ភ្នំពេញ ប៉ុស្ដិ៍ | ​លោក​នាយក​រដ្ឋមន្ត្រី៖ កុំ​ភ្ជាប់​អំពើ​ឃាតកម្ម​ជា​បញ្ហា​នយោបាយ ​ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​បន្ត

លោក​នាយក​រដ្ឋមន្ត្រី៖ កុំ​ភ្ជាប់​អំពើ​ឃាតកម្ម​ជា​បញ្ហា​នយោបាយ ​ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​បន្ត

ព័ត៌មានជាតិ

កាលបរិច្ឆេទផ្សាយ:
១២ កក្កដា ២០១៦ | ០៩:៤១

អ្នកយកព័ត៌មាន:
វង្ស សុខេង, ធិក កល្យាណ and ម៉ិច ដារ៉ា

ប្រធានបទផ្សេងៗ

ប្រជាពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ស្តុប​បូកគោ​កាលពី​ថ្ងៃ​អាទិត្យ។

ភ្នំពេញៈនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ភ្ជាប់​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ទៅ​បញ្ហា​នយោបាយ​ដែល​អាច​នឹង​នាំ​មក​នូវ​ភាព​ចលាចល​នៅ​ក្នុង​សង្គម​ ខណៈ​ពេល​ដែល​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។ ការ​អំពាវនាវ​នេះ​បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​កងរាជ​អាវុធហត្ថ​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​របស់​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពី​ថ្ងៃ​ចន្ទ​មួយ​ថ្ងៃ​ក្រោយ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។ លោក ហ៊ុន សែន បន្ត​ថា៖ «នេះ​ដែល​ម្ខាង​ហៅថា​អសមត្ថភាព​នៃ​ការ​ការពារ​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​តែ​ម្ខាង​ទៀត​ត្រូវ​បាន​គេ​លាប​ពណ៌​ភ្លាមៗ​ដែល​មាន​ចរិត​បញ្ហា​ខាង​នយោបាយ​ដូច្នេះ​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​របស់​យើង​នឹង​ទុក​លទ្ធភាព​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ធ្វើ​កិច្ចការ​របស់​គេ​ដោយ​ត្រឹមត្រូវ​ហ្មត់ចត់​ហើយ​ចៀសវាង​បង្វែរ​បញ្ហា​ពី​សោកនាដកម្ម​មួយ​នេះ​ទៅ​ជា​បញ្ហា​ខាង​នយោបាយ​ដែល​នាំ​ឲ្យ​ល្អក់កករ​ទៅ​ដល់​សភាព​ការណ៍​របស់​យើង​សង្ឃឹម​ថា​រឿង​ទាំង​នេះ​អ្នក​នយោបាយ​ផ្សេង​ទៀត​នឹង​មិន​ប្រើប្រាស់​បញ្ហា​ទាំងនេះ​ធ្វើ​ជា​បញ្ហា​នយោបាយ​អុជអាល​ដែល​នាំ​ឲ្យ​ជាតិ​ចលាចល​នោះ​ទេ»។ លោក​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​សុំ​យក​ឱកាស​នេះ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងៀម​ និង​ទុក​លទ្ធភាព​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ធ្វើការ​របស់​គេ​ដោយ​ពេញលេញ។ ខ្ញុំ​គិត​ថា​តើ​នរណា​នឹង​ទទួល​ផលចំណេញ​ពី​សោកនាដកម្ម​ដែល​បាន​កើតឡើង​នេះ​ហើយ​អ្នក​ណា​នឹង​ទទួល​ផលខាត​ រាជរដ្ឋាភិបាល​ពិតជា​ទទួល​នូវ​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មុខមាត់»។ លោក​ចាត់​ទុក​អំពើ​ឃាតកម្ម​នេះ​គឺជា​រឿង​អកុសល​ដែល​បាន​កើតឡើង​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បាញ់​ប្រហារ​យ៉ាង​ព្រៃផ្សៃ​មួយ​ពី​ឃាតករ​ចំពោះ​លោក​បណ្ឌិត កែម ឡី ហើយ​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រោយ​ពី​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ បញ្ហា​នេះ​រដ្ឋាភិបាល​បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​ព្រៃផ្សៃ​នេះ​ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់ និង​ជន​ឃុបឃិត​ទាំង​ឡាយ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​បន្ត​ថា៖ «អ្វី​ទៅ​ដែល​គេ​ហៅថា​ជា​ការ​ខាតបង់​នេះ​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​មុខមាត់​របស់​រាជរដ្ឋាភិបាល​តែ​ម្ដង​តើ​អ្នក​ណា​នឹង​ទទួល​ផលចំណេញ​អំពី​រឿង​បែប​នេះ​កើតឡើង​នៅ​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​និយាយ​អំពី​សន្តិភាព និង សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ចំណុច​នេះ​ខ្ញុំ​គិត​ថា​វា​ហាក់​ដូចជា​ការ​ផ្ចាញ់ផ្ចាល​មួយ​សម្រាប់​យើង​នេះ​ជា​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មុខមាត់​របស់​រាជរដ្ឋាភិបាល​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ»។ លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​ផង​ដែរ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ថា​បាន​កើតឡើង​នូវ​អំពើ​មួយ​ចំនួន​វា​បាន​ជះឥទ្ធិពល​ទៅ​លើ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​ដោយ​ឃាតកម្ម​ ការ​ប្លន់​ប្រដាប់​អាវុធ​បាន​កើតឡើង​បន្តបន្ទាប់​ដែល​ជា​បញ្ហា​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ដើម្បី​នឹង​ធ្វើ​ប្រតិបតិ្តការ​ពង្រឹង​សន្តិសុខ​ឡើង​វិញ​សម្រាប់​ក្របខ័ណ្ឌ​ផ្ទៃ​ប្រទេស។ លោក​ថ្លែង​ថា៖ «ប្រទេស​របស់​យើង​ងាយ​ណាស់​ពី​ការ​ប្រែ​ពណ៌​ពី​ឧក្រិដ្ឋកម្ម​ទៅ​ជា​រឿង​នយោបាយ​យើង​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​របស់​យើង​នឹង​មិន​ប្រែ​ក្លាយ​បញ្ហា​ឧក្រិដ្ឋកម្ម​បែប​នេះ​ទៅ​ជា​រឿង​នយោបាយ​នោះ​ទេ»។ លោក ហ៊ុន សែន បាន​ដាក់​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​ពង្រឹង​សន្តិសុខ​ឡើង​វិញ​ដោយ​ចាត់​វិធានការ​ប្រឆាំង​នឹង​ឃាតកម្ម​ប្លន់​ប្រដាប់​អាវុធ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​គ្រប់​រូប។ ទោះ​យ៉ាង​ណា​ក៏ដោយ​សង្គម​ស៊ីវិល​ប្រមាណ ៧០ អង្គការ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ម្សិលមិញ​ផង​ដែរ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ឆាប់​រហ័ស ឯករាជ្យ និង​ហ្មត់ចត់​ទៅ​លើ​ការ​ស្លាប់​អ្នក​វិភាគ​ឯករាជ្យ​នេះ។

