ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​គូសបញ្ជាក់​ជាថ្មី​ទៀត​ថា ពិត​មែន​តែ​អង្គការ​ចាត់​តាំង​បដិវត្តន៍​ពណ៌​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ហើយ​ក្តី ប៉ុន្តែ​ «​ឧបាយកល​ដ៏ពិសពុល​នៃ​មជ្ឈដ្ឋាន​អគតិ​ខាង​ក្រៅ ដែល​បញ្ជា​ពី​ក្រោយ​ខ្នង​របស់​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មិន​ទាន់​រលត់​នៅ​ឡើយ​ទេ​» ប៉ុន្តែ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ចោទប្រកាន់​ថា​ពួក​អ្នក​បម្រើ​ផលប្រយោជន៍​បរទេស​ «​ឈ្លាន​ពាន​» ​នៅ​តែ​ធ្វើ​បាប​ និង​រក​រឿង​ខ្មែរ​គ្នា​ឯង​ឥត​ឈប់​ឈរ​ក្នុង​គោលបំណង​ដើម្បី​រក្សា​អាណានិគម​របស់​ប្រទេស​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា​។

លោក ហ៊ុន សែន ដែល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អស់​រយៈពេល​ជាង ៣២ ឆ្នាំ​មក​ហើយ​នោះ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី ៣៩ ​ឆ្នាំ​ថ្ងៃ​ជ័យជម្នះ​៧ មករា ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កោះពេជ្រ​កាលពី​​ម្សិលមិញ​ថា​៖ «​ជ័យជម្នះ ៧ មករា​បាន​ផ្ដល់​កំណើត​ទី​ ២ ​ដល់​ប្រជាជន​កម្ពុជា និង​បាន​ផ្តល់​ក្ដីសង្ឃឹម​ចំពោះ​អនាគត​របស់​ប្រទេស​ជាតិ​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​កម្លាំង​ណា​អាច​មក​បំភ្លៃ បំផ្លើស និង​បំផ្លាញ​បាន​ឡើយ​»​។

លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ថា ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ និង​ខឿន​សន្តិសុខ​ជាតិ​ត្រូវ​បាន​ពង្រឹង​កាន់​តែ​រឹងមាំ​ធានា​ដល់​កិច្ចការពារ​បូរណភាព​ទឹកដី​ការពារ​សន្តិភាព​ស្ថិរភាព​នយោបាយ និង​ភាព​សុខដុម​នៃ​សង្គម​ជាតិ​។

ជាមួយ​គ្នា​នេះ​លោក ​ហ៊ុន សែន បាន​លើក​ឡើង​ថា​៖ «​ជាពិសេស​ឧបាយកល​បដិវត្តន៍​ពណ៌​របស់​គណបក្ស​ប្រឆាំង​ដែល​ឃុបឃឹត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ តាមរយៈ​វិធានការ​ច្បាប់​ដ៏ម៉ឺងម៉ាត់​។ ក្បាល​ម៉ាស៊ីន​អង្គការ​ចាត់​តាំង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ដែល​បាន​បោកប្រាស់ និង​ក្បត់​ឆន្ទៈ​របស់​ប្រជាជន ត្រូវ​បាន​រំលាយ បុគ្គល​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ក៏​ត្រូវ​បាន​តុលាការ​វិនិច្ឆ័យ​ទោស​តាម​ច្បាប់​ជាធរមាន​»​។

