ភ្នំពេញៈ ​លោក​ ម៉េង ​សុភា​រី​ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ជា​ច្រើន​នាក់​ដែល​ការ​ពារ​ក្ដី​ឲ្យ​ លោក ​កឹម​ ​សុខា​ អតី​ត​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ​ នៅ​ថ្ងៃ​នេះ ​​បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​រួច​រាល់​ហើយ​ ដើម្បី​ស្នើ​សុំ​ឲ្យ​កូន​ក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អា​សន្ន​នឹង​អាច​មាន​ឱ​កាស​ទៅ​ព្យា​បាល​ជំងឺ​នៅ​ប្រ​ទេស​សង្ហា​បុរី។​

លោក​ សុភា​រី​ ថ្លែង​ថា៖ «យើង​បាន​ដាក់​លិខិត​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ដោយ​​​យើង​យល់​ឃើញ​ថា​ការ​ឃុំ​ខ្លួន​របស់​គាត់​គឺ​ជា​ការ​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​…​​ ហើយ​ពេល​នេះ​គាត់​មាន​ជំ​ងឺ​បញ្ហា​សុខ​ភាព​ តុលាការ​គួរ​តែ​ធ្វើ​ការ​ពិចារ​ណា​ឲ្យ​គាត់​ទៅ​ព្យា​បាល​សុខ​ភាព​របស់​គាត់​ពី​ព្រោះ​ប្រសិន​បើ​សុខ​ភាព​របស់​គាត់​មាន​បញ្ហា​ដុន​ដាប​វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ដល់​ការ​ស៊ើប​អង្កេត​របស់​តុលា​កា​រ​។​គាត់ធា​នា​រថា​គាត់​នឹង​មិន​គេច​វេស​និង​រត់​គេច​នោះ​ហើយ​គាត់​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅរ​បស់​តុលា​ការ​»។

លោក មេធាវី​ ថ្លែង​ថា​ ដោយ​សារ​តែ ​អា​កា​រៈ​ឆ្អឹង​​កៀប​សរ​សៃ​របស់​ លោក កឹម​ សុខា​ ​ត្រូវ​ការ​​ការ​វៈ​កាត់​ក៍​ដូច​ជា​ឆាប​ឆ្អឹង​ចេញ ​នេះ​បើ​តាម​លោក​គ្រូ​ពេទ្យ​នៅ​ប្រ​ទេស​សិង្ហ​បុរី​បាន​ផ្តល់​ជា​យោ​បល់​ឲ្យ​​ធ្វើ​ការ​វះ​កាត់​និង​ឆាប​ឆ្អឹង​ តែ​កាល​ពី​មុន​ដោយ​សារ​កាល​នោះ​អា​កា​រៈ​នៃ​ជំងឺ​មិន​ទាន់​ធ្វើ​ទុក​ ហើយ​ដោយ​ពេល​នេះ​​ចាប់​ផ្តើម​ធ្វើ​ទុក​ដូ​ច្នេះ​គ្រូពេទ្យ​​មាន​ការ​ព្រួយ​​បារ​ម្ភ​ខ្លាច​មាន​ការ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​លោក​ កឹម សុខា​។​

​លោក ​មេធា​វី​ ​ថ្លែង​បន្ត​ថា៖​«​ដោយ​សារ​គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ហើយ​ទាម​ទារ​ឲ្យ​មាន​ការ​ពិនិត្យ​ហើយ​យើង​ត្រូវ​ការ​ព្យា​បាល​ឲ្យ​ទាន់​ពេល​វេលា។ ​ម៉្យាង​ទៀត​មិន​មែន​តែ​បញ្ហា​គាប​សរ​សៃ​ប៉ុ​ណ្ណោះ​​ទេ​ឥឡូវ​គាត់​មាន​បញ្ហា​ខ្វះ​ជាតិ​ស្ករ​ហើយ​សម្ពាធ​ឈាម​គឺ​មិន​ទៀង​ទាត់​ដូច្នេះ​យើង​ត្រូវ​ការ​ពិនិត្យ​មើល​ដោយ​សារ​នៅ​មន្ទី​រឃុំឃាំង​មិន​មាន​គ្រូ​ពេទ្យ​ជំនាញ​និង​ឧប​ករ​ណ៍គ្រប់​គ្រាន់​ដើ​ម្បី​ធ្វើ​ការ​ព្យា​បាល​នោះ​ទេ»។​

