ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ផ្ញើ​សារ​នយោបាយ​សា​ជា​ថ្មី​ចេញ​ពី​វិមាន​សន្តិភាព​ដោយ​បាន​បញ្ជាក់​ថា​ការ​បោះឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​គឺ​ដំណើរការ​ទៅ​តាម​កាលបរិច្ឆេទ​ដែល​បាន​គ្រោង​ទុក​មិន​ថា​មាន​រឿង​អ្វី​កើតឡើង​ក៏ដោយ​។

នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យ​ចំណាស់​ឆ្នាំ​ ២០១៧-២០៣០ នៅ​វិមាន​សន្តិភាព​ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ និង​តំណាង​ស្ថានទូត​នានា​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​ ២៥ ​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៨ ​នេះ​មិន​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទេ​គឺ​ការ​បោះឆ្នោត​នេះ​ត្រូវ​បន្ត​ជិត​ឈាន​ដល់​ដំណាក់កាល​នៃ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ហើយ ឯ​ការ​បោះឆ្នោត​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ដែល​ជា​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឬ​ការ​បោះឆ្នោត​សមាជិក​សភា​នឹង​ត្រូវ​បន្ត​ធ្វើ​តាម​ការ​គ្រោង​ទុក​គ្មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ​កើតឡើង​ទេ​បើ​ទោះបី​មាន​ហេតុការណ៍​អ្វី​កើតឡើង​ក៏ដោយ​ការ​បោះឆ្នោត​នេះ​ត្រូវ​តែ​ធ្វើឲ្យ​ខាន​តែ​បាន​»​។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «​យើង​ប្ដូរផ្ដាច់​ជាមួយ​នឹង​ដំណើរការ​ប្រជាធិបតេយ្យ​ដ៏ទៀងទាត់​របស់​យើង​តាម​ការ​គ្រោង​ទុក​ពិតប្រាកដ​របស់​យើង​។ ពិត​មែន​តែ​ការ​ប្រកាស​កាលបរិច្ឆេទ​ដោយ​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​គោរព​ទៅ​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ នាយក​រដ្ឋមន្ត្រី​គ្មាន​សិទ្ធិ​ចាត់​តាំង​បោះឆ្នោត​មុន​កាលកំណត់​ហើយ​នាយក​រដ្ឋមន្ត្រី​ក៏​គ្មាន​សិទ្ធិ​ចាត់​តាំង​ការ​បោះឆ្នោត​ក្រោយ​កំណត់​នៃ​រដ្ឋធម្មនុញ្ញ​ដែរ​»​។

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​បន្ទាប់ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​សរសេរ​ចំណង​ជើង​ធំៗ​ថា​ «​លោក​នាយក​រដ្ឋមន្ត្រី​ថា​ការ​បោះឆ្នោត​អាច​ធ្វើ​មិន​បាន​បើ​មាន​ការ​ច្របូក​ច្របល់​» ​ក្នុង​ចំណុច​នេះ​លោក​នាយក​រដ្ឋមន្ដ្រី​ចាត់​ទុក​ថា ភ្នំពេញ​ប៉ុស្ដិ៍ មាន​ការ​ចុះ​ផ្សាយ​ដែល​មាន​ការ​ខុស​ឆ្គង​មួយ​ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើការ​កែតម្រូវ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​សង្ឃឹម​ថា​ភ្នំពេញ​ប៉ុស្ដិ៍​ដែល​មាន​អាយុកាល​គួរសម​នៅ​កម្ពុជា​នឹង​រៀន​ឲ្យ​មាន​ការ​ចេះដឹង​ច្រើន​ជាង​នេះ​បូក​បន្ថែម​ដោយ​អ្នក​វិភាគ​ទាំងឡាយ​រៀន​ឲ្យ​មាន​ការ​ចេះដឹង​ជាង​នេះ ចង់​ស្គាល់​ពី​ ហ៊ុន សែន ត្រូវ​យក​បទ​អត្ថាធិប្បាយ​ទាំងឡាយ​ដែល ហ៊ុន សែន ធ្លាប់​ធ្វើ​កន្លង​ទៅ​ដើម្បី​ធ្វើការ​ប្រៀបធៀប ការ​អត្ថាធិប្បាយ​ទាំង​នោះ​ចៀសវាង​ការ​ភាន់​ច្រឡំ​ណា​មួយ​»​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ពន្យល់​ផង​ដែរ​កាលពី​ម្សិលមិញ​ថា​នៅ​ប្រទេស​កម្ពុជា​មាន​ការ​កំណត់​ច្បាស់លាស់​មួយ​ស្ដី​អំពី​ថា​សភា​មាន​នីតិកាល​ ៥ ​ឆ្នាំ សភា​មិន​អាច​រំលាយ​មុន​អាណត្តិ​បាន​ទេ​លើកលែង​តែ​រដ្ឋាភិបាល​ត្រូវ​រំលាយ​ ២ ដង​ក្នុង​រយៈពេល​​ ១២ ​ខែ​។ មាន​ន័យ​ថា​អ្វី​? មាន​ន័យ​ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​គឺ​មិន​ប្រគល់​សិទ្ធិ​នោះ​ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដូច​ប្រទេស​នានា​ទេ ក៏​មិន​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ហើយ​ក៏​មិន​ឲ្យ​សភា​ខ្លួនឯង​ដែរ​សភា​ខ្លួនឯង​គ្មាន​សិទ្ធិ រំលាយ​សភា​ខ្លួនឯង​នោះ​ទេ​។ លើក​លេង​តែ​ខ្លួន​ចង់​រលាយ ខ្លួន​ត្រូវ​រំលាយ​រដ្ឋាភិបាល​ ២ ​ដង​ហើយ​នៅ​ក្នុង​កាលៈទេសៈ​សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ឬ​ការ​អភិវឌ្ឍ​វា​ចាប់​ផ្ទៃក្នុង​កាលៈទេសៈ​ប្រទេស​ដែល​មាន​សន្តិភាព​តែ​ប៉ុណ្ណោះ​។ វា​មិន​ចាប់​ក្នុង​ផ្ទៃ​នៃ​ប្រទេស​ដែល​មាន​សង្គ្រាម​នោះ​ទេ​។