ប៉ុន្តែ​លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​ខ្ញុំ​សូម​គូស​បញ្ជាក់​ជូន​ជន​រួមជាតិ​ថា​ពិត​មែន​តែ​អង្គការ​ចាត់តាំង​បដិវត្តន៍​ពណ៌​ត្រូវ​បាន​រំលាយ​ហើយ​ក្តី ប៉ុន្តែ​ឧបាយកល​ដ៏ពិសពុល​នៃ​មជ្ឈដ្ឋាន​អគតិ​ខាង​ក្រៅ​ដែល​បញ្ជា​ពី​ក្រោយ​ខ្នង​របស់​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មិន​ទាន់​ផុត​រលត់​នៅ​ឡើយ​ទេ​។ គេ​បាន​ប្រើ​វោហារស័ព្ទ​នានា​ដ៏​ពីរោះ​អំពី​ប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ និង​មនុស្សធម៌ ប៉ុន្តែ​សកម្មភាព​ពិត​របស់​គេ​គឺ​បាន​រាំងខ្ទប់​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​នីតិរដ្ឋ​ពិតប្រាកដ​មិន​ឲ្យ​រីកចម្រើន​ដោយ​ជ្រើស​យក​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ដល់​អង្គការ​មិនមែន​​រដ្ឋាភិបាល និង​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​បំពាន​ច្បាប់​ហើយ​ផ្ទុយ​ទៅ​វិញ​គេ​បោះបង់​ប្រជាជន​កម្ពុជា និង​យក​ប្រជាជន​កម្ពុជា​ធ្វើ​ជា​ចំណាប់ខ្មាំង​នៃ​នយោបាយ​របស់​ខ្លួន​»​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា​កម្ពុជា​មាន​មេរៀន​គ្រប់គ្រាន់​ហើយ​ដើម្បី​ធានា​នូវ​ដំណើរ​ទៅ​មុខ​ទៀត​របស់​ខ្លួន​ដោយ​ឈរ​លើ​មូលដ្ឋាន​ការពារ​ឯករាជ្យ អធិបតេយ្យ និង​ក្តាប់​ជាប់​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​របស់​ខ្លួន​។

លោក​ថ្លែង​ថា​៖ «​មជ្ឈដ្ឋាន​បរទេស​ទាំង​នោះ​ដែល​ធ្វើ​ជា​មើល​មិន​ឃើញ​តថភាព​នៅ​កម្ពុជា កំពុង​ព្យាយាម​បិទ​បាំង​ការ​បរាជ័យ​របស់​ខ្លួន​បន្ត​រក​វិធី​ដាក់​ការ​គាប​សង្កត់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើ​តាម​ឆន្ទៈ​របស់​ខ្លួន​នៅ​ក្រោម​លេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស និង​តាមរយៈ​ការ​គំរាម​កាត់​ផ្តាច់​ជំនួយ និង​វិធានការ​រឹតបន្តឹង​ផ្សេងៗ​ដែល​ជា​ការ​ជ្រៀតជ្រែក​យ៉ាង​កំរោល​មក​លើ​ដែន​សមត្ថកិច្ច​របស់​រដ្ឋអធិបតេយ្យ​មួយ​។ ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​កម្ពុជា​មិន​អាច​ឱន​ក្បាល​ទទួល​យក​ការ​គាប​សង្កត់​ណា​មួយ​ពី​ខាង​ក្រៅ​បាន​ឡើយ ជាពិសេស​មិន​ទុក​ឲ្យ​ការ​ប៉ុនប៉ង​ផ្លាស់ប្តូរ​តាមរយៈ​បដិវត្តន៍​ពណ៌​កើត​មាន​បាន​ជា​ដាច់​ខាត​ដែល​នយោបាយ​បែប​នេះ​បាន និង​កំពុង​បង្ក​នូវ​ជម្លោះ​ផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្គ្រាម ទុក្ខវេទនា ការ​រត់​ភៀស​ខ្លួន និង​ការ​បាត់បង់​ជីវិត​ប្រជាជន​ស្លូត​ត្រង់​រាប់សែន​នាក់​យ៉ាង​អយុត្តិធម៌​បំផុត​នៅ​ប្រទេស​មួយ​ចំនួន​»​។

លោក ហ៊ុន សែន ក៏​បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​នានា​ដែល​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ ខណៈ​ដែល​សហគមន៍​អន្តរជាតិ​ជាពិសេស សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​សូម​បញ្ជាក់​យ៉ាង​ឱឡារិក​ថា ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​មិន​ដើរ​ថយ​ក្រោយ ឬ​ធ្លាក់​ចុះ​ឡើយ​ផ្ទុយ​ទៅ​វិញ​កំពុង​ត្រូវ​បាន​ថែរក្សា និង​ពង្រឹង​ឲ្យ​កាន់​តែ​រឹងមាំ​ឡើង ដើរ​ស្រប​ជាមួយ​គោលការណ៍​នីតិរដ្ឋ​នៅ​ក្នុង​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​គឺ​មាន​តែ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ទេ​ដែល​ត្រូវ​បាន​លុប​បំបាត់​»​។

