ភ្នំពេញៈ មេធាវី​តំណាង​ឲ្យ​សហជីព​ចំនួន​ ១២០ បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ករណី​ប្ដឹង​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​​ និង​ជា​ប្អូន​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាក់ទិន​​នឹង​រឿង​លោក​ ជា មុនី បាន​អំពាវនាវ​ឲ្យ​អាមេរិក និង​សហភាព​​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​រដ្ឋាភិបាល​កម្ពុជា​។

លោក​មេធាវី កេតុ សុវណ្ណឌី និង​លោក​មេធាវី ដារ៉ា សុបញ្ញា ដែល​តំណាង​ឲ្យ​ក្រុម​សហជីព​ទាំង​ ១២០ បាន​ថ្លែង​ថា​លោក​បាន​ឆ្លើយ​សំណួរ​ព្រះរាជអាជ្ញា លោក សៀង សុខ ពាក់ព័ន្ធ​នឹង​អង្គហេតុ អង្គច្បាប់ និង​បាន​ដាក់​ភ័ស្តុតាង​បន្ថែម​ដើម្បី​គាំទ្រ​ដល់​បណ្ដឹង​របស់​លោក​។ ទោះ​យ៉ាងណា​លោក​ថា​លោក​មិន​អាច​បង្ហើប​ប្រាប់​ថា​ភ័ស្តុតាង​នោះ​ជា​អ្វី​បាន​ទេ ព្រោះ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​មេធាវី​ដែល​ត្រូវ​រក្សា​​ការ​សម្ងាត់​នៃ​រឿង​ក្តី​។

បន្ទាប់ពី​ផ្ដល់​បទសម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​​ទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០១៧ លោក ជា មុនី ត្រូវ​បាន​គេ​ចោទ​ថា​​បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​​ការ​វិវត្ត​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ ដែល​គណបក្ស​ប្រឆាំង​សំខាន់​តែ​មួយ​គត់​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​។ ៣ ​ថ្ងៃ​ក្រោយ​ពេល​លោក​ថ្លែង​ដូច្នេះ​គឺ​នៅ​ថ្ងៃ​​ទី​ ១៨ ខែ​ធ្នូ តំណាង​សហជីព​ចំនួន​ ១២០ ដែល​ភាគច្រើន​ជា​សហជីព​គាំទ្រ​រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​រូប​លោក​ដោយ​ទាមទារ​សំណង​ ១ ​លាន​ដុល្លារ និង​ចោទ​ប្រកាន់​ថា​អ្វី​ដែល​លោក មុនី បាន​និយាយ​គឺជា​ «​អំពើ​ញុះញង់​»​។

ថ្លែង​ក្រោយ​ការ​ចូល​បំភ្លឺ​កាលពី​ម្សិលមិញ​លោក មេធាវី កេតុ សុវណ្ណឌី បាន​បញ្ជាក់​ថា​៖ «​យើង​បាន​បន្ថែម​នូវ​ភ័ស្តុតាង​តំណាង​អយ្យការ​គាត់​សាកសួរ​លើ​អង្គហេតុ និង​អង្គច្បាប់ និង​ភ័ស្តុតាង តែ​ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​។ យើង​សំណូមពរ​មាន​ ៣ គឺ​ទី​ ១ សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក​ ជា មុនី តាម​ផ្លូវ​ច្បាប់ ទី​ ២ ​រក្សា​ទុក​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ១ ​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​ និង​ចំពោះ​មុខ ទី​ ៣ ​យើង​ទាមទារ​ឲ្យ​លោក ជា មុនី ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត​ព្យសនកម្ម​នា​ពេល​អនាគត​។ មាន​ន័យ​ថា​នៅ​ពេល​ក្រោយ​ទៀត​ប្រសិន​បើ​ករណី​កើតឡើង​មាន​ការ​អន្តរាយ ឬ​ព្យសនកម្ម​កើតឡើង​ទំហំ​ប៉ុន​ណា​យើង​នឹង​ទាមទារ​តាម​ទំហំ​ដែល​កើតឡើង​នាពេល​អនាគត​នោះ​»​។

