Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ មិន​យក​ថ្លៃ​សេវា​សាធារណៈ​ពី​ប្រជាពលរដ្ឋ​ ខណៈ​ការ​បោះឆ្នោត​ជិត​មក​ដល់

Content image - Phnom Penh Post
ឯកសារ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ប្រកាស​បញ្ឈប់​យក​ថ្លៃ​សេវា​ពី​ប្រជាពលរដ្ឋ។ រូបថត ហ្វេសប៊ុក

រដ្ឋាភិបាល​ មិន​យក​ថ្លៃ​សេវា​សាធារណៈ​ពី​ប្រជាពលរដ្ឋ​ ខណៈ​ការ​បោះឆ្នោត​ជិត​មក​ដល់

ភ្នំពេញ: រយៈពេល​ជិត ៥ ខែ​ពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ​ រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ឯកសារ​ចំនួន ៦ ដែល​ចេញ​ដោយ​រដ្ឋ​រួមមាន​ឯកសារ​អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​កំណើត ឥឡូវ​នេះ​នឹង​ធ្វើ​ដោយ​ឥត​គិត​ថ្លៃ ខណៈ​តំណាងរាស្រ្ត​មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​ហៅថា​ការ​ធ្វើ​បែប​នេះ​គឺជា​លក្ខណៈ​នយោបាយ​យ៉ាង​ច្បាស់​ហើយ​នឹង​មិន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​សេវា​សាធារណៈ​ទេ។

ក្រសួង​មហាផ្ទៃ​ កាលពី​ម្សិលមិញ​ បាន​ថ្លែង​ថា​ ខ្លួន​នឹង​ធ្វើការ​ចេញ​សំបុត្រ​កំណើត សំបុត្រ​មរណភាព និង​សំបុត្រ​អាពាហ៍ពិពាហ៍​ដោយ​មិន​គិត​ថ្លៃ ប៉ុន្តែ​ មាន​ការ​ពិន័យ​ប្រសិន​បើ​មិន​ចេញ​ក្នុង​ក្របខ័ណ្ឌ​ពេលវេលា​ដែល​បាន​កំណត់។ ចំណែកឯ​កម្រៃ ១០០០០ រៀល (២,៥ ដុល្លារ) សម្រាប់​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​នឹង​ត្រូវ​លើកលែង​ផង​ដែរ។

អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ ប៉្រុក ម៉ៃឧត្តម (Prok May Oudom) បាន​ថ្លែង​ថា៖ «យើង​នឹង​ចេញ​ប្រកាស​មួយ​ដើម្បី​ចាប់ផ្តើម​អនុវត្ត​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ»។ «យើង​នឹង​ឈប់​យក​កម្រៃ​លើ​ឯកសារ​ទាំង​នេះ​នា​ពេល​ខាង​មុខ​ឆាប់ៗ​ក្នុង​ខែ​មករា​នេះ»។

ខណៈ​អះអាង​ថា​អាជ្ញាធរ​ខេត្ត​ត្រូវ​បាន​ជម្រាប​រួច​ហើយ​អំពី​ព័ត៌មាន​នេះ​កាលពី​ខែ​មុន​លោក ម៉ៃឧត្តម បាន​ថ្លែង​ថា​វា​នឹង «សម្រួល​បន្ទុក» លើ​ពលរដ្ឋ និង​អ្នក​ខ្លះ​ដែល​មិន​មាន​ប្រាក់​ធ្វើ។ លោក​បាន​ថ្លែង​បន្ត​ថា​លោក​មិន​ដឹង​ទេ​ថា​តើ​នឹង​មាន​ផលប៉ះពាល់​ហិរញ្ញវត្ថុ​យ៉ាង​ម៉េច​ចំពោះ​សេចក្តី​សម្រេច​នេះ។

សេចក្តី​សម្រេច​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ដោយ​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស សុខា ដែល​ជា​កូន​ប្រុស​លោក ស ខេង នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​សប្តាហ៍​មុន។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក សុខា បាន​ថ្លែង​ថា​លោក​គ្រាន់​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​សាធារណជន​ប៉ុណ្ណោះ​ហើយ​បង្វែរ​រាល់​សំណួរ​ទាំង​អស់​ទៅ​ក្រសួង​ដោយ​អះអាង​ថា​លោក​មិន​មាន​ពាក់ព័ន្ធ​នៅ​ក្នុង​សេចក្តី​ណែនាំ​នេះ​ទេ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ចំណូល​ថវិកា​ជាតិ​ដែល​បាន​មកពី​កម្រៃ​ទាំង​នេះ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​ថា​ប្រាក់​ដែល​បាន​មកពី​ការ​ចេញ​ឯកសារ​ទាំង​នេះ​គឺ​តិចតួច​ហើយ​មិនមែន​ជា​ការ​បាត់បង់​ថវិកា​ជាតិ​ទេ។

