ភ្នំពេញៈ ខណៈ​ដែល​ឆ្នាំ​ថ្មី​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្តល់​កាដូ​ឆ្នាំ​ថ្មី សម្រាប់​មន្ត្រី​រាជការ​ដែល​មាន​ជាង​ ២ សែន​នាក់​ព្រម​ទាំង​អះអាង​ថា កម្ពុជា​ឈរ​លំដាប់​ទី ៥ ក្នុង​តំបន់​អាស៊ាន ដែល​មាន​ ១០ ប្រទេស​ដែល​មន្ត្រី​រាជការ​មាន​ប្រាក់ខែ​ខ្ពស់​រាប់​ចាប់ពី​មន្ត្រី​ថ្នាក់​ទាប​ជាង​គេ​ឡើង​ទៅ​។

នៅ​ចំពោះ​មុខ​គរុសិស្ស និង​និស្សិត​ជាង ១៦០០ នាក់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ខែ​មេសា​ខាង​មុខ​នេះ​ពោល​គឺ​អំឡុង​ចូលឆ្នាំ​ខ្មែរ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​ត្រូវ​ដំឡើង​ប្រាក់​បៀវត្សរ៍ បូក​បន្ថែម​ប្រាក់​ឧបត្ថម្ភ​បុណ្យ​ចូលឆ្នាំ ៥ ម៉ឺន​រៀល​ថែម​ទៀត​។ លោក​ថ្លែង​ថា​ចាប់ពី​ថ្ងៃទី​ ២៣ ខែ​មីនា​ទៅ មន្ត្រី​រាជការ​អាច​បើកប្រាក់​ខែ​បាន​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​ដល់​ទៅ​ខែ​ឧសភា​យើង​ត្រូវ​ចាប់ផ្ដើម​បើក​បៀវត្សរ៍​ឲ្យ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ​របស់​យើង​នៅ​អាទិត្យ​ទី ៣ វិញ​ព្រោះ​ដោយសារ​អី​ដោយសារ​អាលុយ​ដែល​ដំឡើង​ប្រាក់ខែ អាលុយ​ឧបត្ថម្ភ​ស្អីៗ​នេះ ត្រូវ​ចាយ​អស់​អាពេល​ចូល​ឆ្នាំ​នេះ អ៊ីចឹង​ទេ ត្រូវ​បង្ខំ ដើម្បី​បើក​នូវ​អាទិត្យ​ទី ៣ អ៊ីចឹង​ថ្ងៃ ១៥ អី ចាប់ពី​ថ្ងៃ ១៥ ​ទៅ​គេ​ហៅថា អាទិត្យ​ទី ៣ ​ហើយ​...​អ៊ីចឹង​លុយ​វា​ត្រូវ​ចេញ​ធំ​ណាស់​...»​។

លោក​ក៏​បាន​អះអាង​ថា​នៅក្នុង​តំបន់​អាស៊ាន​ដែល​មាន​ ១០ ប្រទេស កម្ពុជា​ជា​ប្រទេស​ទី ៥ ដែល​មន្ត្រីរាជការ​មាន​ប្រាក់បៀវត្សរ៍​ខ្ពស់ តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​នៅ​លំដាប់​លើ​ប្រទេស​ណា​នោះ​ទេ​។ លោក​ក៏​ណែនាំ​ឲ្យ​ពង្រឹង​ការប្រមូល​ពន្ធ​ផង​ដែរ​។ «...​អានេះ​ជា​ការ​ប្រឹងប្រែង ហើយ​នេះ​ក៏​បាន​មកពី​ការ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ហើយ​ផ្នែក​ណា​ត្រូវ​ចាយ ផ្នែក​ណា​មិន​ត្រូវ​ចាយ គ្រប់គ្រង​ឲ្យ​ច្បាស់ ចំណូល​ត្រូវ​បង្កើន ដោយ​យើង​មិន​ចាំបាច់​ទៅ​ប្រកាស​ដំឡើង​ពន្ធ​ទេ យក​ឲ្យ​អស់​នូវ​ពន្ធ ត្រូវ​យក​»​។

លោក​ក៏​ប្រកាស​ឲ្យ​ប្រជាជន​ការពារ​សន្តិភាព​ដោយ​ធៀប​ទៅ​នឹង​ទ្រឹស្ដី​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ត្រាំ ​ដែល​ប្រើ​ពាក្យ​ថា​ «America First» ឬ «​ពលរដ្ឋ​អាមេរិកាំង​ជា​អាទិភាព​» ​ជាដើម​។ «​ដើម្បី​បាន​សន្តិភាព វា​មាន​តម្លៃ​ណាស់ ឥឡូវ​ដូចជា​ ដូណាល់ ត្រាំ គាត់​ថា America First យើង​ដាក់ Peace First បាន​សេចក្ដី​ថា​អាទិភាព​ធំ​ជាង​គេ​គឺ​សន្តិភាព បើ​អត់​មាន​សន្តិភាព គឺ​អត់​មាន​ធ្វើ​អី​កើត​ទេ​...​រឿង​នេះ​រឿង​ធំ​»​។

