ភ្នំពេញៈ ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង និង​បក្សនយោបាយ​មួយ​ផ្សេង​ទៀត​ព្រមទាំង​សង្គម​ស៊ីវិល​បាន​សម្តែង​ការ​ព្រួយបារម្ភ ចំពោះ​ការវិវត្ត​ទៅ​រក​ការដឹកនាំ​តាម​បែប​ប្រព័ន្ធ​ឯកបក្ស​របស់​ប្រទេស​កម្ពុជា ខណៈ​គណបក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​គណនា​ថា​ បាន​ឈ្នះ​អាសនៈ​ទាំងអស់​ចំនួន ៥៨ របស់​ស្ថាប័ន​ព្រឹទ្ធសភា នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ដែល​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រជែង​របស់​ខ្លួន​។

ប៉ុន្តែ​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ថ្លែង​ថា គណបក្ស​ប្រជាជន​គ្រាន់​តែ​គោរព​តាម​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ប៉ុណ្ណោះ និង​មិន​បាន​ប្រកាន់​យក​ប្រព័ន្ធ​ឯកបក្ស ឬ​របប​ផ្ដាច់ការ​ដូច​ការ​រិះគន់​នានា​នោះ​ទេ​។

យោង​តាម​ការ​គណនា​លើ​លទ្ធផល​បឋម​របស់ គ.ជ.ប បង្ហាញ​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ នេះ​គណបក្ស​ប្រជាជន​ទទួល​បាន​អាសនៈ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​ចំនួន ៥៨ បើ​ទោះបី​ជា​មាន​គណបក្ស​ ៣ ​ផ្សេង​ទៀត​បាន​ចូលរួម​ប្រកួត​ក្ដី​ក្នុង​នោះ​មាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា​។ ចំណែក​អាសនៈ​ចំនួន ៤ ទៀត​ត្រូវ​ជ្រើស​តាំង​ដោយ​ព្រះមហាក្សត្រ និង​ស្ថាប័ន​រដ្ឋសភា​។

លោក សុខ ឥសាន បាន​ថ្លែង​ថា បើ​ទោះបី​ជា គ.ជ.ប មិន​ទាន់​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ក្តី តែ​តាម​ការ​គណនា គឺ​គណបក្ស​របស់​លោក​ទទួល​បាន​សំឡេង​ឈ្នះ​លើសលប់​។

លោក​ក៏​កោត​សរសើរ​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកប​ដោយ​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើហិង្សា ស្ថិត​នៅ​ក្រោម​ដំបូល​សន្តិភាព​ស្ថិរភាព​នយោបាយ សុខ​សុវត្ថិភាព​សង្គម​ល្អ ដែល​ប្រជាជន​ទូទៅ​ស្វាគមន៍ និង​អបអរសាទរ​។

លោក​ សឹង្គ គិរី ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​បន្ត​តំណែង​ពី​លោក ញឹក ប៊ុនឆៃ ក៏​ថ្លែង​ស្វាគមន៍​ផង​ដែរ​ពី​ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា​ថា មាន​ភាព​ «​សេរី និង​យុត្តិធម៌​»​។

ប៉ុន្តែ​លោក​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការវិវត្ត​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​ឯកបក្ស​ក្នុង​ស្ថាប័ន​អង្គនីតិប្បញ្ញត្តិ​របស់​ប្រទេស​កម្ពុជា​មួយ​នេះ​។ លោក​ថ្លែង​ថា​៖ «​ព្រួយបារម្ភ​ទី ១ វា​ឯកបក្ស​អ៊ីចឹង​ទៅ បរទេស​គេ​មិន​ទុកចិត្ត​។ ជួន​កាល​គេ​អាច​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​ទៅ​ថ្ងៃ​មុខ​ទៀត យ៉ាង​ម៉េច​ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​ដែរ​...»​។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​បច្ចុប្បន្ន​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ថ្លែង​ថា​៖ «​បន្ទាប់ពី​ការ​លួច​តំណែង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥០០៧ អាសនៈ ដែល​គណបក្ស​ប្រឆាំង​បាន​ឈ្នះ កាលពី​ឆ្នាំ​មុន តាមរយៈ​ការ​បោះឆ្នោត​ជា​សកល និង​ការ​បូក​បញ្ចូល​គ្នា​ជាមួយ​តំណែង​ក្រុមប្រឹក្សា​របស់​គណបក្ស​ប្រជាជន​ចំនួន ៦៥០៣ ធ្វើឲ្យ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​អាទិត្យ​គណបក្ស​ប្រជាជន​បាន​ឈ្នះ ​“100%”​ នៃ​តំណែង​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវ​ដណ្តើម​យក​»​។

