Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មាន​ការ​សរសើរ​ ​និង​ការ​រិះគន់​រឿង​តែងតាំង​អភិបាល​រាជធានី ខេត្ត ៤

Content image - Phnom Penh Post
លោក ឃួង ស្រេង ដែល​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​តែងតាំង​ជំនួស​លោក ប៉ា សុជាតិវង្ស​។

មាន​ការ​សរសើរ​ ​និង​ការ​រិះគន់​រឿង​តែងតាំង​អភិបាល​រាជធានី ខេត្ត ៤

ភ្នំពេញៈ ​ខណៈ​ដែល​មាន​ការ​គាំទ្រ​ចំពោះ​ការ​តែងតាំង​កូនស្រី​របស់​អតីត​អភិបាលខេត្ត​កោះកុង​ឲ្យ​ធ្វើជា​អភិបាលខេត្ត​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​ក៏​មាន​ការ​រិះគន់​ផង​ដែរ​ចំពោះ​ការ​តែងតាំង​អភិបាលរង​ម្នាក់​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ឲ្យ​ធ្វើ​ជា​អភិបាល​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ផ្លាស់ប្តូរ អភិបាល​រាជធានី​ខេត្ត​ចំនួន​ ៤ ​ដែល​នៅ​ក្នុង​ចំណោម​នោះ​មាន​រាជធានី និង​ខេត្ត​ចំនួន​ ២ ​គណបក្ស​កាន់​អំណាច​បាន​ចាញ់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​កាលពី​ពេល​ថ្មីៗ​នេះ​។

មន្ត្រី​ទាំង​ ៤ រូប​ដែល​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រាជធានី ខេត្ត​ចំនួន ៤ រួម​មាន​លោកស្រី​ មិថុនា ភូថង ជា​អភិបាល​ខេត្ត​កោះកុង​ជំនួស​លោក ប៊ុន លើត លោក ឃួង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ​ជំនួស​លោក ប៉ា សុជាតិវង្ស លោក លី ឡេង ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក ប្រាជ្ញ ចន្ទ និង​លោក គួច ចំរើន ជា​អភិបាល​ខេត្ត​កំពង់ចាម​ជំនួស​លោក លន់ លឹមថៃ​។ ចំណែក​អភិបាល​រាជធានី​ខេត្ត​ទាំង ៤ ដែល​ត្រូវ​បាន​ផ្លាស់ចេញ​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ១៦ ខែ​មិថុនា​។

លោកស្រី មិថុនា ភូថង កូនស្រី​បង្កើត​របស់​អតីត​អភិបាល​ខេត្ត​កោះកុង​លោក យុទ្ធ ភូថង ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​អភិបាលរង​ទៅ​ជា​អភិបាល​ខេត្ត​កោះកុង​។ ព្រះរាជក្រឹត្យ​សេរសេរ​ថា​៖ «​តែងតាំង​លោក​ជំទាវ មិថុនា ភូថង ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​ ៦ ជា​អភិបាល​»​។

ការ​តែងតាំង​នេះ​ទទួល​បាន​ការ​ស្វាគមន៍​ពី​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តស៊ូ​មតិ​ឲ្យ​មាន​សំឡេង​ស្ត្រី​ច្រើន​ក្នុង​វិស័យ​នយោបាយ​ដែល​មាន​អំណាច​លើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​។

លោកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​បាន​ស្វាគមន៍​ការ​តែងតាំង​នេះ​ដោយ​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​គណបក្ស​របស់​គាត់​ជឿ​លើ​ការ​ដឹកនាំ​របស់​គាត់ ជឿ​លើ​សមត្ថភាព​របស់​គាត់​ហើយ​សម្រេច​ផ្តល់​ការ​ទុក​ចិត្ត​លើ​ស្ត្រី​វ័យក្មេង​ជា​រឿង​ល្អ​។ វា​ជា​ប្រវត្តិសាស្ត្រ​ហើយ​គឺជា​លើក​ទី​មួយ​ដែល​យើង​ឃើញ​ស្ត្រី​ដែល​កាន់​មុខ​តំណែង​ជា​ចៅហ្វាយ​ខេត្ត​»​។

ទោះ​យ៉ាង​ណា​លោកស្រី​ សុភាព យល់​ថា​តួនាទី​របស់​លោកស្រី មិថុនា ភូថង អាច​ទទួលរង​សម្ពាធ​ដោយសារ​តែ​លោកស្រី​ជា​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​តែ​ម្នាក់​ក្នុង​ខេត្ត​នេះ ខណៈ​មន្ត្រី​មាន​ឋានៈ​ធំៗ​ផ្សេង​ទៀត​គឺជា​បុរស​។

លោក អ៊ិន ហួរ តំណាង​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា​តាម​លោក​ដឹង​លោកស្រី មិថុនា ភូថង ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​កោះកុង​បាន​ប្រហែល​មួយ​ឆ្នាំ​។

