ភ្នំពេញៈ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អតីត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​លោក​ កឹម សុខា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល​ ២០១៨ កាលពី​ម្សិលមិញ​បាន​បញ្ចេញ​សារ​នយោបាយ​ផ្ទុយ​គ្នា​ដែល​សារ​មួយ​បាន​អំពាវនាវ​ឲ្យ​ «​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​» ឯ​សារ​មួយ​ទៀត​អំពាវនាវ​ឲ្យ​មាន​ការ​ «​ផ្សះផ្សា​ជាតិ និង​ទុក​ឱកាស​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​» ​ដោយ​ខ្លួនឯង និង​បាន​រៀបរាប់​ពី​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ដែល​កើត​ចេញ​ពី​ការ​ដឹកនាំ​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ​។

ក្នុង​សារ​ជូនពរ​ជន​រួមជាតិ​ឲ្យ​មាន​សេចក្តី​សុខ សុខភាព​ល្អ និង​មាន​លាភ​សំណាង​ល្អ​ចាប់ពី​ថ្ងៃ​ចូល​ឆ្នាំ​សកល​ ២០១៨ ​នេះ​តទៅ​របស់​លោក​ ហ៊ុន សែន លោក​ក៏​បាន​ផ្ញើ​សារ​អំពាវនាវ​ដែល​មាន​ន័យ​ឲ្យ​ការពារ​ «​សន្តិភាព និង​ស្ថិរភាព​នយោបាយ​» ដោយ​លោក​នាយក​រដ្ឋមន្ត្រី​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ពិតណាស់ សន្តិភាព បាន​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ឡើង​ដល់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ និង​អន្តរជាតិ​នានា ទោះបី​នៅ​ពេល​យប់​ ឬ​ពេល​ថ្ងៃ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ឡើយ​។ យើង​រួម​គ្នា​បន្ត​ការពារ​សន្តិភាព និង​ថែរក្សា​ស្ថិរភាព​នយោបាយ​សង្គម​ឲ្យ​បាន​ល្អ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់​តែ​រីកចម្រើន​»​។

ដោយ​ឡែក​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង​ ខេត្ត​ត្បូងឃ្មុំ​ជិត​ព្រំដែន​វៀតណាម​ក៏​បាន​អំពាវនាវ​តាមរយៈ​សារ​លិខិត​ដែល​អាន​ដោយ​កូនស្រី​របស់​លោក​គឺ​កញ្ញា​ កឹម មនោវិទ្យា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កឹម សុខា​។

តាមរយៈ​សារលិខិត​លោក​ កឹម សុខា អះអាង​ថា​ឆ្នាំ​ ២០១៧ ​កន្លង​ផុត​ទៅ​បន្សល់​ទុក​ដោយ​ «​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ​» និង​បាន​ធ្វើឲ្យ​ «​លទ្ធិប្រជាធិបតេយ្យ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​» ​តាមរយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង ការ​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​រឹតត្បិត​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល ការ​រំលោភ​យក​ដីធ្លី ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​បិទ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ជួបជុំ និង​ការ​ឃុំ​ខ្លួន​អ្នក​នយោបាយ សកម្មជន​ដីធ្លី បរិស្ថាន​ជាដើម​។

លោក​ថ្លែង​ក្នុង​ខ្លឹមសារ​ដើម​ថា​៖ «​បញ្ហា​ទាំងអស់​ខាង​លើ​បាន​កើត​ចេញ​ពី​ការ​ដឹកនាំ​ដែល​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ និង​ជា​ដើមចម​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​រស់​ក្នុង​ភាពក្រីក្រ ការ​កើនឡើង​នូវ​អយុត្តិធម៌​សង្គម និង​ការ​ខ្វះ​ឱកាស​ស្មើភាព​គ្នា​ដែល​ជា​ឧបសគ្គ​ដ៏ចម្បង​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រកប​ដោយ​សមធម៌​»​។

លោក​បន្ថែម​ថា​៖ «​ទាំង​នេះ​គឺជា​គ្រោះថ្នាក់​ដ៏ធំ​សម្រាប់​សង្គម​កម្ពុជា​ដែល​អាច​នឹង​ធ្វើឲ្យ​កាន់​តែ​មាន​ការ​បែកបាក់​ឯកភាព​ជាតិ អស្ថិរភាព និង​ការ​ធ្លាក់​ចុះ​ដុនដាប​ថែម​ទៀត ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​នោះ​ទេ​»​។

