ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​លើក​ឡើង​សាជាថ្មី​ម្ដង​ទៀត​នូវ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដែល​ហៅ​កាត់​ថា អ៊ុនតាក់ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដំបូង​បំផុត​នៅ​ឆ្នាំ​ ១៩៩៣ ដោយ​មិន​បាន​ធ្វើឲ្យ​ជោគជ័យ​លើ​នយោបាយ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​នោះ​ទេ បើ​ទោះបី​ជា​បាន​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ​ក៏ដោយ​។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ថ្មី​នៅ​មន្ទីរពេទ្យ​មិត្តភាព​ ខ្មែរ-សូវៀត ក្នុង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​ លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​អ៊ុនតាក់​បាន​ចាយ​លុយ​អស់​ ២ ​ពាន់​លាន​ដុល្លារ សហរដ្ឋអាមេរិក​ដើម្បី​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ប៉ារីស ប៉ុន្តែ​អ្វី​ដែល​កិច្ចព្រមព្រៀង​ប៉ារីស​ចង់​បាន​ហើយ​ដែល​អ៊ុនតាក់​មិន​អាច​សម្រេច​បាន​គឺ​ពេល​ដែល​អ៊ុនតាក់​ដក​ត្រឡប់​ទៅ​វិញ​បាន​បន្សល់​ទុក​ឲ្យ​កម្ពុជា​នៅ​ជា​ប្រទេស​មួយ​ដែល​មាន​តំបន់​ត្រួតត្រា​ ២ និង​មាន​រដ្ឋាភិបាល​ ២ ​នៅ​ឡើយ​ទេ​»​។

លោក​បន្ថែម​ថា​៖ «​អ៊ុនតាក់​មិនមែន​សម្រេច​ជោគជ័យ​ ១០០ ភាគរយ​សម្រាប់​សន្តិភាព​កម្ពុជា​ទេ​។ អ៊ុនតាក់​ គ្មាន​លទ្ធភាព​ចូល​ទៅ​ក្នុង​តំបន់​ខ្មែរក្រហម​ទេ សូម្បី​តែ​ទាហាន កូន​ទាហាន​ខ្មែរក្រហម​ ២ ​នាក់​នៅ​ប៉ៃលិន រារាំង​ដំណើរ​ប្រធាន​អ៊ុនតាក់ អនុប្រធាន​អ៊ុនតាក់ និង​មេ​បញ្ជាការ​យោធា​របស់​អ៊ុនតាក់​»​។

ទោះ​យ៉ាង​ណា​លោក​បាន​អះអាង​ពី​ «​នយោបាយ​ឈ្នះ​» ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​រក​សន្តិភាព​ពិត​ដោយ​ឆ្ពោះ​ទៅ​ធ្វើ​សមាហរណកម្ម​ពួក​ខ្មែរក្រហម​។ នៅ​ពេល​ដែល​នយោបាយ​ឈ្នះៗ​ចាប់ផ្តើម​ផ្ទុះ​ឡើង​ដែល​ចាប់ផ្ដើម​ពី​តំបន់​ឱរ៉ាល់​នៅ​ដើម​ឆ្នាំ​ ១៩៩៦ និង​បន្ត​ទៅ​នៅ​ក្នុង​អំឡុង​ខែ​មេសា​ឆ្នាំ​ ១៩៩៦ តាំងពី​ម៉ាឡៃ ប៉ៃលិន កំរៀង ភ្នំព្រឹក សំឡូត និង​តំបន់​ដទៃ​ទៀត​ដូច​ជា​តាកែន កោះស្លា​ជាដើម​...​ដើម​ឆ្នាំ​ ១៩៩៨ ក៏​បាន​ឈាន​ឆ្ពោះ​ទៅ​ធ្វើ​សមាហរណកម្ម​នៅ​តំបន់​អន្លង់វែង​ដែល​ជា​តំបន់​ចុងក្រោយ​នៃ​ខ្មែរក្រហម​។

លោក មាស នី អ្នក​វិភាគ​នយោបាយ​មកពី​សង្គម​ស៊ីវិល​បាន​ថ្លែង​ថា​៖ «​សម្រាប់​ខ្ញុំ​វិញ​យើង​មិន​គួរ​វាយតម្លៃ​ទៅ​លើ​អ៊ុនតាក់​ហ្នឹង​ទាប​ពេក ទោះបី​យ៉ាង​ម៉េច​ក៏​អ៊ុនតាក់​បាន​បង្រួប​បង្រួម​ខ្មែរ​ឲ្យ​មក​រក​ផ្លូវ​មួយ​គឺ​រួបរួម​គ្នា​ដើម្បី​ទទួល​យក​នូវ​សន្តិភាព​មួយ​ពេល​នោះ​។ ព្រោះ​ក្នុង​ពេល​ហ្នឹង​ប្រទេស​យើង​ក្រ​ផង ហើយ​យើង​ច្បាំង​គ្នា​ជា​បន្តបន្ទាប់​ទៀត​គឺ​មាន​ ៤ ​បក្ស ហើយ​ ៤ ​បក្ស​ហ្នឹង​គឺ​អត់​ត្រូវ​គ្នា​ទាំង​ ៤»​។

លោក ឡៅ ម៉ុងហៃ ថ្លែង​ថា​អង្គការ​សហប្រជាជាតិ​ដែល​រៀបចំ​ការ​បោះឆ្នោត​បាន​បង្ហាញ​ថា​របប​របស់​លោក​ ហ៊ុន សែន នៅ​សម័យ​នោះ​មិន​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជន​កម្ពុជា​ឡើយ​។

លោក​ថ្លែង​ថា​៖ «​ការ​កត់សម្គាល់​របស់​លោក​ ហ៊ុន សែន​ ​គឺជា​ការ​ «​មាក់ងាយ​»​ ដល់​អ្នក​ដែល​បាន​ធ្វើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​»​។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី​បាន​ថ្លែង​ថា​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​បង្វែរ​ចេញ​ពី​ការ​បង្ក្រាប​របស់​គាត់​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​ធានា​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពីព្រោះ​ការ​ហាមប្រាម​របស់​គាត់​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​បង្ក្រាប​ទៅ​លើ​សង្គម​ស៊ីវិល​គឺជា​ការ​រំលោភ​ជាក់ស្តែង​ទៅ​លើ​លក្ខខណ្ឌ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ដែល​កម្ពុជា​ត្រូវ​តែ​គោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​សេរីពហុបក្ស​។

លោក Robertson ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ខ្លួនឯង​បាន​រួម​ចំណែក​ទៅ​នឹង​ការ​ធ្វើឲ្យ​បរាជ័យ​ជាច្រើន​នៃ​ការ​បរាជ័យ​របស់​អ៊ុនតាក់​តាមរយៈ​ការ​មិន​ទទួល​យក​អនុសាសន៍​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចំពោះ​រចនាសម្ព័ន្ធ​នយោបាយ​៕PS

រាយការណ៍​បន្ថែម​ដោយ Leonie Kijewski