ភ្នំពេញៈ លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​ព្រមាន​ចាប់​ខ្លួន​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ព្រោះ​ពេល​នេះ​ត្រូវ​ចាត់​ទុក​ជា​មេ​ភេរវកម្ម ហើយ​បើ​សិន​ជា​ចូល​មក​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ី​នឹង​សុំ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​។

ការ​ព្រមាន​ធ្ងន់ៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជាង​ ២ ​ពាន់​នាក់ និង​សម្ពោធ​អគារ​ទេពកោសល្យ​វិស្វកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​ ១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ នេះ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​អ្នក​ខ្លះ អា​អ្នក​រត់​ចោល​ស្រុក​ហ្នឹង​ថា សម្ពាធៗ អញ្ជើញ​មក​សម្ពាធ វា​ត្រូវ​ក្បាល​ ហ៊ុន សែន ​ហើយ​។ សម្ពាធ​តិច​ប៉ះ​លើ​ខ្លួនឯង ហើយ​ខ្ញុំ​សូម​ផ្តាំ​កុំ​មក​អាស៊ី​ឱ្យ​សោះ សូម​កុំ​មក​ក្បែរ​អាស៊ី បើ​អ្នកឯង​តាំង​ខ្លួន​ជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នកឯង​ទាល់​តែ​បាន ឥឡូវ​នេះ​គេ​កំពុង​ប្រកាស​ខ្លួន​ជា​មេ​ភេរវករ​ហើយ មិនមែន​ត្រឹម​តែ​ជា​អង្គការ​ក្រៅ​ច្បាប់ ប៉ុន្តែ​ជា​ភេរវករ​តែ​ម្តង ជា​អង្គការ​ភេរវកម្ម​សូម​អញ្ជើញ​ចុះ​ជន​ភេរវករ​យើង​អាច​សហប្រតិបត្តិការ​ទៅ​តាម​ចាប់​ខ្លួន​នៅ​ទីកន្លែង​នេះ​ ឬ​ទីកន្លែង​នោះ​»​។

លោក​ ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ទេ អ្នកឯង​គួរ​តែ​កុំ​បង្ខំ​ឱ្យ​គេ​វ៉ៃ​ដែកគោល​ទៅ​លើ​ក្តារ​មឈូស​របស់​អ្នកឯង​ថែម​ទៀត កុំ​សង្ឃឹម​ឱ្យ​សោះ​បើ​នៅ​ក្នុង​ដៃ​តុលាការ​វា​ជា​រឿង​មួយ ប៉ុន្តែ​បើ​ចូល​ក្នុង​កម្រិត​អបគមន៍​ហើយ សូម្បី​តែ BM21 ក៏​គេ​ហ៊ាន​វ៉ៃ​ចូល​ទៅ​កន្លែង​ហ្នឹង​ដែរ គេ​មិន​អាច​ឱ្យ​ប្រទេស​នេះ មាន​អបគមន៍​សា​ជាថ្មី​ទេ សុំទោស​។ ខ្ញុំ​អត់​និយាយ​ទេ ប៉ុន្មាន​ថ្ងៃ​នេះ ប៉ុន្តែ​ចលនា​ឯណា​សូម​អញ្ជើញ​ចុះ អញ្ជើញ​មក​ហើយ​មក​ខ្លួន​ឯង​គឺ​ល្អ​បំផុត​ហើយ​។ អត់​អី​ទេ ហ៊ុន សែន បើ​ទោះបី​ជា​មិន​កាន់​ទ័ព​ផ្ទាល់​ក៏ដោយ ក៏​ប៉ុន្តែ​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​ជា​អនុប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ដូច្នេះ​អ្នក​ត្រូវ​យល់​ថា​មេទ័ព​មួយ​នេះ​គឺ​មិនមែន​ជា​មេទ័ព​​ទន់ជ្រាយ​ទេ​»​។

សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​តែ​បង្កើត​ថ្មី​ហើយ​មាន​មូលដ្ឋាន​នៅឯ​ក្រៅ​ប្រទេស​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ងើប​ឡើង​តវ៉ា ឬ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព និង​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​កុំ​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ដែល​ធ្វើ​បាតុកម្ម​។

លោក សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​ ៣១ ខែ​មករា​ថា​នឹង​បង្កើត​តុលាការ​កាត់ទោស​លោក​ ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​បាត់បង់​អំណាច​ហើយ​អះអាង​ថា​លោក ហ៊ុន សែន មាន​ទោស​ឧក្រិដ្ឋ​ជាច្រើន​ករណី​ក្នុង​អំឡុង​ពេល​ដឹកនាំ​ប្រទេស​។

