ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ការពារ​ដល់​ដំណើរការ​បង្កើត​ឲ្យ​មាន​កន្លែង​ឃុំឃាំង​បង់ថ្លៃ​ដោយ​លោក​ថា ជា​ការ​ជួយ​សម្រួល​ និង​កាត់​បន្ថយ​ភាព​​ចង្អៀត​ក្នុង​ពន្ធនាគារ​ហើយ​គោរព​តាម​ស្តង់ដារ តែ​វា​មិន​ក្លាយ​ជា​សណ្ឋាគារ​នោះ​ទេ​ ខណៈ​មាន​ការ​លើកឡើង​ថា​​ដំណើរការ​នេះ​បាន​ប្រយោជន៍​​តែ​លើ​ក្រុមហ៊ុន​អ្នក​ធ្វើ និង​អ្នក​មាន​លុយ​។

ការ​លើក​ឡើង​របស់​ឧបនាយក​រដ្ឋមន្ត្រី​លោក ស ខេង បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អគ្គនាយកដ្ឋាន​ភ័ស្ដុភារ និង​ហិរញ្ញវត្ថុ​កាលពី​ម្សិលមិញ​ដោយ​បាន​បញ្ជាក់ថា​មន្ទីរ​ឃុំឃាំង​បង់​ថ្លៃ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ​នេះ ខណៈ​ដែល​វា​អាច​ជួយ​សម្រួល​ទាំង​អ្នក​​ជាប់ឃុំ​មាន​លុយ និង​អ្នក​ជាប់​ឃុំ​ក្រីក្រ ពីព្រោះ​ពេល​អ្នក​មាន​ទៅ​នៅ​កន្លែង​ឃុំឃាំង​ត្រូវ​បង់លុយ​វា​នឹង​ធ្វើឲ្យ​កន្លែង​នៅ​ចាស់​ទូលាយ និង​ថា​មាន​អ្នក​ខ្លះ​វិភាគ​មិន​បាន​គ្រប់​ជ្រុងជ្រោយ​ទេ​ពី​រឿង​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​អ្នក​វិភាគ វិភាគ​ត្រូវ​ដោយ​វិភាគ​ថា ធ្វើ​មន្ទីរ​ឃុំឃាំង​សម្រាប់​តែ​អ្នកមាន និង​អ្នក​មាន​លុយ​...​វា​ពិត​ជា​អ៊ីចឹង​មែន បើ​អត់​លុយ​ឲ្យ​គាត់​ទៅ​នៅ​ទី​នោះ​ម៉េច​? ប៉ុន្តែ​មិន​គិត​ដល់​មួយ​ជ្រុង​ទៀត​ថា អ្នកមាន​ដែល​កំពុង​នៅ​ជាមួយ​អ្នកក្រ​ដែល​ណែន​តាន់តាប់​។ ​នៅ​ពេល​អ្នកមាន និង​មាន​លុយ​ចេញ​ទៅ​ជួល​នៅ​អគារ​នោះ វា​នឹង​ធ្វើឲ្យ​មន្ទីរ​ឃុំឃាំង​សម្រាប់​អ្នកក្រ​ទូលាយ និង​ស្រឡះ​...​។ ​គាត់​និយាយ​តែ​មួយ​ជ្រុង​។ ​ធម្មតា​វា​អ៊ីចឹង​ហើយ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ប៉ុន្តែ​យើង​អ្នក​ធ្វើ យើង​បាន​គិត​ថា​ដូច្នេះ​»​។

លោក​បាន​បន្ថែម​ថា​៖ «​អ្នក​មាន​លុយ​បង់​ទើប​អាច​ទៅ​នៅ​បាន ប៉ុន្តែ​អ្នក​គ្មាន​លុយ​បង់​មិន​អាច​ទៅ​នៅ​បាន​ទេ​។ ​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ពេល​គាត់​ចេញ​ទៅ​អ្នក​ដែល​គ្មាន​លុយ​បង​គាត់​នឹង​ធូរ​។ ​គោលដៅ​គឺ​វា​ដូច្នេះ​...​ខ្ញុំ​គិត​ថា​ចំណុច​នេះ​ជា​ចំណុច​ថ្មី ហើយ​ខ្ញុំ​គិត​ថា យើង​គួរ​តែ​សាកល្បង​ប្រតិបត្តិការ​ទៅ​វា​យ៉ាង​ម៉េច​?»​។

ទោះ​យ៉ាង​ណា​លោក​ថ្លែង​ថា​កាលណា​វា​ទៅ​ហួស​ដល់​សណ្ឋាគារ​ ឬ​ផ្ទះសំណាក់​ក៏​វា​ជ្រុល​ដែរ​។

