ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញបានបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដោយបានអនុម័តលើកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្រោងនឹងរៀបចំនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។
មហាសន្និបាតបានបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន ៣៤២ នាក់ ដែលធ្វើឲ្យក្បាលម៉ាស៊ីនដឹកនាំនយោបាយរបស់បក្សកាន់អំណាចមានចំនួន ៨៦៥ រូប ដែលលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រៀបធៀបថា ជាការចាក់បញ្ចូលឈាមថ្មីដើម្បីជំរុញការស្ដារ កសាងអភិវឌ្ឍន៍លើគ្រប់វិស័យនិងការពារមាតុភូមិ។
លោកថ្លែងថា៖«យើងរក្សាកម្លាំងចាស់ ហើយយើងនឹងបង្កើនឈាមថ្មីដើម្បីនឹងគួបផ្សំគ្នាទៅជាសកម្មភាពមួយដ៏រឹងមាំសម្រាប់អនុវត្តតួនាទីភារកិច្ចដែលបានដាក់ចុះដោយមហាសន្តិបាតប្រកបដោយប្រសិទ្ធភាព និងមានគុណភាពនិងបម្រើពិតដល់ប្រជាពលរដ្ឋដែលលោកត្រូវការ វាជាការបញ្ចូលឈាមថ្មីនិងឈាមដែលមានស្រាប់នេះឲ្យកាន់តែបង្កើននូវប្រសិទ្ធភាពការងារនិងគុណភាពការងារ»។
លោកសុខ ឥសាន ថ្លែងថា៖«យើងមិនគិតពីក្បាលម៉ាស៊ីនធំតូចទេគឺយើងគិតតែធ្វើម៉េចឲ្យអនុវត្តតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិក្នុងការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាត»។
លោក ឥសាន អះអាងថា សមាសភាពសមាជិកគណៈកណ្តាលថ្មីគឺវាស្ថិតនៅក្នុងសែស្រឡាយរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះមិនអាចយកសែស្រឡាយចេញពីគណបក្សប្រឆាំងឬមួយគណបក្សផ្សេងៗបានទេ ពីព្រោះបើធ្វើដូច្នេះនឹងរំលោភសិទ្ធិគណបក្សគេដទៃ ហើយមិនបានគិតថាភ្ជាប់សែស្រឡាយឬសាច់ញាតិឯកឧត្តម ឬ «លោកជំទាវ» ណាទេ គឺផ្អែកទៅលក្ខណសម្បត្តិដែលតម្រូវដោយលក្ខន្តិកៈរបស់គណបក្ស បើបងប្អូនណាគ្រប់លក្ខណសម្បត្តិដែលតម្រូវដោយលក្ខន្តិកៈបក្ស ត្រូវមហាសន្តិបាតបោះឆ្នោតគាំទ្រដើម្បីឲ្យបញ្ចូលជាសមាជិក។គ្មានការបង់លុយដើម្បីក្លាយជាសមាជិកនោះទេ។
យោងតាមសេចក្ដីសម្រេចនៃមហាសន្និបាតបានឲ្យដឹងថា ៖ «ក្នុងគោលដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណបក្ស ឲ្យស្របទៅនឹងសំណូមពរនៃសភាពការណ៍និងការកិច្ចនាដំណាក់កាលថ្មីនេះ មហាសន្និបាតសម្រេចកែសម្រួលរចនាសម្ព័ន្ធនៃគណៈកម្មាធិការកណ្ដាលពីចំនួន ៥៤៥ រូបដល់ ៨៦៥ រូបដោយបានលុបឈ្មោះសមាជិកគណៈកម្មាធិការកណ្ដាលដែលទទួលមរណភាពចំនួន ២២ រូបនិងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៣៤២រូប»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលត្រូវបានជ្រើសតាំងបន្ថែមចូលទៅក្នុងគណៈកម្មាធិការកណ្ដាលដែរនោះថ្លែងថា នេះគឺជាបន្ទុកដើម្បីបំពេញការងារជូនបក្សនិងជូនប្រជាជនក៏ដូចជាប្រទេសជាតិ។
