ភ្នំពេញៈ លោក​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​អះអាង​នៅ​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​យោធា​ជាច្រើន​នាក់​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​អគ្គបញ្ជាការដ្ឋាន​នៃ​ក្រសួង​ការពារ​ជាតិ​កាលពី​ម្សិលមិញ​ថា​អ្នក​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោម ១១៨ នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​កំពុង​ចិញ្ចឹម​ចិត្ត​រៀបចំ​តំបន់​កម្លាំង​ប្រដាប់​អាវុធ​តាម​ព្រំដែន​កម្ពុជា-ថៃ ដូច​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។

នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ហ្វឹកហ្វឺន​របស់​កងយោធពល​ខេមរភូមិន្ទ និង​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​ហ្វឹកហ្វឺន​ឆ្នាំ ២០១៨ នៅ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២ ខែ​មករា ឆ្នាំ​ ២០១៨ អគ្គមេបញ្ជាការ លោក ប៉ុល សារឿន បាន​ថ្លែង​ថា​៖ «​អ្នក​ដែល​នៅ​ពី​ក្រោយ​នៅ​បន្ត​ព្យាយាម​ធ្វើ​បដិវត្តន៍​ពណ៌​ និង​វា​អាច​មាន​គ្រោះថ្នាក់​ហើយ​សុំ​ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដើម្បី​ថែរក្សា​សន្តិភាព និង​ការ​អវិឌ្ឍ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​។ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ការពារ​សន្តិភាព​ក្នុង​នាម​ជា​កងយុទ្ធពល​ខេមរភូមិន្ទ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចតេជោ​យើង​ឲ្យ​បាន​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​នៅ​ក្នុង​ ១១៨ ​នាក់​ហ្នឹង​នៅ​មាន​គំនិត​ថា​នឹង​រៀបចំ​តំបន់​យោធា​នៅ​​តាម​ព្រំដែន​ដូច​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​គណបក្ស​ប្រឆាំង​នឹង​មិន​អាច​រស់​ឡើង​វិញ​ទេ​។ នេះ​គឺជា​ជោគជ័យ​នៃ​ការ​ទប់ស្កាត់​បដិវត្តន៍​ពណ៌ និង​មិន​អាច​​ប្រកែក​បាន​ហើយ​វា​ជា​ការ​ពិត​ និង​សូម​ចងចាំ​ឲ្យ​បាន​ច្បាស់​​ថា​បដិវត្តន៍​ពណ៌​នេះ​ទៅ​ទី​ណា​បំផ្លាញ​ទី​នោះ សូម​ជម្រាប​ជាពិសេស​ថា​នាយទាហាន​របស់​យើង​ដែល​ក្មេងៗ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បាត់​សន្តិភាព ហើយ​ប្រសិន​បើ​បាត់​សន្តិភាព​គឺ​បាត់​អ្វីៗ​ទាំងអស់​»​។

លោក​អគ្គមេបញ្ជាការ​ថ្លែង​ថា​៖ «​អ្វី​ដែល​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​យើង​នៅ​ក្នុង​ឆ្នាំ​ ២០១៧ គឺ​ការងារ​ពាក់ព័ន្ធ​ការ​បំផ្លិច​បំផ្លាញ​ផែនការ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។ ​ហើយ​ប្រសិន​ណា​មិន​បំផ្លាញ​ផែនការ​បដិវត្តន៍​ពណ៌​នេះ​បាន​ទេ​នោះ​បញ្ហា​ការពារ​សន្តិភាព​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​នោះ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​»​។

លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អ្នក​នយោបាយ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​នយោបាយ​នោះ​ដែរ​បាន​ថ្លែង​ថា​វា​ជា​ការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​កំពុង​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ផ្ញើសារ​បំភិត​បំភ័យ​ដល់​សាធារណជន​ដើម្បី​ប្រឆាំង​នឹង​ការ​តវ៉ា​គ្រប់​ទម្រង់​។

លោកស្រី សុខហួរ ថ្លែង​​ថា​៖ «​ពួកគេ​ប្រើប្រាស់​វា​ដើម្បី​គ្រប​បាំង​ការ​កាប់​សម្លាប់​របស់​រដ្ឋ​ទៅ​លើ​កម្មករ ការ​ចាប់​សកម្មជន និង​គូប្រឆាំង​នយោបាយ​ដាក់​ពន្ធនាគារ​។ វា​ជា​ភួយ​របស់​ពួកគេ​ដើម្បី​គ្រប​បាំង​ការ​គាប​សង្កត់​សេរីភាព​ទាំង​ស្រុង​។ នោះ​គឺជា​អ្វី​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ដោយ​គ្មាន​សកម្មភាព​ណា​មួយ​ពី​អន្តរជាតិ​រួម​ទាំង​ទណ្ឌកម្ម​ផង​ដែរ​»​។

