ក្រចេះ: ខណៈ​ដែល​សាលាដំបូង​ខេត្ត​ក្រចេះ​បាន​ធ្វើការ​ចោទប្រកាន់​ប្រជាពលរដ្ឋ ៧ នាក់ ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​ក្នុង​ពេល​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​ស្នួល​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា មាន​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន ហើយ​អាជ្ញាធរ​បាន​ចេញ​ប្រតិកម្ម​បដិសេធ​ភ្លាមៗ​នោះ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ចាត់​ទុក​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ថា​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នោះ​ថា «​ជា​ការ​បំភ្លៃ​ព័ត៌មាន និង​ជា​ចេតនា​របស់​ក្រុម​ក្បត់​ជាតិ​ញុះញង់​» ​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ឌិត ស៊ីវុទ្ធី ប្រធាន​សាលា​ដំបូង​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា ពលរដ្ឋ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួន ៧ នាក់​ត្រូវ​បាន​ចៅក្រម​ធ្វើការ​ចោទប្រកាន់​រួចហើយ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​បាន​ពី​បទ​ចោទ​នោះ​ទេ​។

លោក​ ស៊ីវុទ្ធី មាន​ប្រសាសន៍​ថា​៖ «​ពាក់ព័ន្ធ​ទៅ​នឹង​នីតិវិធី គឺ​ស្ថិត​នៅ​ក្នុង​នីតិវិធី​ចៅក្រម​ស៊ើបសួរ​ហើយ​កំពុង​តែ​សាកសួរ​ចម្លើយ​។ ព័ត៌មាន​នេះ​ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​បាន​ច្បាស់​ទេ​»​។

លោក ទៀ បាញ់ ​បាន​ចាត់​ទុក​ការផ្សព្វផ្សាយ​ដែល​ថា​មាន​មនុស្ស​ស្លាប់ ៦ នាក់​ និង​រងរបួស​ជាច្រើន​នាក់​នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលដ្ឋ និង​សមត្ថកិច្ច​ក្នុង​រឿង​វិវាទ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នោះ​ថា ជាការ​ «​បំភ្លៃ​ព័ត៌មាន​ដែល​ជា​ចេតនា​របស់​ក្រុម​ក្បត់​ជាតិ​មាន​បំណង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​ខ្ពើម​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​»​។

លោក ទៀ បាញ់ បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ឱកាស​កាត់​ឫស​សីមា​ឆ្លង​ព្រះវិហារ និង​សមិទ្ធផល​នានា​នៅ​វត្ត​បឹង​ខ្នារ​ស្ថិត​ក្នុង​ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​ ២០១៨ ​ថា​ថ្មីៗ​បំផុត​នេះ​សារព័ត៌មាន​បាន​ចេញ​ជា​បន្តបន្ទាប់​ពី​រឿង​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

លោក​បញ្ជាក់​ថា​រឿង​នេះ​វា​បាន​កើតឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​ចំណាកស្រុក​បាន​នាំ​គ្នា​ទៅ​តាំងទី​លំនៅ និង​ស៊ីឈ្នួល​គេ​រួច​ហើយ​ទៅ​បំពាន​ផ្លូវ​ច្បាប់​ដោយ​ទៅ​បោះជំរំ​ធ្វើ​ខ្ទម ចង់​យក​ដី​របស់​គេ ទើប​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ពួកគេ​បាន​បង្ក​ការរារាំង​គឺ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ធ្វើ​ដំណើរ​ធ្វើឲ្យ​ប៉ះពារ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​យើង​ជាទូទៅ ដូច្នេះ​សមត្ថកិច្ច​ដែល​មើល​ការ​ខុស​ត្រូវ និង​ថែរក្សា​សុវត្ថិភាព​...​ពីព្រោះ​ផ្លូវ​គេ​ធ្វើ​សម្រាប់​ធ្វើ​ដំណើរ ដូច្នេះ​នៅ​ពេល​ពួកគេ​មិន​ឲ្យ​គេ​ធ្វើ​ដំណើរ​បាន​វា​ធ្វើឲ្យ​ខកខាន​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​...​មាន​ការ​តតាំង​គ្នា​មាន​ការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​ទេ គ្មាន​អ្វី​ធំដុំ​ប៉ុន្មាន​នោះ​ទេ​។ បែរ​ជា​គេ​បង្កើត​រឿង​ថា ស្លាប់​មនុស្ស​ហើយ​របួស​យ៉ាង​ច្រើន ហើយ​ចុះ​ផ្សាយ​ពេញ​ពិភពលោក​។ គេ​ខំ​ណាស់​ចេញ​មក​និយាយ​គ្រប់​បែប​យ៉ាង​ទាំងអស់ ហើយ​មួលបង្កាច់​ការពិត គ្រប់​ការពិត ញុះញង់​និយាយ​បំផ្លើស បំភ័ន្ត​សព្វ​បែបយ៉ាង​ទាំងអស់​។ ក្បូន​របស់​គេ គឺ​មាន​តែ​ប៉ុណ្ណឹង​»​។

