ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បន្ទោស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​ធ្វេសប្រហែស​មិន​បាន​ពិនិត្យ​ឲ្យ​ហ្មត់ចត់​លើ​លក្ខណៈ​បច្ចេកទេស​ធ្វើ​ផ្លូវ​ខ្វះ​គុណភាព​ឆាប់​ទ្រុឌទ្រោម ខណៈ​មតិសាធារណៈ​ខ្លះ​និយាយ​រិះគន់​ថា​មាន​បញ្ហា​ពុករលួយ​នៅ​ក្នុង​គម្រោង​សាងសង់​នីមួយៗ​។

ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០១៨ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃ​ទី​ ១៦ ខែ​មករា ឆ្នាំ​ ២០១៨ នៅ​សាលសន្និសីទ​ចតុមុខ​ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​មកពី​អគ្គនាយកដ្ឋាន​ជំនាញ អង្គភាព មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ខេត្ត លោក ស ខេង បាន​ថ្លែង​ថា​៖ «​នេះ​គឺ​បទពិសោធ​របស់​យើង​ដែល​ចាំបាច់​ត្រូវ​តែ​គិត​គុណភាព​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក៏​ដូចជា អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ ត្រូវ​ខិតខំ​កែលម្អ​ពង្រឹង​យន្តការ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​​ ដើម្បី​ទប់ស្កាត់​នូវ​ការ​ដឹកជញ្ជូន​លើស​ទម្ងន់ និង​លើស​កម្រិត​កំណត់​ដែល​កំពុង​ក្លាយ​ជា​ជំងឺ​និង ជា​មេរោគ​បំផ្លាញ​ផ្លូវ​ថ្នល់​របស់​យើង​»​។

លោក ស ខេង ថ្លែង​ថា​នៅ​មាន​ផ្លូវជាតិ​មួយ​ចំនួន​នៅ​មាន​គុណភាព​អន់​នៅ​ឡើយ​ជាក់ស្តែង​ដូចជា​ផ្លូវជាតិ​លេខ​ ៨A តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៦A ទៅ​ផ្លូវជាតិ​លេខ​ ៧A ដែល​ទើប​ធ្វើ​​ថ្មី​មក​ដល់​ពេល​នេះ​វា​មាន​លក្ខណៈ​ទ្រុឌទ្រោម​ជាង​ផ្លូវ​ចាស់​ពី​មុន​ដែល​មិន​សូវ​បាន​ជួសជុល​។

លោក​ថ្លែង​ថា​៖ «​ដឹង​ទាំងអស់​គ្នា​ហើយ​ថា​ផ្លូវ​របស់​យើង​ដែល​បាន​ធ្វើ​កន្លង​ទៅ​នេះ​គឺ​មាន​ផ្លូវ​មួយ​ចំនួន​គុណភាព​ល្អ​ ប៉ុន្តែ​ផ្លូវ​មួយ​ចំនួន​ទៀត​ខ្វះ​គុណភាព​ដូច​យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទាំងអស់​គ្នា​ផ្លូវ​ជាតិ​លេខ​ ៨ ​ដែល​តភ្ជាប់​ពី​ផ្លូវជាតិ​ ៦A ​ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​ ៧A ​ជា​ផ្លូវ​មួយ​ដែល​ទើប​នឹង​ធ្វើ​ថ្មី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ទ្រុឌទ្រោម​ជាង​ផ្លូវ​ដែល​ចាស់​ជាង​មុន​ហើយ​មិន​សូវ​បាន​ជួសជុល ហើយ​ផ្លូវជាតិ​លេខ​ ៨A ​នេះ​បាន​ជួសជុល​ជា​បន្តបន្ទាប់​ ប៉ុន្តែ​នៅ​តែ​មិន​ធានា​គុណភាព​»​។

លោក យស់ សំអឿន ប្រធាន​សាធារណការ និង​ដឹក​ជញ្ជូន​ស្រុក​ខ្សាច់​កណ្តាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ផ្លូវ​ទាំងនោះ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ហើយ​បាន​ធ្វើ​តាម​ស្តង់ដារ​ផ្លូវជាតិ​លេខ​ ៨A ​ហើយ​ផ្លូវ​នេះ​បាន​និង​កំពុង​ថែទាំ​ជា​រៀងរាល់​ឆ្នាំ​ហើយ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​អត់​ហ៊ាន​វាយតម្លៃ​ថា​វា​ខូចខាត​ម៉េច​ទេ ទាល់​តែ​ចុះ​មក​ជាមួយ​ខ្ញុំ ខ្ញុំ​បង្ហាញ​ថា​កន្លែង​ណា​ខូចខាត​។ ថែទាំ​រៀងរាល់​ឆ្នាំ​គេ​បញ្ជូន​មក​ឲ្យ​ខាង​មន្ទីរ​សាធារណការ​ខេត្ត​កណ្តាល​។ ខ្ញុំ​ឃើញ​ខូច​ រាយការណ៍​ឡើង​មក​ថ្នាក់​លើ​»​។