លោក​ ហ៊ុន សែន ​ប្ដេជ្ញា​បន្ថែម​ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​សេចក្តី​សុខ និង​សុភមង្គល​របស់​ជាតិ និង​ប្រជាជន​»​។

ក្នុង​ចំណោម​អ្នក​ចូលរួម​ដែល​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​រហូត​ដល់​ពី ៤ ទៅ ៥ ម៉ឺន​នាក់​នៅ​ទីលាន​កោះពេជ្រ​នោះ កញ្ញា វូ ម៉ីហ្គេច អាយុ ១៩ ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​​ ១ ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ថ្លែង​ថា ទោះបី​កញ្ញា មិន​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ក្ដី ប៉ុន្តែ​តាមរយៈ​ការ​និទាន​ប្រាប់​ពី​ឪពុកម្ដាយ និង​ការ​សិក្សា​ផ្ទាល់​ខ្លួន​ធ្វើឲ្យ​កញ្ញា​យល់​ច្បាស់​ពី​របស់​ខ្មែរ​ក្រហម និង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​។ «​ខ្ញុំ​មក​ចូលរួម​អបអរ​ពិធី​ថ្ងៃ​នេះ ព្រោះ​ខ្ញុំ​គិត​ថា​វា​ជា​ថ្ងៃ​ដែល​​សម្ដេច​បាន​ជួយ​រំដោះ​ប្រទេស និង​ប្រជាជន​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​គាត់​នាំ​សន្តិភាព​ដល់​ខ្មែរ​។ ប្រទេស​ខ្មែរ​មាន​ការ​អភិវឌ្ឍ​ជឿនលឿន មាន​ភាព​រីកចម្រើន​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​»​។

លោក​ យឹម មករា អាយុ ៣៧ ឆ្នាំ​ជា​បុគ្គលិក​នៃ​រោងចក្រ​កាត់ដេរ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ថ្លែង​ថា​៖ «​ខ្ញុំ​ចាត់​ទុក​ថ្ងៃ ៧ មករា​ជា​ថ្ងៃ​ខួប​កំណើត​ទី​ ២ ​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់ បន្ទាប់ពី​បាន​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​»​។

មុន​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា​គេ​ក៏​ឃើញ​មាន​ការ​សម្តែង​របាំ​អបអរ​យ៉ាង​កងរំពង​រួម​ទាំង​ការ​ច្រៀង​ចម្រៀង​គណបក្ស​ជាដើម​ខណៈ​ក្រោយ​ពេល​បញ្ចប់​សុន្ទរកថា​របស់​លោក ហ៊ុន សែន ក៏​មាន​ការ​ជូន​បាច់ផ្កា​ពី​អង្គទូត​នានា ស្ថាប័ន និង​គណបក្ស​នយោបាយ​ផ្សេងៗ​។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​បាន​ផ្តល់​កិតិ្តយស​លែង​សត្វ​ព្រាប​មុន​ការ​បង្ហោះ​ប៉េងប៉ោង​ដែល​មាន​ពាក្យ​គាំទ្រ​បក្ស​កាន់​អំណាច​ត្រូវ​បាន​បង្ហោះ​ឡើង​ជា​ទ្រង់ទ្រាយ​ធំ​។

ទោះ​យ៉ាង​ណា​លោក អ៊ូ ច័ន្ទរ័ត្ន​អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​៖ «៧ មករា តាម​មតិ​មហាជន​មាន​ ២ គឺ​ទី​ ១ គឺ​គេ​យល់​ថា​ថ្ងៃ ៧ មករា គឺជា​ថ្ងៃ​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​កណ្ដាប់ដៃ​ខ្មែរ​ក្រហម​មតិ​មួយ​ទៀត​ថា​ថ្ងៃ ៧ មករា​គឺជា​ថ្ងៃ​ដែល​យួន​ចូល​លុកលុយ​លើ​ទឹកដី​ប្រទេស​កម្ពុជា​ហើយ​អង្គការ​សហប្រជាជាតិ​ក៏​មិន​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​បន្តុប​ឡើង​ដោយ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​ ១៩៧៩ ​ផង​ដែរ​»​។