បន្ថែម​លើ​នេះ​លោក​ កឹម សុខា ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ «​ផ្សះផ្សា​ជាតិ​ដោយ​ប្រកាន់​យក​គោលការណ៍​អហិង្សា ខ្មែរ​តែ​មួយ​មិន​គុំកួន​សងសឹក​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​» ​ព្រមទាំង​ «​ទុក​ឱកាស​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​» ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​ជាដើម​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ទោះបី​ជា​ខ្ញុំ​ជួប​ប្រទះ​នូវ​ឧបសគ្គ​អ្វី​ក៏ដោយ ក៏​ខ្ញុំ​នៅ​តែ​ប្រកាន់​នូវ​គោលជំហរ​ដូច​ខាង​លើ​នេះ​ជានិច្ច និង​គ្រប់​កាលៈទេសៈ​ហើយ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​នោះ​គឺ ​“​ថ្ងៃ​នេះ​ កឹម សុខា មាន​ទុក្ខ ប៉ុន្តែ​ថ្ងៃ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​បាន​សុខ​”»​។

ចំណែកឯ​លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​ដែល​រស់នៅ​ដោយ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​បាន​ថ្លែង​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​លោក​ដោយ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក​ហើយ​ខ្លួន​លោក​ និង​សហការី​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ខិតខំ​ទាំងអស់​គ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់ផ្តើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​យ៉ាង​ពិត​ប្រាកដ​ក្នុង​ឆ្នាំ​ថ្មី ២០១៨ នេះ​។

លោក​ថ្លែង​ថា​៖ «​ក្នុង​កិច្ចការ​ចំពោះ​មុខ​យើង​នឹង​ពង្រីក​ និង​ពង្រឹង​ការ​តស៊ូ​របស់​យើង​ទាំង​នៅ​ក្នុង​ស្រុក​ទាំង​នៅ​ក្រៅ​ប្រទេស​ដើម្បី​ធ្វើឲ្យ​នយោបាយ​គាប​សង្កត់​ និង​បង្ក្រាប​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​ទទួល​បរាជ័យ​ហើយ​ត្រូវ​វិល​បក​ថយ​ក្រោយ​វិញ​។ នេះ​មាន​ន័យ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដំណើរការ​ឡើង​វិញ​ជា​ប្រក្រតី ហើយ​នឹង​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ​នេះ​។ បើ​មិន​យ៉ាង​ដូច្នេះ​ទេ​ប្រទេស​កម្ពុជា​នឹង​ឃើញ​ព្រឹត្តិការណ៍​ថ្មី​កើតឡើង​ដែល​មិន​ដែល​មាន​ពី​មុន​មក​។ ព្រឹត្តិការណ៍​ថ្មី​ទាំង​នោះ​នឹង​នាំ​មក​នូវ​ស្ថានការណ៍​ថ្មី​មួយ​ដែល​យើង​នឹង​ប្រឈមមុខ​ហើយ​ដោះស្រាយ​តាម​ការ​ចាំបាច់​ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ រើបម្រះ​ពី​អំណាច​ផ្តាច់ការ​ប្រកប​ដោយ​ជោគជ័យ​ហើយ​ឈាន​ទៅ​រក​ភាព​សម្បូរ​សប្បាយ និង​រុងរឿង​»​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​ចាត់​ទុក​សារ​ជូនពរ​របស់​អតីត​មេបក្ស​ប្រឆាំង​ទាំង​ពីរ​ថា​ជា​ «​សារ​ឆ្លៀត​កេង​ចំណេញ​នយោបាយ​ដើម្បី​បោកប្រាស់ បន្លំ និង​បំភាន់​មតិសាធារណៈ​ជាតិ និង​អន្តរជាតិ​» តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​តាមរយៈ​តេឡេក្រាម​ថា​៖ «​ដូច្នេះ​គ្មាន​ការ​បែកបាក់​នៅ​ក្នុង​សង្គម​កម្ពុជា​ដូច​ការ​ឃោសនា​មួយ​ចំនួន​ទេ ទោះ​បី​មាន​អ្នក​ជាប់ទោស អ្នក​ជាប់​ឃុំឃាំង និង​អ្នក​ជាប់បណ្តឹង​មួយ​ចំនួន​យ៉ាង​ណា​ក្តី​វា​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​មួយ​តែងតែ​កើតឡើង​ជា​ធម្មតា​។ ដើម្បី​ធានា​ថែរក្សា​ការពារ​សន្តិភាព ការពារ​សមិទ្ធផល​សង្គមជាតិ និង​ការ​រស់នៅ​ដ៏សុខសាន្ត​របស់​ប្រជាជន ចាំ​បាច់​ត្រូវ​តែ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជនល្មើស​ច្បាប់​ដើម្បី​ឲ្យ​កម្ពុជា​ជា​នីតិរដ្ឋ​»​។

