Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មូលនិធិ​សកល ​​គាំទ្រ​នូវ​ការ​រក​​ឃើញ​អំពើ​ពុករលួយ​នៅ​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់

Content image - Phnom Penh Post
មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់។

មូលនិធិ​សកល ​​គាំទ្រ​នូវ​ការ​រក​​ឃើញ​អំពើ​ពុករលួយ​នៅ​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់

ភ្នំពេញៈ របាយការណ៍​មួយ​ពី​ការិយាល័យ​អគ្គារធិការ​របស់​អង្គការ​មូលនិធិ​សកល​បាន​គាំទ្រ​ការ​អះអាង​អំពី​ការ​កើត​មាន​អំពើ​ពុករលួយ និង​សាច់ញាតិ​និយម​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ (CNM) ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ឆ្នាំ​មុន​។

របាយការណ៍​ដែល​ចេញ​ស្ងាត់ៗ​កាលពី​ខែ​មីនា ប៉ុន្តែ​ត្រូវ​បាន​ផ្តល់​មក​ឲ្យ​កាសែត ភ្នំពេញប៉ុស្តិ៍​ នា​សប្តាហ៍​នេះ ​បាន​រកឃើញ​ការ​ចេញ​វិក្កយបត្រ​ពីរ​ «​ជា​លក្ខណៈ​ប្រព័ន្ធ​» ​​សម្រាប់​បេសកកម្ម​ចុះ​មូលដ្ឋាន​ដែល​ធ្វើ​ឡើង​ដោយ​មនុស្ស​តែ​ម្នាក់ និង​បញ្ហា​មន្ត្រី​ជាន់​ខ្ពស់​ជួល​សមាជិក​គ្រួសារ​របស់​ខ្លួន​ដែល​គ្មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​មក​ធ្វើការ​។ ជាង​នេះ​ទៀត​របាយការណ៍​បាន​រកឃើញ​ទៀត​ថា​បុគ្គលិក​ដែល​មាន​ខ្សែ​ទទួល​បាន​ការ​ចុះ​បេសកកម្ម​មូលដ្ឋាន​ច្រើន​បំផុត បើ​ទោះបី​ជា​ពួកគេ​ខ្វះ​បទពិសោធ​ក្នុង​សកម្មភាព​ប្រឆាំង​ជំងឺ​គ្រុនចាញ់​ក៏ដោយ​។

ការិយាល័យ​អគ្គារធិការ​បាន​ចង្អុល​បង្ហាញ​ថា​នាយក CNM លោក ហ៊ុយ រ៉េកុល ជា​បុគ្គល​ទទួល​ខុស​ត្រូវ​ចំពោះ​លុយ​របស់​ម្ចាស់​ជំនួយ ប៉ុន្តែ​ក៏​បាន​កត់សម្គាល់​ផង​ដែរ​អំពី​ការ​មើល​ខុស​ត្រូវ​ «​មាន​កម្រិត​»​ ពី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​សេវា​គម្រោង​ដែល​ដើរតួ​ជា​អ្នក​ទទួល​ថវិកា​ពី​អង្គការ​មូលនិធិ​សកល​ប្រគល់​ទៅ CNM​។

ការ​ស៊ើបអង្កេត​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​តុលា​ឆ្នាំ ២០១៥ បាន​វិភាគ​បេសកកម្ម​ចំនួន ៦៥៤ ចន្លោះ​ពី​ខែ​មិថុនា ឆ្នាំ​ ២០១៤ និង​ខែ​ឧសភា ឆ្នាំ​ ២០១៦ ដោយ​បុគ្គលិក CNM ចំនួន ១៥៦ ​នាក់​។

ក្នុង​ចំណោម​បញ្ហា​ទាំង​នេះ​ការិយាល័យ​អគ្គាធិការ​បាន​រកឃើញ​ការ​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ថ្ងៃ​ចំនួន​ ១៩៧ ថ្ងៃ​ដែល​ចេញ​វិក្កយបត្រ​ទៅ​អង្គការ​មូលនិធិ​សកល និង​ម្ចាស់​ជំនួយ​មួយ​ទៀត​ក្នុង​ពេល​តែ​មួយ​ដោយ​ «​ពាក្យ​ស្នើសុំ​បើក​ប្រាក់​លក្ខណៈ​បន្លំ​» ​​បាន​ប្រាក់​ចំនួន ៣៩៤០ ដុល្លារ ដែល​ដាក់​ដោយ​បុគ្គលិក ២១ នាក់​នៃ​មជ្ឈមណ្ឌល​នេះ​។

បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ អង្គការ​មូលនិធិ​សកល​បាន​ស្នើសុំ​លុយ​នេះ​វិញ​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​នេះ​។

ជា​ការ​ឆ្លើយតប​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ CNM បាន​ស្នើសុំ​បុគ្គលិក​ទាំងអស់​សូម្បី​តែ​អ្នក​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​វិក្កយបត្រ​ស្នើសុំ​ប្រាក់​ក៏ដោយ​ក៏​សុំ​ឲ្យ​ពួកគេ​ចូល​បរិច្ចាគ​ផ្ទាល់​ខ្លួន​ដើម្បី​សង​ប្រាក់​មួយ​ចំនួន​នោះ​វិញ​ខណៈ​ការិយាល័យ​អគ្គាធិការ​បាន​ការ​សុំ​ឲ្យ​មាន​ការ​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​ពី​បុគ្គលិក​ថា​ជា​ «​ការ​បំពាន​» ​សមត្ថកិច្ច​របស់​ខ្លួន​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​នាយក CNM លោក ហ៊ុយ រ៉េកុល បាន​អះអាង​ថា​លោក​កំពុង​ប្រជុំ និង​បាន​ដាក់​ទូរស័ព្ទ​ចុះ​។ លោក​ក៏​មិន​បាន​ឆ្លើយតប​នឹង​សារ​ស្នើសុំ​អធិប្បាយ​ផង​ដែរ​។

បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​​ថា​នៅ​ពេល​ប្រឈម​មុខ​នឹង​លទ្ធផល​រកឃើញ​លោក រ៉េកុល អះអាង​ថា​ការ​ចុះ​បេសកកម្ម​ស្ទួន​គ្នា​នោះ​គឺ​ដោយសារ​ការ​លុបចោល​បេសកកម្ម​ដែល​មិន​បាន​លុប​ចេញ​ពី​ឯកសារ​។ ទោះ​យ៉ាង​ណា​ក្តី​ការិយាល័យ​អគ្គារធិការ​បាន​រកឃើញ​ភ័ស្តុតាង​ដែល​ច្រាលចោល​ការ​លើក​ឡើង​របស់​លោក​ រ៉េកុល​។

បញ្ហា​នៃ​ការ​ធ្វើ​វិក្កយបត្រ​ក្លែងបន្លំ​ដើម្បី​ស្នើសុំ​ប្រាក់​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ផ្អែក​ទៅ​លើ​ឯកសារ និង​ការ​សម្ភាស​ជាមួយ​អ្នក​នៅ​ក្នុង​ក្រសួង​សុខាភិបាល ខណៈ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ការ​ស៊ើបអង្កេត​របស់​ភ្នំពេញប៉ុស្តិ៍​បាន​រកឃើញ​ថា​អ្នក​គ្រប់គ្រង​ថ្នាក់​កណ្តាល​នៅ CNM ​បាន​ផ្តល់​ការងារ​ទៅ​ឲ្យ​សាច់ញាតិ​ដែល​មិន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​។

ការ​បង្ហាញ​នេះ​បាន​លើក​ឡើង​អំពី​មន្ទិល​សង្ស័យ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ការ​បង្កើន​គណនេយ្យភាព​បន្ទាប់ពី​មាន​រឿង​អាស្រូវ​ពុករលួយ​នៅ CNM កាលពី​ពេល​មុន​ក្នុង​ឆ្នាំ ២០១៣ ដែល​ក្នុង​នោះ​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​បាន​ទទួល​ប្រាក់​ចំនួន ៤១-០០០០ ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​កិច្ចសន្យា​ដេញ​ថ្លៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​។

