Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មេអង្គការ​ដែល​​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ​ត្រូវ​តុលាការ​កោះ​ហៅ

លោក នី ចរិយា អគ្គលេខាធិការរង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បាន​នាំ​មក​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​។
លោក នី ចរិយា អគ្គលេខាធិការរង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បាន​នាំ​មក​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

មេអង្គការ​ដែល​​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ​ត្រូវ​តុលាការ​កោះ​ហៅ

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​​បាន​​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​អង្គការ​ល្បី​ឈ្មោះ​ម្នាក់​ទៀត​ដែល​សកម្ម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ និង​​ធ្លាប់​ជា​​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​​ពី​ដំណើរ​រឿង​សូកប៉ាន់​​សាក្សី​នៅ​ពាក់​កណ្តាល​ខែ​នេះ​ទាក់ទង​នឹង​សំណុំ​រឿង​កញ្ញា ខុម ចាន់តារាទី ហៅ​ ស្រីមុំ ដែល​មជ្ឈដ្ឋាន​​ជា​ច្រើន​ចាត់​ទុក​​ថា​ជា​រឿង​នយោបាយ​។

ក្នុង​សំណុំ​រឿង​ ស្រីមុំ ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​មក​ដល់​ពេល​នេះ​មាន​ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស​ចំនួន​ ៦ ​នាក់​ហើយ​ក្នុង​នោះ​មាន​មេឃុំ​មកពី​គណបក្ស​ប្រឆាំង​ម្នាក់​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ៤ នាក់ និង​មន្ត្រី គជប ម្នាក់​ហើយ​​មន្ត្រី គជប គឺ​លោក​ នី​ ចរិយា ត្រូវ​បាន​​នាំ​ខ្លួន​​ទៅ​​សាលា​ឧទ្ធរណ៍​​កាលពី​ម្សិលមិញ​។

ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី ៣ ខែ​សីហា​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​លោក ធាម ច័ន្ធពិសិដ្ឋ បាន​បង្គាប់​ឱ្យ​លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ VOD ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​​នៅ​ថ្ងៃ​ទី​ ១៨ ខែ​សីហា​​នេះ​វេលា​​ម៉ោង ៩ ព្រឹក។

ដីកា​​បាន​បញ្ជាក់​ថា​៖ «អញ្ជើញ​លោក​ ប៉ា ងួនទៀង ជា​សាក្សី​ចូល​បំភ្លឺ​ជុំវិញ​ដំណើរ​រឿង​សូក​ប៉ាន់​សាក្សី​តាម​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាល​អំឡុង​ខែ​មីនា​មេសា ឆ្នាំ ២០១៦»។

លោក ប៉ា ងួនទៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​លោក​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​ដោយ​មិន​ព្រួយបារម្ភ​​អ្វី​នោះ​ទេ។ «ខ្ញុំ​មិន​ដឹង​ថា​ករណី​​អី​នោះ​ទេ​គ្រាន់តែ​គេ​ហៅ​ធ្វើ​សាក្សី​ជាទូទៅ​ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​មួយ​ករណី​អី​ទេ​ហើយ​ខ្ញុំ​មិន​ដែល​ធ្វើ​អី​ខុស​​ច្បា​ប់​ផង»។

កាលពី​ថ្ងៃ​ទី​ ៩ ខែ​ឧសភា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យ៉ិនទៀង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​តុ​មូល​វីអូឌី​ស្តីពី​ប្រធានបទ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ និង​ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ថ្លែង​ថា៖ «ផ្អែក​លើ​បញ្ហា​នេះ​លោក កឹម សុខា ទូរស័ព្ទ​ប្រាប់​ទៅ​លោក​មេឃុំ​ឲ្យ​គាបសង្កត់​ ស្រីមុំ​ កុំ​ឱ្យ​និយាយ​ការពិត​ហើយ​ប្រាប់​ថា​ឱ្យ​លុយ​កាក់​ខ្លះ និង​ឱ្យ​ទៅ​នៅ​ក្រៅ​ប្រទេស​ទន្ទឹម​គ្នា​នេះ​ក៏​លោក កឹម សុខា តាមរយៈ​លោក ប៉ា ងួនទៀង ឲ្យ​មក​ប្រាប់​លោក​ នី ចរិយា ទៅ​ជួប​គាត់​នៅ​ផ្ទះ​វេលា​ម៉ោង ៨ យប់​នេះ​គឺជា​ការ​សម​គំនិត និង​សំណូក​មួយ​ហើយ»។