លោក​ឲ្យ​ដឹង​ថា ​លោកស្រី មិថុនា ភូថង គឺ​អ្នក​សកម្ម​ក្នុង​ការងារ​សង្គម​ក្នុង​ក្របខ័ណ្ឌ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស.ស.យ.ក​) ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានី កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ ក្រៅពី​នេះ​ «​ខ្ញុំ​ដូចជា​មិន​ឃើញ​មាន​ស្នាដៃ​គាត់​អី​ជា​ដុំ​កំភួន​ឲ្យ​យើង​ចាប់​អារម្មណ៍​ទេ​គ្រាន់តែ​ឃើញ​សកម្មភាព​គាត់​ដោយសារ​គាត់​ជា​ប្រធាន ស.ស.យ.ក នៅ​ខេត្ត​កោះកុង​»​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ ​លោកស្រី មិថុនា ភូថង ដែល​មាន​វ័យ ៣៨ ឆ្នាំ​បាន​ថ្លែង​ថា​លោកស្រី​សប្បាយ​ចិត្ត​ដែល​ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា​តំណែង​កាន់តែ​ធំ​ការ​ទទួល​ខុសត្រូវ​ក៏​កាន់តែ​ធំ​ដែរ​។ «​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ពិធី​តែងតាំង​នៅ​ពេល​ណា​ទេ​។ ខ្ញុំ​មាន​មោទនភាព​ហើយ​ខ្ញុំ​គិតថា​ជា​កាតព្វកិច្ច​មួយ​យ៉ាង​ធំ​។ អារម្មណ៍​អាច​ថា​សប្បាយ និង​ពង្រឹង​ខ្លួនឯង​បន្ថែម​ទៀត​ឲ្យ​សម​នឹង​ការ​ទុក​ចិត្ត​របស់​រាជរដ្ឋាភិបាល និង​បងប្អូន​ដែល​សហការ​ការងារ​នៅ​ថ្នាក់​ក្រោម​ជាតិ​»​។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ក៏​បាន​ស្វាគមន៍​ការ​តែងតាំង​ស្ត្រី​ក្នុង​មុខ​តំណែង​ធំ​នេះ​ដែរ ប៉ុន្តែ​លោក​មាន​ចម្ងល់​ថា​៖ «​យើង​មិន​ដឹង​ថា​ការ​តែងតាំង​នេះ​ដោយសារ​គាត់​ជា​ស្ត្រី​ហើយ​តែងតាំង​ដើម្បី​បង្គ្រប់កិច្ច​ ឬ​គាត់​មាន​សមត្ថភាព​! ទោះបី​យ៉ាង​ណា​ស្ត្រី​ដែល​មាន​សមត្ថភាព​មាន​ច្រើន​ណាស់​ដែល​គួរ​ត្រូវ​បាន​តែងតាំង​ហើយ​ការ​តែងតាំង​នេះ​ជា​រឿង​ល្អ​»​។

ចំណែក​នៅ​ភ្នំពេញ​វិញ​ លោក ឃួង ស្រេង ដែល​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​តែងតាំង​ជំនួស​លោក ប៉ា សុជាតិវង្ស​។ ការ​តែងតាំង​នេះ​បាន​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នឹង​មក​ជំនួស​លោក ប៉ា សុជាតិវង្ស​។

យ៉ាង​ណា​ក៏ដោយ​លោក អ៊ូ វីរៈ មិន​មាន​ការ​ភ្ញាក់ផ្អើល​ឡើយ​ហើយ​លោក​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​តំណែង​របស់​មន្ត្រី​ជាន់​ខ្ពស់​ឲ្យ​បាន​គ្រប់​អាណត្តិ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​ក្រាញ​នៅ​មួយ​កន្លែង​ដែល​អាច​បង្កើត​បាន​ជា​បណ្ដាញ​ដែល​នាំ​ឲ្យ​មាន​អំពើ​ពុករលួយ​។

ប្រតិកម្ម​ទៅ​នឹង​ការ​តែងតាំង​លោក ឃួង ស្រេង សកម្មជន​ព្រះសង្ឃ​ល្បី​ព្រះនាម ព្រះ​តេជគុណ លួន សូវាត ដែល​សកម្ម​ក្នុង​កិច្ចការ​សង្គម​បាន​បង្ហោះ​រូបលោក​ ស្រេង ចង្អុល​ទៅ​កាន់​ព្រះអង្គ​ក្នុង​ហ្វេសប៊ុក​។

ព្រះអង្គ​មាន​សង្ឃដិកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​ចំអក​លោក​ ឃួង ស្រេង ថា​៖ «​មន្ត្រី​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​ផ្នែក​ខាង​អំពើ​ហិង្សា​ក្តី​ខាង​អសីលធម៌​ដែល​យើង​ហៅ​ថា​ជា​មន្ត្រី​មួយ​ដែល​ពលរដ្ឋ​មិន​សូវ​គោរព​មិន​សូវ​ស្រឡាញ់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​បាន​ឡើង​ឋានៈ​ឡើង​បុណ្យស័ក្តិ​ទៅ​វិញ​»​។

លោក គួច ចំរើន ដែល​ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ថា​លោក​នឹង​យក​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ជា​អាទិភាព​។

ប៉ុន្តែ​លោក​នឹង​ឆ្លៀត​ពេលវេលា​ក្រៅ​ម៉ោង​រដ្ឋ​ដើម្បី​ធ្វើ​ការងារ​នយោបាយ​ផ្ទាល់​ខ្លួន​ដើម្បី​គណបក្ស​ប្រជាជន​របស់​លោក​ដោយ​ការងារ​នោះ​លោក​ថា​៖ «​គ្មាន​អ្វី​ក្រៅពី​យើង​ទៅ​ស្តាប់​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ហើយ​យើង​ដោះស្រាយ​ជូន​គាត់​ទេ​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