លោក​ថា​៖ «​អ្នក​នយោបាយ​ អ្នក ដឹកនាំ​ប្រទេស​យើង​មួយ​ចំនួន​អួត​ពី​សមិទ្ធផល​ខ្លួន​ដែល​បាន​ធ្វើ​ដែល​បាន​ទទួល​ជ័យជម្នះ​លើ​ខ្មែរ​គ្នា​ឯង ប៉ុន្តែ​អត់​ដឹង​ថា​នយោបាយ​វា​ចេញ​មកពី​ណា​ទេ តើ​នយោបាយ​ហ្នឹង​ជា​អន្ទាក់​បរទេស ឬ​ជា​នយោបាយ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អត់​ដឹង​អី​។ អាហ្នឹង​យើង​ត្រូវ​តែ​សិក្សា​ឡើង​វិញ​យើង​ជជែក​គ្នា​...»​។

លោក​ថា​ ការ​អះអាង​របស់​លោក ហ៊ុន សែន គ្រាន់​តែ​ជា​ការ​ឃោសនា​ដើម្បី​យក​ប្រជាប្រិយភាព បន្ទាប់ពី​បក្ស​របស់​លោក​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​។ «​អានេះ​គ្រាន់​តែ​ជា​ការ​ឃោសនា​ដើម្បី​ទាញ​យក​ការ​គាំទ្រ​ពី​មតិ​មហាជន​របស់​គណបក្ស​កាន់​អំណាច តែ​ការពិត​វា​មិន​អ៊ីចឹង​អត់​មាន​ភ័ស្តុតាង​អី​ដែល​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ចង់​ទៅ​ផ្តួល​រំលំ​ធ្វើ​បដិវត្តន៍​ពណ៌​អី​វា​អត់​មាន​។ វា​គ្រាន់តែ​ជា​ការ​ឃោសនា​ដើម្បី​ទាក់ទាញ​យក​ការ​គាំទ្រ​។ ការ​ប្រឹងប្រែង​ធ្វើ ៧ មករា ឃើញ​សម្បើម​ហ្នឹង​ក៏​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ ដូចជា​ការ​ឃោសនា​មួយ​អ៊ីចឹង​...​ហើយ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​មើល​៧ មករា​បំភ្លេច​ចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។

អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ទើប​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ចាប់​តាំង​ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បន្ថែម​ថា​៖ «​ខ្ញុំ​ឃើញ​ថា​ការ​រំលាយ​គណបក្ស​មួយ​ដែល​ថា​ជា​ការ​ពង្រឹង​នីតិរដ្ឋ ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ អាហ្នឹង​គឺជា​រឿង​ផ្ទុយ​ទៅ​វិញ​ទេ​។ ចង់​ពង្រឹង​ប្រជាធិបតេយ្យ​គួរ​តែ​ធ្វើ​ម៉េច​ឲ្យ​មាន​គណបក្ស​ប្រឆាំង​ហ្នឹង​រឹងមាំ​។ ទី​ ២ បើ​ចង់​ពង្រឹង​នីតិរដ្ឋ គួរ​តែ​គោរព​រដ្ឋធម្មនុញ្ញ គោរព​ច្បាប់​ធ្វើ​ម៉េច​ឲ្យ​មន្ត្រី​ហ្នឹង​អនុវត្ត​ច្បាប់​បាន​ល្អ ហើយ​គោរព​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​ហើយ​យើង​ឃើញ​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​ច្រើន​កន្លែង​ណា​ប៉ះ​នាំ​គ្នា​ធ្វើ​វិសោធនកម្មៗ អាហ្នឹង​ជា​រឿង​កាត់​ក្បាល​តម្រូវ​មួក​ហើយ​។ វា​អត់​ត្រូវ​»​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ថ្លែង​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​៖ «​ថ្ងៃ​៧ មករា​ ១៩៧៩ គឺជា​ថ្ងៃ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ផុត​ពី​ការ​កាប់​សម្លាប់​ដ៏ព្រៃផ្សៃ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ប៉ុលពត​។ មាន​ថ្ងៃ​ ៧ មករា ប្រជាជន​កម្ពុជា​មាន​អ្វីៗ​ទាំងអស់​ឡើង​វិញ​រួម​មាន​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ការ​ស្តារ​ជីវភាព​រស់នៅ ការ​ផ្សះផ្សា​ជាតិ​ក្រោម​នយោបាយ​បង្រួបបង្រួម​ជាតិ និង​ការ​សម្រេច​ចិត្ត​ដើរ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ព្រម​ទាំង​ការ​ស្វែង​រក​បាន​នូវ​សន្តិភាព​ពេញលេញ​តាម​នយោបាយ​ឈ្នះ-ឈ្នះ​របស់​សម្តេច​តេជោ​ ហ៊ុន សែន​...» ។