លោក សម រង្ស៊ី ថ្លែង​ថា​៖ «​ទោស​នេះ​គឺ​ទោស​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដូច្នេះ​គឺ​គាត់​មាន​ទោស​ធ្ងន់​ណាស់​តាំងពី​ដើម​មក​ហើយ​ក្រោយ​ថ្មីៗ​នេះ​គាត់​បាន​រួម​ចំណែក​ក្នុង​ការ​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ធ្វើឲ្យ​ប្រជារាស្ត្រ​ស្លាប់​យ៉ាង​ច្រើន​គាត់​បាន​ធ្វើ​រដ្ឋប្រហារ​សម្លាប់​មេទ័ព​ហ៊្វុនស៊ិនប៉ិច​រាប់រយ​នាក់ គាត់​បាន​នៅ​ពី​ក្រោយ​ឃាតកម្ម​ជាច្រើន​ដូច្នេះ​គាត់​ច្បាស់​ជា​ភ័យ​ថា នៅ​ពេល​គាត់​បាត់បង់​អំណាច​ពេល​ណា​គាត់​នឹង​ប្រឈមមុខ​ចំពោះ​តុលាការ​ឯករាជ្យ​...​ ពេលណា​គាត់​បាត់បង់​អំណាច ប្រទេស​យើង​មាន​លទ្ធិប្រជាធិបតេយ្យ​យើង​នឹង​រៀបចំ​ឲ្យ​មាន​តុលាការ​ឯករាជ្យ​ដើម្បី​កាត់ទោស​លោក​ ហ៊ុន សែន​»​។

លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ដោយ​ចោទ​ប្រកាន់​មក​លើ​លោក ហ៊ុន សែន ថា ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​ទោសៈ មិន​អាច​គ្រប់គ្រង​ខ្លួន​បាន​នៅ​ពេល​ដែល​មាន​ការ​គំរាម​កំហែង​។

លោកស្រី សុខហួរ ថ្លែង​ថា​៖ «​ទុក​ឲ្យ​សហគមន៍​ពិភពលោក​កត់ត្រា​ពាក្យពេចន៍​របស់​លោក ហ៊ុន សែន​។ តើ​លោក​ ហ៊ុន សែន អាច​នាំ​កាំជ្រួច​ចូល​ទៅ​នៅ​ក្នុង​អាស៊ី​បាន​ទេ​? ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គួរ​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​»​។

កាលពី​ចុង​ខែ​មករា​ឆ្នាំ​ ២០១៨ កន្លង​ទៅ​នេះ​លោក សម រង្ស៊ី បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​ចលនា​នេះ ត្រូវ​បាន​លោក​អះអាង​ថា​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ ទាមទារ​ឱ្យ​ដោះលែង លោក កឹម សុខា និង​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​រំលាយ​នោះ​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឡើង​វិញ​។ ក្នុង​ពិធី​​ប្រកាស​ជា​ផ្លូវការ​នូវ​ចលនា​នេះ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​មាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ជួរ​កងទ័ព និង​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។

ខណៈ​មន្ត្រី​យោធា​ជាន់​ខ្ពស់​បាន​ព្រមាន​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ ដែល​បង្កើត​ឡើង​ដោយ​បុគ្គល សម រង្ស៊ី ប្រសិន​បើ​កើត​មាន​នៅ​​កម្ពុជា​។

ទន្ទឹម​គ្នា​នេះ​ដែរ​លោក​ ហ៊ុន សែន បាន​រិះគន់​ទៅ​លើ​អ្នក​សរសេរ​របាយការណ៍​ដែល​ដាក់​ស្ថានភាព​ប្រជាធិបតេយ្យ​កម្ពុជា​ក្នុង​កម្រិត​របប ​«​ផ្ដាច់ការ​» ​ជា​ក្រុម​ដែល​លោក​ថា​មាន​គ្នា ៥ នាក់​ដែល​ចង់​សរសេរ​ល្អ​អាក្រក់ ស្រេច​តែ​លើ​ពួកគេ​។ វា​ចង់​សរសេរ​អា​ណា​អាក្រក់​អាហ្នឹង​អាក្រក់​ហើយ ហើយ​កាសែត​ចេះ​តែ​យក​មក​ផ្សាយ​ទៅ​៕