ព្រះសង្ឃ និង​សាធារណជន​ច្រើន​កុះករ​ចូលរួម​បុណ្យ​សព​លោក កែម​ ឡី ពី​ម្សិលមិញ។ហេង ជីវ័ន

លោកស្រី ទេព វន្នី អ្នក​តំណាង​សហគមន៍​បឹងកក់​បាន​ភ្ជាប់​ការ​សង្ស័យ​លើ​ឃាតកម្ម​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក កែម ឡី បាន​ធ្វើ​អត្ថាធិប្បាយ​តាម​វិទ្យុ​អំពី​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​អន្តរជាតិ​គ្លូបលវីតណេស។ លោកស្រី​បន្ត​ថា៖ «លោក កែម ឡី ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិ​មនុស្ស​ យុត្តិធម៌​ និង​ចង់​ឲ្យ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ហើយ​ឥឡូវ​នេះ​យើង​ទាមទារ​យុត្តិធម៌​ជូន​លោក​គ្រួសារ​លោក និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​គ្នា»។ លោកស្រី ណាលី ពីឡូក នាយិការង​អង្គការ​លីកាដូ​បាន​ថ្លែង​ថា​ការ​ស្លាប់​លោក កែម ឡី គឺជា​ការ​បាត់បង់​ដ៏ធំធេង​មួយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោកស្រី​បន្ត​ថា៖ «ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​មិន​មាន​ការ​ភ័យខ្លាច»។ លោក ប៊ុយ ប៊ុន មេឃុំ​នភាស ស្រុក​អង្គរជុំ បាន​ឲ្យ​ដឹង​ថា​លោក​មិន​ស្គាល់​ឈ្មោះ​​ ជួប សម្លាប់ នោះ​ទេ​ប៉ុន្តែ​ពេល​បាន​ឃើញ​រូប​ជន​ដៃដល់​ក៏​បាន​ដឹង​ថា​បុរស​នេះ​ឈ្មោះ​ អឿត អាង ដែល​ជា​អ្នក​នៅ​ក្នុង​ឃុំ​នេះ។ បើ​តាម​មេឃុំ​បុរស​នេះ​ធ្លាប់​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ក្រឡាញ់​អស់​រយៈពេល ៦ ទៅ ៧ ខែ និង​បាន​ទៅ​ស្នាក់នៅ​វត្ត​ផ្សេង​នៅ​ស្រុក​វ៉ារិន​ប្រហែល​មួយ​ឆ្នាំ​​ និង​បន្ត​ទៅ​កន្លែង​ផ្សេង​ទៀត​នៅ​ស្រុក​អង្គរជ័យ។ លោក​ថ្លែង​ថា៖ «មាន​បញ្ហា​រឿង​លុយកាក់​ជាមួយ​គណៈកម្មការ​វត្ត​ជាមួយ​កូនស្រី​គណៈកម្មការ​ដែល​នាង​បាន​បឹ្តង​ទៅ​ប៉ុន្តែ​ក្រោយ​ពី​ការ​ស៊ើបអង្កេត​ទៅ​វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ»។ លោក​បន្ត​ថា​លោក​ក៏​មិន​ដែល​ស្គាល់​ឈ្មោះ​លោក កែម ឡី ឬ​មាន​នរណា​និយាយ​ពី​ កែម ឡី ក្នុង​ឃុំ​នោះ​ដែរ។ លោក​មេឃុំ​ថ្លែង​ថា៖ «(ជន​ដៃដល់) ជា​មនុស្ស​មកពី​គ្រួសារ​ក្រីក្រ​ហើយ​គ្មាន​អង្គការ​អី​ទេ។ យើង​ក៏​មិន​ដឹង​ថា​តើ​គាត់​ស្គាល់​លោក កែម ឡី ដោយ​របៀប​ណា​ដែរ។ អ៊ីចឹង​ពលរដ្ឋ​ក៏​ភ្ញាក់​គ្រប់​គ្នា​មិន​នឹក​ស្មាន​ថា​គាត់​ឡើង​ទៅ​ភ្នំពេញ​អ៊ីចឹង​ដែរ»។ មេឃុំ​ចាំ​ថា​ឈ្មោះ អឿត អាង ធ្លាប់​ជា​មន្ត្រី​បរិស្ថាន​អស់​ពេល ១ ឆ្នាំ​ហើយ​ក៏​ជា​អតីត​យោធា​ខ្មែរ​ក្រហម​ហើយ​គាត់​បម្រើ​យោធា​រហូត​ដល់​ឆ្នាំ ២០១០។ គាត់​ក៏​មាន​ប្រពន្ធ​ហើយ​លែង​គ្នា​ផង​ដែរ​មុន​ធ្វើ​ជា​លោក​សង្ឃ​នោះ»។ ក្រោយ​ពី​លាចាក​សិក្ខាបទ​ជនល្មើស​បាន​រៀបការ​ជាមួយ​ស្ត្រី​ផ្សេង​ទៀត​ប្រហែល ២ ខែ​មុន​ប៉ុណ្ណោះ។ គាត់​មិន​ដែល​ធ្វើបាប ឬ​គំរាម​នរណា​នោះ​ទេ និង​ធ្លាប់​ធ្វើ​បុណ្យ​ទាន​ជាមួយ​ពលរដ្ឋ​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ​ជនល្មើស អឿត អាង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ម្សិលមិញ​នេះ​ប៉ុន្តែ​ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​មក​ក៏​ត្រូវ​ដឹក​បញ្ជូន​ត្រឡប់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វិញ។