លោក​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​ដូច្នេះ​វា​បាន​រុញ​ឲ្យ​ប្រទេស​កម្ពុជា​ត្រឡប់​ទៅ​រក​ប្រព័ន្ធ​ឯកបក្ស​ដូច​មុន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១​។ ការ​ចំអក​ស្រដៀង​គ្នា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន “​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​” ​នា​ការ​បោះឆ្នោត​នីតិប្បញ្ញត្តិ​ដែល​បាន​រៀបចំ​ទុក ជាមួយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​នៅ​ក្នុង​រដ្ឋសភា​»​។

ប៉ុន្តែ​លោក​ សុខ ឥសាន បាន​ថ្លែង​ថា​គណបក្ស​ប្រជាជន​គ្រាន់តែ​គោរព​តាម​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​មិន​បាន​ប្រកាន់​យក​ប្រព័ន្ធ​ឯកបក្ស ឬ​របប​ផ្ដាច់ការ ដូច​ការ​រិះគន់​នានា​ទេ​។

លោក​ថ្លែង​ថា​៖ «​យើង​គ្មាន​អ្វី​ក្រៅពី​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទេ បក្ស​មួយ​ក៏ដោយ បក្ស​ ២ ​ក៏ដោយ បក្ស​ ៣ ​ក៏ដោយ​ដែល​ជាប់​ឆ្នោត​នៅ​ក្នុង​ស្ថាប័ន​កំពូល​របស់​ជាតិ​មាន​ព្រឹទ្ធសភា មាន​រដ្ឋសភា អាហ្នឹង វា​ជា​សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ​។ យើង​មិន​អាច​សន្និដ្ឋាន​ថា បក្ស​មួយ​ផ្ដាច់ការ បក្ស​មួយ​ឯកបក្ស អាហ្នឹង​មិន​ដូច្នេះ​ទេ បើ​និយាយ​អ៊ីចឹង​បាន​សេចក្ដី​ថា ប្រមាថ​ឆន្ទៈ​ប្រជាពលរដ្ឋ​»​។

ជាមួយ​គ្នា​នេះ​លោក​ ឥសាន បាន​កោតសរសើរ​ពី​ការ​ដឹកនាំ​របស់​ប្រទេស​ចិន​កុម្មុយនិស្ត​ដែល​មាន​គណបក្ស​តែ​មួយ និង​បាន​រិះគន់​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក​ថា​ជា​ «​ឧបសគ្គ​នៃ​ដំណើរការ​របស់​ជាតិ​»​។

លោក​ថ្លែង​ថា​៖ «​ដូច​ខ្ញុំ​ឧទាហរណ៍​ប្រជាពលរដ្ឋ​ចិន​ជាង ១៥០០ លាន​នាក់​វា​ ១ ​ភាគ ​៣ នៃ​ពិភពលោក​ទៅ​ហើយ​ហើយ​ថា គេ​ផ្ដាច់ការ​ម៉េច​កើត​! ប្រទេស​គេ​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទៅ​ហើយ អ៊ីចឹង​មិន​អាច​ទៅ​បាន​ទេ ត្រូវ​តែ​និយាយ​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​របស់​ប្រទេស​នីមួយៗ​ជា​ការ​សម្រេច​ជោគវាសនា​របស់​ប្រទេស​គេ មិន​អាច​អ្នក​ណា​មក​លូកលាន់ ហើយ​វាយតម្លៃ​ដោយ​អគតិ​បាន​ទេ អា​នេះ​ជា​ការ​រំលោភ​ឆន្ទៈ​របស់​ពលរដ្ឋ​របស់​ប្រទេស​នីមួយៗ​»​។