ទាក់ទិន​នឹង​រឿង​នយោបាយ​វិញ​លោក ឥសាន បាន​ថ្លែង​ថា៖ «វា​ចៀស​មិន​រួច​ទេ» ដែល​ជា​គណបក្ស​កាន់​អំណាច​នឹង​ទទួល​អត្ថប្រយោជន៍​ពី​គោលនយោបាយ​ដែល​មាន​ប្រជាប្រិយ​ក្នុង​ចំណោម​ប្រជាជន​ដោយ​ថ្លែង​ថា​ការ​លុប​ចោល​ការ​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​បើកបរ​សម្រាប់​ម៉ូតូ​ក្រោម​កម្លាំង ១២៥ សេសេ និង​ការ​ផ្តល់​តូប​ជា​រៀងរហូត​ដល់​អាជីវករ​នៅ​តាម​ផ្សារ​គឺជា​រឿង​ស្រដៀង​គ្នា​ដែល​អាច​ផ្តល់​ប្រជាប្រិយភាព​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ប្រជាជន​នឹង​មិន​ភ្លេច​អ្នក​ដែល​ផ្តល់​សេវា​ទាំង​នេះ​ដល់​ពួកគេ​ទេ»។ «ប៉ុន្តែ​ពួកគេ​នឹង​មិន​បោះឆ្នោត​ឲ្យ​អ្នក​ជេរ គំរាម និង​ប្រឆាំង​ពួកគេ​ដូចជា​គណបក្ស​ប្រឆាំង​ទេ»។

ទោះ​យ៉ាង​ណា​ក្តី​លោក សុន ឆ័យ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា​ការ​លើក​លែង​កម្រៃ​នេះ​គ្មាន​អ្វី​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ទេ​ហើយ​រឿង​សំខាន់​គឺ​រឿង​ពុករលួយ។

លោក​បាន​ថ្លែង​ថា៖ «បញ្ហា​មិនមែន​រឿង​កម្រៃ​ទេ។ វា​គឺជា​រឿង​ពុករលួយ ហើយ​ត្រូវ​បង់​លុយ​ថែម​ក្រៅ​ផ្លូវការ​ដែល​រដ្ឋាភិបាល​គួរ​ផ្តោត»។

លោក​បាន​ថ្លែង​បន្ត​ថា​ប្រជាពលរដ្ឋ​ត្រូវ​បង់​កម្រៃ​ក្រៅ​ផ្លូវការ ឬ​សំណូក។

លោក​ក៏​បាន​ចោទ​សួរ​ផង​ដែរ​ថា​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី និង​ធ្វើ​ឲ្យ​មាន​ដំណើរការ​ទាំង​នេះ​នៅ​លើ​អនឡាញ​ដើម្បី​ជួយ​កែលម្អ​សេវាសាធារណៈ។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​គិត​ថា​វា​ឥឡូវ​នេះ​ជា​ទម្លាប់ [ក្នុង​ការ​រំពឹង​ថា​នឹង​ទទួល​បាន​សំណូក]។ ខ្ញុំ​មិន​ដឹង​ថា តើ​នៅ​ពេល​ណា​ដែល​ពួកគេ​នឹង​មាន​គ្រប់គ្រាន់» ។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ខណ្ឌ​ដូនពេញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​អ្នក​នាង​ត្រូវ​បាន​អាជ្ញាធរ​សុំ​ឲ្យ​បង់​ប្រាក់​ចំនួន ១០០ ដុល្លារ​ក្នុង​ការ​ប្តូរ​ឈ្មោះ​អ្នកនាង​ និង​ម្តាយ​របស់​អ្នក​នាង​នៅ​ក្នុង​សៀវភៅ​គ្រួសារ​ដែល​តថ្លៃ​ចុះ​សល់ ៥០ ដុល្លារ។

ជាង​នេះ​ទៀត​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​បងប្អូន​ប្រុស​របស់​អ្នកនាង​ត្រូវ​បាន​ដាក់​ចូល​មិន​ត្រឹមត្រូវ​ហើយ​ធ្វើ​ឲ្យ​អ្នកនាង​ចំណាយ​ប្រាក់​ផង​ដែរ។

អ្នកនាង​បាន​ថ្លែង​បន្ត​ថា៖ «ពួកគេ​និយាយ​ថា​ខ្ញុំ​អាច​ព្យាយាម​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​បង់​ប្រាក់ ប៉ុន្តែ​ពួកគេ​មិន​អាច​ធានា​ថា​នៅ​ពេល​ណា​នឹង​ទទួល​បាន​ការ​ប្តូរ​នោះ​ទេ?»។ «តើ​យើង​អាច​ធ្វើអ្វី​បាន?»៕ PS

0

Comments

Please, login or register to post a comment