លោកប៉ា ងួនទៀង (ទី ៤ រាប់​ពី​ស្តាំ​មក​ឆ្វេង) និង​សហការី​​ក្នុង​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​​​ពី​ម្សិលមិញ​។
លោកប៉ា ងួនទៀង (ទី ៤ រាប់​ពី​ស្តាំ​មក​ឆ្វេង) និង​សហការី​​ក្នុង​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​​​ពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក

តែ​កាលពី​ម្សិលមិញ​លោក​ ឱម យ៉ិនទៀង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​ដោយ​លោក​ថា​ផុត​ដែន​សមត្ថកិច្ច​របស់​​លោក​​ហើយ។

លោក​ថា៖ «កិច្ចការ​ខ្ញុំ​ចប់​ហើយ​ខ្ញុំ​បាន​បិទ​ការ​ស៊ើប​អង្កេត​របស់​ខ្ញុំ​ហើយ នេះ​ជា​រឿង​កិច្ចការ​របស់​​តុលាការ​ចឹង​អូន​ទៅ​សួរ​ទៅ​តុលាការ»​។

ចៅក្រម​ស៊ើបសួរ​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​លោក ធាម ច័ន្ធពិសិដ្ឋ បាន​បដិសេធ​អត្ថាធិប្បាយ​ដោយ​ជំរុញ​ឱ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​។ លោក លី សុផាណា អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ថ្លែង​យ៉ាង​ខ្លី​ថា​៖ «កោះ​ហៅ​លោក ប៉ា ងួនទៀង ​ជា​សាក្សី​ដើម្បី​មក​បំភ្លឺ​នៅ​ក្នុង​រឿង​សូកប៉ាន់​សាក្សី​របស់​មន្រ្តី​អាដហុក»។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​ បណ្ឌិត មាស នី យល់​ឃើញ​ថា​ការ​បន្ត​កោះ​ហៅ​​មន្ត្រី​សង្គម​ស៊ីវិល​នេះ​គឺជា​ការ​ដាក់​គំនាប​ដល់​អង្គការ​សង្គម​ស៊ីវិល​ជាពិសេស​ស្ថាប័ន​ធំៗ​ដែល​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក​ថា៖ ​«រដ្ឋាភិបាល​មិន​ទាន់​បោះបង់​នូវ​ការ​ធ្វើ​គំនាប​ទៅ​លើ​ស្ថាប័ន​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ​ដោយសារ​លោក​ ប៉ា ងួនទៀង ​គាត់​ជា​ប្រធាន​វិទ្យុ​វីអូឌី​ផង​ចឹង​វា​អាច​ជា​មុខ​សញ្ញា​បន្ទាប់​ ទោះបី​ជា​លោក​ ប៉ា ងួនទៀង ​មិន​មាន​ពាក់ព័ន្ធ​អី​សំខាន់​ក៏ដោយ»។

លោក​សង្កត់​ធ្ងន់​ថា​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​​នយោបាយ​នៅ​កម្ពុជា​មាន​ភាព​តានតឹង​ជាង​មុន​ខណៈ​សហគមន៍​​អន្តរជាតិ​កំពុង​ដាក់​គំនាប​មក​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​។

លោក​ថា៖ «​រដ្ឋាភិបាល​ពេល​នេះ​ហាក់​បី​ដូចជា​លែង​ស្តាប់​អ្នក​ណា​ទាំង​អស់​ហើយ​ចេះ​តែ​បន្ត​ធ្វើ​អី​ដោយ​ខ្លួន​ឯង​គឺជា​ការ​គ្រោះថ្នាក់​មួយ​ពីព្រោះ​ឥឡូវ​ហ្នឹង​មិន​ត្រឹម​តែ​ឯកោ​ក្នុង​អាស៊ាន​ទេ​វា​នឹង​អាច​ឯកោ​ក្នុង​ពិភពលោក​...»។

លោក​ មាស នី បាន​លើក​ឡើង​ថា​អ្វី​ដែល​តុលាការ ឬ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ត្រូវ​ធ្វើ​គួរ​ស្វែងរក​អ្នក​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចាត់​ទុក​ថា​ជា​សំឡេង​លោក កឹម សុខា និង​កញ្ញា ស្រីមុំ។

ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ​លោក ប៉ា ងួនទៀង ដែល​ធ្លាប់​ជា​អ្នក​ជិតស្និទ្ធ​ជាមួយ​លោក កែម ឡី ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​សកម្ម​​យ៉ាង​ខ្លាំង​​ក្នុង​ការ​តស៊ូ​មតិ​តាមរយៈ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ដោយ​លោក​ និង​សហការី​របស់​លោក​តែងតែ​ចេញ​មុខ​បង្ហោះ​រូបភាព​ពាក់​អាវ​ខ្មៅ​។ ជាង​នេះ​ទៅ​ទៀត​លោក​គឺជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​បុណ្យ​សព​លោក កែម ឡី ហើយ​លោក​តែងតែ​បង្ហោះ​ ឬ​ចែក​រំលែក​នូវ​សារ​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​ភាព​យុត្តិធម៌​ដល់​សព​លោក ​កែម ឡី​ ។

អ្នក​វិភាគ​ឯករាជ្យ​លោក អ៊ូ វីរៈ​យល់​ថា​ការ​កោះ​ហៅ​របស់​តុលាការ​អាច​មាន​ហេតុ​​ផល​ពីរ។

លោក​ថា៖ «ព្រោះ​រដ្ឋាភិបាល​ដឹង​ពី​ទំនាក់ទំនង​រវាង​លោក ប៉ា ងួនទៀង និង​លោក កឹម សុខា ដូច្នេះ​ពួកគេ​អាច​គិត​ថា​គាត់​បាន​ដឹង​អំពី​រឿង​ក្តី​នេះ​មូលហេតុ​ទី​ពីរ​គឺ​សង្គម​ស៊ីវិល​រក្សា​ជំហរ​ធ្វើ​យុទ្ធនាការ​ស្លៀក​ខ្មៅ​ហើយ​លោក ប៉ា ងួនទៀង ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ និង​រូប​គាត់​ផ្ទាល់​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កត់សម្គាល់​ឃើញ»។

លោក វីរៈ មិន​​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​កោះ​ហៅ​នេះ​ទេ​តែ​លោក​ដាក់​សំណួរ​ថា​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​អ្វី​ដល់​រដ្ឋាភិបាល។

ទាក់ទង​នឹង​ករណី​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​ ២៦ ខែ​ កក្កដា​អ្នកស្រី​ អ៊ាង គឹម លី មន្ត្រី​សម្របសម្រួល​របស់​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​ព្រៃវែង​ត្រូវ​បាន​សាលា​ដំបូង​កោះ​ហៅ​សាកសួរ​ក្នុង​នាម​ជា​សាក្សី​ករណី​រឿង​ស្រីមុំ និង លោក កឹម សុខា ហើយ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ។

នៅ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​លោក សំ សុគង់ មេធាវី​របស់​លោក ចរិយា បាន​សុំ​ឲ្យ​តុលាការ​​​ធ្វើ​មោឃភាព​ចំពោះ​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត​​របស់​តុលាការ​ថ្នាក់​ក្រោម​ផ្អែក​តាម​​មាត្រា​ ៣៨ នៃ​រដ្ឋធម្មនុញ្ញ​ដោយសារ​ការ​សារភាព​​ត្រូវ​បាន​បង្ខំ​ និង​​ការ​រំលោភ​លើ​សិទ្ធិ​អ្នក​ជាប់​ឃុំ​។ ​

លោក សុគង់ ថ្លែង​ថា​៖ «​​គាត់​ត្រូវ​បាន​​សួរ​​​អស់​រយៈពេល​យ៉ាងយូរ​ និង​មិន​​មាន​អាហារ​គ្រប់គ្រាន់​មាន​អារម្មណ៍​បំភិត​បំភ័យ​អស់​កម្លាំង ​និង​​មិន​អាច​​ស្តាប់​​​យល់​​សំណួរ​ ឬ​ការ​ពិត​​នៃ​​ករណី​នោះ​»។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ចៅក្រម​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​​ចំពោះ​បណ្តឹង​សុំ​មោឃភាព​នីតិវិធី​ដែល​ប្តឹង​ដោយ​មេធាវី​របស់​លោក​ នី ចរិយា​​នេះ៕ PS/ រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារា

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