Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចង់​ដោះស្រាយ​បញ្ហា​ជា​កញ្ចប់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក

Content image - Phnom Penh Post
លោក ហ៊ុន សែន ពេល​ជួប​ជាមួយ​កម្មករ​ពី​ថ្ងៃ​សុក្រ​។ រូបថត ហ្វេសប៊ុក

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចង់​ដោះស្រាយ​បញ្ហា​ជា​កញ្ចប់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក

ភ្នំពេញៈ បន្ទាប់ពី​មាន​ភាព​តានតឹង​ជាមួយ​នឹង​មហាអំណាច​អាមេរិក​មក​នោះ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ​ក្នុង​ការ​ចង់​ដោះស្រាយ​បញ្ហា​បញ្ជូន​អ្នក​ទោស​ខ្មែរ​នៅ​អាមេរិក ការ​ផ្អាក​ទិដ្ឋាការ និង​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​នៅ​សេសសល់​លើ​ទឹកដី​កម្ពុជា​ចំនួន ៤៩ នាក់​ទៀត​។

ក្នុង​ពេល​សំណេះ​សំណាល​ជាមួយ​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ចោទសួរ​ទៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt ពី​ការ​ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​​និយាយ​ថា ​អាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​រៀបចំ​គម្រោង​ធ្វើការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា ក្រោយពី​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ​។

ការ​ចោទសួរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ថា​ការ​ចោទប្រកាន់​អាមេរិក​ថា​នៅ​ពី​ក្រោយ​ខ្នង​នោះ​គឺ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​សួរ​ឯកឧត្តម​ឲ្យ​ឆ្លើយ​បំភ្លឺ​ តើ​សម្ដី កឹម សុខា​ត្រឹមត្រូវ ឬ​អត់​? ព្រោះ​យើង​មិន​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ទេ​។

ប៉ុន្តែ​ កឹម សុខា ទេ ជា​អ្នក​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ដែល​បាន​ណែនាំ​ពី​វិធី​ផ្តួលរំលំ ផ្លាស់ប្តូរ តាម​របៀប​នៅ​យូហ្គោស្លាវី​ ហើយ​បញ្ជូន​សាស្ត្រាចារ្យ មក​អនុវត្ត​នៅ​​កម្ពុជា​។ តើ​មែន​ ឬ​មិនមែន​? តើ កឹម សុខា ចោទ​អាមេរិក ឬ​អាមេរិក​ចោទ កឹម សុខា​?»​។

លោក​បន្ត​ថា បើ​សម្ដី​លោក កឹម សុខា ជា​សម្ដី​ពិត​នោះ​ប្រធានាធិបតី​អាមេរិក​ទាំង ៥ តាំង​ពី​ជំនាន់​លោក​ ប៊ូស​, គ្លីនតុន​, W.Bush, អូបាម៉ា និង​ដូណាល់ ត្រាំ ត្រូវ​ចេញ​មក​បកស្រាយ​ដែរ​។

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ខ្លាំងៗ​ថា​៖ «​តើ​ឯកឧត្តម​ត្រូវ​តែ​ច្បាស់​យក​សម្ដី កឹម សុខា ​ទៅ​បញ្ជាក់​។ នេះ​សម្រាប់​កម្ពុជា​ច្បាប់​របស់​ខ្លួន​គឺជា​អំពើ​ក្បត់ជាតិ​...​តើ​បុគ្គល​ម្នាក់​បាន​ទទួល​បទបញ្ជា​ពី​អាមេរិក​បែប​នេះ ឬ​ក៏​ កឹម សុខា និយាយ​ភូត​? រឿងរ៉ាវ​ដែល​នាំ​ដល់​ចាប់ កឹម សុខា នៃ​អំពើ​ក្បត់ជាតិ​គឺ​ផ្តើម​ចេញ​ពី​បញ្ហា​ហ្នឹង ...​កឹម សុខា ទទួល​ស្គាល់​ខ្លួនឯង​តើ​! ​គ្មាន​អ្នក​ណា​ទៅ​វាយ​ កឹម សុខា ​ឲ្យ​និយាយ​»​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ​ស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​ស្រាវជ្រាវ​ពី​វត្តមាន​នៃ​ជនជាតិ​អាមេរិក​ទាំងឡាយ​ដែល​សង្ស័យ​ថា​បាន​ធ្វើ​ចារកម្ម​​នៅ​ពី​ក្រោយ​ និង​មុន​បញ្ហា​ឆ្នាំ ២០១៣ ​។

