Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន ដាក់​ឱសាន​វាទ​ឲ្យ​ឡាវ ដក​កង​ទ័ព​ខ្លួន​ចេញ​ពី​​ទឹក​ដី​កម្ពុជា

Content image - Phnom Penh Post
ច្រកព្រំដែន​កម្ពុជា-ឡាវ​ នៅខេត្តស្ទឹងត្រែង។

លោក ហ៊ុន សែន ដាក់​ឱសាន​វាទ​ឲ្យ​ឡាវ ដក​កង​ទ័ព​ខ្លួន​ចេញ​ពី​​ទឹក​ដី​កម្ពុជា

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កំណត់​ពេល​មួយ​សប្តាហ៍ ឲ្យ​កង​ទ័ព​ឡាវ ត្រូវ​ដក​ចេញ​ពី​ខេត្ត​ស្ទឹងត្រែង​កម្ពុជា ខណៈ​កងទ័ពកម្ពុជា ត្រូវ​បាន​ត្រៀម​រួច​រាល់​ហើយ ដើម្បី​បញ្ជូន​ទៅ​បណ្តេញ​ចេញ។

ការ​ដាក់​ឱសាន​វាទ​នេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា បានផ្ញើសំបុត្រ​ទៅកាន់​នាយក​រដ្ឋ​មន្រ្តី​ឡាវ លោក ថង​លូន ស៊ីស៊ូលីត រឿង​ដក​ទ័ព​នេះ តែ​មិន​មាន​ការ​ឆ្លើយ​តប​វិញ​នោះ​ឡើយ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ថ្លែង​ថា «មិន​ចង់​ប្រកាស​សង្រ្គាម​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ តែ​ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ជិត​ខាង​រំលោភ ដែន​អធិបតេយ្យ​របស់​កម្ពុជា​នោះ​ឡើយ សូម្បី​ដី​មួយ​ចំអាម»។

លោកនាយករដ្ឋមន្ត្រី អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ប្រសិន​បើ​ឃើញ​មាន​ការ​ចល័ត​ទ័ព​ព្រោះ​ទ័ព​ទាំង​នោះ ត្រូវ​ចល័ត​ទៅ​កាន់​ខេត្ត ស្ទឹងត្រែង ដើម្បី​បណ្តេញ​ទ័ព​ឈ្លាន​ពាន​ចេញ​ពី​ដី​កម្ពុជា។

លោកថ្លែងថា «ខ្ញុំ​បាន​ចាត់​ចែង​មេទ័ព​ខ្មែរ​រួច​អស់​ហើយ ឲ្យ​ត្រៀម​លក្ខណៈ​សម្បត្តិ​បណ្តេញ​ទ័ព​ឡាវ​ចេញ​ពី​ដី​ខ្មែរ»។

កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ទាហាន​ប្រដាប់​អាវុធ​ឡាវ​បាន​មក​​​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​​អង្គភាព​វិស្វកម្ម​​យោធា​កម្ពុជា និង​ទាមទារ​ឲ្យ​ពួកគេ​បញ្ឈប់​ការ​សាងសង់​ផ្លូវ​នៅ​ជិត​ព្រំដែន ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង​ជិត​តំបន់​មួយ​ហៅ​ អូតាឡៅ។ បន្ទាប់មក នៅថ្ងៃទី​ ២​ មេសា​ កងកម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​រយ​នាក់​​នៃ​ប្រទេស​ឡាវ​ បាន​បញ្ជូន​មក​កាន់​តាម​បណ្ដោយ​ព្រំដែន​ទល់​មុខ​នឹង​កម្ពុជា​ ដែល​ស្ថិត​នៅក្នុង​ ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​បាន​បង្កើត​ឲ្យ​​មាន​ភាព​តានតឹង​ដាក់​គ្នា​ក្នុង​រយៈពេល​ខ្លី​​ជា​អន្លើៗ ​ហើយ​ក៏​វិល​ទៅ​រក​សភាព​ស្ងប់ស្ងាត់​វិញ​។

ប្រទេស​កម្ពុជា និង​ ឡាវ ​មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ៥៤០ គីឡូម៉ែត្រ​ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​ប្រមាណ ១៤៥​បង្គោល​ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ភាគី​ទាំង​ពីរ​បាន​ចំនួន ១២១ បង្គោល​ហើយ​ស្មើ​នឹង ៨៣ ភាគរយ​នៅ​សល់​ប្រមាណ ២៤ បង្គោល​ទៀត​នោះ​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​​ស្ទឹងត្រែង។

0

Comments

Please, login or register to post a comment