Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក នេត សាវឿន ថា​ការ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​មាន​កម្រិត​តិចតួច​ណាស់

Content image - Phnom Penh Post
សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​កាលពី​ពេល​កន្លង​មក។ រូបថត WWF

លោក នេត សាវឿន ថា​ការ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​មាន​កម្រិត​តិចតួច​ណាស់

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​បាន​ជោគជ័យ នៅ​មុន​ពេល​បោះឆ្នោត ឃុំ សង្កាត់ ខណៈ​ដែល​លោក នេត សារឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ថា​ ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​មាន​កម្រិត​តិចតួច​ណាស់ និង​បាន​ព្រមាន​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ។

លោក ស ខេង រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​បង្ក្រាប​បទល្មើស​នេសាទ​ដែល​ធ្វើ​ឡើង​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា៖ «ប្រសិន​បើ​ស្ថានភាព​ដោះស្រាយ​បទល្មើស​នេសាទ​មិន​បាន​ល្អ នោះ​ទោះ​ច្រើន​ ឬ​តិច វា​នឹង​ប៉ះពាល់​ដល់​ការ​បោះឆ្នោត ដូច្នេះ​ហើយ​យើង​ត្រូវ​មាន​បេសកកម្ម...ដើម្បី​ដោះស្រាយ​បញ្ហា​នេះ [បទល្មើស​នេសាទ]»។

ដោយ​សំដៅ​ទៅ​ដល់​ការ​បង្ក្រាប​បទល្មើស​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​ធ្នូ​កន្លង​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ថ្លែង​ថា​លោក​មិន​ទាន់​ពេញ​ចិត្ត​ជាមួយ​នឹង​លទ្ធផល​នៃ​ការ​បង្ក្រាប​នេះ​ទេ ខណៈ​ដែល​តំបន់​មួយ​ចំនួន​នៅ​ជុំវិញ​បឹង​ទន្លេសាប​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​បទល្មើស​នេសាទ​ខុស​ច្បាប់ ប៉ុន្តែ​ការ​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ផ្សេង​ទៀត​នៅ​តែ​មាន​ការ​កើនឡើង​ដដែល។

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក សាវឿន បាន​បញ្ជាក់​ថា​ការ​បង្ក្រាប​ក្នុង​ពេល​កន្លង​មក​នឹង​មិន​បង្ហាញ​ថា​ទទួល​បាន​ជោគជ័យ​នោះ​ទេ លុះត្រា​តែ «មេខ្លោង» នៅ​ពី​ក្រោយ​ការ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប ត្រូវ​បាន​នាំ​យក​ទៅ​កាត់ទោស។ លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក [រដ្ឋមន្ត្រី] ថា យើង​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​ទេ ហើយ​យើង​ធ្វើ​បាន​តិចតួច​ណាស់»។

លោក នេត សាវឿន បាន​សម្តែង​ការ​ខកចិត្ត​ជាពិសេស​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច។ លោក​ថ្លែង​ថា៖ «[មន្ត្រី] នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ពេល​នេះ​មិន​ទាន់​រកឃើញ [មេខ្លោង] ទេ ហើយ​ត្រូវ​តែ [ចាប់​ខ្លួន] ឲ្យ​ទទួល​ខុស​ត្រូវ...»។

លោក សាវឿន ក៏​បាន​ព្រមាន​ខ្លាំងៗ​ដល់​មន្ត្រី​ដែល​សម​គំនិត​ជាមួយ​នឹង​អ្នក​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​ដែរ​ថា៖ «ប្រសិន​បើ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនល្មើស [នោះ] ពួកគេ​នឹង​ត្រូវ​ដាក់​ទោស​ទៅ​តាម​ច្បាប់»។

កិច្ចប្រជុំ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ អំពី​ស្ថិតិ​ដែល​បាន​មកពី​ការ​បង្ក្រាប​បទល្មើស​នេសាទ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០១៧ ដែល​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន ២២៨ ករណី និង​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ២៥ នាក់​ទៅ​តុលាការ។

