ភ្នំពេញៈមជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ CCIM បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ថា សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឬសេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ចាប់​តាំងពី​ឆ្នាំ ២០១៧ ខណៈដែល​ស្ថានីយ៍​វិទ្យុ និង​កាសែត​ឯករាជ្យ​មួយ​ចំនួន ​ត្រូវបាន​បង្ខំ​ឲ្យ​ឈប់​ផ្សាយ និង​បិទទ្វារ ហើយ​ការគំរាម​កំហែង​នៅតែ​បន្ត​កើត​មាន។

របាយការណ៍​ចេញផ្សាយ​ថ្ងៃទី ២១ ខែ​កុម្ភៈ CCIM បាន​ស្ទង់​មតិ​លើ​អ្នក​ធ្វើ​ការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​​ចំនួន​ ៧៥ នាក់ ចាប់ពី​ចុងឆ្នាំ ២០១៧ មក។

ក្នុង​របាយការណ៍​នោះ​ អ្នកសារ​ព័ត៌​មាន​ ៨៣​ ភាគ​រយ​​ លើក​ឡើង​ថា សេរីភាព​សារព័ត៌​មានបាន​ធ្លាក់ចុះ ខណៈ​ ១១ ភាគរយ​ទៀត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៅ​កម្ពុជា​ ដើរ​តាម​ផ្លូវត្រូវ។

ក្នុង​របាយការណ៍​នោះ ​ក៏បាន​រកឃើញថា​ អ្នក​សារព័ត៌មាន ៦៧ ភាគ​រយ​ មាន​អារម្មណ៍​ថា​ ពួកគេ​គ្មាន​សេរីភាព​ពេញលេញ​ក្នុងការ​រាយ​ការណ៍​ដោយ​សេរី​នោះ​ទេ។

លោក ណុប វី នាយក​មជ្ឈ​មណ្ឌល​កម្ពុ​ជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា CCIM បាន​ថ្លែងថា ការបិទ​ស្ថានីយ៍​វិទ្យុ​ចំនួន ៣២ ដែល​ផ្សាយ​ព័ត៌មាន​បក្ស​ប្រឆាំង​ ព័ត៌មាន​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋ​អាមេរិក ឬ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ និង​ការប្រើប្រាស់​ការ​ស៊ើប​អង្កេត​ លើ​ការបង់ពន្ធ​ ហើយ​បាន​បិទ​សារព័ត៌មាន​នោះ​ដោយ​រដ្ឋាភិបាល រួមទាំង​ការ​​គំរាមកំហែង និង​ចាប់​អ្នកកាសែត ពីបទ​ញុះ​ញង់ និង​ការផ្តល់ជូន​ឲ្យ​រដ្ឋ​បរទេស ​នូវ​ព័ត៌មាន​ដែល​បង្ក​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ជាដើម ជា​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​មានការ​វាយតម្លៃ​ ពី​សេរី​ភាព​សារព័ត៌ មាន​ធ្លាក់ចុះ​បែបនេះ។

លោក​បញ្ជាក់ថា៖«មុន​ឆ្នាំ ២០១៧ សេរីភាព​សារព័ត៌​មាន នៅ​កម្ពុជា​ ត្រូវបាន​គេ​ចាត់ថ្នាក់​ជា​ប្រទេសមួយ​ ដែល​មាន​សេរីភាព​ជាងគេ​ នៅ​ក្នុង​​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្ដែ​មួយរយៈ​ចុង​ក្រោយនេះ​ធ្លាក់ចុះ​ខ្លាំង​ទៅវិញ»។

លោក ណុប វី បន្ថែម​ថា ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ អង្គការ​សង្គម​ស៊ីវិល ត្រូវ​មាន​ការគាំទ្រ​ដែល​ចាំបាច់ ​ដល់​អ្នក​សារព័ត៌មាន ជាពិសេស​ ផ្តល់​ការគាំទ្រ​ផ្នែក​សុខភាព សុវត្ថិ​ភាព និង​ប្រព័ន្ធ​ឌីជីថល ​ខណៈ​រដ្ឋាភិបាល ​គួរ​បន្ថយ​សម្ពាធ​ដល់​អ្នក​កាសែត ព​ន្លឿ​ន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​គួរតែ​បង្កើត​ស្ថាប័ន​ឯករាជ្យ​ ពី​នយោ​បាយ​ ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​ ដល់​ស្ថាប័ន​ព័ត៌មាន៕