ប៉ុន្តែ​លោក ហ៊ីង សុខសាន្ត អតីត​ប្រធាន​ចលនា​យុវជន គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​ថា បើ​មាន​វត្តមាន​គណបក្ស​​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ប្រជែង ប្រាកដ​ណាស់​បក្ស​របស់​លោក​នឹង​ទទួល​បាន ២៥ អាសនៈ រីឯ​គណបក្ស​ប្រជាជន​នឹង​ទទួល​បាន​ត្រឹម​តែ ៣៣ អាសនៈ ដោយ​យោង​លើ​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ចំនួន ៥០០៧ សំឡេង និង​សមាជិក​រដ្ឋសភា​ចំនួន​ ៥៥ សំឡេង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​នេះ​ដោយ​ថ្លែង​ថា​៖ «​បើសិន​ជា​គ្មាន​ការ​រំលាយ​អតីត​គណបក្ស​ សង្គ្រោះ​ជាតិ​ ​ដោយ​តុលាការ​កំពូល​នោះ​ទេ លទ្ធផល​ក៏​មិន​ដូច​នេះ​ដែរ​។ ក្នុង​ករណី​ដែល​មាន​លទ្ធផល​មួយ​ដែល​គណបក្ស​ប្រជាជន​ទទួល​បាន​អាសនៈ​ទាំង ៥៨ មែន​នោះ ការ​ខ្សឹបខ្សៀវ​ថា ព្រឹទ្ធសភា​នឹង​ដឹកនាំ​ដោយ​ឯកបក្ស​ពិតជា​កើត​មាន ហើយ​យើង​បារម្ភ​ពី​មុខ​មាត់​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ចាស់ទុំ​មួយ​នេះ​»​។

លោក Paul Chambers ដែល​ជា​សាស្ត្រចារ្យ​នៅ​សាកលវិទ្យាល័យ Naresuan ក្នុង​ប្រទេស​ថៃ​បាន​ថ្លែង​ថា ប្រសិនបើ​គោលបំណង​មាន​លក្ខណៈ​រលូន ហើយ​ការ​អនុម័ត​ច្បាប់​ងាយស្រួល​បែប​នេះ គណបក្ស​ប្រជាជន​កម្ពុជា​គួរ​តែ​លុប​បំបាត់​សភា​។

លោក​បាន​សួរ​ថា​៖ «​តើ​វា​មិន​រឹត​តែ​ងាយស្រួល​ជាង​​ ​និង​លឿន​ជាង​ប្រសិន​បើ​លោក ហ៊ុន សែន គ្រាន់​តែ​ប្រើ​អំណាច​ផ្តាច់ការ​ដើម្បី​អនុម័ត​?»​។

លោក​បាន​ថ្លែង​ជា​ដដែល​ថា លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តម្រូវ​ឲ្យ​ធានា​នូវ​ការពិនិត្យ និង​តុល្យភាព​សម្រាប់​ឆន្ទៈ​នយោបាយ​របស់​អ្នក​បោះឆ្នោត ជា​ជាង​ជា​ច្រក​ងាយស្រួល​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើការ​អនុម័ត​ច្បាប់​។

ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ជំរុញ​ឲ្យ​មាន ​«​រដ្ឋ​ឯកបក្ស​ជាក់ស្តែង​» លោក Miguel Chanco នៅ​អង្គភាព​ស្រាវជ្រាវ និង​វិភាគ​សេដ្ឋកិច្ច​បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​នៅ​តែ​ហាក់បី​ដូចជា​ប្តេជ្ញា​ថា​មាន​ប្រជាធិបតេយ្យ​តាមរយៈ​ការ​នាំ​យក​គណបក្ស​តូចៗ​ដែល​ជា​គណបក្ស​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ទៅ​ក្នុង​សភា​។ «​ស្តង់ដារ​មាន​លក្ខណៈ​ទាប​ខ្លាំង​នៅ​អាស៊ាន​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​លោក​ខាង​លិច​មាន​ឆន្ទៈ​ទទួល​យក និង​ចូលរួម​ជាមួយ​»៕ PS