Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មេការ​រកស៊ី​ឈើ​របស់​មន្រ្តី​អាវុធហត្ថ​ម្នាក់​ ត្រូវ​ចាប់​បញ្ជូន​ទៅ​គុក

Content image - Phnom Penh Post
សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​ឡាន​ដឹក​ឈើ​របស់​ជនល្មើស​កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​មេសា​។ រូបថត ជា ហ៊ាន

មេការ​រកស៊ី​ឈើ​របស់​មន្រ្តី​អាវុធហត្ថ​ម្នាក់​ ត្រូវ​ចាប់​បញ្ជូន​ទៅ​គុក

កំពង់ស្ពឺៈ មេការ​រកស៊ី​ឈើ​ឲ្យ​លោក ឆេង ឡុង នាយរង​សេនាធិការ​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ កាលពី​ម្សិលមិញ ខណៈ​ដែល​​មន្រ្តី​រាជអាវុធហត្ថ​រូប​នោះ​ និង​កូនប្រសា​ម្នាក់​ទៀត​កំពុង​តែ​រត់​គេច​ខ្លួន​រឿង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។

កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ឈ្មោះ វាសនា ផាន់ថានា អាយុ ៣៣ ឆ្នាំ​ កាលពី​ថ្ងៃ​ពុធ​ ទៅ​តាម​ដីកា​របស់​តុលាការ​ខេត្ត​ដែល​ចេញ​ កាលពី​សប្តាហ៍​មុន​ ពី​បទ ​«​ដឹក​ជញ្ជូន និង​ ប្រមូល​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត» កាលពី​ថ្ងៃ​ទី ១១ ខែ​មីនា​កន្លង​មក​តាម​មាត្រា ៩៦ និង ៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ។ ឈើ​ដែល​ដឹក​នោះ​គឺជា​ឈើ​ប្រណីត​ប្រមាណ​ជា ៥៥ ​ម៉ែត្រ​​គុប។

លោក ទិត្យ វណ្ណៈ នាយការិយាល័យ​ព្រហ្មទណ្ឌ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់​ថា៖ «ចាប់​ខ្លួន​នៅ​ស្រុក​ឱរ៉ាល់​កាលពី​ម្សិលមិញ​ហើយ​គេ​បញ្ជូន​ទៅ​តុលាការ​ព្រឹក​មិញ​ហើយ​ទៅ​តាម​ដីកា​របស់​តុលាការ»។

លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​​មាន​ប្រសាសន៍​ដោយ​ខ្លី​ថា ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ឈ្មោះ​ ផាន់ថានា នៅ​ពន្ធនាគារ​ ខេត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​​ម្សិលមិញ។ មាត្រា​ ៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​ឈ្មោះ​ ផាន់ថានា ប្រឈម​ជាប់​ពន្ធនាគារ​ពី ១ ទៅ​ ៥ ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០ ​លាន​រៀល​ទៅ ១០០ ​លាន​រៀល។

ឈ្មោះ​ វាសនា ផាន់ថានា គឺជា​មេការ​រកស៊ី​ឈើ​របស់​លោក ឆេង ឡុង នាយរង​សេនាធិការ​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​កូន​ប្រសារ​របស់​លោក​ឈ្មោះ ស៊ី ស។ ផាន់ថានា គឺជា​អ្នក​ទិញ​ឈើ​ពី​ខេត្ត​ពោធិ៍សាត់​ឲ្យ​ឪពុក​កូន​ទាំង​ពីរ​នាក់​ដើម្បី​លក់​ក្នុង​ស្រុក និង​នាំ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​តន់ហន់​ក្នុង​ខេត្ត​កំពត​ចាប់​តាំងពី​ឆ្នាំ ២០០៧ ​មក។ នេះ​បើ​យោង​តាម​លោក​ ជា ហ៊ាន ​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ដែល​អង្កេត​តាមដាន​បទល្មើស​ព្រៃឈើ។

លោក​ ហ៊ាន ​បញ្ជាក់​ថា៖ «គេ​ចាប់​វាសនា​ហ្នឹង​សិន​ដើម្បី​យក​ចម្លើយ​ឈាន​ទៅ​ចាប់​ ឆេង ឡុង និង​ ស៊ី ស ទៀត។ ពួកគេ​ជា​ក្រុម​តែ​មួយ​ទេ។ វាសនា ជា​អ្នក​មើល​ការ​ខុស​ត្រូវ វាស់វែង​​ឈើ ទិញ​ឈើ​ឲ្យ​ ឆេង ឡុង ​លក់​បន្ត»។

លោក​បន្ត​​ថា ​ឈើ​ដែល​ពួកគេ​រកស៊ី​នោះ​គឺ​ត្រូវ​បាន​កាប់​ពី​តំបន់​អភិរក្ស​ភ្នំក្រវាញ​ភាគ​ខាង​ជើង​ដោយ​មាន​ការ​ឃុបឃិត​ជាមួយ​នឹង​មន្ត្រី​នគរបាល​ខេត្ត​ពោធិ៍សាត់​ម្នាក់​ឈ្មោះ​​ ង៉ោ ម៉ៅ។

លោក​បាន​បញ្ជាក់​ថា ​ការ​រកស៊ី​ឈើ​នេះ​ជា​របស់​ ឆេង ឡុង តែ​ក្នុង​នាម​ជា​សមត្ថកិច្ច​គាត់​មិន​ចេញ​មុខ​ទេ ទុក​ឲ្យ​កូនប្រសា​វិញ។

អ្នក​បើក​ឡាន​ដឹកឈើ​ឲ្យ​ក្រុម​​នេះ​ម្នាក់​ឈ្មោះ ឃឹម សុខភារម្យ​ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី ១១ ខែ​មីនា​កន្លង​មក​នៅ​ជិត​ផ្ទះ​លោក​ ឆេង ឡុង។ ក្រោយមក​ទើប​កម្លាំង​ចម្រុះ​ចូល​ឆែកឆេរ​ក្នុង​ផ្ទះ​នោះ​ហើយ​រកឃើញ​ឈើ​ ១ ​រថយន្ត​ផ្សេង​ទៀត។

លោក​ ជា ហ៊ាន និង​មន្ត្រី​ម្នាក់​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ក្រៅពី​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ ផាន់ថានា ក៏​មាន​ដីកា​ផ្សេង​ទៀត​ត្រូវ​បាន​ចេញ​ឲ្យ​នាំ​ខ្លួន​លោក​ ឆេង ឡុង និង​ ស៊ី ស ផង​ដែរ។ បន្ថែម​ពី​លើ​នោះ​លោក​ ឆេង ឡុង​ក៏​ត្រូវ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​កោះ​ហៅ​ឲ្យ​ជួប​ផង​ដែរ។

លោក​ ជា ហ៊ាន បាន​​ថ្លែង​ទៀត​ថា៖ ​«តាមពិត​ដីកា​ចាប់​ចេញ​​ហើយ។ លោក​ ឆេង ឡុង និង​កូន​ប្រសា​កំពុង​តែ​គេច​ខ្លួន​​នៅ​ភ្នំពេញ និង​នៅ​វៀតណាម»។

លោក​ ចាន់ ដា មេបញ្ជាការង និង​ជា​នាយសេនាធិការ​កងរាជ​​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​អះអាង​ថា​លោក​ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ខេត្ត៕

0

Comments

Please, login or register to post a comment