ភ្នំពេញៈ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងកាលពីម្សិលមិញ បានអំពាវនាវឲ្យអូស្ត្រាលីជួយ «ធ្វើឲ្យរស់រានឡើងវិញ» ចំពោះប្រជាធិបតេយ្យរបស់កម្ពុជាដោយថ្លែងថា ភាពនៅស្ងៀមរបស់ប្រទេសអូស្ត្រាលី ចំពោះភាពផ្តាច់ការកាន់តែខ្លាំងឡើង និងការដាក់ពន្ធនាគារពលរដ្ឋរបស់ខ្លួនគឺទំនងជាដោយសារកិច្ចព្រមព្រៀងជនភៀសខ្លួន ដែលមានលក្ខណៈចម្រូងចម្រាស។
លោក សម រង្ស៊ី កាលពីម្សិលមិញ បានប្រាប់អ្នកកាសែត នៅក្លិបសារព័ត៌មានជាតិអូស្ត្រាលីថា ប្រទេសកម្ពុជាត្រូវការប្រទេសអូស្ត្រាលី និងប្រទេសលោកខាងលិចដទៃៗទៀត ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឲ្យបញ្ឈប់យុទ្ធនាការបង្ក្រាបផ្នែកនយោបាយរបស់លោក។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋកម្ពុជាម្នាក់ឯងមិនអាចធ្វើឲ្យប្រជាធិបតេយ្យក្នុងប្រទេសរបស់ខ្លួនរស់ឡើងវិញទេ។ កម្ពុជាជាប្រទេសតូចណាស់ និងងាយរងគ្រោះណាស់មិនអាចកំណត់ជោគវាសនារបស់ខ្លួនដូចប្រវត្តិសាស្ត្របានបង្ហាញនោះទេ»។ «កម្ពុជាជាចំណុចខ្សោយនៃប្លុកផ្តាច់ការក្នុងអាស៊ី»។
ប៉ុន្តែលោក រង្ស៊ី ថ្លែងថាការខកខានរបស់អូស្ត្រាលីក្នុងការចូលរួមក្នុងវិស័យនេះ និងវិស័យដទៃទៀតទំនងដោយសារកិច្ចព្រមព្រៀងជនភៀសខ្លួនដែលមានទឹកប្រាក់ខ្ពស់របស់ខ្លួន។
កាលពីឆ្នាំ ២០១៤ អូស្ត្រាលីបានចុះកិច្ចព្រមព្រៀងផ្តល់ ៤០ លានដុល្លារអូស្ត្រាលីសម្រាប់កម្ពុជាដើម្បីទទួលយកជនភៀសខ្លួនដែលអូស្ត្រាលីមិនចង់បាន។
លោក រង្ស៊ី ថា៖ «ខ្ញុំខ្លាចដោយសារបញ្ហាជនភៀសខ្លួននេះ ទីក្រុងកង់បេរ៉ា (Canberra) មិនចង់មានបញ្ហាណាមួយជាមួយលោក ហ៊ុន សែន។ ដូច្នេះលោក ហ៊ុន សែន មានអារម្មណ៍ថា មាននិទ្ទណ្ឌភាពទាំងស្រុងសម្រាប់លោក»។ «វាគួរឲ្យខ្មាសណាស់ ដែលទទួលយកជនភៀសខ្លួនពីកម្ពុជា នៅពេលនាក់បញ្ជូនជនភៀសខ្លួនទៅកម្ពុជា»។
លោក សម រង្ស៊ី បានគូសបង្ហាញករណីភរិយា និងកូន ៥ នាក់របស់លោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់ដែលកំពុងស្នាក់នៅប្រទេសថៃ រង់ចាំទិដ្ឋាការទៅអូស្ត្រាលី។
លោក សម រង្ស៊ី ក៏បានថ្លែងផងដែរថា លោកមានការ «ភ្ញាក់ផ្អើល» ដែលប្រទេសអូស្ត្រាលីមិនខិតខំធ្វើការងារបន្ថែមទៀតក្នុងការទាមទារឲ្យមានការដោះលែងអ្នកផលិតភាពយន្តលោក James Ricketson ដែលប្រឈមមុខនឹងការដាក់ពន្ធនាគារ ១០ ឆ្នាំ បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទចោទចារកម្មកាលពីខែមិថុនា។
ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីមិនបានឆ្លើយតបនឹងសំណើសុំអធិប្បាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថា «គួរឲ្យអស់សំណើច» ហើយលោកថា មិនចាំបាច់បរទេសទទួលស្គាល់លទ្ធផលបោះឆ្នោតទេ ដោយសារប្រជាពលរដ្ឋកម្ពុជាទទួលស្គាល់ហើយ។ «ការអំពាវនាវឲ្យបរទេសរួមមានអូស្ត្រាលីមិនទទួលស្គាល់ការបោះឆ្នោត វាទៅមិនរួចទេ គ្មាននរណាស្តាប់គាត់ទេ»។
លោកបន្តថា ការអំពាវនាវពីគណបក្សបៃតងរបស់អូស្ត្រាលីហាមប្រាមនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឲ្យទៅប្រទេសអូស្ត្រាលីកាលពីខែមីនាគ្មាននរណាស្តាប់ទេ៕ PS