Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​ព្រមាន​បិទ​មណ្ឌល​ថែទាំ​ណា​ រំលោភ​សិទ្ធិ​កុមារ

Content image - Phnom Penh Post
លោក រដ្ឋមន្ត្រី វង សូត ថ្លែង​ក្នុង​សិក្ខា​សិលា។ ផា លីណា

រដ្ឋមន្ត្រី​ព្រមាន​បិទ​មណ្ឌល​ថែទាំ​ណា​ រំលោភ​សិទ្ធិ​កុមារ

ភ្នំពេញ: លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាលពី​ម្សិលមិញ​ដោយ​ព្រមាន​នឹង​បិទ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ណា​ដែល​មិន​បាន​ចុះ​បញ្ជី និង​អនុស្សរណៈ​ជាមួយ​ស្ថាប័ន​រដ្ឋ បើ​សិន​ជា​រកឃើញ​ថា​មាន​ការ​រំលោភ​បំពាន់ និង​កេងប្រវ័ញ្ច​ផលប្រយោជន៍​ពី​កុមារ។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​រកឃើញ​មាន​រំលោភ​សិទ្ធិ​កុមារ​នឹង​បិទ​ចោល»។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​សង្គមកិច្ច​បង្ហាញ​របាយការណ៍​ថា​មណ្ឌល​ថែទាំ​កុមារ​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​មាន​ជាង ១០០ កន្លែង​ច្រើន​ជាង​ចំនួន​តួលេខ​ដែល​ក្រសួង​បាន​ធ្វើ​អធិការកិច្ច​ជា​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កន្លង​មក ​ដោយ​មណ្ឌល​ខ្លះ​មិន​បាន​ចុះ​បញ្ជី​ និង​ ខ្លះ​ទៀត​មិន​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ស្ថាប័ន​ណា​មួយ​របស់​រដ្ឋ​ឡើយ។

កាលពី​ម្សិលមិញ​ ក្រសួង​សង្គមកិច្ច និង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​រៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយការណ៍​កំណត់​ទីតាំង​មណ្ឌល​ថែទាំ​កុមារ​សម្រាប់​ឆ្នាំ ២០១៧។

ជាក់ស្តែង ​របាយការណ៍​បង្ហាញ​ថា​ ទិន្នន័យ​របស់​ក្រសួង​សង្គមកិច្ច​បាន​ដឹង​នាពេល​កន្លង​មក​មាន​ចំនួន ២៥៤ កន្លែង និង​មាន​កុមារ​ស្នាក់​នៅ​ចំនួន ១១ ១៧១ នាក់​នៅ​ទូទាំង​ប្រទេស។

ដោយ​ឡែក ​របាយការណ៍​កំណត់​ទីតាំង​ដែល​ចេញ​ផ្សាយ​នៅ​ពេល​នេះ​រកឃើញ​ថា​មណ្ឌល​ថែទាំ​កុមារ​មាន​ចំនួន ៤០៦ កន្លែង និង​មាន​កុមារ​កំពុង​រស់នៅ​ចំនួន ១៦ ៥៧៩ នាក់។ បើ​តាម​អ្វី​ដែល​ក្រសួង​បាន​រកឃើញ​មណ្ឌល​ថែទាំ​កុមារ​ទាំង​នោះ​មាន​មួយ​ចំនួន​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​របស់​ក្រសួង​សង្គមកិច្ច​ក្នុង​នោះ​មណ្ឌល​ចំនួន ៣៨ ភាគរយ​មិន​ធ្លាប់​ត្រូវ​បាន​ក្រសួង​ធ្វើ​អធិការកិច្ច ១២ ភាគរយ​មិន​បាន​ចុះ​បញ្ជី និង​មណ្ឌល​ចំនួន ២១ ភាគរយ ​ផ្សេង​ទៀត​ពុំ​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ស្ថាប័ន​របស់​រដ្ឋាភិបាល​ទេ។

បើ​តាម​របាយការណ៍​ដដែល​ក្រសួង​សង្គមកិច្ច​នឹង​បញ្ចូល​កន្លែង​ថែទាំ​កុមារ​ទាំង​នោះ​ទៅ​ក្នុង​ក្របខ័ណ្ឌ​គ្រប់គ្រង និង​ត្រួតពិនិត្យ​តាមរយៈ​ធ្វើ​អធិការកិច្ច​ជា​រៀងរាល់​ឆ្នាំ និង​ដាក់​ក្នុង​កម្មវិធី​សមាហរណកម្ម​កុមារ​ទៅ​ក្រុម​គ្រួសារ និង​សហគមន៍​វិញ​ផង​ដែរ។

ក្រសួង​បញ្ជាក់​ក្នុង​របាយការណ៍​ថា៖ «កន្លែង​ថែទាំ​កុមារ​ជាច្រើន​បាន​និង​កំពុង​ដំណើរការ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនី​តិសម្បទា​ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខុមាលភាព​កុមារ​ដែល​កំពុង​រស់នៅ​ក្នុង​កន្លែង​ថែទាំ​ដែល​ខ្វះខាត​ការ​ត្រួតពិនិត្យ​ពី​ក្រសួង​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច»។

