Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​ប្រើ​ថ្នាំញៀន​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស

Content image - Phnom Penh Post
អ្នកស្រី ហ៊ីម ម៉ាក់ញើ យំក្រោយ​​កូនប្រុស​អ្នកស្រី ឈ្មោះ សេន សាវី បាន​ស្លាប់​នៅ​ក្នុង​គុក។ ហុង មិនា

យុវជន​ប្រើ​ថ្នាំញៀន​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស

ភ្នំពេញៈ ​កំពុង​អង្គុយ​បត់ជើង​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ក្នុង​ខណ្ឌ​ឫស្សីកែវ អ្នកស្រី ហ៊ីម ម៉ាក់ញើ បាន​លើក​កន្សែង​រុំ​ក្បាល ហើយ​ជូត​ទឹកភ្នែក​របស់​ខ្លួន​ ខណៈ​ដែល​អ្នកស្រី​កំពុង​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​កូនប្រុស​អ្នកស្រី ឈ្មោះ សេន សាវី នៅពេល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​កន្លង​ទៅ​។ កូនប្រុស​របស់​អ្នកស្រី​មាន​អាយុ​ ១៩ ​ឆ្នាំ​។

ការ​ស្លាប់​នេះ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​មករា​ឆ្នាំ​នេះ ហើយ​យុវជន​ សាវី ត្រូវ​បាន​ចាប់​ខ្លួន​រួម​ជាមួយ​នឹង​មិត្តភក្តិ​របស់​គាត់​ពីរ​នាក់​ផ្សេង​ទៀត​ពោល​គឺ​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​កំពុង​ជក់​ថ្នាំញៀន​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​កាលពី​ថ្ងៃ​ទី​ ២៣ ខែ​កុម្ភៈ​។

សាវី បាន​ស្លាប់​ខណៈ​ពេល​កំពុង​រង់ចាំ​ការ​ជំនុំជម្រះ​ទោស​ដែល​គាត់​បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង​ ៥ ​ខែ​មក​ហើយ ហើយ​ចំពោះ​ការ​ស្លាប់​របស់​យុវជន​ សាវី ត្រូវ​បាន​គ្រូពេទ្យ​ប្រចាំ​ពន្ធនាគារ​ឲ្យ​ដឹង​ថា​គាត់​ស្លាប់​ដោយសារ​ «​គាំង​បេះដូង​»​។

យោង​តាម​ម្តាយ​របស់​គាត់ អ្នកស្រី ម៉ាក់ញើ បាន​ឲ្យ​ដឹង​ថា​យុវជន​ សាវី មិន​ដែល​មាន​បញ្ហា​ល្មើស​ច្បាប់​អ្វី​ទេ​ពី​មុន​មក ប៉ុន្តែ​គាត់​បាន​ចាប់ផ្តើម​ដើរលេង​តាម​មិត្តភក្តិ​របស់​គាត់​រហូត​ដល់​ប្រើប្រាស់​គ្រឿងញៀន​។

អ្នកស្រី​បាន​ទៅ​មើល​កូន​របស់​អ្នកស្រី​កាលពី​មួយ​សប្តាហ៍​មុន​គឺ​នៅ​ថ្ងៃ​ទី​ ២ ខែ​សីហា​មុន​ពេល​កូនប្រុស​អ្នកស្រី​ស្លាប់​។

អ្នកស្រី​បាន​អះអាង​ថា​ ​កូន​របស់​អ្នកស្រី​បាន​ដួល​បី​ដង​នៅពេល​គាត់​ដើរ​មក​និយាយ​ជាមួយ​អ្នកស្រី​ដោយសារ​តែ​ជើង​របស់​គាត់​ហើម​។ នៅ​យប់​ថ្ងៃ​អង្គារ​មុន​ពេល​គាត់​ស្លាប់ គាត់​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​គ្លីនិក​ក្នុង​​ពន្ធនាគារ​នឹង​បាន​ដាក់​ខ្យល់​​អុកស៊ីហ្ស៊ែន និង​ព្យូរសេរ៉ូម​។ ប៉ុន្តែ​នៅ​យប់​នោះ​ក្រោយ​មក​ទៀត​យុវជន សាវី អាការ​ពិបាក​ដកដង្ហើម​របស់​គាត់​បាន​ត្រឡប់​មក​វិញ​ហើយ​ក្រោយមក​ក៏​បាន​ស្លាប់​។

បងស្រី​របស់​យុវជន​ សាវី ​ឈ្មោះ​ សេន រ៉ូម៉ី បាន​និយាយ​ថា​គាត់​ជួប​ពេលវេលា​ដ៏លំបាក​នៅ​ក្នុង​ពន្ធនាគារ​។ គាត់​ត្រូវ​បាន​អ្នក​ជាប់គុក​ជាមួយ​គ្នា​វាយដំ​ហើយ​អ្នកទោស​ត្រូវការ​ប្រាក់​ដើម្បី​ចំណាយ​លើ​កន្លែង​ដេក​ដែល​មិន​នៅ​ជិត​បង្គន់​។

បើ​ទោះបី​អ្នកស្រី​ ម៉ាក់ ​ញើ ​ជឿជាក់​ថា​ពន្ធនាគារ​មិន​បាន​យក​ចិត្ត​ទុកដាក់​នឹង​កូនប្រុស​របស់​អ្នកស្រី​ក្តី ប៉ុន្តែ​អ្នកស្រី​មិន​ចង់​ដាក់​ពាក្យ​ប្តឹង​ទេ​។ ផ្ទុយ​ទៅ​វិញ​អ្នកស្រី​មាន​សារ​មួយ​សម្រាប់​ឆ្មាំ​គុក​។

អ្នកស្រី​ថ្លែង​ថា​៖ «​ទោះបី​ជា​ពួកគេ​ជា​អ្នកទោស​ក្តី​ក៏​ពួកគេ​ទាំងអស់​នោះ សុទ្ធ​តែ​ជា​មនុស្ស​ដែរ​។ ដូច្នេះ​អ្នក​គួរ​មើល​ថែ​ពួកគេ​មិនមែន​មិន​អើពើ​ដូចជា​មួយ​កូនប្រុស​របស់​ខ្ញុំ​ទេ​ដែល​រហូត​បណ្តាល​ឱ្យ​ស្លាប់​»​។

លោក​ សន កែវ អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ការពារ​សកម្មភាព​របស់​ពន្ធនាគារ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​គ្លីនិក​ក្នុង​ពន្ធនាគារ​អាច​ដោះស្រាយ​បាន​តែ​ជាមួយ​បញ្ហា​សុខភាព​តូចតាច​ប៉ុណ្ណោះ ហើយ​ក៏​មិន​ស្អាត​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​បាន​រៀបចំ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ​»៕ NS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