លោកស្រី​ថ្លែង​បន្ត​ថា​៖ «​ការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​ដែល​ប្រើប្រាស់​កម្លាំង​យោធា និង​នគរបាល​ដែល​ពួកគេ​គួរ​តែ​មាន​លក្ខណៈ​អព្យាក្រឹត​នោះ​គឺ​វា​ជា​សារ​ភ័យខ្លាច​មួយ​ទៅ​ដល់​សាធារណជន​ទូទៅ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ទម្រង់​នៃ​ការ​ប្រឆាំង​តវ៉ា​ណា​មួយ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ដើម្បី​ការពារ និង​ពង្រឹង​អំណាច​របស់​ខ្លួន​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ឈ្នះឆ្នោត​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង និង​អភិវឌ្ឈ​ប្រទេស​ឲ្យ​បាន​រីកចម្រើន​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់​ឆ្នោត​ដើម្បី​ម្ចាស់ឆ្នោត​ជឿ​ទុក​ចិត្ត និង​បោះឆ្នោត​គាំទ្រ​ត​ទៅ​ទៀត​»​។

លោក ឥសាន ថ្លែង​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​ទប់ស្កាត់​រាល់​អំពើ​អនាធិបតេយ្យ​អំពើ​ល្មើស​ច្បាប់​អំពើ​វិទ្ធង្សនា​នយោបាយ សេដ្ឋកិច្ច និង​រារាំង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​បង្កើត​ជា​ឧបសគ្គ​ដល់​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​»​។

លោក​បន្ត​ថា​៖ «​បញ្ហា​សំខាន់​ពាក់ព័ន្ធ​នឹង​បក្ស​ប្រឆាំង​ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់​តាម​វិធី​ប្រើ​ផ្លូវ​កាត់ រំលោភ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដែល​ហៅថា​ជា​បដិវត្តន៍​ពណ៌​នោះ​។ ដូច្នេះ​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ចាត់​វិធានការ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​មាន​ឧបាយកល​ផ្តួល​រំលំ​បាន​ជា​ដាច់​ខាត​»​។

អ្នក​វិភាគ​នយោបាយលោក មាស នី ​បាន​យល់​ស្រប​ថា​សារ​របស់​លោក​​ ប៉ុល សារឿន គឺជា​ «​ឧបាយកល​នយោបាយ​»​។

បើ​ទោះបី​ជា​ធម្មតា​កងទ័ព​ត្រូវ​ឈរ​លើ​អព្យាក្រឹតភាព​ក្តីក៏​លោក​​ នី ​បាន​ថ្លែង​ថា​៖ «​វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​» ​នោះ​ទេ​នៅ​ពេល​ដែល​មេបញ្ជាការ​របស់​ខ្លួន បាន​គាំទ្រ​ជា​សាធារណៈ​ចំពោះ​គណបក្ស​កាន់​អំណាច​នោះ​។

លោក​ នី ក៏​បាន​ចោទសួរ​អំពី​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រារាំង​បដិវត្តន៍​ពណ៌​ផង​ដែរ​ដែល​វា​មិន​ដែល​បាន​បង្ហាញ​សញ្ញា​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​លេច​ចេញ​ជា​រូបរាង​នោះ​ទេ​។

លោក​ នី ​ថ្លែង​ថា​៖ «​បដិវត្តន៍​ពណ៌​គឺ​គ្រាន់តែ​ជា​ការ​សង្ស័យ​របស់​រដ្ឋាភិបាល​ដែល​បាន​លើក​ឡើង​តែ​ខ្លួនឯង​ប៉ុណ្ណោះ​»​។

លោក​បាន​បន្ត​ទៀត​ថា​ការ​ចោទប្រកាន់​អំពី​សង្គ្រាម​ស៊ីវិល​ទំនង​ជា​កើត​ចេញ​ពី​ការ​អត្ថាធិប្បាយ​របស់​លោក​ សម រង្ស៊ី ​ដែល​ជា​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​បាន​ជំរុញ​ឱ្យ​កងទ័ព​កុំ​ស្តាប់​តាម​បញ្ជា​របស់​មេបញ្ជាការ​របស់​ពួកគេ​ប្រសិន​បើ​មាន​បញ្ជា​ឱ្យ​បាញ់​ក្រុម​អ្នក​ប្រមូលផ្ដុំ​តវ៉ា​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​គិត​ថា​អាច​នឹង​មាន​លទ្ធភាព​រៀបចំ​ទ័ពព្រៃ​នោះ​ទេ​»៕ NS