Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក សម រង្ស៊ី លើក​ពី​មូលហេតុ​នៃ​ការ​យាង​ចេញ

Content image - Phnom Penh Post
អតីត​មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី នា​ពេល​កន្លង​មក។ ហេង ជីវ័ន

លោក សម រង្ស៊ី លើក​ពី​មូលហេតុ​នៃ​ការ​យាង​ចេញ

ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ឆ្លៀត​ព្រលយ​ពាក្យ​ដែល​សំដៅ​ទៅ​គណបក្ស​កាន់​អំណាច​អំពី​ការ​យាង​ចេញ​ពី​ប្រទេស​កម្ពុជា​របស់​ព្រះមហាក្សត្រ​ថា​ជា​ការ​ចៀសវាង​ការ​ឡាយ​ព្រះហស្ត​លេខា​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​វិសោធនកម្ម​រួច​ជា​អ្វី​ដែល​មជ្ឈដ្ឋាន​ជាច្រើន​ចាត់​ទុក​ថា​មាន​ចេតនា​រំលាយ​គណបក្ស​ជា​គូប្រកួត​របស់​ខ្លួន ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​ថា​ការ​យាង​ចេញ​របស់​ព្រះអង្គ​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព។

នៅលើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​លោក សម រង្ស៊ី បាន​សម្ដែង​ការ​អរ​ព្រះគុណ​ចំពោះ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ដែល​បាន​ចាកចេញ​ពី​ប្រទេស​ទៅ​ប្រទេស​ចិន​ ខណៈ​គណបក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​គេ​ហៅថា​ជា​វិធានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

លោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​យាង​ទៅ​ប្រទេស​ចិន​របស់​ព្រះមហាក្សត្រ​ថា​គឺ​ដើម្បី​ចៀស​ពី​ការ​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​គណបក្ស​នយោបាយ​ដែល​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដែល​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​ណា​មួយ។

លោក សម រង្ស៊ី បាន​សរសេរ​ថា៖ «សព្វ​ថ្ងៃ​នេះ​មាន​គណបក្ស​តែ ២ នៅ​រដ្ឋសភា​ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ​គឺជា​ការ​វិល​ត្រឡប់​ទៅ​រក​របប​បក្ស​តែ​មួយ​ដូច​កាលសម័យ​កុម្មុយនីស្ត គឺ​មិន​អាច​ហៅថា​ពហុបក្ស (ច្រើន​បក្ស) បាន​ទេ»។

លោក​បាន​សរសេរ​បន្ត​ថា៖ «ដោយសារ​តែ​ព្រះអង្គ​មិន​យល់​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​វិសោធនកម្ម​ដ៏ព្រៃផ្សៃ​នេះ ទើប​ព្រះអង្គ​បាន​យាង​ទៅ​ស្រុក​ចិន​ដើម្បី​កុំ​ឲ្យ​មាន​ព្រះនាម​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ»។

ទន្ទឹម​នេះ​លោក សម រង្ស៊ី ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​សម្តេច​ព្រះនរោត្តម សីហនុ កាលពី​ឆ្នាំ​ ២០០៤ ក៏​ព្រះអង្គ​មិន​បាន​យល់ព្រម​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ព្រៃផ្សៃ​មួយ​ទៀត​គឺ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ «បោះឆ្នោត​ជា​កញ្ចប់» ជ្រើសរើស​នាយក​រដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​តាមរយៈ​ការ​បោះឆ្នោត​តែ​ម្តង​ដែល​ហៅថា​បោះឆ្នោត​ជា​កញ្ចប់។ ក្នុង​ពេល​នោះ​ក៏​ព្រះមហាក្សត្រ​បាន​គេច​ព្រះកាយ​ដោយ​យាង​ទៅ​ប្រទេស​ចិន​ទុក​ឲ្យ​ប្រមុខ​រដ្ឋស្តីទី​ចុះ​ហត្ថលេខា​ជំនួស​ព្រះអង្គ​តាម​បញ្ជា​លោក ហ៊ុន សែន។ សូម្បី​តែ​សម្តេច ជា ស៊ីម ក៏​បាន​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​ដោយសារ​តែ​លោក​ក៏​មិន​យល់​ព្រម​ចុះហត្ថលេខា​លើ​វិសោធនកម្ម​នោះ​ដែរ ហើយ​ទុក​ឲ្យ​លោក ញឹក ប៊ុនឆៃ ចុះហត្ថលេខា​ជំនួស​ក្នុង​ឋានៈ​ជា​អនុប្រធាន​ព្រឹទ្ធសភា។