លោក​បន្ត​ថា​៖ «​ដល់​ពេល​រដូវកាល​ដែល​គេ​ស្វែងរក​ការ​គ្រាំទ្រ ឬ​និយាយ​ឲ្យ​ចំ គឺ​ពេល​ដែល​គេ​ស្វែងរក​សន្លឹកឆ្នោត នៅ​ពេល​ខាងមុខ​...​រឿង​ទាំងអស់​នេះ​នឹង​មកទៀត​តាមរយៈ​អ្នក​នោះ​អ្នកនេះ ហើយ​ធ្វើការ​វាយប្រហារ​ទៅ​លើ​គណបក្ស​ប្រជាជន​»​។ «​រឿង​តូច​គេ​យក​ធ្វើជា​រឿង​ធំ​ហើយ​វ៉ៃ​ប្រហារ​មកលើ​គណបក្ស​ប្រជាជន ជា​មុខសញ្ញា​សំខាន់​របស់​គេ​ដើម្បី​ស្វែងរក​ការគាំទ្រ​។ ធម្មតា​ណាស់ ដើម្បី​រក​ការគាំទ្រ​ខ្លួនឯង គឺ​ត្រូវ​តែ​វាយប្រហារ និង​បន្ទាប​អ្នក​ដទៃ​ទើប​លើក​ខ្លួន​ឯង​បាន​»​។

នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី ហើយ​តវ៉ា​បិទ​ផ្លូវ​នៅ​ក្នុង​ស្រុក​ស្នួល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប្រជាពលរដ្ឋ​មួយ​ចំនួន និង​មេឃុំ​នៅ​ក្នុង​តំបន់​នោះ​ព្រម​ទាំង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ថា មាន​មនុស្ស​ស្លាប់​ចំនួន ៦ នាក់ និង​របួស​ជាង​ ៤០ ​នាក់​។

ភ្លាមៗ​នោះ​អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​ចេញ​មក​បដិសេធ​ថា ពុំ​មាន​មនុស្ស​ស្លាប់​ទេ​គឺ​មាន​តែ​អ្នក​រងរបួស​ប៉ុណ្ណោះ​។ នៅពេល​ក្រោយ​មក​ទៀត​អ្នក​ដែល​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត​ថា​មាន​មនុស្ស​ស្លាប់​ និង​របួស​នោះ​បាន​ផ្លាស់ប្តូរ​សម្តី​របស់​ខ្លួន​វិញ​ដែល​ក្នុង​នោះ​ក៏​មាន​អ្នក​តវ៉ា​ម្នាក់ ឈ្មោះ ទិន ភ័ក្ត្រ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ​។

អ្នកស្រី​ ភ័ក្ត្រ បាន​ថ្លែង​នៅ​ក្នុង​វីដេអូឃ្លីប​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ទទួល​បាន​ហើយ​ក៏​បាន​និយាយ​ដល់​ឈ្មោះ​លោក​ ជុន ចាន់បុត្រ ដែល​ជា​បុគ្គលិក​ជាន់ខ្ពស់​របស់​វិទ្យុ​អាស៊ីសេរី​ផង​ដែរ​ដោយ​អ្នកស្រី​បាន​លើក​ឡើង​ថា​៖ «​លោក​ អេង និង​វិទ្យុ​អាស៊ីសេរី​បាន​ឱ្យ​ខ្ញុំ​និយាយ​ថា​មនុស្ស​ស្លាប់ ៦ នាក់ និង​អ្នក​របួស ៤០ នាក់ ប៉ុន្តែ​តាម​ការពិត​នៅ​ពេល​ដែល​ខ្ញុំ​ពិនិត្យ​មើល​ខ្លួនឯង​ទើប​ខ្ញុំ​ដឹង​ថា វា​មិនមែន​ជា​ការពិត​ទេ​»​។

អ្នកស្រី​បន្ថែម​ថា​មាន​បុរស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន ៤ នាក់ បាន​ជិះ​ម៉ូតូ​មក​ប្រាប់​អ្នកស្រី​ឱ្យ​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មាន​មនុស្ស ៦ នាក់​ស្លាប់ ហើយ​ថា​លោក​ «​អេង​» និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នេះ​បាន​ញុះញង់​ឱ្យ​អ្នកស្រី​និយាយ​កុហក​។ អ្នកស្រី​ ភ័ក្ត្រ មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​ហើយ​កាលពី​ថ្ងៃ​សុក្រ​អ្នកស្រី​បាន​បដិសេធ​និយាយ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ការ​អះអាង​របស់​អ្នកស្រី​នេះ​។