ក្នុង​របាយការណ៍​ដដែល​បញ្ជាក់​ថា​ក្នុង​ចំណោម​កុមារ​កម្ពុជា​ចំនួន ៣៥០ នាក់​មាន​ម្នាក់​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ ខណៈ​ដែល ៨០ ភាគរយ​នៃ​កុមារ​រស់នៅ​ក្នុង​មណ្ឌល ៨០ ភាគរយ​មាន​ឪពុក ឬ​ម្តាយ​នៅ​រស់នៅ​ឡើយ។ ក្រសួង​សង្គមកិច្ច និង​អង្គការ​យូនីសេហ្វ​បាន​ដាក់​ផែនការ ៣ ឆ្នាំ​ចាប់​ពី​ឆ្នាំ ២០១៦ ដល់ ២០១៨ នឹង​កាត់​បន្ថយ​ចំនួន​កុមារ​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ​នៅ​ក្នុង​ខេត្ត​កណ្តាល ព្រះសីហនុ បាត់ដំបង សៀមរាប និង​ក្រុង​ភ្នំពេញ​ឲ្យ​បាន ៣០ ភាគរយ ឬ​ ៣៥០០ នាក់​ត្រឹម​ឆ្នាំ ២០១៨ ដែល​ខេត្ត​ក្រុង​ទាំងនេះ​ក្រសួង​ថា​មាន​ចំនួន​មណ្ឌល​ថែទាំ​កុមារ​ជាង ៦៥ ភាគរយ​នៃ​មណ្ឌល​សរុប​ទូទាំង​ប្រទេស។

បើ​តាម​របាយការណ៍​ក្រសួង​បញ្ជាក់​ថា​ត្រឹម​ដំណាច់​ឆ្នាំ ២០១៨ មណ្ឌល​ថែទាំ​កុមារ​ក្នុង​ខេត្ត​ក្រុង​ទាំង ៥ នឹង​មិន​គួរ​មាន​កុមារ​លើស​ពី​ ៨ ០០០ នាក់​ដោយ​គិត​ទាំង​មណ្ឌល​គ្រប់គ្រង​ដោយ​រដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ថ្លែង​ក្នុង​សិក្ខាសាលា​កាលពី​ម្សិលមិញ​លោកស្រី Debora Comini តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​តាម​ការសិក្សា​បែប​វិទ្យាសាស្រ្ត​ថ្នាក់​សកល​បង្ហាញ​ថា​ការ​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​អាច​បង្ក​ផលប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខាង​សង្គម កាយសម្បទា បញ្ញាស្មារតី និង​ផ្លូវចិត្ត​របស់​កុមារ និង​អាច​បង្ក​ផលប៉ះពាល់​រយៈពេល​វែង​ដល់​ជីវិត​ពេញ​វ័យ​របស់​ពួកគេ។

អ្នកស្រី​បញ្ជាក់​ថា៖ «នេះ​ជា​ចំណុច​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​ដោយសារ​តែ​កុមារ​រស់នៅ​តាម​មណ្ឌល​ដែល​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ និង​គ្មាន​ការ​ចុះ​អធិការកិច្ច​ច្រើន​តែ​ប្រឈម​នឹង​ការ​ទុក​ចោល​មិន​អើពើ ក៏​ដូចជា​ការ​រំលោភ​បំពាន​ផ្លូវកាយ ផ្លូវភេទ និង​ការ​ជួញដូរ»។

លោក វង សូត មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា​ក្រសួង​មិន​លើក​ទឹកចិត្ត​ឲ្យ​កុមារ​ដែល​ក្រុម​គ្រួសារ​យក​មក​រស់នៅ​ក្នុង​មណ្ឌល​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ការ​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​កុមារ​មាន​ស្ថានភាព​រស់នៅ ភាព​កក់ក្តៅ និង​ការ​អប់រំ​បាន​ល្អ​ប្រសើរ​ជាង​រស់នៅ​ក្នុង​មណ្ឌល ហើយ​កុមារ​ដែល​ត្រូវ​មក​រស់នៅ​ក្នុង​មណ្ឌល​គួរតែ​ជា​កុមារ​ដែល​គ្មាន​ទីពឹង​ពំនាក់​សូម្បី​តែ​សាច់ញាតិ»។

លោក​ថ្លែង​ថា ​ក្មេង​ខ្លះ​ទៅ​រស់នៅ​ក្នុង​មណ្ឌល​តែ​គាត់​មាន​ទាំង​ឪពុក​មាន​ទាំង​ម្តាយ​គ្រាន់​ឪពុក​ម្តាយ​នេះ​គាត់​ស្ថិត​ក្នុង​ជីវភាព​ក្រ​លំបាក៕

0

Comments

Please, login or register to post a comment