ភ្នំពេញៈ អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មកពីអតីតគណបក្សសង្គ្រោះជាតិ លោក រ៉ុង ឈុន ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងក្រោមហេតុផលអវត្តមានគ្មានការអនុញ្ញាតប៉ុន្តែសាមីខ្លួនថាពាក់ព័ន្ធនឹងនយោបាយច្រើនជាង ខណៈរូបលោកបានដាក់លិខិតចូលបម្រើការងារវិញរួចហើយក្រោយលាលែងពីគជប។ នេះបើតាមប្រកាសចុះថ្ងៃទី៣០ខែមករាឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន បានថ្លែងថា ការសម្រេចលុបឈ្មោះនេះធ្វើឡើងដោយផ្អែកតាមច្បាប់ ខណៈដែលលោក រ៉ុង ឈុន មិនបានសុំចូលបម្រើការងារវិញភ្លាមៗ ក្រោយពីបានបញ្ចប់ការងារពី គជប ភ្លាម។
លោកបានបន្តថា៖ «ជារួមយោងទៅលើគោលការណ៍ច្បាប់អនុក្រឹត្យលេខ ៥០ ចុះឆ្នាំ ១៩៩៩ ស្តីពី ការស្ថិតនៅក្របខណ្ឌ័ដើមវិញត្រូវដាក់ពាក្យចូលធ្វើការវិញពេលខ្លួនបានបញ្ចប់មុខតំណែងភ្លាម។ ប្រការ ៣ សាមីជនត្រូវដាក់ពាក្យចូលធ្វើការវិញនៅពេលចប់ភារកិច្ចក្នុងករណីសាមីជនមិនបានដាក់ពាក្យចូលធ្វើការវិញទេក្រសួងនឹងចាត់វិធានការជាធរមាន»។
លោក សាលីន ថា លោករ៉ុងឈុនបានចេញពីគជបតាមព្រះរាជក្រឹត្យចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៧ តែគាត់មិនបានដាក់ពាក្យសុំបម្រើការងាដើមវិញភ្លាមទេគឺទើបតែដាក់ពាក្យចូលធ្វើការវិញនៅថ្ងៃទី០៣ខែមករាប៉ុណ្ណោះដែលជាហេតុធ្វើឲ្យក្រសួងត្រូវចាត់ការតាមនីតិវិធីជាធរមាន។
យ៉ាងណាក្ដី លោក រ៉ុង ឈុន បានហៅករណីនេះថាជារឿងគួរឲ្យអស់សំណើច ខណៈលោកបានដាក់ពាក្យសុំបម្រើការងារវិញនៅថ្ងៃ៣មករាឆ្នាំ២០១៨តែបែរជាក្រសួងចេញលិខិតលុបឈ្មោះលោកនៅថ្ងៃ ៣០ មករា ឆ្នាំ ២០១៨ ក្រោមហេតុផលអវត្តមានទាំងលោកមិនទាន់បានចូលបម្រើការវិញផងនោះ។
លោកបានបញ្ជាក់ថា៖ «…ហេតុអ្វីត្រូវអវត្តមានបើមិនទាន់បានធ្វើការផង?»។លោកថា៖«បើចង់លុបឈ្មោះខ្ញុំចេញពីក្របខ័ណ្ឌគួរតែរកមូលហេតុផ្សេងទៅ បើយកហេតុផលអវត្តមានគ្មានច្បាប់នេះវាជារឿងមួយអាក្រក់ខូចកេរ្តិ៍ឈ្មោះក្រសួងប៉ះពាល់ដល់ក្រសួងនិងរដ្ឋាភិបាល។ បើចង់ធ្វើបែបហ្នឹងគួរតែពិនិត្យនិងផ្អែកតាមក្របខ័ណ្ឌច្បាប់…»។
«នៅពេលដែលខ្ញុំទៅបម្រើការងារនៅ គជប គឺខ្ញុំបានការអនុញាតពីរដ្ឋមន្ត្រី ជាការឈប់សម្រាកពិសេស ចាប់ពីខែឧសភាឆ្នាំ២០១៥»។
លោក រ៉ុង ឈុន បានយល់ឃើញថា ការបញ្ឈប់នេះវាជារឿងនយោបាយច្រើនជាងកំហុសព្រោះគេចង់លុបឈ្មោះខ្ញុំយូរមកហើយតាំងពីសម័យលោក អ៊ឹមសិទ្ធី ធ្វើរដ្ឋមន្ត្រីមកម្ល៉េះ។ ប៉ុន្តែ បានពិនិត្យពិច័យទៅតាមផ្លូវច្បាប់ តែលោករដ្ឋមន្ត្រីពេលនេះថា បញ្ឈប់គឺបញ្ឈប់តែម្តងដោយអត់បានពិនិត្យទៅលើសហលក្ខន្តិកៈមន្ត្រីរាជការនិងច្បាប់ស្តីពីការអប់រំពីព្រោះច្បាប់ទាំងពីរហ្នឹងមុននឹងបញ្ឈប់មន្ត្រីនៅក្រោមឱវាទណាមួយគេត្រូវហៅមកអប់រំផ្ទាល់មាត់សិនបើមិនស្តាប់ចេញលិខិតព្រមានជាលាយលក្ខណ៍អក្សរ ហើយបើនៅមិនស្តាប់ទៀតទើបគេចេញលិខិតបញ្ឈប់។
លោកឈុនបានបន្តថា៖«ចំពោះខ្ញុំវិញមិនបានហៅខ្ញុំទៅសាកសួរថាខ្ញុំបោះបង់ការងារចោលឬយ៉ាងមេច?ហើយទី២ខ្ញុំមិនដែលធ្លាប់បានទទួលលិខិតស្តីបន្ទោសពីព្រោះខ្ញុំទើបនឹងឈប់ពីគជបមិនទាន់បានទៅបម្រើការងារវិញផងហ្នឹង។ លោករដ្ឋមន្ត្រីត្រូវពិនិត្យមើលឡើងវិញហើយគោរពច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវព្រោះក្រសួងអប់រំជាក្រសួងនាំមុខគេ…បើគ្រាន់តែធ្វើដើម្បីផ្គាប់ចិត្តអ្នកធំនិងយកនយោបាយមកពាក់ព័ន្ធគឺមិនត្រូវទេហើយមិនអាចធ្វើការកែប្រែវិស័យអប់រំឲ្យប្រសើរឡើងបានទេ»។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមបានទេ កាលពីម្សិលមិញ៕