Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ឧទ្យានុរក្ស​ចាប់​រថយន្ត​ឈើ​ប្រណីត​ តែ​ម្ចាស់​គេច​ខ្លួន

Content image - Phnom Penh Post
រថយន្ត​ដឹកឈើ​ប្រណីត​ដែល​មន្ត្រី​ឧទ្យានុរក្ស​ចាប់​បាន​។ រូបថត សហការី

មន្ត្រី​ឧទ្យានុរក្ស​ចាប់​រថយន្ត​ឈើ​ប្រណីត​ តែ​ម្ចាស់​គេច​ខ្លួន

បាត់ដំបងៈ កង​ល្បាត​ក្រុម​ទី​ ៥ ​របស់​មន្ត្រី​ឧទ្យានុរក្ស​កាលពី​ម្សិលម្ង៉ៃ ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​មួយ​គ្រឿង​នៅ​ចំណុច​ភូមិ​កំពុង​ទូក ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ខណៈ​ឈ្មួញ​បម្រុង​ដឹក​ទៅ​លក់​នៅ​ប៉ៃលិន ប៉ុន្តែ​អ្នក​បើកបរ​បាន​រត់​គេច​ខ្លួន​បាត់​។

លោក ចាន់ សុជាតិ មន្ត្រី​ឧទ្យានុរក្ស​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​រថយន្ត​ ១ ​គ្រឿង​ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ​ម៉ាក​កាមរី ចង្កូត​ស្តាំ ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល 2A-4389 ​បម្រុង​ដឹក​ឈើ​ចេញ​ពី​តំបន់​អភិរក្ស​ឆ្ពោះ​ទៅ​ខេត្ត​ប៉ៃលិន​។ ចំណែក​អ្នក​បើកបរ​​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេច​ខ្លួន​ចូល​ព្រៃ​បាត់​។

លោក​បាន​បន្ត​ថា​ការ​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើ​នេះ​គឺ​បន្ទាប់ពី​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ហើយ​កម្លាំង​របស់​លោក​ក៏​បាន​ដេញ​តាម​ចម្ងាយ​ជិត​ ១០ ​គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​ឈ្មួញ​បាន​ប្រមូល​ឈើ​។

លោក គង់ មន្នីចាន់ នាយក​ប្រតិបត្តិ​ច្បាប់​នៃ​មូលនិធិ​ម៉ាដុក​​ជោលីភីត​ (MJP) ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​បន្ទាប់ពី​ចាប់​បាន​រថយន្ត​ដឹកឈើ​នេះ​មន្ត្រី​លោក​បាន​ត្រួតពិនិត្យ​ និង​វាស់វែង​រកឃើញ​ថា​ឈើ​នោះ​​មាន​ ៣ ​ប្រភេទ​ក្នុង​នោះ​មាន ឈើបេង នាងនួន និង​ធ្នង់​ដាក់​លាយឡំ​គ្នា​។

លោក​បន្ត​ថា​ឈើ​ទាំង​នេះ​មិនមែន​ជា​ឈើ​ហ៊ុប​ទេ តែ​វា​ជា​ឈើ​ដែល​គេ​គាស់​ចេញ​ពី​ដី រួច​ច្រៀក​វា​ជា​ចម្រៀក​ដែល​មាន​​មុខ​កាត់​ប្រហែល​ ៥ ​តិក​មាន​ចំនួន​ ១៤ ​ដុំ​ស្មើ​នឹង​ ០,៧៣៣ ​ម៉ែត្រគុប​ដោយ​ដាក់​តម្រៀប​ក្នុង​រថយន្ត​កាមរី​តូច​មួយ​។

លោក​បញ្ជាក់​ថា​៖ «​ក្រោយ​មន្ត្រី​ពិនិត្យ​រួច ឥឡូវ​យើង​បាន​បញ្ជូន​សំណុំ​រឿង​ និង​របាយការណ៍​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​ហើយ យើង​គ្រោង​ស្វែងរក​ម្ចាស់​ឈើ​នេះ​បន្ត​ទៀត​ដែរ​»​។

លោក អែម វិចិត្រ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​លោក​បាន​ទទួល​វត្ថុតាង​ និង​របាយការណ៍​នោះ​ហើយ​។ ​

លោក​ថា​៖ «​ខ្ញុំ​នឹង​ដាក់​សំណើ​ទៅ​តុលាការ​ដើម្បី​សុំ​ដីកា ស៊ើបអង្កេត និង​ចាត់​វិធានការ​ឈ្មួញ​ដឹកឈើ​ទាំង​នេះ ព្រោះ​យើង​ទទួល​បាន​ភ័ស្ដុតាង និង​រថយន្ត​មាន​ស្លាក​លេខ​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការ​ស្រាវជ្រាវ​រក​ម្ចាស់​»​។

លោក​បញ្ជាក់​ថា ​លោក​កំពុង​ពិនិត្យ​ភ័ស្ដុតាង និង​របាយការណ៍​ដើម្បី​រៀបចំ​សំណុំ​បែបបទ​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕

0

Comments

Please, login or register to post a comment