សម្រាប់​ឆ្នាំ ២០១៨ នេះ​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​ស៊ីវិល រដ្ឋបាល​ថ្នាក់ទាប​បំផុត​នឹង​ត្រូវ​កើន​ដល់ ១ ០១៤ ៤៥០ រៀល​ចាប់ពី​ខែ​មេសា​ចាប់ពី​ខែ​មេសា​តទៅ រីឯ​គ្រូបង្រៀន កម្រិត​ទាប​បំផុត​នឹង​ត្រូវ​កើនឡើង​ដល់ ១ ១១៤ ៤៥០​ ​រៀល​។ ​គ្រូពេទ្យ កម្រិត​ទាប​បំផុត​នឹង​ត្រូវ​កើនឡើង​ដល់ ១ ១១៤ ៤៥០ ​រៀល នគរបាលជាតិ​ថ្នាក់​ទាប​បំផុត​នឹង​ត្រូវ​កើន​ដល់​ ១ ០៩៨ ៩២៨ ​រៀល និង​ប្រាក់បៀវត្សរ៍​យោធា​ថ្នាក់​ទាប​បំផុត​នឹង​ត្រូវ​កើន​ដល់ ១ ០៣៥ ០២៨ រៀល ចាប់​ពី​ខែ​មេសា​នេះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​មុខងារ​សាធារណៈ​។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុន្នីវណ្ណ បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ប៉ុន្តែ​លោក​យល់​ថា​ «​អាហ្នឹង​ជា​នយោបាយ​ទាក់ទាញ​មួយ តែ​មន្ត្រី​រាជការ គាត់​ចេះ​គិតគូរ​ពិចារណា​ហើយ ព្រោះ​ពួកគាត់​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ណាស់ គាត់​យល់​ហើយ​»​។ ទោះ​យ៉ាង​ណា​លោក​ថា ការដំឡើង​ប្រាក់បៀវត្សរ៍​កម្រិត​សព្វ​ថ្ងៃ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ សម្រាប់​មន្ត្រីរាជការ​ស៊ីវិល ដោយសារ​តែ​នៅ​ពេល​ដែល​មាន​ការ​ដំឡើង​ប្រាក់​ខែ ទំនិញ​លើ​ទីផ្សារ​ក៏​បាន​ហក់​ឡើង​ថ្លៃ​ដូច​គ្នា​ដែរ​។

លោក ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិក​ថា ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ស៊ីវិល អំឡុង​ឱកាស​ពិសេស​ណា​មួយ​ជា​ការពិត​គឺជា​អំពើ​ល្អ​មួយ​។ «​វា​នឹង​កាន់តែ​ប្រសើរ ប្រសិន​បើ​វា​ត្រូវ​បាន​គេ​ដាក់​បញ្ចូល ហើយ​នឹង​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​គោលនយោបាយ​ផ្លូវការ​របស់​រដ្ឋាភិបាល​»​។

លោក​បន្ថែម​ថា​៖ «​គោលនយោបាយ​ “​សន្តិភាព​ជា​អាទិភាព​” គឺជា​រឿង​ល្អ និង​ធានា​ថា សន្តិភាព​ត្រូវ​បាន​ធានា​។ ខ្ញុំ​គិត​ថា​វា​ជាការ​សំខាន់​ដែល​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច​ធានា​ពី​យុត្តិធម៌​សង្គម ការគោរព​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​ការបោះឆ្នោត​មួយ​ដែល​មាន​ភាព​សេរី និង​យុត្តិធម៌​ដោយ​គ្មាន​សន្តិភាព​ណា​មួយ​ទំនង​ត្រូវ​បាន​រំខាន​»​។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​ប្រាក់​ខែ​ទី​ ១៣ ដល់​មន្ត្រី​រាជការ​ស៊ីវិល​។

លោក​បាន​ថ្លែង​ថា​៖ «​គោលការណ៍​នេះ​អាច​ជួយ​ដល់​ការចំណាយ​ទាន់​ពេល​ដែរ សម្រាប់​ការបង់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ដល់​មន្ត្រីរាជការ​ដែរ ព្រោះ​ភាគច្រើន​ភ្លើង​ត្រូវ​បង់​នៅ​ថ្ងៃ​ ២៣ នៃ​ខែ​។ ក្រៅពី​នោះ​មន្ត្រីរាជការ​គួរ​មាន​ប្រាក់ខែ​ទី​ ១៣»៕