ភ្នំពេញៈ ​មេដឹកនាំ​កម្ពុជា វៀតណាម មីយ៉ាន់ម៉ា ថៃ និង​ឡាវ បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang នៅ​វិមាន​សន្តិភាព​កាលពី​ម្សិលមិញ​សម្រាប់​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​មេគង្គ‑ឡាន​ឆាង លើក​ទី​ ២ ដោយ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដែល​គូស​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​ចិន​នៅ​ក្នុង​តំបន់​នាពេល​អនាគត សម្រាប់​ការ​គ្រប់គ្រង​ទន្លេ​មេគង្គ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​ក្នុង​អំឡុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ​ថា​៖ «​យើង​អាច​ឃើញ​ពី​សក្តានុពល និង​ថាមពល​នៃ​ទន្លេ​នេះ ដែល​គាំទ្រ​ជីវភាព​ប្រជាជន​រាប់លាន​នាក់​»​។

បន្ទាប់ពី​កិច្ចប្រជុំ​បិទ​ទ្វារ​រយៈពេល​មួយ​ថ្ងៃ មេដឹកនាំ​ទាំង ៦ ប្រទេស​នេះ​បាន​ធ្វើ​សន្និសីទ​កាសែត​ ១៩ ​នាទី​ដោយ​ប្រកាស​ថា​សេចក្តី​ប្រកាស​របស់​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ចុះហត្ថលេខា​ហើយ​ផែនការ​រយៈពេល​ ៥ ​ឆ្នាំ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ត្រូវ​បាន​អនុម័ត​។

ខណៈ​អ្នក​កាសែត​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សេចក្តី​ប្រកាស​ដែល​មាន​ ៦ ​ទំព័រ​ដែល​បង្ហាញ​អំពី​លក្ខខណ្ឌ​ និង​វិស័យ​ទូលំ​ទូលាយ​នៃ​កិច្ចសហប្រតិបត្តិការ​ខ្លឹមសារ​នៃ​ផែនការ​រយៈពេល​ ៥ ​ឆ្នាំ​ពី​ឆ្នាំ ២០១៨‑២០២២ នៅ​តែ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​។

នៅ​ក្នុង​សន្និសីទ​កាសែត​នេះ​លោក ហ៊ុន សែន បាន​សរសើរ​កិច្ចសហប្រតិបត្តិការ​មេគង្គ‑ឡាន​ឆាង ដែល​ដឹកនាំ​ដោយ​ចិន​ក្នុង​នោះ​កម្ពុជា​ជា​សហប្រធាន​បណ្តោះអាសន្ន​រហូត​ដល់​ការ​ប្រគល់​តំណែង​នេះ​ទៅ​ឡាវ​ពី​ម្សិលមិញ​ហើយ​ចិន​ជា​សហប្រធាន​អចិន្រៃ្តយ៍​។

លោក​ថ្លែង​ថា​៖ «​អរគុណ​ចិន​ចំពោះ​ការ​គាំទ្រ​ជានិច្ច​នូវ​ភាព​ជា​សហប្រធាន​របស់​កម្ពុជា​» ពី​មុន​ពេល​ឲ្យ​លោក Keqiang និយាយ​ម្តង ប៉ុន្តែ​សំណួរ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សួរ​ទេ​។

លោក Keqiang បាន​លើក​ឡើង​អំពី​អត្ថប្រយោជន៍​ដែល​ប្រទេស​ទន្លេ​មេគង្គ​ទាំង​ ៥ ​នឹង​ទទួល​បាន​ពី​ចិន​ដោយ​លោក​លើក​ឡើង​ពី​ការ​ទិញ​ផលិតផល​កសិកម្ម​ដូចជា​អង្ករ​ និង​ផ្លែឈើ និង​ការ​សន្យា​បន្ថែម​ទៀត​នាពេល​អនាគត​។ នៅ​ពេល​និយាយ​អំពី​ការ​បំពេញ​គោល​បំណង​របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ‑ឡាន​ឆាង​ចំពោះ​ស្ថិរភាព​ និង​វិបុលភាព​លោក​ថ្លែង​ថា​៖ «​ចិន​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​នេះ​»​។

លោក​ថា​៖ «​ចិន​ត្រូវការ​បរិយាកាស​ស្ថិរភាព​នៅ​ប្រទេស​ជិត​ខាង​» ដោយ​កត់សម្គាល់​ថា​បញ្ជី​នៃ​គម្រោង​ ២០០ ​ត្រូវ​បាន​ចែកចាយ​នៅ​កិច្ចប្រជុំ​នេះ​ហើយ​ថា​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​រយៈពេល​ ២ ​ឆ្នាំ​រវាង​ប្រទេស​ទាំង​នេះ​បាន​កើនឡើង​។

សេចក្តី​ប្រកាស​របស់​ទីក្រុង​ភ្នំពេញ​បាន​សន្យា​នូវ​សន្តិភាព ស្ថិរភាព ការ​ផ្សារ​ភ្ជាប់​សកម្មភាព ការអភិវឌ្ឍ និង​ការ​មិន​ជ្រៀតជ្រែក​។

ចំពោះ​ការ​គ្រប់គ្រង​ទន្លេមេគង្គ​ដែល​ជា​សន្តិសុខ​ស្បៀង​ និង​ក្តីបារម្ភ​បរិស្ថាន​សម្រាប់​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម​ដូចជា​កម្ពុជា សេចក្តី​ប្រកាស​នេះ​បាន​ធ្វើការ​សន្យា​នូវ​ «​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ការពារ​ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ ជំនួយ​មនុស្សធម៌ ការ​ដោះស្រាយ​ផលប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ ទឹក​និង​សន្តិសុខ​ថាមពល​រួម​ទាំង​ការ​ដោះដូរ​ព័ត៌មាន​»៕ PS