ប៉ុន្តែ​លោក យ៉ុក សេងឡុង នាយក​ប្រតិបត្តិ​រង​របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) មិន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក នេត សាវឿន ឡើយ​ដោយ​លោក​ថ្លែង​ថា​តាមរយៈ​ការ​សង្កេត​ និង​ការ​ពិភាក្សា​របស់​អង្គការ​លោក​ជាមួយ​ប្រជាជន​ក្នុង​តំបន់​បាន​បង្ហាញ​ថា​ការ​បង្ក្រាប​បទល្មើស​នេសាទ​របស់​សមត្ថកិច្ច​នាពេល​កន្លង​មក​គឺ​បាន​កាត់​បន្ថយ​បទល្មើស​នេសាទ​ខុស​ច្បាប់​បាន​ដោយ​ជោគជ័យ ទោះបី​ជា​លោក​មិន​មាន​តួលេខ​ដើម្បី​បញ្ជាក់​ក្តី។

លោក សេងឡុង ថ្លែង​ថា​ការ​បង្ក្រាប​នេះ​អាច​នឹង​បន្ត​ធ្វើ​ឲ្យ​បាន​កាន់តែ​លឿន បន្ទាប់ពី​ការ​បោះឆ្នោត​ឃុំ សង្កាត់​រួច។

លោក សេងឡុង ថ្លែង​ទៀត​ថា​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នឹង​មាន​សម្ពាធ​ពី​ថ្នាក់​មូលដ្ឋាន​ និង​យុទ្ធនាការ​របស់​សង្គម​ស៊ីវិល​ដែល​នឹង​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​បន្ត​ការ​លើក​កម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​បញ្ឈប់​បទល្មើស​នេសាទ​ខុស​ច្បាប់​ទាំង​នេះ។

លោក សេង ឡុង បាន​ថ្លែង​ថា​ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​នៃ​ការ​បង្ក្រាប​បទល្មើស​នេសាទ វា​ក៏​អាស្រ័យ​ផង​ដែរ​ទៅ​លើ​ការ​បញ្ជាក់​ពី​តួនាទី​ជាក់លាក់​នៃ​ស្ថាប័ន​ទាំងអស់​ដែល​ចូលរួម​នៅ​ក្នុង​ការ​បង្ក្រាប​នេះ​ដើម្បី​ចៀសវាង​ធ្វើការ​ត្រួត​គ្នា ដោយ​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ច្បាប់​ជលផល ដែល​មាន​ស្រាប់​ដើម្បី​កំណត់​នូវ​ឧបករណ៍​នេសាទ​ដែល​អនុញ្ញាត​ឲ្យ​នេសាទ ក៏​ដូចជា​ការ​ផ្តល់​មូលនិធិ​បន្ថែម​ទៀត​ដល់​មន្ត្រី​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ដើរ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​បឹង​ទន្លេសាប។

លោក​បញ្ជាក់​ថា៖ «[ពួកគេ] មិន​ទទួល​បាន​ការ​ឧបត្ថម្ភ​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ ជាពិសេស​ដូចជា​ប្រេងសាំង ម្ហូប​អាហារ និង​គុណភាព​ទូក [របស់​ពួកគេ] ជាដើម ហើយ​គុណភាព​ទូក​របស់​ពួកគេ បើ​ប្រៀបធៀប​ទៅ​នឹង​ទូក​របស់​ជនល្មើស​គឺ​នៅ​មាន​គុណភាព​អន់​ឆ្ងាយ​ណាស់»។

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេងសាខុន បាន​បញ្ជាក់​ថា​កិច្ចប្រជុំ​អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​មាត្រា ៤១,៤២ និង ៤៣ នៃ​ច្បាប់​ស្តីពី​ជលផល ដើម្បី​កំណត់​អំពី​ឧបករណ៍​នេសាទ​មួយ​ចំនួន​ដូចជា​អួន​ជាដើម៕ NS

0

Comments

Please, login or register to post a comment