លោកថ្លែងថា៖«យើងដើរតួនាទីសំខាន់។ ធម្មតាកាលណានារីម្នាក់ស្រឡាញ់ខ្ញុំ ខ្ញុំត្រូវយកចិត្តនារីហ្នឹងដើម្បីឲ្យនារីហ្នឹងពេញចិត្តដូចគ្នាហ្នឹង នៅពេលដែលបក្សមានការទុកចិត្តយើងនឹងខំធ្វើការទ្វេដងដើម្បីបម្រើប្រទេសជាតិក៏ដូចជា ប្រជាជនដែរ។ នៅពេលដែលបក្សបានផ្តល់សេចក្តីទុកចិត្តឲ្យខ្ញុំ ខ្ញុំរឹតតែបារម្ភពីព្រោះការងារច្រើនណាស់ចង់កែរប្រែក្នុងសង្គមនេះ»។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ដែលជាសមាជិកថ្មីដែរនោះបានថ្លែងថា៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត។ ខ្ញុំប្តេជ្ញាក្នុងការចូលរួមថែរក្សាសន្តិភាព ជូនប្រទេសជាតិរបស់យើងឲ្យបានគង់វង្សយូរអង្វែងនៅពេលយើងបានចូលជាសមាជិកគណៈកម្មាធិការកណ្តាល»។
លោក ឥសាន ថ្លែងថា ការបន្ថែមសមាជិកថ្មីគឺជាការបញ្ចូលឈាមថ្មីលើកម្លាំងចាស់ដែលមានស្រាប់សម្រាប់អនុវត្តគោលនយោបាយដែលសម្រេចដោយមហាសន្និបាតឲ្យមានប្រសិទ្ធភាព និងគុណភាពដើម្បីបម្រើប្រទេសជាតិ។
មហាសន្និបាតបានកត់សម្គាល់ផងដែរចំពោះឧបាយកលបដិវត្តន៍ពណ៌របស់អតីតបក្សប្រឆាំងដែលជ្រោមជ្រែងដោយមជ្ឈដ្ឋានអ្នកពីខាងក្រៅ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ត្រូវបានរាំងស្កាត់ទាន់ពេលវេលាតាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់និងមានប្រសិទ្ធភាព។
មហាសន្និបាតបានបញ្ជាក់ថា៖ «យើងបានការពារយ៉ាងរឹងមាំនូវឯករាជ្យ និងអធិបតេយ្យជាតិ រក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងឯកភាពជាតិ ព្រមទាំងធានាឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខតាមគន្លងដ៏ត្រឹមត្រូវ»។
ខណៈមិនមែនជារដ្ឋឯកបក្សកុម្មុយនីស្តសុទ្ធសាធ គណបក្សប្រជាជនកម្ពុជា រចនាសម្ព័ន្ធដែលទទួលបានពីកុម្មុយនីស្តសម្រាប់គណបក្សរបស់ខ្លួន សមាជិកនៃគណៈកម្មាធិការកណ្តាលមានចំនួនច្រើនជាងសមាជិកគណៈកម្មាធិការរបស់បក្សកុម្មុយនីស្តចិន ដែលមានសមាជិកចំនួន២០៥រូបនិងវៀតណាមដែលមាន ១៧៥ រូប។
លោក Paul Chambers សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ បានថ្លែងថា ការបន្តបុព្វសិទ្ធិទាំងនេះ គឺចាំបាច់ដើម្បីឲ្យមានភាពស្មោះត្រង់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានថ្លែងតាមអ៊ីមែលថា៖ «វាជាកន្លែងសម្រាប់ផ្តល់រង្វាន់ដល់អ្នកដែលធ្វើការងារសកម្មគាំទ្រ ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាទូទៅគោរពទៅតាមគណបក្សនិងរដ្ឋាភិបាល»។
អ្នកអត្ថាធិប្បាយនយោបាយ លោក អ៊ូ វីរៈ បានថ្លែងថា ខណៈសារៈសំខាន់នៃគណៈកម្មាធិការកណ្តាលធ្លាក់ចុះ គណៈកម្មាធិការអចិន្ត្រៃយ៍គឺជាគណៈកម្មាធិការដែលរក្សាការតាមដាន។
គណៈកម្មាធិការអចិន្ត្រៃយ៍គឺជាគណៈកម្មាធិការជាន់ខ្ពស់បំផុតរបស់គណបក្សកាន់អំណាចនិងដាក់ដោយមន្ត្រីចាស់ៗរបស់គណបក្សនិងប្រធានស្ថាប័នដែលមានអំណាចបំផុតក្នុងប្រទេស។
លោក វីរៈ បានថ្លែងបន្តថា៖ «អ្នកអាចរំពឹងឃើញថាកូនប្រុសនិងកូនស្រី នឹងត្រូវបានដំឡើងឋានៈយ៉ាងលឿនក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ កូនប្រុសនឹងមានច្រើនទៀតដែលត្រូវនិយាយ»។
លោកបានថ្លែងដូច្នេះ ដោយសំដៅទៅកូនរបស់សមាជិកមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានិងកូនប្រុស៣នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕ PS