ភ្នំពេញៈ បន្ទាប់ពីប្រកាសបណ្តេញលោក រ៉ុង ឈុន ចេញពីក្របខ័ណ្ឌមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃ ៣០ ខែមករា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំក៏បានចេញសេចក្តីប្រកាសភ្លាមៗស្តីបន្ទោសដល់មន្ត្រីនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំចំនួន ២៤ នាក់ដែលមិនបានគ្រប់គ្រងមន្ត្រីក្រោមឱវាទមកបំពេញការងារជាប់លាប់។
នៅក្នុងសេចក្តីប្រកាសរបស់លោក ហង់ ជួនណារ៉ុន ដែលចុះហត្ថលេខាកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ បានស្តីបន្ទោសដល់ថ្នាក់ដឹកនាំនៃនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រចំនួន ៤ នាក់ក្នុងនោះមានលោក ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ លោក លឹម សុខមាន ប្រធានការិយាល័យរដ្ឋបាល លោក សូ សុខុន ប្រធានការិយាល័យស្រាវជ្រាវ លោក ជ័រ ស្តើង ប្រធានការិយាល័យផែនការ។ ការស្តីបន្ទោសនេះដោយសារតែថ្នាក់ដឹកនាំនាយកដ្ឋានទាំង ៤ នាក់ គ្រប់គ្រងបុគ្គលិកមិនបានល្អដូចជា ការមកធ្វើការមិនជាប់លាប់។
លិខិតរបស់លោក ហង់ ជួនណារ៉ុន ក៏បានបន្ថែមការស្ដីបន្ទោសជាលាយលក្ខណ៍អក្សរចំពោះបុគ្គលិកអប់រំចំនួន ២០ នាក់ទៀតដែលបានខកខានមិនបានមកបំពេញកាតព្វកិច្ចការងារជាប់លាប់ពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៨ ផងដែរ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការសម្រេចលុបឈ្មោះ លោក រ៉ុង ឈុន ចេញពីក្របខ័ណ្ឌនេះគឺអនុវត្តទៅតាមប្រកាសស្តីពីការដាក់មន្ត្រីរាជការឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើមដោយសារតែលោក រ៉ុង ឈុន បានដាក់ពាក្យចូលបម្រើការវិញហួសពេលកំណត់នៃច្បាប់។
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកពីអតីតគណបក្សសង្គ្រោះជាតិលោក រ៉ុង ឈុន ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងក្រោមហេតុផលអវត្តមានគ្មានការអនុញ្ញាត ប៉ុន្តែសាមីខ្លួនថាពាក់ព័ន្ធនឹងនយោបាយច្រើនជាង ខណៈរូបលោកបានដាក់លិខិតចូលបម្រើការងារវិញរួចហើយ ក្រោយលាលែងពី គជប។
ប៉ុន្តែ លោក រស់ សាលីន បានអះអាងថាការសម្រេចលុបឈ្មោះនេះធ្វើឡើងដោយផ្អែកតាមច្បាប់ ខណៈដែលលោក រ៉ុង ឈុន មិនបានសុំចូលបម្រើការងារវិញភ្លាមៗក្រោយពីបានបញ្ចប់ការងារពី គ.ជ.ប។
លោក រ៉ុង ឈុន បានហៅករណីនេះថាជារឿងគួរឲ្យអស់សំណើចព្រោះក្រោមហេតុផលអវត្តមានទាំងសាមីខ្លួនមិនទាន់បានចូលបម្រើការវិញផងនោះ។
លោកបានបញ្ជាក់ថា៖ «ហេតុអ្វីត្រូវអវត្តមានបើមិនទាន់បានធ្វើការផង? បើចង់លុបឈ្មោះខ្ញុំចេញពីក្របខ័ណ្ឌគួរតែរកមូលហេតុផ្សេងទៅ បើយកហេតុផលអវត្តមានគ្មានច្បាប់នេះវាជារឿងមួយអាក្រក់ខូចកេរ្តិ៍ឈ្មោះក្រសួងប៉ះពាល់ដល់ក្រសួង និងរដ្ឋាភិបាល។ បើចង់ធ្វើបែបហ្នឹងគួរតែពិនិត្យ និងផ្អែកតាមក្របខ័ណ្ឌច្បាប់ដែលលោករដ្ឋមន្ត្រីត្រូវពិនិត្យមើលឡើងវិញហើយគោរពច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវព្រោះក្រសួងអប់រំជាក្រសួងនាំមុខគេបើគ្រាន់តែធ្វើដើម្បីផ្គាប់ចិត្តអ្នកធំ និងយកនយោបាយមកពាក់ព័ន្ធគឺមិនត្រូវទេហើយមិនអាចធ្វើការកែប្រែវិស័យអប់រំឲ្យប្រសើរឡើងបានទេ»។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចាត់ទុកថា ការដកឈ្មោះលោក រ៉ុង ឈុន ចេញពីក្របខ័ណ្ឌមន្ត្រីរាជការនេះគឺជាហេតុផលនយោបាយទាំងស្រុងព្រោះមន្ត្រី ឬលោកគ្រូ អ្នកគ្រូទាំងឡាយណាដែលហ៊ានប្រឆាំង ឬមិនមាននិន្នាការទៅរកបក្ខពួកខ្លួននោះ គេនឹងរកលេសបញ្ចប់តួនាទី និងធ្វើទុក្ខបុកម្នេញពួកគេ។
លោកស្រីបន្តថា៖ «ការព្រមាននេះក៏ជាលេសមួយដែរ ដើម្បីដាក់បន្ទុកឲ្យមន្ត្រីក្រោមឱវាទទេ បើសិនជាក្រសួងលុបឈ្មោះហើយ អ៊ីចឹងហើយបានជារកលេសដាក់បន្ទុកនេះ ឬនោះអ៊ីចឹងទៅ»។
មន្ត្រីថ្នាក់ដឹកនាំនៃនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រចំនួន ៤ នាក់កាលពីម្សិលមិញមិនអាចសុំការបំភ្លឺបានទេ៕