លោក ហ៊ុន សែន ថ្លែង​ពន្យល់​ថា​បញ្ហា​ធំ​ជាង​គេ​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​សម្រេច​កិច្ចការងារ​នោះ​ហើយ​ប្រសិន​បើ​មាន​ពាក្យបណ្ដឹង​គឺ​ត្រូវ​រុញ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ​ហើយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លទ្ធផល​ផ្លូវការ​បន្ទាប់ពី​នោះ​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ថា​រយៈពេល​យ៉ាង​យូរ​ ៦០ ​ថ្ងៃ​ព្រះមហាក្សត្រ​ត្រូវ​កោះប្រជុំ​រដ្ឋសភា​។ ព្រះមហាក្សត្រ​កោះប្រជុំ​រួច​ហើយ ឥស្សរជន​ ១ ​នាក់​ដែល​ចេញ​ពី​បក្ស​ឈ្នះ​ឆ្នោត​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ឲ្យ​រៀបចំ​រដ្ឋាភិបាល​ហើយ​រដ្ឋាភិបាល​ត្រូវ​យក​ទៅ​សុំ​ការ​អនុម័ត​ពី​រដ្ឋសភា បន្ទាប់​ទៅ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង រាជរដ្ឋាភិបាល​ទាំង​មូល​ហើយ​រាជរដ្ឋាភិបាល​ចូល​កាន់​តំណែង​ជា​ការ​ស្រេច​។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា​ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន មិនមែន​ជា​រឿង​ចម្លែក​ទេ ក្រៅ​តែ​ពី​ការ​រក្សា​ការ​សម្រេច​ចិត្ត​ពី​មុន​មក​។

លោក សន ជ័យ ថ្លែង​ថា​៖ «​យើង​មើល​ឃើញ​ទៅ​លើ​ទិដ្ឋភាព​​នៃ​ការ​បារម្ភ​ជា​រួម​គឺ​បរិយាកាស​នៃ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​។ ខ្ញុំ​យល់​ថា​សម្ដេច​ ហ៊ុន សែន ចូលចិត្ត​ប្រកួត​ជាមួយ​អ្នក​ខ្លាំង ប៉ុន្តែ​​ឥឡូវ​នេះ​អ្នក​ខ្លាំង​ត្រូវ​បាន​គេ​រំលាយ​ចោល អ៊ីចឹង​ប្រហែល​ជា​អាច​វិវត្ត​ពី​ប្រកួត​ជាមួយ​អ្នក​ខ្លាំង​មក​ប្រកួត​ជាមួយ​អ្នក​ខ្សោយ​វិញ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​ព្រោះ​អី​យើង​មើល​ទៅ​គណបក្ស​ដែល​មាន​សក្ដានុពល​មាន​អ្នក​គាំទ្រ​ខ្លាំង​ហ្នឹង​ក្នុង​អាណត្តិ​ចុង​ក្រោយ​នេះ​មាន​តែ អតីត​​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ បើ​សិន​ជា​គ្មាន​ឱកាស​ណា​មួយ​នៃ​គូប្រកួត​ដ៏​ស្វិតស្វាញ មក​ចូលរួម​ប្រកួត​ទេ ខ្ញុំ​នៅ​តែ​យល់​ថា​លទ្ធផល​បោះឆ្នោត​ចេញ​មក​យើង​បារម្ភ​ថា​កម្ពុជា​ខាត​ការ​​គាំទ្រ ជាពិសេស​ពី​ម្ចាស់​ជំនួយ​អី​ជាដើម​»​។

លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​បាន​ថ្លែង​សា​ជាថ្មី​ថា បើ​សិន​ជា​លោក​ ហ៊ុន សែន មាន​គំនិត​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​របស់​លោក​ទេ គួរ​តែ​លុប​ចោល​ការ​បោះឆ្នោត​ព្រោះ​វា​មិន​ស្រប​ច្បាប់​គ្មាន​ន័យ​ និង​គ្មាន​ប្រយោជន៍​។

លោក សម រង្ស៊ី បាន​ថ្លែង​ជា​ថ្មី​ថា​៖ «​ទោះ​បើ​អ្វី​ដែល​គាត់​និយាយ​ជា​សាធារណៈ​ក្តី​ក៏​លោក​ ហ៊ុន សែន ​ដឹង​ពី​ជម្រើស​...​តែ​ ២ ​គត់​របស់​គាត់​ដែល​ជម្រើស​ទាំង​ ២ ​នោះ​គឺ​មាន​ហានិភ័យ​ដូច​គ្នា​គឺ​ការ​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ​ដោយ​គ្មាន​គណបក្ស​ជំទាស់​ពិតប្រាកដ​ចូលរួម និង​ហានិភ័យ​នៃ​ការ​បាត់បង់​សិទ្ធិ​ស្រប​ច្បាប់​ជា​អន្តរជាតិ​ជាមួយ​នឹង​ផលវិបាក​ដ៏ធំធេង ឬ ក៏​រៀបចំ​ការ​បោះឆ្នោត​ពិតប្រាកដ​ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​​សង្គ្រោះ​ជាតិ ហើយ​ប្រឈម​នឹង​ការ​ចាញ់​ឆ្នោត​ទាំង​នោះ​»៕ NS