ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​រិះគន់​ចំៗ​ទៅ​លើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​វ័យក្មេង​លោក​ សាយ សំអាល់ ដែល​ជា​កូនប្រុស​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ ឈុំ ពាក់ព័ន្ធ​នឹង​រឿង​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទៅ​ក្នុង​ទន្លេ​ដោយ​លោក​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដែល​អាច​នឹង​បង្ក​ជា​បញ្ហា​ធំ​នាពេល​អនាគត​។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អត្តសញ្ញាណកម្ម​រយៈពេល​ ៣ ​ឆ្នាំ​ពី​ ២០១៤-២០១៧ និង​ទិសដៅ​ការងារ​បន្ត​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​ ២២ ខែ​មករា​លោក ស ខេង ដែល​ក៏​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា​៖ «​ទឹក​ហ្នឹង​គឺ​ចេញ​ពី​ភ្នំពេញ​។ ដូច​អត់​បាន​ដាក់​ចម្រោះ​ ឬ​មិន​បាន​ចម្រោះ​ហើយ​មិន​បាច់​និយាយ​ណា​ទេ​គឺ​នៅ​នឹង​កន្លែង​ក្រសួង​បរិស្ថាន​តែ​ម្តង​។ ចុះ​បើ​គាត់​ធ្វើ​សម្អាត​កន្លែង​ហ្នឹង​មិន​ស្អាត​ផង តើ​ទៅ​សម្អាត​កន្លែង​ណា​ទៀត​។ តើ​ពេល​អនាគត​ទៅ​វា​យ៉ាង​ម៉េច​? រឿង​នេះ​គឺជា​រឿង​ធំ​ណាស់ មិនមែន​ជា​រឿង​តូច​ទេ​»​។

លោក ស ខេង បាន​ថ្លែង​ថា​ ទឹក​ទន្លេ​ដែល​នៅ​ផ្នែក​ខាង​ក្រោម​ភ្នំពេញ​មាន​ភាព​កខ្វក់​គឺ​បណ្តាល​មកពី​ការ​ដែល​នៅ​ភ្នំពេញ​បាន​បញ្ចេញ​ទឹក​កខ្វក់​ដោយ​មិន​បាន​ចម្រោះ។

លោក​រដ្ឋមន្ត្រី​បាន​ប្រៀប​ធៀប​ទឹកទន្លេ​នៅ​ផ្នែក​ខាង​ក្រោម​ភ្នំពេញ​ដូចជា​ព្រែកឯង និង​ខាង​លើ​ភ្នំពេញ ទឹក​គឺ​មាន​ភាព​ខុស​គ្នា​ស្រឡះ​នេះ​គឺជា​បញ្ហា ព្រោះ​ឥឡូវ​ផ្ទះ​ធ្វើ​ ១០ ​ជាន់ ២០ ​ជាន់ និង ៣០ ​ជាន់ តើ​ទឹក​ស្អុយ​ទាំង​នោះ​គេ​បញ្ចេញ​ទៅ​ណា​?

លោក ​សៅ សុភាព ទីប្រឹក្សា​ក្រសួង និង​ជា​នាយក​ខុទ្ទកាល័យ​ឲ្យ​ដឹង​ថា​បញ្ហា​​នៃ​ទឹក​កខ្វក់​គឺ​ក្រសួង​បាន​ខិតខំ​ធ្វើ​ការងារ​នេះ​ជាមួយ​នឹង​ខាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពីព្រោះ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​សំណល់​រឹង​រាវ ជាពិសេស​សំណល់​រឹង​សំរាម​នៅ​តាម​ទីប្រជុំជន និង​សំណល់​រាវ​ដែល​ចេញ​ពី​គេហដ្ឋាន​គឺ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​ន័យ​ថា​សាលា​រាជធានី​ជា​អ្នក​ទទួល​បន្ទុក​លើ​ការងារ​នេះ​។ ឯ​ក្រសួង​បាន​ខិតខំ​ធ្វើ​ការងារ​នេះ​ដោះ​ជា​បន្ទាន់​នូវ​វិធានការ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ហូរ​ចេញ​តាម​ផ្ទះ​។

លោក​និយាយ​ថា​៖ «​ករណី​ខ្លះ​ក៏​មាន​ការ​ចន្លោះ​ប្រហោង​ហើយ​យើង​នឹង​បន្ត​ធ្វើ​ការងារ​ហ្នឹង​បន្ថែម​ទៀត​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ បើ​នៅ​រាជធានី​ភ្នំពេញ​គឺ​សាលា​រាជធានី​ភ្នំពេញ​ដែល​លោក​ត្រូវ​អនុវត្ត​គោលនយោបាយ និង​គោលការណ៍​ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​»​។

លោក​ សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​គណនេយ្យភាព សង្គម និង​អាស៊ី​ប៉ាស៊ីហ្វិក​បាន​លើក​ឡើង​ថា​បញ្ហា​នេះ​គឺជា​បញ្ហា​របស់​ថ្នាក់​រាជធានី​ជា​ជាង​សមត្ថកិច្ច​របស់​ក្រសួង​ទោះបី​ក្រសួង​មាន​ទីតាំង​នៅ​ទីនោះ​ក៏​ពិត​មែន​ព្រោះ​ប្រព័ន្ធ​ទឹក និង​លូ​ផ្សេងៗ​វា​គឺជា​ថា្នក់​ក្រោម​។

លោក​ថ្លែង​ថា​៖ «​វា​គ្រាន់​តែ​ជា​ការ​រិះគន់​ដាស់តឿន​ដើម្បី​ជួយ​រំឭក​គ្នា​ទៅវិញ​ទៅមក​ខ្ញុំ​មិន​គិត​ថា​វា​ជា​ការ​ទះកំផ្លៀង ឬ​ទាត់​កំប៉េះគូទ​ទេ​។ យើង​ឃើញ​ទឹក​ភាគច្រើន​គឺ​ហូរ​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ​ទន្លេ​ច្រើន​ជាង​ដោយសារ​តែ​ការ​លុប​បឹង​ដែល​គ្មាន​កន្លែង​ស្តុប និង​ហូរ​ទៅ​កន្លែង​ចម្រោះ​មិន​ទាន់​»៕