Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រាជរដ្ឋាភិបាល​ដំឡើង​ផ្កាយ​ឲ្យ​មន្ត្រី​យោធា​ ១៣២ ​រូប​​ទៀត

Content image - Phnom Penh Post
ឧត្តមសេនីយ៍​យោធា​នៅក្នុង​ពិធី​មួយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៦ ​​។ ហេង ជីវ័ន

រាជរដ្ឋាភិបាល​ដំឡើង​ផ្កាយ​ឲ្យ​មន្ត្រី​យោធា​ ១៣២ ​រូប​​ទៀត

ភ្នំពេញៈ រដ្ឋាភិបាល​ជាថ្មី​ម្តង​ទៀត​បាន​អនុម័ត​​លើ​ការ​ដំឡើង​ឋានន្តរស័កិ្ត​ដល់​មន្រ្តី​យោធា​ចំនួន ១៣២ រូប​ទៀត​ក្នុង​នោះ​មាន​​ដំឡើង​ឋានៈ​​​ជា​ឧត្តមសេនីយ៍ត្រី​ចំនួន ៨៤ រូប​ទៅ​ជា​​ឧត្តមសេនីយ៍ទោ​ចំនួន ៤៣ នាក់​ និង​ជា​​ឧត្តមសេនីយ៍ឯក​ចំនួន​ ៥ ​រូប​។

ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​នេះ​ត្រូវ​បាន​ប្រកាស​​នៅ​ក្នុង​សៀវភៅ​ព្រះរាជកិច្ច​​ខែ​មករា​ និង​កុម្ភៈ​ខណៈ​​​មន្រ្តី​យោធា​ជាន់​ខ្ពស់​​ថ្នាក់​ឧត្តមសេនីយ៍​ត្រូវ​បាន​គេ​ជឿ​ថា​មាន​​រហូត​ដល់​ជាង ​២០០០​ រូប ឬ​ប្រហែល​ ៣០០០ រូប​។

ប៉ុន្តែ​នៅ​ពេល​​ទាក់ទង​​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ បាន​ការពារ​ការ​ដំឡើង​ឋានៈ​នេះ​។ ​

លោក​បាន​ចោទ​សួរ​​ថា​ «​​តើ​មាន​អ្វី​ខុស​?»​ ​ខណៈ​កាលពី​ឆ្នាំ​ ២០១១​ លោក​បាន​បង្កក​ការ​ដំឡើង​ឋានន្តរស័ក្តិ​ដោយ​ទទួល​ស្គាល់​ថា ​មាន​គម្លាត​រវាង​ឋានន្តរស័ក្តិ​របស់​មន្រ្តី​​មួយ​ចំនួន​ និង​បទពិសោធ​​​ការងារ​របស់​ពួកគេ។ ​ប៉ុន្តែ​នៅ​ពេល​សួរ​អំពី​បញ្ហា​នេះ​​ កាលពី​ម្សិលមិញ ​លោក ទៀ បាញ់ ​បាន​ថ្លែង​ថា​បញ្ហា​​គឺ​ «​​មនុស្ស​​អាក្រក់​និយាយ​​​​បែប​នេះ​ហើយ​​មិន​ផ្តល់​កិត្តិយស​ដល់​អ្នក​ដែល​ធ្វើការ​ និង​បម្រើ​​ជាតិ​»។ ​

លោក​បន្ត​ថា​៖ «​​អ្នក​ដែល​ត្រូវ​បាន​ដំឡើង​ឋានៈ ​ពួកគេ​មាន​ស្នាដៃ​ល្អ​​បម្រើ​ជាតិ​ និង​ប្រទេស​។ ​វា​ក៏​មាន​រយៈពេល​ជាក់លាក់​​ និង​​អតីតភាព​ការងារ​ផង​ដែរ ​[ដែល​ត្រូវ​មាន​​មុន​ពេល​​​ទទួល​បាន​ការ​ដំឡើង​ឋានៈ​]។

ទោះ​យ៉ាង​ណា​ក្តី​ ថ្លែង​មក​កាន់​​ភ្នំពេញ​ប៉ុស្តិ៍​ មន្ត្រី​​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​​ឲ្យ​ដឹង​​ថា​ មាន​មន្រ្តី​វ័យ​ក្មេង​ជាច្រើន​ដែល​បាន​ឡើង​ឋានៈ​ជា​ឧត្តមសេនីយ៍​នៅក្នុង​កងយោធពល​ខេមរភូមិន្ទ។​

មន្រ្តី​ចាស់ៗ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រិះគន់​ការ​​ដំឡើង​ឋានៈ​នេះ​ហើយ​បាន​​ថ្លែង​ថា ការ​ដំឡើង​ឋានៈ​​គឺ​ពាក់ព័ន្ធ​នឹង​លុយ​ និង​ខ្សែ​​បក្ខពួក​។

ឧត្តមសេនីយ៍​ថ្មី​ប្រហែល​ ៥០០ រូប​​​​ត្រូវ​បាន​បន្ថែម​​នៅ​ក្នុង​ឆ្នាំ​កន្លង​មក​ក្នុង​នោះ​​រួម​មាន​មន្រ្តី​ម្នាក់​ក្នុង​ចំណោម​​សមាជិក​បី​នាក់​នៃ​កងអង្គរក្ស​​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​វាយ​តំណាងរាស្រ្ត​​ពីរ​រូប​​របស់​គណបក្ស​ប្រឆាំង​។

ថ្លែង​កាលពី​ម្សិលមិញ​លោក អំ សំអាត ​មន្រ្តី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​រិះគន់​​​ចំពោះ​ការ​ផ្តល់​ការ​ដំឡើង​ឋានៈ​​ដល់​ទាហាន​ដែល​បាន​បង្ក្រាប​បាតុកម្ម​។

លោក សំអាត ថ្លែង​ថា​៖ «​បើ​ធៀប​នឹង​ប្រទេស​ដទៃៗ​យើង​មាន​ផ្កាយ​ច្រើន​ណាស់... [ប៉ុន្តែ​] នេះ​ជា​ផ្នែក​មួយ​នៃ [យុទ្ធសាស្រ្ត​]​​ សម្រាប់​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​​ដើម្បី​ធានា​​ថា​មន្រ្តី​​ទាំង​នោះ​បំពេញ​ និង​គោរព​តាម​បញ្ជា​របស់​រដ្ឋាភិបាល​»៕PS

0

Comments

Please, login or register to post a comment