ភ្នំពេញ: អ្នករាយការណ៍​ពិសេស​អង្គការ សហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី​ រ៉ូណា ស្ម៊ីត កាលពី​ម្សិលមិញ​បាន​សម្ដែង​ការ​បារម្ភ​ជាថ្មី​អំពី​ «​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​» បន្ទាប់ពី​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ និង​ក្រមព្រហ្មទណ្ឌ ខណៈ​លោកស្រី​ទើប​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​ជា​លើក​ដំបូង​ បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ការពារ​ការ​​ធ្វើ​វិសោធនកម្ម​នេះ​ដោយ​សំអាង​ថា «​ផ្អែក​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​»​។

ថ្លែង​ប្រាប់​អ្នកកាសែត បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា នា​ទីស្ដីការ​ក្រសួង​យុត្តិធម៌​លោកស្រី រ៉ូណា ស្ម៊ីត បាន​ចាត់​ទុក​ជំនួប​នេះ​មាន​លក្ខណៈ​ «​ស្ថាបនា​» ​និង​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន​​នៅ​កម្ពុជា ខណៈ​លោកស្រី​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​នៃ​សាលា​ឧទ្ធរណ៍​ផងដែរ​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​បាន​ពិភាក្សា​បញ្ហា​ជាច្រើន​អំពី​ការផ្លាស់ប្តូរ​ច្បាប់​ និង​ដំណើរការ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការងារ​របស់​ក្រសួង​យុត្តិធម៌​។​...​ខ្ញុំ​បាន​លើក​ឡើង​នូវ​ក្តីបារម្ភ​ថា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ឬ​ច្បាប់​ណា​ក៏ដោយ ក្នុង​ប្រទេស​កម្ពុជា​គួរ​ត្រូវ​វិភាគ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជាមុន​ដោយ​ការប្រឹក្សា​យោបល់​ដើម្បី​បង្ហាញ​ពី​អនុលោម​ភាព​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មុន​ពេល​ច្បាប់​ណា​មួយ​ត្រូវ​បាន​អនុម័ត​។ នេះ​ជា​អ្វី​ដែល​យើង​បាន​និយាយ​ទៅ​​ក្រសួង​យុត្តិធម៌ និង​ទៅ​ស្ថាប័ន​ផ្សេងៗ​របស់​សភា​ពី​មុន​»​។

ទោះ​យ៉ាង​ណា​លោកស្រី​ក៏​មិន​គិត​ថា ការ​ស្នើ​ណា​មួយ​អាច​ «​ដោះស្រាយ​ស្ថានភាព​នយោបាយ​» ​កម្ពុជា​បាន​ភ្លាមៗ​ដែរ​។ លោកស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​មាន​មូលហេតុ​ជាច្រើន​ដែល​ត្រូវ​​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​មុនៗ​​ក្នុង​រយៈកាល​ពី​ប៉ុន្មាន​សប្តាហ៍​​ និង​ប៉ុន្មាន​ខែ​ចុងក្រោយ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុតិ្តធម៌​ដែល​បាន​ចូលរួម​ក្នុង​ជំនួប​នោះ​ដែរ​ថ្លែង​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ពី​បញ្ហា​ជាច្រើន ហើយ​ «​ចំណុច​ចុងក្រោយ​ដែល​គាត់​លើក​ឡើង​គឺ​គាត់​បារម្ភ​ពី​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ការ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ គាត់​ឃើញ​មាន​ការ​ទិតៀន​អី​អ៊ីចឹង​គាត់​លើក​ឡើង​ពី​ការបារម្ភ​ដល់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​មិន​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​»​។