លោក កែវ សុជាតិ ព្រះរាជអាជ្ញា​ខេត្ត​ក្រចេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ថ្ងៃ​សៅរ៍​បាន​ឱ្យ​ដឹង​ថា​ការ​ទទួល​ស្គាល់​របស់​អ្នកស្រី​ភ័ក្ត្រ​ថា គាត់​បាន​និយាយ​កុហក គឺ​វា​បាន​បង្ហាញ​ថា​របាយការណ៍​ពី​សារព័ត៌មាន​អំពី​ការសម្លាប់​នេះ គឺ​មិន​ពិត​នោះ​ទេ​។ នៅពេល​សួរ​ថា តើ​លោក​មាន​បាន​សម្ភាស​អ្នកភូមិ​ផ្សេង​ទៀត ឬ​មាន​បាន​ចូល​ទៅ​កន្លែង​តវ៉ា​នោះ​ឬ​អត់ លោក​ សុជាតិ បាន​និយាយ​ថា​លោក​មិន​ចង់​ឆ្លើយ​សំណួរ​ទាំង​នេះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​បាន​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទេ​។ ខ្ញុំ​គ្រាន់តែ​ស្វែងរក​ការពិត ថា​តើ​មាន​មនុស្ស​ស្លាប់​ដូច​នឹង​អ្វី​ដែល​សារព័ត៌មាន​បាន​និយាយ​ដែរ​ឬ​ទេ​»​។

យោង​តាម​លោក សុជាតិ តុលាការ ក៏​បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ​ចំនួន​ ៧ ​នាក់​ក្នុង​ចំណោម​ ៨ ​នាក់​ផង​ដែរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​ការប៉ះទង្គិច​គ្នា កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ប៉ុន្តែ​លោក​បាន​អះអាង​ថា លោក​មិន​បាន​ចាំ​ឈ្មោះ​របស់​ពួកគេ ឬ​ក៏​ធ្វើ​អត្ថាធិប្បាយ​លើ​ការចោទប្រកាន់​ដែល​ពួកគេ​អាច​នឹង​ប្រឈម​នោះ​ទេ​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ផ្ទៀងផ្ទាត់​ឈ្មោះ​ជន​ជាប់ចោទ​ចំនួន ៥ នាក់​ដែល​ក្នុង​នោះ​មាន អ្នកស្រី ល័ក្ខ សាត អាយុ ៤៤ ​ឆ្នាំ លោក គឹម ណៃ អាយុ ២៣ ​ឆ្នាំ លោក ភូង ផល អាយុ ៣៦ ​ឆ្នាំ លោក​ ប៊ុត វ៉ន អាយុ ៥៥ ឆ្នាំ និង​លោក វឹម ឌុយ អាយុ ៦៤ ​ឆ្នាំ​ហើយ​បច្ចុប្បន្ន​លោក​ វ៉ន កំពុង​ទទួល​ការព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ហើយ​មិន​ទាន់​ត្រូវ​បាន​គេ​សាកសួរ​នៅ​ឡើយ​ទេ​។

ចំណែក​អ្នក​របួស​គឺ​មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​បាញ់​ចំ​ត្រគាក ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​នៅ​ក្នុង​​រាជធានី​ភ្នំពេញ​ដើម្បី​ទទួល​ការវះកាត់​។ បុរស​ម្នាក់​ផ្សេង​ទៀត​ឃើញ​មាន​ស្នាម​របួស​គ្រាប់កាំភ្លើង​ចំ​ភ្លៅ​ខាង​ឆ្វេង​។

ភ្នំពេញ​ប៉ុស្តិ៍​ មិន​អាច​ស្វែងរក​ទីកន្លែង​ស្នាក់​នៅ​របស់​ពួកគាត់​បាន​ទេ​។ កាលពី​ថ្ងៃ​សៅរ៍​អង្គការ​លីកាដូ​បាន​អះអាង​ថា មាន​មនុស្ស​ទី​ ៣ ​ម្នាក់​ទៀត​ក៏​បាន​រងរបួស​ស្រាល​ដោយ​គ្រាប់​កាំភ្លើង​ត្រូវ​ត្រង់​ភ្លៅ​ខាង​ស្តាំ​ផង​ដែរ​ហើយ​កំពុង​ត្រូវ​បាន​គ្រូពេទ្យ​ព្យាបាល​៕ NS