លោក​បាន​ព្រមាន​ថា​៖ «​ប៉ុន្តែ​កុំ​ឲ្យ​កន្លែង​ឃុំ​នោះ​វា​មិនមែន​កន្លែង​ឃុំ​តែ​បែរ​ទៅ​ជា​អូតែល​ ឬ​សណ្ឋាគារ ឬ ផ្ទះសំណាក់​នៅ​ពេល​ដែល​វា​ទៅ​ដល់​នោះ​វា​ជ្រុល​ហើយ និង​ខុស​ហើយ​។ យើង​ត្រូវ​មាន​ស្តង់ដារ​របស់​វា​គឺ​ស្តង់ដារ​សម្រាប់​អ្នក​ជាប់គុក​...​ប្រទេស​ខ្លះ​ខ្ញុំ​មើល​ថា ដូច​វា​លើស​ផ្ទះសំណាក់ មាន​គ្រែ​មាន​ពូក​ហើយ​មាន​អ្វី​ហូរហែ​ទៅ​ហើយ​អាច​ដោះស្រាយ​នៃ​ការ​ទាល់ច្រក​ម្តងម្កាល​បាន ហើយ​សង្សារ​ និង​ប្រពន្ធ​ទៅ​លេង​បាន​នេះ​ជា​រឿង​របស់​គេ យើង​មិន​ធ្វើ​ដល់​ថ្នាក់​នោះ​ទេ​»​។

តាម​របាយការណ៍​ឆ្នាំ​ ២០១៧ ​និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០១៨ ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា ជន​ជាប់ឃុំ​ចូល​ថ្មី​ក្នុង​ឆ្នាំ​ ២០១៧ ​មាន​ ១៧៤៨០ ​នាក់​ក្នុង​នោះ​មាន​ស្រី​ ១៦៨៩ ​នាក់​ដោយ​កើនឡើង​ ២៩,២១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ​ដែល​មាន​ ៦៤២៥ ​នាក់​ក្នុង​នោះ​មាន​ស្រី​ ៦៦២ នាក់​។

របាយការណ៍​ដដែល​ថា​ជន​ជាប់ឃុំ​ទាំង​នេះ​ត្រូវ​បាន​ចោទ​ពី​បទ​ល្មើស​គ្រឿងញៀន​ ៥១,៧៦ ​ភាគរយ​ពី​បទ​ប្លន់ និង​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ១៨,៨៨ ​ភាគរយ​បទ​ឃាតកម្ម​ និង​មនុស្ស​ឃាត​ ៧,៦៨ ​ភាគរយ និង​បទល្មើស​ផ្សេងៗ​ ១៣,៧៧ ភាគរយ​។

ការ​កើនឡើង​នៃ​ជន​ជាប់ឃុំ​នេះ​ធ្វើឲ្យ​ស្ថានភាព​ក្នុង​ពន្ធនាគារ​ប្រឈម​នឹង​ភាព​ចង្អៀត​បណ្ដាល​ឲ្យ​ការ​រៀបចំ​ឃុំឃាំង​តាម​នីតិវិធី​ច្បាប់​ និង​ការ​ឃុំឃាំង​ដោយ​ឡែក​សម្រាប់​បទល្មើស​គ្រឿងញៀន​ពុំ​អាច​ដំណើរការ​បាន​ល្អ​ធ្វើឲ្យ​មាន​ហានិភ័យ​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ ប៉ះពាល់​ដល់​អនាម័យ​សុខភាព និង​​ការ​បង្ការ​ជំងឺ​ឆ្លង​ជាដើម​។

លោក អំ សំអាត ប្រធាន​​គ្រប់គ្រង​ផ្នែក​ស៊ើបអង្កេត​នៃ​​អង្គការ​លីកាដូ​កាលពី​ម្សិលមិញ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​​បាន​ទេ ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ​​លោក​បាន​ថ្លែង​ថា​ការ​សាងសង់​​អគារ​ឃុំ​ខ្លួន​បង់​លុយ​នេះ​បាន​​ប្រយោជន៍​តែ​លើ​ក្រុមហ៊ុន​ និង​អ្នកមាន​លុយ ឯ​អ្នក​គ្មាន​លុយ​នៅ​តែ​គ្មាន​លទ្ធភាព​ដដែល តែ​លោក​ក៏​បារម្ភ​ពី​ការ​កើនឡើង​​អ្នក​ទោស​ដែល​ធ្វើឲ្យ​ពន្ធនាគារ​​ចង្អៀត​ផង​ដែរ​៕