បើ​ទោះបី​ជា​ការ​ជួល​សមាជិក​គ្រួសារ​ឲ្យ​ចូល​ធ្វើការ​គឺ​មិន​ស្របច្បាប់​ការិយាល័យ​អគ្គាធិការ​បាន​រាយការណ៍​ថា​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ជាច្រើន​បាន​ជួល​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​ចូល​ធ្វើការ​ដោយ​គ្មាន​ឆ្លង​កាត់​ដំណើរការ​លក្ខណៈ​តម្លាភាព ខណៈ​ក៏​រិះគន់​ផង​ដែរ​ចំពោះ​ប្រព័ន្ធ​របស់​មជ្ឈមណ្ឌល​នេះ​ដែល​មាន​លក្ខណៈ​ «​មិន​ប្រក្រតី​ និង​មិន​អាច​ធ្វើ​សវនកម្ម​បាន​» ដែល​បរាជ័យ​ក្នុង​ការ​ស្វែងរក​ការ​បន្លំ​។

បើ​តាម​របាយការណ៍​នេះ​អនុប្រធាន CNM​ពីរ​នាក់​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គលិក​ថ្នាក់​ក្រោម​ចំនួន ៦ ​នាក់ ខណៈ​ប្រធាន​កម្មវិធី​ជំងឺ​គ្រុនឈាម​ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ផង​នោះ​មាន​បងប្អូន​ថ្លៃ​ធ្វើការ​ជា​ជំនួយការ​។

លោក ម៉ាត អ៊ីមរ៉ាន ប្រធាន​ការិយាល័យ​រដ្ឋបាល​ និង​លោក ស៊ីវ សុវណ្ណារ័ត្ន ដែល​ជា​ប្រធាន​ការិយាល័យ​បច្ចេកទេស​ក៏​មាន​សាច់ញាតិ​ធ្វើការ​នៅ​មជ្ឈមណ្ឌល​នេះ​ផង​ដែរ​។

អង្គការ OIG ក៏​បាន​បញ្ជាក់​ឈ្មោះ​ប្អូនប្រុស​របស់​ប្រធាន​ការិយាល័យ​បច្ចេកទេស​លោក​ ស៊ីវ សុវណ្ណារ័ត្ន ផង​ដែរ​គឺ​លោក ជា សុគន្ធ ថា បាន​ចូលរួម​នៅ​ក្នុង​បេសកកម្ម​ ៤០ ​ថ្ងៃ​ក្នុង​អំឡុង​ខែ​តុលា​ឆ្នាំ ២០១៤​។ «​នេះ​គឺ​លើស​ពី​ចំនួន​សរុប​នៃ​ថ្ងៃ​ដែល​បាន​ធ្វើការ​នៅ​ក្នុង​ខែ​នោះ​»​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក​ ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចោទសួរ​ពី​ពេលវេលា​នៃ​របាយការណ៍​នេះ​ដោយ​លោក​បាន​ថ្លែង​ថា​អង្គភាព​របស់​លោក​ «​រីករាយ​» ​នឹង​ទទួល​យក​ការ​រកឃើញ​នេះ​ហើយ​នឹង ​«​ធ្វើការ​បន្ថែម​ទៀត​» ​លើ​ករណី​នេះ​។ «​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​មូលនិធិ​សកល​បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​មុន​ប្រាប់​យើង​ ដូច្នេះ​ហើយ​វា​ស្មុគស្មាញ សម្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើការ​ស៊ើបអង្កេត​»​។ «​មូលនិធិ​សកល​តែងតែ​ធ្វើ​ដូចនេះ​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ខិតជិត​ចូល​មក​ដល់​»​។

លោក​ ព្រាប កុល នាយក​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​។

លោក​ព្រាប កុល បាន​ថ្លែង​តាមរយៈ​អ៊ីមែល​ថា​៖ «​សុំ​ឲ្យ​មន្ត្រី​ពុករលួយ​ប្រគល់​លុយ​ត្រឡប់​មក​វិញ​ហើយ​ការ​នៅ​តែ​អនុញ្ញាត​ឱ្យ​ពួកគេ​ដើរ​ដោយ​សេរី​អត់​មាន​ការ​ចោទប្រកាន់​ ឬ​ដាក់​ទោស​គឺជា​ការ​ផ្ញើ​សារ​ដ៏​ខុស​ឆ្គង​មួយ​»៕ PS/NS

0

Comments

Please, login or register to post a comment