ដូច​ពេល​មុនៗ​ដែរ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ថ្ងៃ​ ៧ មករា ឆ្នាំ​ ១៩៧៩ គឺជា​ឆាក​ល្ខោន​ដែល​វៀតណាម​បាន​រៀបចំ​ទាំងអស់​។

លោក​ សម រង្ស៊ី បាន​បញ្ជាក់​ថា​៖ «​គេ​ថា​គេ​មក​រំដោះ​យើង​ពី​ខ្មែរក្រហម តែ​បើ​អត់​មាន​យួន​កុម្មុយនីស្ដ​ពី​ដើមទី ក៏​អត់​មាន​ខ្មែរ​ក្រហម​ដែរ​។ ឥឡូវ​នេះ​គេ​ថា​បើ​គ្មាន​ថ្ងៃ​៧​មករា​ ១៩៧៩ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ​។ តែ​បើ​គ្មាន​ថ្ងៃ​ ១៧ ​មេសា ១៩៧៥ (​គឺ​ថ្ងៃ​ដែល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​) ​ក៏​គ្មាន​ថ្ងៃ ៧ មករា​ ១៩៧៩ ដែរ​ហើយ​បើ​គ្មាន​ពួក​យួន​កុម្មុយនីស្ដ​ជួយ​ពួក​ខ្មែរក្រហម​នៅ​ដើម​ទសវត្សរ៍ ឆ្នាំ​ ១៩៧០ ​ក៏​គ្មាន​ថ្ងៃ​ ១៧ ​មេសា ១៩៧៥ ដែរ​។ ដូច្នេះ​មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ទាំងអស់​ក្នុង​រយៈពេល​ជិត ៥០ ឆ្នាំ​កន្លង​មក​នេះ​គឺ​មាន​ការ​រៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​កុម្មុយនីស្ដ ដើម្បី​លេប​ត្របាក់​ទឹកដី​យើង និង​បំភាន់​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ​»​។

លោក​ សម រង្ស៊ី បាន​សរសេរ​ទៀត​ថា​៖ «​យើង​ត្រូវ​ចងចាំ​ជានិច្ច​ថា​យួន​បង្កប់​បាន​ញុះញង់​ឲ្យ​ខ្មែរ​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯង​ក្រោម​របប​ខ្មែរក្រហម​ (១៩៧៥-១៩៧៩)​។ មក​ដល់​ពេល​នេះ​ទៀត (​ឆ្នាំ​ ២០១៨) ពួក​អ្នក​បម្រើ​ផលប្រយោជន៍​បរទេស​ឈ្លានពាន​ក៏​នៅ​តែ​ធ្វើ​បាប និង​រក​រឿង​ខ្មែរ​គ្នាឯង​ឥត​ឈប់ឈរ (​រហូត​ដល់​លួច​សម្លាប់ ឬ​តាម​ចាប់​ដាក់​គុក​អ្នក​ស្នេហា​ជាតិ​) ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​បែកបាក់​ហើយ​កាន់​តែ​ទន់ខ្សោយ​ក្នុង​គោលបំណង​រក្សា​អាណានិគម​និយម​ប្រទេស​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា​...»៕