ភ្នំពេញៈ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​សំឡេង​ប្រជា​ពល​រដ្ឋ​ លោក ​ម៉ម​ សូ​ណង់​ដូ​ នៅ​ថ្ងៃ​ទី​ ៩​ មករា​ នេះ​បាន​លើ​កយក​មូល​ហេតុ​នៃ​ការ​មិន​បាន​ចូល​បំភ្លឺ​តាម​ដី​កា​កោះ​ជា​លើក​ទី​ ៣ ​របស់​ចៅក្រម​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ថា​មក​ពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​សុខ​ភាព​។

នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក ​គី ឫទ្ធី ចៅ​ក្រម​ស៊ើប​សួរ​សា​លា​ដំបូង​លោក​សូណង់​ដូ បាន​បញ្ជាក់​ថា​គ្រូ​ទើប​បាន​បញ្ជាក់​ថា​ការ​ពិនិត្យ​សុខ​ភាព​របស់លោក​នៅ​ប្រ​ទេស​បា​រាំង​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​២​កុម្ភៈ​ឆ្នាំ២០១៨។

សូម​បញ្ជាក់​ថា​លោក​ម៉ម​សូ​ណង់​ដូ​ត្រូវ​បាន​សា​លា​ដំបូង​ចេញ​ដី​កា​កោះ​អញ្ជើញ​ក្នុង​នាម​ជា​សា​ក្សី​ ៣​ លើក​រួចមក​ហើយ​ទាក់​ទង​នឹង​សំណុំ​រឿង​សន្និ​ដ្ឋិ​ភាព​ជា​មួយ​បរ​ទេស​ប្រព្រឹត្ត​ដោយ​លោក​កឹម​សុខា​ អតីត​ប្រធាន​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​។

បើ​តាម​ដីកា​កោះ​ចុង​ក្រោយ​លោក​ត្រូវ​បាន​កំណត់​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ ​១១ ​មករា​ឆ្នាំ​ ២០១៨ ​វេលា​ម៉ោង​​៨​ព្រឹក​។

លោក ម៉ម សូណង់ដូ មិនអាចសុំការបញ្ជាក់បន្ថែមបានទេកាលពីព្រឹកមិញ។ ប៉ុន្តែភ្លាមៗ​ បន្ទាប់​ពី ​លោក​ទទួល​ដំណឹង​ពី​ការ​ចេញ​ដីកា​អញ្ជើញ​កាល​ពី​ ២២ ​ធ្នូ​ ឆ្នាំ​ ២០១៧ លោក​ម៉ម​សូណង់​ដូ ធ្លាប់បាន​អះអាងថា​មិន​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​លោកកឹម​សុខា​ទេ​ដោ​យ​លោក​ថែម​ទាំង​បដិ​សេធ​ថា​មិន​ចូល​បំភ្លឺ​ទៀត​ផង​។

ប៉ុន្ដែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​ក៏ធ្លាប់​បាន​ព្រមាន​ដែរថា​លោក​សូណង់​ដូ​អាច​ប្រ​ឈម​មុខ​នឹង​បទ​ចោទ​ចំពោះ​ករណី​មិន​ចូល​បំភ្លឺ​ប្រសិន​បើ​មិន​មាន​មូល​ហេតុ​សម​ហេតុ​ផល។​

យ៉ាង​ណា​ក្ដី​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ចៅ​ក្រម​ ក្រៅ​ពី​ការ​សុំ​អភ័យ​ទោស​ចំពោះ​ការ​មិន​បាន​ចូល​តាម​ការ​កំណត់​លោក​សូ​ណង់​ដូក៏​បាន​បញ្ជាក់​ជូន​ចៅ​ក្រម​ដែរថា ​លោក​នឹង​ជម្រាប​ម្ដង​ទៀត​នៅ​ពេល​ខាង​មុខ​ជា​ថ្ងៃ​ដែល​លោក​វិល​មក​កម្ពុជា​៕