លោក​បន្ថែម​ថា​៖ «​ដោយសារ​នៅ​កម្ពុជា​អត់​មាន​វិបត្តិ​នយោបាយ ដូច្នេះ​គ្មាន​ទេ ការ​ចរចា​នយោបាយ​ពីព្រោះ​នៅ​កម្ពុជា​មាន​តែ​អ្នក​នយោបាយ​ប្រព្រឹត្ត​ខុស​ច្បាប់​ហើយ​ត្រូវ​ជាប់​ទោស​ប៉ុណ្ណោះ​។ ដូច្នេះ​ការ​ចង់​បញ្ចុះបញ្ចូល​ចង់​ឲ្យ​មាន​ការ​ចរចា​នយោបាយ​ដើម្បី​ដោះលែង​អ្នក​នយោបាយ​ជាប់​ទោស​មិន​អាច​មាន​ជា​ដាច់​ខាត​»​។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា​ឆ្នាំ​ចាស់​បាន​កន្លង​ផុត​ទៅ​អ្នក​នយោបាយ​គួរ​ធ្វើ​អ្វី​មួយ​ដើម្បី​បន្ថយ​កំដៅ​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​អតីត​បក្ស​ប្រឆាំង​។

លោក​ថ្លែង​ថា​៖ «​ការពិត​ត្រូវ​ជជែក​ដោះស្រាយ​ដោយ​ការ​ជជែក​គ្នា​ហើយ​យក​ល្អ​ទៀត​គឺ​រក​មធ្យោបាយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ទំនាស់​គ្នា​។ បង្កើត​យន្តការ ឬ ស្ថាប័ន​ទី​ ១ ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ទំនាស់​គ្នា​។ តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច គឺ​ដោះស្រាយ​ដោយ​សន្តិវិធី​ដូចជា​វប្បធម៌​សន្ទនា​ជាអាទិ៍​។ បើ​ទាស់​គ្នា​ទៅ​ហើយ ពេល​ចូលឆ្នាំ ចូល​ខែ​ថ្មី យក​ល្អ​ទាំងអស់​គ្នា​ត្រូវ​មាន​សុច្ឆន្ទៈ​ពិតប្រាកដ​គឺ​ចិត្ត វាចា រួម​គ្នា​ឯកភាព​ជាតិ សន្តិភាព និង​យោគយល់​ឲ្យ​គ្នា វិញ​ត្របាញ់​ជា​ខ្សែ​មួយ​»​។

លោក​បន្ថែម​ថា​ការ​នៅ​បន្ត​ពាក់​មុខ​យក្ស​ដាក់​គ្នា​រវាង​អ្នក​នយោបាយ​ទាំង​ ២ ​ភាគី​នឹង​មិន​ធ្វើឲ្យ​ប្រទេស​ជាតិ​ក៏​ដូចជា​ប្រជាជន​ចំណេញ​ពី​ទំនាស់​ទាំង​នេះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​ខាត​ជាតិ​ខ្មែរ​ខាត​។ ដូចជា​គេ​ដាក់​ទណ្ឌកម្ម​វា​ច្បាស់​ជា​មេដឹកនាំ​ហ្នឹង​ហើយ​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម ក៏​ប៉ុន្តែ​ជាតិ​ខ្មែរ​ទាំង​មូល​ដែល​មាន​អ្នក​ដឹកនាំ​គេ​ដាក់​ទណ្ឌកម្ម​អ៊ីចឹង តើ​យើង​មាន​មោទនភាព​ឬ​? បើ​សិន​ជា​គេ​ដាក់​ទណ្ឌកម្ម​ទៅ​ទៀត​ទៅ​ជា​យ៉ាង​ម៉េច​? ខ្ញុំ​ធ្លាប់​ជួប​ប្រទះ​ហើយ​ខ្ញុំ​ទៅ​បរទេស​ពេល​ជនជាតិ​ខ្មែរ​ទៅ​បរទេស​គេ​ថា​អ្នក​ឯង​មាន​មេដឹកនាំ​សុទ្ធ​ត​អា ពូជ ប៉ុល ពត ឈ្មោះ​ ប៉ុល ពត ជា​ឈ្មោះ​ដែល​គេ​ស្គាល់​ក្នុង​ពិភពលោក​ក្នុង​វចនានុក្រម​នៃ​ជន​ផ្ដាច់ការ​ដែល​ឃោរឃៅ តើ​យើង​មាន​មោទនភាព​អី​?»៕