លោក​បន្ថែម​ថា​៖ «​ប៉ុន្តែ​ក្រុម​ការងារ​យើង​បាន​ពន្យល់​បកស្រាយ​ទៅ​វិញ​ពី​មូលហេតុ​ និង​ទឡ្ហីករណ៍​ដើម្បី​ឲ្យ​គាត់​បាន​យល់​ថា​ហេតុអី​បាន​ជា​យើង​ចាំបាច់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជាពិសេស​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ដែល​ដាក់​ទោស​ដល់​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​។ យើង​បាន​ពន្យល់​ទៅ​គាត់​ទាំង​ទិដ្ឋភាព​សិទ្ធិ​មនុស្ស​ទាំង​ទិដ្ឋភាព​ច្បាប់​ជាតិ​របស់​យើង ទាំង​ទិដ្ឋភាព​សង្គម ទិដ្ឋភាព​វប្បធម៌ ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​កម្ពុជា ថា​តើ​ហេតុ​អី​ចាំបាច់​ក្នុង​ការ​រៀបចំ​នូវ​ច្បាប់​ដាក់​ទោស​ដល់​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​»​។

ទោះបី​យ៉ាង​ណា​លោក​ថា​លោកស្រី​ រ៉ូណា ស្ម៊ីត មិន​បាន​លើក​ឡើង​ពី​បញ្ហា​បុគ្គល​អ្នកនយោបាយ​អ្វី​ឡើយ ដោយ​គ្រាន់​​តែ​លើក​បញ្ហា​ជាទូទៅ​ប៉ុណ្ណោះ​។

លោកស្រី រ៉ូណា ស្ម៊ីត ពេល​ផ្ដល់​សម្ភាសន៍​ពី​ម្សិលមិញ​។ផា លីណា

លោក​ថា​៖ «​គាត់​មិន​បាន​លើក​យក​ពី​ករណី​ជាក់ស្ដែង​របស់​អ្នក​នយោបាយ​ណាមួយ​ ឬ​មន្ត្រី​សិទ្ធិមនុស្ស​ណាមួយ​មក​ទេ​គាត់​លើក​ជាទូទៅ​ថា ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​មាន​​ប្រសិទ្ធភាព​ជាង​មុន ហើយ​ធ្វើ​ច្បាប់​ឲ្យ​ល្អ​ជាង​បណ្តា​ប្រទេស​ដទៃ​ទៀត​ដើម្បី​ឲ្យ​ប្រទេស​ដទៃទៀត យក​គំរូ​តាម​យើង​»​។

លោក​បាន​បន្ថែម​ថា​៖ «​គាត់​​បាន​លើក​ពី​កង្វល់​របស់​គាត់​ក្នុង​​នាម​ជា​អ្នក​ជំនាញ ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​។ គាត់​លើក​កង្វល់ ហើយ​យើង​ក៏​បាន​ពន្យល់​ចំពោះ​​កង្វល់​របស់​គាត់​ដែរ ប៉ុន្តែ​ត្រង់​ថា​គាត់​ទទួល​យក​បាន​ប៉ុនណា យើង​មិន​ដឹង​ទេ​។ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​រៀបចំ​តាក់​តែ​ច្បាប់ ធ្វើ​វិសោធនកម្ម យើង​ពន្យល់​ផ្អែក​លើ​ទិដ្ឋភាព​របស់​កម្ពុជា សេដ្ឋកិច្ច សង្គម វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​ភាគី​ទាំង​ពីរ​ក៏​បាន​ជជែក​​ពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស ការពិនិត្យ​លទ្ធភាព​សម្រាប់​អ្នកទោស​សហគមន៍ ការ​សាងសង់​សាលា​​ឧទ្ធរណ៍​តំបន់​ដែល​ពេល​នេះ​បាន​ចាប់ផ្ដើម​នៅ​ខេត្ត​បាត់ដំបង ត្បូងឃ្មុំ និង នៅ​ខេត្ត​ព្រះសីហនុ និង​ពង្រីក​ឲ្យ​បាន​ ៥ ខេត្ត​នាពេល​អនាគត​ព្រម​ទាំង​ជជែក​ពី​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​ការ​ផ្តល់​មេធាវី​ការពារ​ក្ដី​ដល់​ជន​​ក្រីក្រ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ជនក្រីក្រ​ដោយ​មិន​យក​កម្រៃ​ជាដើម​។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​​ជា​វិជ្ជមាន​គឺ​គាត់​រីករាយ​នឹង​ចូលរួម​ជួយ​ក្នុង​នាម​គាត់​ជា​អ្នក​ជំនាញ គាត់​នឹង​ចូលរួម​ផ្ដល់​យោបល់ និង​ជួយ​សិក្សា​ស្រាវជ្រាវ​ធ្វើ​ម៉េច​ឲ្យ​កំណែ​ទម្រង់​របស់​យើង​មាន​ប្រសិទ្ធភាព​ជាង​មុន​»​។