លោក​ថ្លែង​ថា​៖ «​តើ​អ្នក​ណា​ខ្លះ​បាន​ចូល​មក​កម្ពុជា​? ពី​មុន​មក​យើង​បាន​ដឹង​។ ចារកម្ម​ ២ ​នាក់​បាន​មក​បញ្ជា សូម្បី​តែ​ផ្លូវ​វេងស្រេង​ក៏​មាន​បាត​ដៃ​ជន​ ២ ​នាក់​នេះ​ដែរ​។ កម្ពុជា​គ្មាន​ចេតនា​រក​រឿង​ជាមួយ​នឹង​អាមេរិក​ទេ​។ ប៉ុន្តែ​សូម​អាមេរិក​កុំ​មើល​កម្ពុជា​ក្នុង​កែវ​ភ្នែក​អាក្រក់​»​។

បន្ថែម​ពី​នោះ​លោក ហ៊ុន សែន ក៏​បាន​សុំ​ឲ្យ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ធ្វើការ​ពន្យល់​ពី​ការ​ប្រកាស​របស់​ខ្លួន​ដែល​ឲ្យ​ពលរដ្ឋ​អាមេរិក​នៅ​កម្ពុជា ធ្វើការ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​សន្តិសុខ​ផង​ដែរ​ដោយ​បាន​ថ្លែង​ថា​៖ «​តើ​ឯកឧត្តម​មាន​ភ័ស្តុតាង ឬ​ព័ត៌មាន​ដែល​បង្ហាញ​ពី​ការ​វាយ​ភេរវកម្ម​អាយស៊ីស ឬ អាល់កៃដា​នៅ​កម្ពុជា​ឬ​? បើ​សិន​មាន​ម៉េច​ឯកឧត្តម​មិន​ចែក​រំលែក​នៅ​កម្ពុជា​ក្នុង​ឋានៈ​ជា​ដៃគូ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ឬ​ឯកឧត្តម​ត្រៀម​បម្រុង ដើម្បី​បាញ់​មីស៊ីល​ចូល​កម្ពុជា​?»​។

ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ដែល​កម្ពុជា​ផ្អាក​កិច្ចសហការ​ជាមួយ​អាមេរិក​ក្នុង​ការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់​ខ្លួន​នៅ​កម្ពុជា​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ៧០ មក​នោះ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​ទាហាន​អាមេរិក​បាន​បាត់​ខ្លួន​នៅ​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​ចំនួន​ ៩០ នាក់ តែ ៤១ នាក់​បាន​រកឃើញ ហើយ​​នៅ​សល់​ចំនួន​ ៤៩ ​នាក់​ទៀត​។ ភាគី​ទាំង​ ២ គ្រោង​នឹង​រុករក​បន្ត​នៅ​ខេត្ត​ស្វាយរៀង រតនគិរី និង​មណ្ឌលគិរី​ជាដើម​។

លោក​បញ្ជាក់​ថា​៖ «​អ្នក​ឯង​ចេះ​ធ្វើ​មក​លើ​ខ្ញុំ​។ ខ្ញុំ​ក៏​ចេះ​ធ្វើ​ទៅ​លើ​អ្នក​ឯង​វិញ​ដែរ​។ នេះ​ជា​ការ​ឆ្លើយតប ១ ​ទៅ​ ១ ​មក​តែ​ប៉ុណ្ណឹង​ទេ​។ ៤៩ នាក់​ទៀត​សល់​ទុក​សិន​។ មន្ត្រី​កម្ពុជា​ផ្អាក​ការងារ​សិន​។ បើក​ការ​ចរចា​ជា​កញ្ចប់​។ បើ​សិន​ជា​បាន​។ អ្នក​ឯង​ផ្តល់​ទិដ្ឋាការ​ឲ្យ​ខ្ញុំ ខ្ញុំ​ផ្តល់​កិច្ចសហការ​រុករក​ខ្មោច​ឲ្យ​អ្នក​ឯង​។ ប៉ុណ្ណឹង​»​។