លោក ជា ឡេង នាយករដ្ឋបាល​សាលាស្រុក​ខ្សាច់​កណ្តាល​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ផ្លូវ​នេះ​មាន​ការ​ខូចខាត​ដោយសារ​ឡាន​ដឹក​លើស​ចំណុះ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ទ្រុឌទ្រោម​ហើយ​ត្រូវ​បាន​ជួសជុល​ជា​ប្រចាំ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ចិញ្ចើម​ផ្លូវ​ (​ផ្លូវជាតិ​លេខ ​៨) មាន​ប្រេះ មាន​ស្រុត ពេល​មាន​ភ្លៀង មាន​អី ខាង​ក្រោម​នឹង​វា​ច្រោះ​ហា វា​អត់​សូវ​ណែន​អ៊ីចឹង​ហា​។ ខាង​ស្រុក​ខ្ញុំ ជង្ហុក​អត់​មាន​ទេ គ្រាន់តែ​មាន​បំណះ​ហើយ​និង​កន្លែង​ខ្លះ​ទៅ វា​កិន​ដូច​មិន​ដិតដល់ វា​រាង​ជ្រាយ​ទៅ ដល់​ឡាន​វា​ដឹក​លើស​ចំណុះ​ទៅ វា​ជ្រាយ ដល់​ពេល​អ៊ីចឹង​ទៅ​វា​ពូន​អា​ខ្សាច់​ហ្នឹង​ឡើង​ខ្ពស់​អ៊ីចឹង​ទៅ ឡាន​ធំៗ​ដឹក​សុទ្ធ​តែ​ហួស​ចំណុះ​បាន​ធ្វើ​ឲ្យ​ផ្លូវ​យើង​ទ្រុឌទ្រោម គាត់​ (​សម្តេច​) ​ថា​ហ្នឹង​វា​មិន​ខុស​ទេ​។ អ៊ីចឹង​ពេល​វា​ដឹក ប៉ះ​អា​កន្លែង​ណា​ជ្រាយ​អ៊ីចឹង​ទៅ អា​ដី​ហ្នឹង​វា​ប៉ោង​ឡើង​ខ្ពស់​តិចៗ​ទៅ វា​ខូង​អ៊ីចឹង​ទៅ​»​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា​វា​ពិតជា​មាន​ការ​អភិវឌ្ឍ​នូវ​ស្ថានភាព​ផ្លូវថ្នល់​គឺ​វា​មាន​ការ​អភិវឌ្ឍ ប៉ុន្តែ​ក៏​មាន​ការ​ជួសជុល​ច្រើន​ដែរ​។ ជាក់ស្តែង​ដូច​របាយការណ៍​ពី​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​នៅ​ឆ្នាំ​ ២០១៧ គឺ​បាន​ចំណាយ​ជាង​ ២០០ ​លាន​រៀល​ទៅ​លើ​ការ​ជួសជុល​ផ្លូវថ្នល់​។

លោក​ថ្លែង​ថា​៖ «​យើង​សង្កេត​ថា​បញ្ហា​ការ​ដឹក​លើស​ចំណុះ​ក៏​នៅ​តែ​កើត​មាន​ឡើង ការ​ល្មើស​ទៅ​លើ​ការ​ប្រើប្រាស់​ផ្លូវថ្នល់​ក៏​នៅ​មាន​ស្រប​ជាមួយ​នឹង​ស្ថានភាព​ផ្លូវ​របស់​យើង​នៅ​មិន​ទាន់​មាន​គុណភាព​ល្អ​នៅ​ឡើយ​ព្រោះ​ថា​គេ​ចាក់​តិច​ទៅ​ដើម្បី​ឲ្យ​បាន​ចំណេញ​ច្រើន​ហើយ​ករណី​វា​មិនមែន​ជា​ករណី​មួយ​តូចតាច​ទេ​ដោយសារ​គុណភាព​ផ្លូវ​យើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជួប​ប្រទះ​អា​រឿង​ដដែលៗ​ហើយ​វា​ធ្វើឲ្យ​ចំណាយ​ថវិកា​ជាតិ​ក្នុង​វិស័យ​ដដែល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​»​។

យោង​តាម​ស្ថិតិ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ក្នុង​សន្និបាត​បាន​ឲ្យ​ដឹង​ថា​យុទ្ធនាការ​ចុះ​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​​កំណត់ ក្រុម​លេខាធិការដ្ឋាន​បាន​ត្រួតពិនិត្យ​រថយន្ត​ដឹក​ជញ្ជូន​ដឹក​លើស​ទម្ងន់​កម្រិត​​កំណត់​ចំនួន ៩២៣ ៦៥៨ ​គ្រឿង​ក្នុង​ឆ្នាំ​ ២០១៧៕