ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះ​អំពើ​វាយ​ប្រហារដោយ​បំផ្លោង​គ្រាប់​​មក​លើ​បន្ទាយ​កងទ័ព​កម្ពុជា ស្ថិត​​នៅ​ប្រទេស​ម៉ាលី ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះទេ។

លោក​នាយករដ្ឋ​មន្ត្រី​ ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ ទី ២៣ ខែមីនា​នេះ​ថា ៖ ​«កម្ពុជា​សូម​ថ្កោល​ទោស​ដាច់​ខាត​ចំពោះ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ម៉ាលី​ដែល​បាន​បង្ក​ការ​វាយ​ប្រហារ​មក​លើ​កង​ទ័ព​កម្ពុជា​យើង​។ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​នាយ​ទាហាន​ និង​ពល​ទាហាន​ទាំង​អស់​ត្រូវ​ពង្រឹង​ស្មារតី​អោយ​បាន​រឹងមាំ​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​កម្ពុជា​»។

បើ​តាម​លោក​ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ បាន​ឲ្យ​ដឹង​ថា សេច​ក្តី​រាយ​ការណ៍​មួយ​ថា​ នៅ​វេលា​ម៉ោង​៦៖៥៥​នាទី​ព្រឹក​ ម៉ោង​នៅ​ប្រទេស​ម៉ាលី ដែល​ត្រូវ​នឹង​ម៉ោង​ ១៖៥៥ នាទី​រសៀល​ ម៉ោង​នៅ​កម្ពុជា​ ថ្ងៃ​ទី​ ២២​ ខែ​មីនា​ ឆ្នាំ២​០១៨ នេះ​មាន​ករណី​បំផ្លោង​គ្រាប់​ចំនួន​ ៣​ គ្រាប់​ ត្រូវ​ចំ​ស្នាក់​ការ​របស់​កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ ២​ខ្នង​ នៅ​តំបន់​ Kidal​ ប្រទេស​ម៉ាលី​ បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​។

លោក​ឲ្យ​ដឹង​បន្ថែម​ថា កង​កម្លាំង​កម្ពុជា ដែល​កំពុង​បំពេញ​ការងារ​នៅ​កន្លែងនោះ​ជា​«កង​កម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ​១៨៩​ ហើយ​មិន​មាន​អ្នក​រង​របួស​នោះ​ ឬ​ស្លាប់​នោះ​ឡើយ។

កាលពី​ឆ្នាំ​មុន​ កង​រក្សា​សន្តិ​ភាព​កម្ពុជា​ ៤ រូប​ នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ភេរវកម្ម​កាន់​សាសនា​គ្រិស្ត ដែល​ប្រឆាំង​នឹង​ក្រុម​ Balaka នៅ​ក្នុង​ប្រទេស​នោះ​ ។

ទោះ​ជាមាន​ការ​វាយ​ប្រហារ នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​តែ​អះអាង​ថា​នឹង​បន្ត​បញ្ជូន​កង​ទ័ព​កម្ពុជា ទៅធ្វើការ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជា​ជាតិ ជាបន្ថែម​ទៀត៕