លោក លី​ សុ​ផា​ណា​ និង​លោក សួស​ វិទ្យារ៉ាន់ឌី អ្នក​នាំ​ពាក្យ​សាលា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​មិន​អាច​ទាក់ទង​​បានភ្លាម​ៗនៅ​ថ្ងៃ​នេះ​​ដើម្បី​បញ្ជាក់​ពី​​ការ​ស្នើ​របស់​មេធាវី​ ដើម្បី​ឲ្យ​ជន​ជាប់​ចោទ​បាន​ទៅ​ព្យាបាល​ជំ​ងឺ​ឬយ៉ាង​ណាទេ​។

លោក​ កឹម​ សុខា​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​រំលង​អ​ធ្រាត្រ​ថ្ងៃ​ទី២​ កញ្ញា​ ឈាន​ចូល​ថ្ងៃ​ទី៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៧ ​ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។​ មជ្ឈ​ដ្ឋាន​ជាតិ​ និង​សហ​គ​ម​ន៍​អន្តរ​ជាតិ​មួយ​ចំ​នួន​យល់​ថា​ នេះ​គឺ​ជា​ការ​ចោទ​ប្រ​កាន់​ដោយ​គ្មាន​​ភ័ស្តុ​តាង​ត្រឹម​ត្រូវ​ហើយ​ថា​ជា​រឿង​នយោ​បាយ​។​

​​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលា​ការ​កំពូល​​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​សារទុក្ខ​របស់​ក្រុម​មេធាវី​ និង​សម្រេច​តម្កល់​សាល​ដី​កា​របស់​សាលា​ឧទ្ធរ​ណ៍​ដែល​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ កឹម​ ​សុ​ខា​ ​កាល​ពី​ចុង​ខែ​កញ្ញា​ទុក​ជា​បាន​ការ​។ ​

​លោក​ កឹម​ សុខា ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​បទ​ចោទ​ «​សន្និ​ដ្ឋិ​ភាព​ជា​មួយ​បរ​ទេស​» ​តាម​មាត្រា ​៤៤៣ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​អង្គ​ហេតុ​ប្រព្រឹត្ត​តាំង​ពី​ឆ្នាំ​ ១៩៩៣ ​ដល់​ថ្ងៃ​ទី​ ៣ ​ខែ​កញ្ញា ​ឆ្នាំ​ ២០១៧ ​ជា​ថ្ងៃ​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​។​

ការ​មិន​អនុ​ញ្ញាត​​ឲ្យ​ជន​ជាប់​ចោទ​ ​នៅ​ក្រៅ​ឃុំ​ជា​អ្វី​ដែល​តុលា​ការ​យល់​ឃើញ​ថា​«​ដើម្បី​ការ​ពារ​ការ​គេច​វេះ ​និង​រក្សា​ជន​ជាប់​ចោទ​ជូន​តុលា​ការ​»​ ហើយ​តុលា​ការ​កំពូល​យល់​ឃើញ​ថា​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរ​ណ៍​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់ ដូច្នេះ​សម្រេច​បដិ​សេធ​បណ្ដឹង​សារ​ទុក្ខ​របស់​មេធា​វី​លោក​ កឹម​ ​សុ​ខា ​និ​ង​តម្កល់​សេច​ក្ដី​សម្រេច​របស់​សា​លា​ឧទ្ធ​រ​ណ៍​ចុះ​ថ្ងៃ​ ២៦ ​កញ្ញា ​ឆ្នាំ ​២០១៧ ​ថា ទុ​ក​ជា​បាន​ការ​ដដែល​»​៕​