ភ្នំពេញៈ មេធាវី​ ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើ​បសួរ​សាលាដំបូងរាជ​ធានី​ភ្នំពេញ បដិសេធ សំណើ​សុំ​ឲ្យ​បំពេញកិច្ច​ស៊ើបសួរ តំណាង​ភាគី​បរទេស គឺ​សហរដ្ឋ​អាមេរិក​ ក្នុង​សំណុំរឿង​ ​«ក្បត់​ជាតិ» របស់​លោក​កឹម សុខា ដែល​ថា ឃុប​ឃិត​ជា​មួយ​បរទេស​។

លោក ផែង ហេង មេធាវីម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវីការ​ពារ​ក្តី​លោក​ កឹម សុខា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅថ្ងៃ​នេះ​ថា លោក​បាន​ទទួល​លិខិត​ឆ្លើយ​តប​ពី​ តុលាការ​ភ្នំពេ​ញ​មក​វិញ ​កាលពី​ម្សិលមិញ (ថ្ងៃពុធ) ឆ្លើយតបបដិសេធ ​លើ​ពាក្យ​ស្នើ​សុំ​របស់​ក្រុម​មេធាវី ស្នើ​ឲ្យ​មានការ​កោះ​អញ្ជើញ​ «តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក»។

យោង​តាម​ពាក្យ​ស្នើ​សុំ​ឲ្យ​បំពេញ​កិច្ច​ របស់​ក្រុមមេធាវី ដែល​បាន​ដាក់​ជូន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ពាក់​កណ្តាល​ខែ​មករា បាន​សរសេរ ស្នើ​ឲ្យ លោក គី ឫទ្ធី​​​ ចៅក្រមស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កោះ​ហៅ​សាកសួរ​តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដោយ​លើក​ឡើង​ថា ៖ «តំណាង​អយ្យការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ធ្វើការ​ចោទ​ប្រកាន់​មក​លើ​ឯកឧត្តម​ កឹម សុខា​ ថា​បាន​ធ្វើ​ សន្និដ្ឋិភាព​ជាមួយ​បរទេស​ ដោយ​ក្នុង​នោះ​ ចៅក្រម​ស៊ើប​សួរ​ តែង​ដេញ​ដោលល​អំពី​អង្គ​ហេតុ​ពាក់ព័ន្ធ​ជាមួយ​សហ​រដ្ឋ​អាមេរិកផងដែរ»។

លោក​ ផែង​ ហេង ឲ្យ​ដឹង​ថា ៖ «ដោយ​សារ​បទ​ចោទ​មាន​ សន្និដ្ឋិភាព ដែល​សំដៅទៅលើ​ជន​បរទេស ភ្នាក់ងារ ឬរដ្ឋ​បរទេស។ ការ​ចោទអយ្យការ ឬ​ចៅក្រមស៊ើសសួរ​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក​ ច្រើន​ជាង​គេ ទើប​យើង​ច្បិច​យក ការ​បំពេញ​កិច្ច​ ឲ្យ​កោះហៅ​រដ្ឋាភិបាល​អាមេរិក ឬ​តំណាងមកសួរ​...។ ... នេះ​ជា​នីតិវិធី ក្នុងនាម​ជា​មេធាវី ដើម្បី​ស្វែង​រក​ភស្តុតាង​ដោះ​បន្ទុក​»។

លោក​បន្ត​ថា ៖ «ពេលនេះ​ចៅក្រម មិន​បាន​បំពេញ​កិច្ចត្រង់​ចំនុចហ្នឹងទេ គាត់​បាន​សម្រេច​ច្រានចោល ពាក្យ​ស្នើ​បំពេញ​កិច្ច ​លិខិត​មេធាវី​ កាលពី​ម្សិលមិញ​»។

ទោះ​យ៉ាង​ណា លោក​នឹងពិ​ភាក្សាជាមួយ​កូនក្តី លោក​កឹម សុខា​ ដើម្បី​​ ប្តឹងទៅឧទ្ធរណ៍​ ដើម្បី​សម្រេច​លើ​សំណើ​មួយ​នេះ​។

គួរបញ្ជាក់​ថា លោក កឹម សុខា អតីត​ប្រ​ធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​បក្ស​មួយ​នេះ ក៏​ត្រូវ​តុលាការ​រំលាយ​នៅ​ខែ​វិច្ឆិកាផងដែរ៕