លោក​មេធាវី​បន្ត​ថា​នីតិវិធី​បន្ទាប់​ព្រះរាជអាជ្ញា​នឹង​កោះហៅ​ជនសង្ស័យ​គឺ​លោក ជា មុនី មក​សាកសួរ​មុន​ពេល​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើប និង​មាន​ការ​បើក​ការ​ជំនុំជម្រះ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ព្រះរាជអាជ្ញា​លោក សៀង សុខ ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​លោក ជា មុនី កាលពី​ថ្ងៃ​ទី​ ៥ ខែ​មករា​ផង​ដែរ​ដោយ​តម្រូវ​ឲ្យ​លោក​​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ២២ ខែ​មករា​ខាង​មុខ​នេះ​។

យ៉ាង​ណា​ក្ដី​ចាប់​តាំងពី​មាន​ការ​ប្តឹងប្ដល់​នេះ​មក​លោក ជា មុនី មិន​អាច​ទាក់ទង​សុំ​បំភ្លឺ​បាន​ទេ​។ ប៉ុន្តែ​ពី​ម្សិលមិញ​ទូរស័ព្ទ​លោក​អាច​ភ្ជាប់​បាន តែ​មិន​មាន​អ្នក​លើក​ហើយ​ក្រោយ​មក​ទូរស័ព្ទ​នោះ​ត្រូវ​បាន​បិទ​ទៅ​វិញ​។

លោក ម៉ាន់ សេងហាក់ អនុប្រធាន​សហជីព​សេរីកម្មករ​បាន​ថ្លែង​ថា​លោក​មិន​មាន​ទំនាក់​ទំនង​ជាមួយ​លោក ជា មុនី ទេ ចាប់​តាំងពី​លោក​បាន​លាលែង​ពី​សហជីព​។ ​ទោះ​យ៉ាង​ណា​លោក​ថា​ការ​ថ្លែង​របស់​លោក ជា មុនី គឺជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ហើយ​ក៏​មិន​មាន​អំណាច​អ្វី​ទៅ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​ដែរ​។

លោក ម៉ាន់ សេងហាក់ បាន​បញ្ជាក់​ថា​៖ «​តាម​ខ្ញុំ​យល់​ឃើញ​អ្នក​ដែល​ប្តឹង​នោះ​ប្រហែល​គាត់​ចង់​ល្បី ព្រោះ​គាត់​និយាយ​តាម​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​ទេ​»​។ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​នោះ​វា​ជា​រឿង​ប្រទេស​អ្នក​ផ្តល់​ជំនួយ​។ យើង​មាន​អំណាច​ឯណា​ទៅ​ឲ្យ​គេ​ដាក់​ទណ្ឌកម្ម​គឺ​ប្រទេស​ផ្តល់​ជំនួយ​ទេ​ដែល​មាន​សិទ្ធិ​។ ​ការ​ប្តឹង​នេះ​ប្រហែល​មាន​ការ​រៀបចំ​ណា​មួយ​តែ​ជា​សិទ្ធិ​សហជីព​​ទាំង​នោះ​ដែល​គាំទ្រ​រដ្ឋាភិបាល​។

លោក​បន្ត​ថា​៖ «​ប្រមុខ​រដ្ឋាភិបាល​គាត់​មិន​ខ្វល់​រឿង​គេ​ដាក់​ទណ្ឌកម្ម​។ បើ​គាត់​មិន​ខ្វល់​អ្នក​បញ្ចេញ​មតិ​ដែល​គ្រាន់តែ​ថា​តាម​គាត់​រក​រឿង​គេ វា​មិន​ត្រូវ​។ អ្វី​ដែល​គាត់​និយាយ​គ្រាន់​តែ​ជា​ការ​បញ្ចេញមតិ​របស់​គាត់​ទេ​។ ខ្ញុំ​គិត​ថា​ការ​បញ្ចេញ​មតិ​នៅ​ស្រុក​ខ្មែរ​ហាក់បី​ដូចជា​មាន​ការ​រឹតបន្តឹង​ខ្លាំង​មែនទែន​»៕