ភ្នំពេញៈ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ថ្មី​មួយ​ដើម្បី​គ្រប់គ្រង​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល អន្តរជាតិ​ជា​អ្វី​ដែល​សង្គម​ស៊ីវិល សម្ដែង​ក្ដីបារម្ភ ខណៈ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​ខ្លួន​មាន​បំណង​ឃ្លាំ​មើល​ការ​អនុវត្ត​របស់​អង្គការ​ទាំងអស់​ឲ្យ​ស្រប​តាម​ច្បាប់​។ នេះ​បើ​តាម​សៀវភៅ​រាជកិច្ច​ក្នុង​ត្រីមាស​ទី​ ៤ ​ឆ្នាំ​ ២០១៧ ​។

តាម​សេចក្ដី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ​ឆ្នាំ​មុន​សរសេរ​ថា​គណៈកម្មាធិការ​នេះ​មាន​ ៣៣ ​រូប​ដោយ​មាន​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក​ ប៉ុល លឹម ​និង​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​លោក​ អ៊ុច បូររិទ្ធ ជា​សហប្រធាន​លោក​ កើត រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ និង​លោក ជូ វិជិត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជា​អនុប្រធាន​ព្រម​ទាំង​មាន​ ២៩ ​រូប​ទៀត​មក​ពី​ស្ថាប័ន​ផ្សេង​។

បើ​តាម​សេចក្ដី​សម្រេច​នេះ​គឺ​គណៈកម្មាធិការ​មាន​ភារកិច្ច​គ្រប់គ្រង​ដើម្បី​ធានា​ការ​អនុវត្ត​ច្បាប់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្រាប់​ស្ថាប័ន​បរទេស​ហើយ​បាន​បញ្ជាក់​អំពី​ភារកិច្ច​ក្រសួង​នីមួយៗ​ច្បាស់លាស់​។

ក្រសួង​សេដ្ឋកិច្ច​មាន​ភារកិច្ច​ពិនិត្យ​តាមដាន​កាតព្វកិច្ច​បង់ពន្ធ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងនោះ ចំណែកឯ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​ស្នើឲ្យ​តាមដាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ផង​ដែរ​។

យ៉ាង​ណា​ក្ដី​លោក ប៉ុល លឹម បាន​ថ្លែង​ថា​៖ «​យើង​មិន​ទាន់​បាន​ជួប​ប្រជុំ​នៅ​ឡើយ​ទេ​។ ​យើង​បាន​បង្កើត​អនុគណៈកម្មាធិការ​ធ្វើការ​ជាមួយ​ក្រសួង​ការបរទេស​ដើម្បី​ពិនិត្យ​មើល​ថា​តើ​អង្គការ​មិនមែន​រដ្ឋាភិបាល​ណា​​ខ្លះ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា និង​ពិនិត្យ​ថា តើ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុន្មាន​នឹង​មាន​មកពី​ប្រទេស​ណា​ខ្លះ​?»​។

កាលពី​ឆ្នាំ​មុន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រសួង​ការបរទេស​អាមេរិក​ត្រូវ​បាន​បិទ​ទ្វារ​​ដោយ​រង​ការ​ចោទ​ថា​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​។

ជាមួយ​គ្នា​នេះ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ក៏​ត្រូវ​បាន​​ជូន​ដំណឹង​ពី​ករណី​បង់​ពន្ធដារ​​ខណៈ​កាសែត The Cambodia Daily ត្រូវ​បាន​បិទ​ទ្វារ​ដោយសារ​ជាប់​ពន្ធ​ ៦,៣ ​លាន​ដុល្លារ​អាមេរិក​។

នៅ​ពេល​សួរ​ថា តើ​នឹង​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ថែម​ទៀត​នឹង​ត្រូវ​ស៊ើបអង្កេត​លោក​​ ប៉ុល លឹម គ្រាន់​តែ​ថ្លែង​ថា​គណៈកម្មាធិការ​នេះ​នឹង​ពិនិត្យ​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ទាំងអស់​ហើយ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំណាត់ការ​នៃ​ការ​ដាក់​ទោស​ទណ្ឌ​ណា​មួយ​នោះ​ទេ​។

លោក​ សន ជ័យ ប្រធាន​អង្គការ​​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែង​ថា​ការ​វិវឌ្ឍ​នេះ​ជា​រឿង​បារម្ភ​ពីព្រោះ​វា​បាន​ធ្វើឲ្យ​ការ​បកស្រាយ​ច្បាប់​ស្តីពី​សមាគម​​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្លាក់​ទៅ​លើ​គណៈកម្មាធិការ​ថ្មី​មួយ​នេះ​៕ NS