ប្រពន្ធ​ជនសង្ស័យ​សម្លាប់​លោក កែម ឡី នៅ​ស្រុក​កំណើត​ម្សិលមិញ។ រូបថត ធិក កល្យាណ

លោក លី សុផាណា អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​អយ្យការ​សាលា​ដំបូង​បាន​ទទួល​យក​សំណុំ​រឿង​នេះ​មក​ពិនិត្យ។ ទោះ​យ៉ាង​ណា​លោក​មិន​បាន​ប្រាប់​ពី​ឈ្មោះ​អយ្យការ​រូប​ណា​ដែល​កំពុង​ធ្វើការ​ទេ។ លោក​គ្រាន់​តែ​ថ្លែង​ថា៖ «អយ្យការ​បាន​ទទួល​សំណុំ​រឿង​ឃាតកម្ម​ទៅ​លើ​លោក កែម ឡី ហើយ​កំពុង​ពិនិត្យ​ឯកសារ និង​ភ័ស្តុតាង​នៅ​ក្នុង​សំណុំ​រឿង និង​សួរ​ចម្លើយ​ជនល្មើស​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត»។ អ្នកស្រី ហឿម ហ៊ត់ អាយុ ៤៥ ឆ្នាំ​អ្នកស្រី​ជា​អ្នក​លក់​សាច់ជ្រូក​រស់នៅ​ក្នុង​ភូមិ​នគរភៀស ឃុំ​នគរភៀស​ទើប​តែ​រៀបការ​ជាមួយ​ជន​សង្ស័យ​កាលពី​ពីរ​ខែ​មុន​បាន​និយាយ​ថា​ប្ដី​គាត់​ធ្វើការ​នៅ​អង្គការ​បរិស្ថាន​តែ​មិន​ដឹង​ថា​អង្គការ​នោះ​ឈ្មោះ​អ្វី​នោះ​ទេ។ «ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី​របស់​ខ្ញុំ អឿត អាង កាល​ពីរ​ខែ​មុន​ហើយ​យើង​បាន​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​ភូមិ​នគរភៀស។ «គាត់​ជា​មនុស្ស​ល្អ​នៅ​ក្នុង​ភូមិ​នេះ​ប៉ុន្តែ​គាត់​ចូលចិត្ត​និយាយ​ច្រើន។ គាត់​ធ្លាប់​បួស​ជា​សង្ឃ​ហើយ​គាត់​ចេះ​ជួយ​អ្នកភូមិ​ដទៃៗ​ខ្លាំង​ណាស់។ អ្នកស្រី​បាន​អះអាង​ថា​កាលពី​ថ្ងៃ​ទី ១ កក្កដា​ប្ដី​របស់​គាត់​បាន​ប្រាប់​ថា​គាត់​មាន​អ្វី​មួយ​ដែល​ត្រូវ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ហើយ​គាត់​នឹង​ត្រឡប់​មក​វិញ​នា​ពេល​ឆាប់ៗ​ប្រហែល​នៅ​ថ្ងៃ​ទី ១០ កក្កដា។ «ពី​មុន​ពេល​គាត់​ទៅ​ទី​នោះ​គាត់​មិន​បាន​និយាយ​ ឬ​ធ្វើអ្វី​ចម្លែក​ទេ​នៅ​ពេល​អ្នក​ភូមិ​ប្រាប់​ខ្ញុំ​ថា​ប្តី​របស់​ខ្ញុំ​សម្លាប់​មនុស្ស ខ្ញុំ​មិន​ជឿ​ព្រោះ​ខ្ញុំ​ដឹង​ថា​ប្តី​របស់​ខ្ញុំ​ជា​មនុស្ស​ល្អ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ឃើញ​វីដេអូ​នៅ​លើ​ហ្វេសប៊ុក​ថា​គាត់​ជា​ប្តី​របស់​ខ្ញុំ។ ខ្ញុំ​មាន​ការ​រន្ធត់​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​គាត់​មាន​កាំភ្លើង​ហើយ​សម្លាប់​មនុស្ស​ដូច​នោះ​ទេ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​អាច​ជឿ​ថា​គាត់​ហ៊ាន​ធ្វើ​អំពើ​ព្រៃផ្សៃ​ដូច​នោះ​ទេ»។ អ្នកស្រី​បាន​អះអាង​ថា​តាំងពី​ស្គាល់​ប្ដី​រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​មិន​ដែល​ឮ​គាត់​និយាយ​អំពី​ឈ្មោះ កែម ឡី និង​អ្វី​ពាក់ព័ន្ធ​នឹង​គាត់​ទាល់​តែ​សោះ។ អ្នកស្រី ឯម តាប់ អាយុ ៦៤ ឆ្នាំ​ដែល​ជា​ម្តាយ​របស់ អឿត អាង រស់​នៅ​ក្នុង​ភូមិ​ទន្លេស ឃុំ​នគរភៀស​បាន​ថ្លែង​ថា​កូន​ប្រុស​អ្នកស្រី​ជា​មនុស្ស​ល្អ និង​គោរព​មនុស្ស​ចាស់​នៅ​ក្នុង​ភូមិ​និង​ជា​ធម្មតា​តែងតែ​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​អ្នកភូមិ។ «ខ្ញុំ​មិន​ដែល​ឃើញ​ឥរិយាបថ​ចម្លែក ឬ​ឈ្លើយ​របស់​កូន​ទេ។ គាត់​ជា​មនុស្ស​ល្អ​ហើយ​គាត់​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម និង​ធ្លាប់​បួស​ជា​សង្ឃ​រយៈពេល​បួន​ឆ្នាំ​នៅ​ក្នុង​វត្ត​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​នៅ​វត្ត​ក្រឡាញ់ ស្រុក​អង្គរជុំ វត្តកំបោរ ក្នុង​ស្រុកវ៉ារិន និង​ភ្នំតាណោន ក្នុង​ស្រុក​អង្គរជុំ​បន្ទាប់ពី​គាត់​លែង​ប្រពន្ធ​ទី​មួយ​ក្នុង​ឆ្នាំ ២០១២ គាត់​មក​លេង​ខ្ញុំ​ម្តង​ក្នុង​មួយ​ខែ​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ឮ​គាត់​និយាយ​អ្វី​អំពី​មនុស្ស​នោះ [កែម ឡី] រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ជឿ​អ្វី​ដែល​អ្នក​ភូមិ​និយាយ​ថា​គាត់​សម្លាប់​មនុស្ស​នៅ​រាជធានី​ភ្នំពេញ​ទេ។ ខ្ញុំ​មិន​ជឿ​ទាល់​តែ​សោះ»។ កាលពី​ម្សិលមិញ​គេ​ឃើញ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​គណបក្ស​ផ្សេង​ទៀត​ព្រម​ទាំង​ព្រះសង្ឃ និង​សាធារណជន​រាប់​ពាន់​នាក់​បាន​ចូលរួម​កាន់ទុក្ខ​ក្នុង​ពិធី​បុណ្យ​សព​លោក កែមឡី ដែល​តម្កល់​នៅ​វត្តចាស់៕

