ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ទៀ បាញ់ បានជំរុញឲ្យកងវិស្វកម្មលេខ ៩៦៣ ដែលជាកម្លាំងរក្សាសន្ដិភាពនឹងត្រូវបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ត្រូវឲ្យប្រុងប្រយ័ត្នជានិច្ចចំពោះការវាយប្រហារ និងជំងឺឆ្លងផ្សេងៗ។
លោកបានថ្លែងថា៖ «ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទទាំងគ្រោះថ្នាក់ដែលអាចកើតឡើងរវាងការប្រយុទ្ធប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានាដោយការវាយប្រហារពួនស្ទាក់ និងគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានា»។
កាលពីយប់នៃថ្ងៃទី ៨ ខែឧសភាឆ្នាំមុនកងកម្លាំងមួកខៀវរបស់កម្ពុជាក្នុងអំឡុងពេលបំពេញបេសកកម្មនៅប្រទេសអាហ្វ្រិកកណ្តាលក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិបានរងការវាយប្រហារដោយក្រុមឧទ្ទាមដែលបណ្តាលឲ្យកងកម្លាំងកម្ពុជា ៤ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
ការថ្លែងនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ ខែមករាឆ្នាំ ២០១៨ នេះក្នុងឱកាសលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ ៩៦៣ ទៅប្ដូរវេនកងវិស្វកម្មលេខ ៣៦៩ ដែលបញ្ចប់បេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មលេខ ៤៥៩ បញ្ចប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
លោករដ្ឋមន្ត្រីបានបន្តថារដ្ឋាភិបាលកម្ពុជាបានទទួលជោគជ័យក្នុងបញ្ជូនកម្លាំងរក្សាសន្ដិភាពទៅកាន់ប្រទេសមួយចំនួនលើពិភពលោកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ហើយរាជរដ្ឋាភិបាលនឹងបន្តបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្ដរជាតិដើម្បីបុព្វហេតុ សន្ដិភាព សន្ដិសុខ និងមនុស្សធម៌លើពិភពលោក។
លោក ទៀ បាញ់ ថ្លែងថា៖ «រាល់លើកយើងតែងតែទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកហើយយើងបានសម្រេចបានលទ្ធផលល្អប្រសើរណាស់»។
យោងតាមរបាយការណ៍ឲ្យដឹងថាកងវិស្វកម្មលេខ ៩៦៣ មានចំនួន ១៨៤ នាក់ហើយក្នុងរយៈពេលជិត ១២ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនកម្លាំងរក្សាសន្ដិភាពជិត ៥០០០ នាក់ទៅកាន់ប្រទេសមួយចំនួនលើពិភពលោកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