លោក សម រង្ស៊ី បាន​ចាត់​ទុក​សម្តេចឪ នរោត្តម សីហនុ និង​ព្រះមហាក្សត្រ សីហមុនី ជា​ «ព្រះមហាក្សត្រ​ដែល​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​ព្រះនាម​របស់​ព្រះអង្គ»។

ទោះ​យ៉ាង​ណា​រដ្ឋមន្រ្តី​ក្រសួង​ព្រះបរមរាជវាំង​លោក គង់ សំអុល បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ព្រះមហាក្សត្រ​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​គឺ​ដើម្បី​ព្យាបាល​ព្រះរោគ​របស់​ព្រះអង្គ​ហើយ​ថា​ព្រះមហាក្សត្រ​មិន​មាន​ចេតនា​អ្វី​ចាកចេញ​ពី​ប្រទេស​ខុស​ពី​នេះ​ទេ។ ប៉ុន្តែ​លោក គង់ សំអុល មិន​បាន​ប្រាប់​ថា តើ​ព្រះមហាក្សត្រ​កំពុង​មាន​ព្រះរោគ​អ្វី​នោះ​ឡើយ។

លោក គង់ សំអុល បាន​បន្ត​ថា៖ «អ្នក​បកស្រាយ​គេ​ចេះ​តែ​បកស្រាយ​ទៅ។ ប៉ុន្តែ​ក្នុង​មួយ​ឆ្នាំ [ព្រះមហាក្សត្រ] មាន​កម្មវិធី​ម្តង​ ឬ​ពីរ​ដង​ទៅ​ព្យាបាល​ព្រះរោគ»។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​លោក​មិន​បាន​ដឹង​ទេ​ថា​តើ​ព្រះមហាក្សត្រ​នឹង​យាង​ត្រឡប់​មក​មាតុភូមិ​វិញ​នៅ​ពេល​ណា​ទេ។

ជា​ការ​ឆ្លើយតប​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សួស យ៉ារ៉ា បាន​ថ្លែង​ថា​លោក សម រង្ស៊ី ជា​ទណ្ឌិត ដូច្នេះ​អ្វី​ដែល​គាត់​និយាយ​គ្រាន់​តែ​ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​ខ្លួន​ប៉ុណ្ណោះ ហើយ​លោក​ថា​រាល់​ការ​អនុម័ត​ច្បាប់​ជាតិ​ទាំង​មូល​បើ​ទោះបី​ជា​ព្រះមហាក្សត្រ​មិន​នៅ​ក្នុង​ប្រទេស​ក៏ដោយ​ ក៏​មាន​ប្រមុខ​រដ្ឋស្តីទី​ដើម្បី​ចុះហត្ថលេខា​ទៅ​តាម​ព្រះរាជបញ្ជា​របស់​ព្រះមហាក្សត្រ​ដែរ។

លោក សួស យ៉ារ៉ា បាន​បន្ត​ថា៖ «យើង​ជា​រដ្ឋ​អធិបតេយ្យ​មួយ។ ដូច្នេះ​ក្នុង​ឋានានុក្រម​នៃ​ច្បាប់​រាល់​ការ​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជ​ក្រម​ត្រូវ​មាន​គោលការណ៍ និង​ព្រះរាជ​ឱវាទ​របស់​ព្រះករុណា ទើប​ប្រមុខ​រដ្ឋ​ស្តីទី​ឡាយ​ព្រះហស្តលេខា»៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