ទស្សនៈ​សាធារណជន

សាធារណជន​ជាច្រើន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​សុទ្ធតែ​បាន​សម្តែង​នូវ​ភាព​តក់ស្លុត និង​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ​ដោយ​ពួកគេ​យល់​ថា​ការ​បាញ់​សម្លាប់​នេះ​គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​មិន​មែន​ជា​រឿង​ជំពាក់​ប្រាក់​នោះ​ទេ។

លោក តែ មករា អាយុ​ ៣៩ ​​ឆ្នាំ​អ្នក​រត់​តុកតុក ខ្ញុំ​កំពុង​ហូប​នំបញ្ចុក​ពេល​ថ្ងៃត្រង់​ ឮ​មិត្តភក្តិ​រត់​ម៉ូតូ​ឌុប​និយាយ​ថា​គេ​បាញ់​សម្លាប់​លោក កែម ឡី។ ខ្ញុំ​ទើប​តែ​ហូប​បាន​ ២ ​ម៉ាត់ ស្លុត លេប​លែង​ចូល ពិបាក​ទប់​ចិត្ត​មែនទែន​ព្រោះ​​គាត់​ជា​មនុស្ស​ល្អ។ គាត់​និយាយ​អី​ចំៗ​គោលដៅ​បើ​និយាយ​រឿង​កាប់​ព្រៃ​ គាត់​ថា​គេ​កាប់​ព្រៃ។ ខ្ញុំ​នឹង​ទៅ​កន្លែង​តម្កល់​សាកសព​គាត់​។ វា​មិនមែន​រឿង​ជំពាក់​លុយ​ទេ។ ខ្ញុំ​ជឿ​ថា​មាន​គេ​ជួល​មនុស្ស​ឲ្យ​សម្លាប់​គាត់។ ខ្ញុំ​អត់​ជឿ​អ្នក​ដែល​គេ​ចាប់​បាន​មាន​លុយ​ ៣ ​ពាន់​ដុល្លារ​ទេ។ ខ្ញុំ​គិត​ថា​រឿង​នេះ​ជា​រឿង​នយោបាយ​ច្រើន​ជាង៕

ព្រះតេជគុណ ចាន់ សម្ផស្ស អាយុ​ ២៤ ឆ្នាំ អាត្មា​ធ្លាប់​ស្តាប់​គាត់​វិភាគ​ដែរ។ គាត់​គឺ​ដូច​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គម​ហើយ​គាត់​មាន​គំនិត​ និង​ឆន្ទៈ​ស្នេហា​ជាតិ ជាតិ​និយម។ អាត្មា​ឮ​ព័ត៌មាន​ហ្នឹង​គិត​ថា​យើង​បាត់បង់​បញ្ញវន្ត​ម្នាក់​ទៀត​ហើយ។ កម្រ​បណ្តុះ​បណ្តាល​បាន​មនុស្ស​ល្អ​អ៊ីចឹង​ណាស់។ ការ​សម្លាប់​គាត់​គឺ​ប្រៀប​ដូច​កំណាព្យ​លោក​ គង្គ ប៊ុនឈឿន អំពី​វប្បធម៌​ក្ដិច​ត្រួយ​គឺ​អ្នក​ណា​លេចធ្លោ​ដឹង​ពី​សង្គម​ច្រើន​បន្តិច​គេ​មិន​ឲ្យ​បាន​សុខ​ទេ។ គួរ​ឲ្យ​សោកស្តាយ​អ្នក​មាន​គំនិត​ជាតិ​និយម​ និង​ស្នេហា​ជាតិ។ ការ​សម្លាប់​នេះ​ហាក់​ដូចជា​ការ​គំរាម​អ្នក​ផ្សេង​មិន​ឲ្យ​ហ៊ាន​និយាយ។ នៅ​ស្រុក​ខ្មែរ​មាន​អ្នក​ចេះដឹង​ច្រើន​តែ​មាន​ឆន្ទៈ​ជាតិ​និយម​អត់? គាត់​​មិន​ហ៊ាន​និយាយ​ទេ៕

