ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​កាលពី​ម្សិលមិញ​ដោយ​បាន​បង្ហាញ​ពី​កង្វល់​ពី​ការ​បង្ក្រាប​គ្រឿងញៀន​យ៉ាង​គំហុក​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​យ៉ាង​ច្រើន​ជា​មូលហេតុ​នាំឲ្យ​មាន​ចំនួន​ជន​ដែល​ត្រូវ​ឃុំ​ខ្លួន​ និង​អ្នក​ទោស​កើន​លើស​ចំនួន​បន្ទប់​ឃុំឃាំង​នៃ​ពន្ធនាគារ​។

លោក ស ខេង ថ្លែង​ថា​៖ «​ឥឡូវ​ហ្នឹង យើង​វា​ចាប់​ច្រើន​ពេក​។ ដល់​ពេល​ចាប់​ច្រើន​ពេក​វា​ទៅ​ជា​ចង់​យ៉ាប់​វិញ​ហើយ​។ តែ​បើ​យើង​មិន​ចាប់​វា​ក៏​ពិបាក​។ តើ​រក​វិធានការ​អី​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​? ព្រោះ​ឥឡូវ​ពន្ធនាគារ​យើង​វា​ណែន​។ ដល់​ណែន​ទៅ វា​ក៏​ពិបាក មិនមែន​ស្រួល​ប៉ុន្មាន​ទេ​។ គ្រាន់​តែ​កន្លែង​ទុក​ដាក់​វា​ពិបាក​ទៅ​ហើយ ហើយ​វា​នៅ​ការ​ផ្គត់ផ្គង់ ការ​ហូបចុក​ទាំងអស់​សព្វ​បែប​យ៉ាង​ឥឡូវ​ដល់​ជាង​ ២៦ ០០០ ​នាក់​»​។

លោក ស ខេង ថ្លែង​ផង​ដែរ​ថា​៖ «​អន្តរជាតិ​ថា​អ្នក​ឯង​ធ្វើ​ម៉េច​ដើម្បី​ធ្វើឲ្យ​ពន្ធនាគារ​វា​ធូរ​? ដើម្បី​ឲ្យ​ធូរ យើង​លើក​លែង​ទោស បន្ធូរ​បន្ថយ​ទោស អាហ្នឹង​មួយ​ផ្នែក​ហើយ តែ​កុំ​ចាប់​ច្រើន​ពេក​។ តែ​បើ​មិន​ចាប់​ច្រើន​ពេក​អសន្តិសុខ ក៏​យើង​ទទួល​ខុស​ត្រូវ​ដែរ​។ អ៊ីចឹង​យើង​ត្រូវ​រក​វិធី​អី​ដើម្បី​ដោះស្រាយ មិនមែន​គិត​តែ​រឿង​ចាប់​ចង ងាក​ចាប់ៗ មិន​ដឹង​មាន​កន្លែង​ណា​ដាក់​»​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​ពី​កង្វល់​ផង​ដែរ​សម្រាប់​សម្ភារ​ដែល​រឹប​អូស​បាន​នៅ​ក្នុង​ការ​បង្ក្រាប​ដូចជា​ម៉ូតូ ឡាន​ដែល​ងាយ​នឹង​ខូច​។

លោក​ថ្លែង​ថា​៖ «​សម្ភារ​ខ្លះ​ដែល​ងាយ​ខូច មិន​មែន​ដី​ទេ ដូចជា​ម៉ូតូ​ និង​ឡាន បើ​យក​មក​ដាក់​កន្លែង​នេះ​រក​ឃ្លាំង​ដាក់​មិន​បាន​ទេ ហើយ​បើ​បាត់បង់​របស់​គេ មិន​ដឹង​ថា​សង​យ៉ាង​ម៉េច​ទេ​។ អ៊ីចឹង​ទេ​សុខ​ចិត្ត​ថា​ឥឡូវ​លក់​ឡាយឡុង​ទៅ​ហើយ​យក​លុយ​ទៅ​ដាក់​ធនាគារ​ហើយ​យក​ការ​ប្រាក់​ពី​ធនាគារ​។ នៅ​ពេល​កាត់ក្តី​ឃើញ​ថា​រឿង​ហ្នឹង​មិន​ត្រូវ​ទេ​សងលុយ​គេ​វិញ​ទៅ​ហើយ​បើ​សិន​ត្រឹមត្រូវ​ហើយ រឹបអូស​លុយ​ហ្នឹង​ដើម្បី​កសាង​ស្អី​ទៅ​សម្រាប់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​»​។

