ភ្នំពេញៈ ដោយសំអាងលើសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកកាលពីសប្តាហ៍មុនដែលថាថ្ងៃ៧មករាជាថ្ងៃឈប់សម្រាកជាតិនោះលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃអាទិត្យបានចាត់ទុកថានោះជាការទើបទទួលស្គាល់ ខណៈពីមុនអាមេរិកធ្លាប់បន្តគាំទ្រខ្មែរក្រហមបន្ទាប់ពីការបណ្តេញចេញពីភ្នំពេញកាលពីឆ្នាំ ១៩៧៩ ។
ថ្ងៃ ៧ មករា ត្រូវបានកំណត់ថាជាថ្ងៃដែលកម្លាំងគាំទ្រដោយវៀតណាមបានកាច់បំបាក់របបខ្មែរក្រហមដោយបានបណ្ដេញពួកគេឲ្យទៅរស់នៅតាមព្រំដែនភាគខាងលិចនៃប្រទេសកម្ពុជា ហើយគណបក្សប្រជាជនបានប្រារព្ធពិធីរំឭកថ្ងៃ៧មករាជារៀងរាល់ឆ្នាំ។
ទោះយ៉ាងណាក្តីមជ្ឈដ្ឋានផ្សេងៗទៀតរួមមាន អតីតគណបក្សសង្គ្រោះជាតិបានហៅថ្ងៃនេះថាជាការចាប់ផ្តើមការចូលកាន់កាប់ពីសំណាក់វៀតណាមរយៈពេលមួយទសវត្សរ៍ ហើយបានធ្វើឲ្យថ្ងៃនេះក្លាយជាបញ្ហាពិភាក្សាក្តៅគគុកនៅក្នុងភាសានយោបាយនៅកម្ពុជា។
នៅក្នុងឆ្នាំនេះគណបក្សប្រជាជនបានប្រារព្ធពិធីដ៏ធំមួយនៅកោះពេជ្រ រាជធានីភ្នំពេញដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានការប្រារព្ធពិធីប្រកួតកីឡា និងពិព័រណ៍យោធាដឹកនាំដោយកូនប្រុសលោកគឺលោក ហ៊ុន ម៉ាណែត និងមន្ត្រីយោធាជាន់ខ្ពស់ដទៃៗទៀត។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សក្នុងខេត្តកណ្តាលលោក សុខុន បានលើកឡើងថាសហរដ្ឋអាមេរិកមិនធ្លាប់ទទួលស្គាល់ថាមានរបបប្រល័យពូជសាសន៍ ដឹកនាំដោយប៉ុលពតនោះទេ ផ្ទុយទៅវិញគឺចង់ការពាររបបនេះទៀតផង។
លោកបានបន្តថា៖ «អាមេរិកនៅតែបដិសេធ និងមិនដែលទទួលស្គាល់របបប្រល័យពូជសាសន៍នេះ។ ប៉ុន្តែឥឡូវនេះខ្លួនទទួលស្គាល់វា»។ លោកបន្ថែមថា អាមេរិកក៏បានរារាំងមិនឲ្យមានការលើកឡើងអំពីរបបប្រល័យពូជសាសន៍នេះក្នុងអំឡុងពេលចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាលពីឆ្នាំទសវត្សរ៍ ៩០ ផងដែរ។
លោក ប្រាក់ សុខុន បានសំដៅលើសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ មករាឆ្នាំនេះដែលថាសេរីភាពរបស់ទីក្រុងភ្នំពេញពីខ្មែរក្រហមគឺជាការចាប់ផ្តើម «អនាគតមួយដែលភ្លឺថ្លាជាងមុន និងមានសង្ឃឹមជាងមុន» សម្រាប់កម្ពុជា។
សេចក្តីថ្លែងការណ៍នៅលើហ្វេសប៊ុកថា៖ «នៅខួបទី ៣៩ នៃទិវាប្រវត្តិសាស្ត្រនោះស្ថានទូតអាមេរិកចងចាំអំពីការបាត់បង់ជីវិតពលរដ្ឋ ២ លាននាក់នៅក្នុងអំឡុងនៃសម័យកាន់កាប់ដោយខ្មែរក្រហម និង ២ លាននាក់ទៀតរងការឈឺចាប់»។
ស្ថានទូតអាមេរិកមិនបានធ្វើអត្ថាធិប្បាយពីការលើកឡើងនេះទេគិតត្រឹមម៉ោងដែលកាសែតត្រូវចេញផ្សាយកាលពីថ្ងៃម្សិលមិញ។
បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហម អាមេរិកបានគាំទ្រការបោះឆ្នោតមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៧៩ ដើម្បីអនុញ្ញាតឲ្យខ្មែរក្រហមតំណាងកម្ពុជាជាផ្លូវការនៅវេទិកានោះដែលត្រូវបានឃើញថា ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីការពារមិនឲ្យមានឥទ្ធិពលពីប្រទេសវៀតណាមមកលើកម្ពុជា។
ទាក់ទិននឹងការបដិសេធរបស់អាមេរិកចំពោះរបបខ្មែរក្រហមលោក David Chandler ដែលជាអ្នកប្រវត្តិសាស្ត្រល្បីម្នាក់បានចង្អុលទៅលើការគាំទ្ររបស់អាមេរិកលើមជ្ឈមណ្ឌលឯកសារកម្ពុជាដែលមានបំណងពិនិត្យរបបប្រល័យពូជសាសន៍។ អាមេរិកបានបន្តគាំទ្រមជ្ឈមណ្ឌលនេះតាមរយៈអង្គការ USAID របស់ក្រសួងការបរទេសអាមេរិក។
ចំពោះការមិនលើកពីរបបខ្មែរក្រហមក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក Chandler បានថ្លែងថាអ្នកចូលរួមទាំងអស់ លើកលែងតែរដ្ឋាភិបាលពេលនោះមានភាពស្ទាក់ស្ទើរក្នុងការលើកឡើងពីរបបប្រល័យពូជសាសន៍ក្នុងអំឡុងពេលកំពុងចរចាដោយមានទាំងប្រទេសចិនផង។
ចិនគាំទ្រការតស៊ូរបស់ខ្មែរក្រហមតាមព្រំដែនថៃ បន្ទាប់ពីថ្ងៃ៧មករា ខណៈអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ថាការពាក់ព័ន្ធរបស់ចិនជាមួយខ្មែរក្រហមមិនចាំបាច់លើកឡើងទៀតទេ។
លោកបានបញ្ជាក់ថា៖ «មិនចាំបាច់លើករឿងនេះឡើងទេ ដោយសារចិនបានទទួលស្គាល់ថ្ងៃ ៧ មករាជាយូរមកហើយ»។
លោកថា៖ «ជារៀងរាល់ឆ្នាំក្នុងអំឡុងពេលនៃការរំឭកខួប ៧ មករា ឯកអគ្គរដ្ឋទូតចិនតែងតែចូលរួម»៕ PS