ការ​សម្រេច​ផ្អាក​នេះ​បាន​កើតឡើង បន្ទាប់ពី​អាមេរិក​បាន​ផ្អាក​ចេញ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​នៅ​ក្រសួង​ការបរទេស​ដើម្បី​ឲ្យ​កម្ពុជា​ទទួល​យក​អតីត​អ្នក​ទោស​កម្ពុជា​នៅ​អាមេរិក​ចំនួន ៥៦៦ នាក់​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​កម្ពុជា​បាន​និង​កំពុង​តែ​ទទួល​ពលរដ្ឋ​ទាំង​នោះ​ជា​បន្តបន្ទាប់ ហើយ​ក្នុង​ចំណោម​នោះ​មាន​ ៤ ​នាក់​បាន​ធ្វើ​អត្តឃាត​ដោយសារ​តែ​ការ​បែកបាក់​ពី​គ្រួសារ​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ចោទ​អាមេរិក​ថា​បាន​លុប​ចោល​ជា​ឯកតោភាគី​នូវ​កិច្ចព្រមព្រៀង​ស្តីពី​ការ​បញ្ជូន​មក​នោះ​។

លោក​បន្ត​ថា​៖ «​ជា​សោកនាដកម្ម​លើ​សោក​នាដកម្ម​។ ខុស​ច្បាប់​ជាប់គុក វា​ជា​រឿង​ ១ ​ទៅ​ហើយ​។ ប៉ុន្តែ​ពេល​ដែល​គេ​បញ្ជូន​មក​កម្ពុជា ប្រពន្ធ​ និង​កូន​នៅ​ស្រុក​អាមេរិក​។ តើ​គេ​ជួប​គ្នា​យ៉ាង​ណា​ទៅ​? ​ដោយ​យោង​តាម​ការ​គិតគូរ​ដល់​ផ្នែក​មនុស្សធម៌​... បើ​អាមេរិក​មិន​ផ្តល់​ឲ្យ​យើង​ទិដ្ឋាការ​ទៅ​វិញ យើង​ក៏​មិន​បន្ត​សហការ​ជាមួយ​អាមេរិក​លើ​បញ្ហា​នេះ​»​។

លោក Heidt ដែល​បាន​ថ្លែង​មក​កាន់​អ្នក​កាសែត​បន្ទាប់ពី​ការ​ស្បថ​ចូល​ធ្វើ​ការងារ​សម្រាប់​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត​លើ​កម្មវិធី Peace Corps បាន​ថ្លែង​ថា​លោក​មិន​ច្បាស់​អំពី​ការ​ភ្ជាប់​រវាង​ការ​ព្រមាន​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​ស្ថានទូត​អាមេរិក​ និង​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ដក​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត​ទាំង​នោះ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​ធ្វើ​បែប​នោះ [​ការ​ព្រមាន​អំពី​សន្តិសុខ​] ​នៅ​គ្រប់​ប្រទេស​។ ពេល​ណា​ក៏ដោយ​ដែល​ពលរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​បរទេស ពួកគេ​គួរ​តែ​ប្រុងប្រយ័ត្ន​។ យើង​ផ្តល់​ការ​បណ្តុះបណ្តាល​អំពី​សន្តិសុខ​ទៅ​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត​ទាំង​នោះ​ផង​ដែរ ហើយ​នោះ​ជា​អ្វី​ដែល​យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​នាម​ជា​រដ្ឋាភិបាល​អាមេរិក​»​។

លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ហើយ​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​លោក គៀត ច័ន្ទថារិទ្ធ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