មន្ត្រី​ជាន់​ខ្ពស់​ខាង​បង្ក្រាប​គ្រឿងញៀន​រួម​ទាំង​តំណាង​ស្ថានទូត​ និង​អង្គការ​អន្តរជាតិ​ប្រមាណ​ជា​ ៥០០ ​នាក់​បាន​ចូលរួម​សន្និបាត​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​នៅ​តែ​បន្ត​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការ​ចរាចរ​គ្រឿងញៀន​ពី​បណ្ដា​ប្រទេស​នានា​ទាំង​នៅ​ក្នុង​អនុតំបន់ តំបន់​ និង​អន្តរជាតិ​បើ​ទោះ​បី​ជា​មាន​យុទ្ធនាការ​អប់រំ​ និង​បង្ក្រាប​ជាច្រើន​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ​កន្លង​មក​នេះ​។

របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ​ ២០១៧ និង​ទិសដៅ​ការងារ​ ២០១៨ ដែល​បាន​ថ្លែង​ទៅ​កាន់​សន្និបាត​បាន​ឲ្យ​ដឹង​ថា​៖ «​ទោះបី​ជា​យើង​បាន​សហការ​ជាមួយ​ប្រទេស​ជិត​ខាង​ទទួល​បាន​លទ្ធផល​ជាច្រើន​ក៏​ពិតមែន តែ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​តែ​បន្ត​ជួញដូរ​គ្រឿងញៀន​ឆ្លង​កាត់​កម្ពុជា​ទៅ​កាន់​ប្រទេស​ទី​ ៣ កម្ពុជា​បាន​ពង្រឹង និង​ពង្រីក​សមត្ថភាព​ត្រួតពិនិត្យ​គ្រឿងញៀន​របស់​ខ្លួន​ជា​ប្រចាំ​ដោយ​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​ទាំង​ក្នុង​កម្រិត​អនុតំបន់ តំបន់ និង​អន្តរជាតិ​»​។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ទោះ​ជា​យ៉ាងណា​ក៏ដោយ ការ​ជួយ​គាំទ្រ​ថវិកា មធ្យោបាយ​ និង​សម្ភារ​ពី​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយ​ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​នានា​លើ​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន​បាន​កាត់​បន្ថយ​មក​នៅ​ក្នុង​កម្រិត​តូច​បំផុត​ដែល​ទាំងអស់​នេះ​បាន​ជះឥទ្ធិពល​មិន​ល្អ​ដល់​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន​ទាំង​នៅ​កម្ពុជា និង​ក្នុង​តំបន់​។

របាយការណ៍​ក៏​បាន​បង្ហាញ​ពី​យន្តការ​នៃ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ទៅវិញ​ទៅមក​ទាក់ទង​ទៅ​នឹង​បទល្មើស​គ្រឿងញៀន​ជាប់​ព្រំដែន កម្ពុជា-ឡាវ កម្ពុជា-ថៃ​ និង​កម្ពុជា-វៀតណាម ដើម្បី​ឈាន​ទៅ​ដល់​ការ​ទប់ស្កាត់​ និង​បង្ក្រាប​ទាន់​ពេលវេលា​នូវ​ករណី​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន​កាន់​តែ​ត្រូវ​បាន​លើក​កម្ពស់​ និង​សកម្ម​ជាង​មុន​ដែល​កម្ពុជា ឡាវ ថៃ បាន​ឯកភាព​គ្នា​រៀបចំ​កសាង ភូមិស​គ្មាន​គ្រឿងញៀន​នៅ​តំបន់​ព្រំដែន កម្ពុជា-ឡាវ ចំនួន​ ២ ​ភូមិ កម្ពុជា-ថៃ ចំនួន​បី​ភូមិ​ និង​ការិយាល័យ​ BLO ​ចំនួន​ ៥ និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ថៃ​ និង​ឡាវ​ក្នុង​ការ​រៀបចំ​ភូមិ ស គ្មាន​គ្រឿងញៀន​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ-ឡាវ ដោយ​រៀបចំ​ប្រជុំ​ដក​ពិសោធន៍ និង​វាយតម្លៃ​ការ​អនុវត្ត​យន្តការ​កសាង​ភូមិ ស នៅ​ខេត្ត​ព្រំដែន​ភាគ​ឦសាន ដូចជា ខេត្ត មណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង​។

លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ជួប​ជាមួយ​ប្រតិភូ​ចិន​លើ​ការ​ពង្រឹង​ទំនាក់​ទំនង និង​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-ចិន ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ដោយ​ផ្ដោត​សំខាន់​លើ​ការ​បន្ត​ជួយ​គាំទ្រ​ទាំង​ថវិកា សម្ភារ​បច្ចេកទេស និង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៧-២០១៨​។

ក្នុង​ឆ្នាំ​ ២០១៧ កន្លង​មក​នេះ​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ៨១៧៣ ករណី កើនឡើង ៣៩២៧ ករណី ស្មើ ៩២ ​ភាគរយ​ជាង បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​បង្ក្រាប​នៅ​ក្នុង​ឆ្នាំ​ ២០១៦ ​មាន​តែ​ ៤២៤៦ ​ករណី​។

ក្នុង​ករណី​នេះ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ១៧ ៧៩៥ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ ១៥៨៤ ​នាក់​កើនឡើង​ ៧៣៤៩ ​នាក់​ស្មើ​នឹង​ ៨៤ ​ភាគរយ​ជាង បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​ ២០១៦ ឃាត់​ខ្លួន​បាន​តែ​ ៩៩៣៣ ​នាក់​។

ករណី​ដដែល​នេះ​ដែរ គ្រឿងញៀន​ចាប់​យក​សរុប​ចំនួន​ ២៩៦ ​គ.ក្រ និង​ ៥២១ ​ក្រាម​ក្នុង​នោះ​រួមមាន មេតំហ្វេតាមីន​ក្រាម​ម្សៅ (ICE) មេតំហ្វេតាមីន​គ្រាប់ (WY) អ៊ិចស្តាស៊ី ហេរ៉ូអ៊ីន កូកាអ៊ីន និង​កេតាមីន​រួម​ទាំង​រុក្ខជាតិ​ញៀន​ដូចជា​កញ្ឆា​ក្រៀម​ និង​ស្រស់​។ ទ្រព្យសម្បត្តិ​ដែល​ចាប់​យក​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មាន​រថយន្ដ​ ៨៨ ​គ្រឿង ម៉ូតូ​ ២២៤៦ ​គ្រឿង និង​អចលនទ្រព្យ​ដែល​បាន​បង្កក​រួម​មាន​ដី និង​ផ្ទះ​ចំនួន​ ១៣​ កន្លែង​។

ពិន សុខហុង មកពី​អង្គការ​មិត្ត​សំឡាញ់​បាន​ថ្លែង​ថា​យើង​បាន​ឮ​ជាយូរ​មក​ហើយ​អំពី​ចំនួន​អ្នក​ទោស​ណែន​ចង្អៀត​នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន ខ្ញុំ​ស្វាគមន៍​ដែល​រដ្ឋាភិបាល​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​។

អំពី​ករណី​លក់​ម៉ូតូ​ និង​រថយន្ត​ដែល​បញ្ហា​នេះ​លោក Phil Robertson មកពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា​នេះ​ជា​ការ​រំលោភ​បំពាន​ជាក់ស្តែង​ទៅ​លើ​គោលការណ៍​សន្មត​ជា​មុន​ថា​គ្មាន​ទោស​មុន​ការ​ជំនុំ​ជម្រះ​។

លោក​ថា តាមរយៈ​ទស្សនៈ​អនុវត្ត​ជាក់ស្តែង​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ត្រូវ​រារាំង​មន្ត្រី​នគរបាល​ និង​មន្ត្រី​រដ្ឋាភិបាល​មិន​ឲ្យ​ធ្វើការ​ចោទប្រកាន់​ក្លែងក្លាយ​ ឬ​រឹបអូស​របស់​ផ្ទាល់​ខ្លួន​របស់​ប្រជាពលរដ្ឋ​ដែល​មន្ត្រី​នោះ​ចង់​? មន្ត្រី​នគរបាល​ស៊ាំ​នឹង​ការ​លួច​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដោយ​មិន​ប្រគល់​លុយ​ដែល​ទទួល​បាន​ពី​ការ​លក់​របស់​ដែល​ត្រូវ​បាន​រឹបអូស​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ៕