថា​ពួកគេ​ប្រហែល​អាច​ដឹង​រឿង​នេះ​មុន​ប៉ុន្តែ​ «​វា​មិនមែន​ដូច​ការ​សម្រប​សម្រួល​នោះ​ទេ​»​។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា វោហារសាស្ត្រ​ទាំង​នេះ​ហាក់​ដូចជា​កំពុង​ព្យាយាម​ធ្វើឱ្យ​មាន​អារម្មណ៍​ប្រឆាំង​នឹង​ជនជាតិ​​អាមេរិក​នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត​ដ៏​សំខាន់​នេះ​។

លោក​បន្ត​ថា​៖ «​ពួកគេ​កំពុង​ព្យាយាម​ធ្វើ​អ្វីៗ​គ្រាប់​យ៉ាង​សម្រាប់​ការបោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​ ២០១៨ ​នេះ​»​។

លោក​ថា​៖ «​ទីក្រុង​ភ្នំពេញ​គួរតែ​ចងចាំ​ថា​មិន​មាន​មិត្ត​ ឬ​សត្រូវ​ណា​នៅ​ជា​អចិន្រៃ្តយ៍​ទេ ប៉ុន្តែ​ផលប្រយោជន៍​គឺ​នៅ​ជា​អចិន្រៃ្តយ៍​។ តើ​វា​ជា​ផលប្រយោជន៍​អចិន្រៃ្តយ៍​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រឆាំង​ជនជាតិ​អាមេរិក​ឬ​? ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​»៕ NS