ពោធិ៍សាត់ យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ប្រ​ភេទ​ ៦០ ​មិល្លី​ម៉ែត្រ​ ចំនួន ​១៤១ ​គ្រាប់​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​អង្គការ​ហេឡូ​ត្រាស់ (hallo Truth) ​រុក​រក​ឃើញ​​នៅបរិ​វេណ​អនុ​វិទ្យា​ល័យ​ក្ងាន ​ក្នុង​ភូមិ​ឈើ​ទាល ឃុំ​ផ្លូវ​លួង​ ស្រុក​កណ្ដៀង ​ខេត្ត​ពោធិ៍​សាត់ ​បន្ទាប់​ពី​គ្រូបង្រៀនរាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​។នេះ​បើ​តាម​លោក​ប៊ុត​អាននាយ​ផ្នែក​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះស្រុក​កណ្ដៀង​ កាល​ពីថ្ងៃទី ១២ កុម្ភៈ​នេះ​។

លោក​បន្ត​ថា ប្រតិ​បត្តិ​ការ​នេះ​ បាន​ធ្វើ​ឡើង ​២ ​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​សៅរ៍ និង ​ថ្ងៃ​អា​ទិត្យ​ (ថ្ងៃ​ទី ​១០-​១១ ​ខែ ​កុម្ភៈ ​ឆ្នាំ​នេះ)​ បន្ទាប់​ពី លោក​គ្រូ​បង្រៀន​ម្នាក់​បាន​យក​ត្រាក់​ទ័រ​មក​ភ្ជួរ​ដី ​ដើម្បី​ដាំ​បន្លែ​ក្នុង​ដីរបស់សា​លា​ក៏ស្រាប់​តែ​ប្រទះ​ឃើញ​គ្រាប់​នេះ​​អណ្ដែត​ឡើង​តាមអាចម៍​បំណះ​ដីហើយ​បាន​រាយ​ការណ៍​ប្រាប់​​សមត្ថ​កិច្ច​ជួយ​អន្ត​រាគមន៍ហៅ​មន្ត្រី​ជំនាញ​មក​រុក​រក​បន្ថែម​​។

លោក​បាន​បញ្ជាក់​ថា៖ ​«ជា​លទ្ធ​ផល ​ក្រុម​មន្ត្រី​ជំនាញ​នៃ​អង្គ​ការ​ Hallo Truth​ បា​ន​រក​ឃើញ​ចំនួន​ ១៤១ ​គ្រាប់​ ហើយ​កាល​​ពី​ល្ងាច​ថ្ងៃ​អា​ទិត្យ ​ក្រុម​មន្ត្រី​ជំនាញ​បាន​យក​ទៅ​កម្ទេច​ចោល​ក្នុ​ងដី​ស្រែ​មួយ​កន្លែងនៅទិស​ខាង​លិច​នៃ​អនុ​វិទ្យា​ល័យ​ខាង​លើ​ចម្ងាយ​ប្រមាណ​ ១ ​គីឡូ​ម៉ែត្រអស់​​ ៨៩ ​គ្រាប់​ហើយ​សល់​ ៥២ ​គ្រាប់​ទៀត​គ្រោង​កម្ទេច​ចោល​​បន្ត​ទៀត​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន គ្រា​ដែល​លោ​ក​គ្រូ​អ្នក​គ្រូសាលា​បឋម​សិក្សា​ ហ៊ុន សែន ​អន្លង់​វែង ក្នុង​​ភូមិ​ថ្នល់​កែង ​ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ កំពុង​នាំ​សិស្ស​ប្រមូល​សំរាម​ក្នុង​បរិវេណ​សាលា​រៀន​ ​ក៏ស្រាប់​តែ​មាន​ករណី​ផ្ទុះ​គ្រាប់​ប្រ​ភេទ ​៦០ ​មិល្លីម៉ែត្រ​នេះ​ឡើង​ចំនួន​ ១ គ្រាប់ ​បណ្ដាល​ឲ្យ​គ្រូនិ​ង​សិស្ស​ ៤ ​នាក់​រង​របួស​ធ្ងន់ ​និង ​ស្រាល ៕