លោក រតនា អាយុ ២៤ ឆ្នាំ​និស្សិត​ច្បាប់ ម៉ោង​ប្រហែល​ ១១ ខ្ញុំ​ដឹង​ព័ត៌មាន​ហើយ​វា​កើត​ឡើង​នៅ​ជិត​ផ្ទះ​របស់​ខ្ញុំ​តែ​ខ្ញុំ​មិន​បាន​ទៅ​មើល​ទេ​ព្រោះ​អ្នក​នយោបាយ​ខ្លាច​ក្រែង​មាន​គេ​ដាក់​គ្រាប់បែក​អី​ទៅ។ ខ្ញុំ​មាន​ការ​សោកស្តាយ​​ និង​ភ្ញាក់ផ្អើល​ពេល​ដឹង​ដំណឹង​នេះ។ តែ​ខ្ញុំ​គិត​ថា​យើង​កុំ​ទាន់​ជ្រួល​ច្របល់​សូម​បងប្អូន​ចាំ​មើល​វិធានការ​របស់​រដ្ឋាភិបាល​សិន​ថា​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​ពិតប្រាកដ។ ជនសង្ស័យ​ដែល​គេ​ចាប់​បាន​ខ្ញុំ​អត់​ជឿ។ វា​ប្រៀប​ដូចជា​គេ​លេង​ល្ខោន​ឲ្យ​យើង​មើល​អ៊ីចឹង​គឺ​គេ​ធ្វើ​ឲ្យ​យើង​អស់​ចិត្ត​មួយ​ភ្លែត​​សិន។ ត្រង់​ថា​ម្ចាស់​បំណុល​មក​សម្លាប់​កូន​បំណុល​វា​អត់​សម​ហេតុផល​បាត់​ទៅ​ហើយ​វា​មិន​ដែល​​គាត់​មាន​លុយ​ទៅ​ទិញ​កាំភ្លើង​ថ្លៃ​អ៊ីចឹង​ទេ។ ខ្ញុំ​គិត​ថា​យើង​ពលរដ្ឋ​កុំ​ទាន់​បញ្ចេញ​កំហឹង​ភ្លាមៗ​តែ​មិន​មែន​មិន​អើពើ​ទេ​តែ​យើង​ត្រូវ​ធ្វើ​តាម​សន្តិវិធី។ ខ្ញុំ​សំណូមពរ​ឲ្យ​បងប្អូន​មាន​ភាព​ស្ងប់ស្ងាត់។ ខ្ញុំ​ជឿ​ថា​មនុស្ស​ភាគច្រើន​ដឹង​ថា​រឿង​ហ្នឹង​វា​កើតឡើង​ដោយសារ​អី​ហើយ៕

ផាន់ ម៉ុន អាយុ​ ៤៦ ឆ្នាំ​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​កណ្តាល សោកស្តាយ​នោះ​​វា​សោកស្តាយ​មែនទែន​គាត់​មាន​ចំណេះដឹង។ អនាគត​ទៅ​អត់​មាន​អ្នក​ដឹកនាំ​ប្រទេស​ដែល​ចេះ​ដឹង​ទេ។ ខ្ញុំ​ឮ​ព័ត៌មាន​តាម​អ្នក​លក់ តាម​ហ្វេសប៊ុក​តែ​ទៅ​ដល់​ផ្ទះ​ខំ​បើក​ទូរទស្សន៍​មើល​តែ​អត់​ឃើញ​ផ្សាយ។ បើ​ចាប់​ឃាតករ​បាន​ហើយ​ម៉េច​រក​មេខ្លោង​មិន​ឃើញ? អ៊ីចឹង​មាន​តែ​ឃាតករ​ស៊ីឈ្នួល។ ខ្ញុំ​អត់​ជឿ​សោះ​ថា​មុខមាត់​លោក​ កែម ឡី ជំពាក់​លុយ​គេ​បើ​គាត់​ឲ្យ​លុយ​គេ​ជំពាក់​យើង​ជឿ។ ទើប​តែ​ឃើញ​គាត់​ប៉ុន្មាន​ថ្ងៃ​មុន​សោះ។ គិត​ថា​អស់​ពី​គាត់​ទៅ​អត់​មាន​អ្នក​ណា​ចេះដឹង​ទេ​មាន​​តែ​អ្នក​នាំ​ថ្នាំ​ញៀន​ចូល នាំ​ម៉ា ហិតកាវ។ អនាគត​ទៅ​ស្រុក​ខ្មែរ​សល់​ប៉ុន​នេះ (កូន​ដៃ)​។ ខ្ញុំ​ក្តុកក្តួល​សោកស្តាយ​ណាស់​អ្នក​ចេះដឹង​មិន​ងាយ​រក​បាន​ទេ​ តស៊ូ​​ខំរៀន​យូរ​ណាស់​អស់​លុយ​ច្រើន​ណាស់​ទើប​បាន​ជា​បណ្ឌិត៕

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com