លោកស្រី រ៉ូណា ស្ម៊ីត បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ ៥ មក​កម្ពុជា​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១៤ ខែ​មីនា​ខាង​មុខ​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ ១០ ​ថ្ងៃ​នៅ​កម្ពុជា​នេះ​លោកស្រី​នឹង​ជួប​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​តំណាង​អង្គការ​សង្គម​ស៊ីវិល​ព្រម​ទាំង​មន្ត្រី​ការទូត​ជាដើម​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី រ៉ូណា ស្ម៊ីត ថា​ជា​ពេលវេលា​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​រាយការណ៍​ជូន​ចៅហ្វាយនាយ​ខ្លួន​។

លោក​ថ្លែង​តាម​តេឡេក្រាម​ថា​៖ «​ការ​មក​ដល់​របស់​លោកស្រី​ រ៉ូណា ស្ម៊ីត​គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​ក្រុម​ជន​ដែល​ហៅថា ជា​សកម្មជន​សិទ្ធិមនុស្ស និង​​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​​ចំនួន​ដែល​ត្រៀម និង​ប្រុង​ជើង​ការពិត​ទូល​ដល់​លោកស្រី​ពី​​សភាពការណ៍​សិទ្ធិមនុស្ស​ជា​បុរេវិនិច្ឆ័យ​ថា មាន​លក្ខណៈ​តូចចង្អៀត ដូចជា ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ២ ​នាក់ ការ​ចាប់​ខ្លួន​អតីត​មេបក្ស​ប្រឆាំង ការ​រំលាយចោល​អតីត​បក្សប្រឆាំង ការបិទ​ការផ្សាយ​កាសែត​ឌឹខេមបូឌាដេលី ការបិទ​ការផ្សាយ​វិទ្យុ​ក្នុង​​ស្រុក​មួយ​ចំនួន​។​ល​។ ដោយ​មិន​និយាយ​ពី​អំពើ​ប្រព្រឹត្ត​ល្មើស​​ច្បាប់​របស់​អង្គភាព និង​បុគ្គល​ទាំង​នោះ​ឡើយ ដើម្បី​ឆ្លៀត​រំលេច​ឲ្យ​ឃើញ​ពី​កំហុស​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នោះ​»​។

លោក​បាន​ចោទ​សួរ​ថា​៖ «​ប្រជាជន​កម្ពុជា​រង់ចាំ​មើល តើ​ពួក​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ក្រុម​ជន​វិភាគ​មិន​ឯករាជ្យ​មួយ​ចំនួន​នោះ​នឹង​រាយការណ៍​មួលបង្កាច់​រាជរដ្ឋាភិបាល​យ៉ាង​ណា​​ខ្លះ​ជូន​លោកស្រី រ៉ូណា ស្ម៊ីត ? ពេល​នោះ​នឹង​ឃើញ​ពី​ជំហរ​​អព្យាក្រឹត​ ឬ​មិន​អព្យាក្រឹត​របស់​អស់​លោក​ទាំង​នោះ​មិន​ខាន​»​។

លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា​៖ «​វា​មិនមែន​ជា​ចរិត​របស់​រដ្ឋាភិបាល​យើង​ក្នុង​ការសរសើរ​ការងារ​ និង​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​របស់​យើង​ទេ​។ រដ្ឋាភិបាល​មិនមាន​ឆន្ទៈ​ពិចារណា​អំពី​លទ្ធផល​ដែល​រកឃើញ​របស់​ពួកគេ និង​ជា​ញឹកញាប់​រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​ពួកគេ​ក្នុង​លក្ខណៈ​ខឹង​»៕